ការសាកល្បងវ៉ាក់សាំងកូវីដ១៩ ទ្រង់ទ្រាយបំផុតរបស់ពិភពលោកបានចាប់ផ្តើមធ្វើកាលពីថ្ងៃច័ន្ទ ដោយមានអ្នកស្ម័គ្រចិត្តដំបូងៗក្នុងចំណោមអ្នកស្ម័គ្រចិត្តប្រមាណ ៣០.០០០ នាក់ដែលគ្រោងទុក បានទទួលចាក់វ៉ាក់សាំងមួយដែលបង្កើតដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ជាមួយក្រុមហ៊ុនជីវបច្ចេកវិទ្យា Moderna។
វ៉ាក់សាំងសាកល្បងមួយនេះ ស្ថិតនៅក្នុងចំណោមវ៉ាក់សាំងសាកល្បងរាប់សិបនៅជុំវិញពិភពលោក ដែលបានឈានដល់ដំណាក់កាលសាកល្បងចុងក្រោយ ប៉ុន្តែគេនៅមិនទាន់ប្រាកដថាវ៉ាក់សាំងនេះនឹងមានប្រសិទ្ធភាពការពារមនុស្សឡើយ។
អ្នកស្ម័គចិត្តមិនដឹងថាពួកគេត្រូវគេចាក់វ៉ាក់សាំងពិតប្រាកដឬវ៉ាក់សាំងក្លែងនោះទេ ហើយក្រោយពីចាក់វ៉ាក់សាំងពីដូសមក អ្នកវិទ្យាសាស្ត្រនឹងតាមដានពួកគេក្នុងជីវភាពប្រចាំថ្ងៃ ថានឹងមានឆ្លងកូវីដ១៩ទេក្នុងតំបន់មានការរាតត្បាត ដើម្បីកំណត់ថាតើវ៉ាក់សាំងនេះមានប្រសិទ្ធភាពឬទេ។
លោកវេជ្ជបណ្ឌិត Anthony Fauci នាយកវិទ្យាស្ថានជាតិខាងអាឡែហ្សី និងជំងឺឆ្លង ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AP ក្នុងពេលកន្លងមកថា ដើម្បីបានចម្លើយអំពីប្រសិទ្ធភាពនេះ «សហរដ្ឋអាមេរិក ជាអកុសលនៅមាននេះមានការឆ្លងយ៉ាងច្រើន»។
ក្រុមហ៊ុន Moderna ថា ការសាកល្បងវ៉ាក់សាំងកាលពីថ្ងៃច័ន្ទបានធ្វើឡើងនៅទីក្រុង Savannah រដ្ឋ Georgia ដែលជាកន្លែងមួយក្នុងចំណោមកន្លែងសាកល្បងរាប់សិបនៅទូទាំងសហរដ្ឋអាមេរិក។
នៅជុំវិញពិភពលោកមានវ៉ាក់សាំងសាកល្បងមួយចំនួនទៀតដូចជាវ៉ាក់សាំងរបស់ប្រទេសចិន និងរបស់សាកលវិទ្យាល័យ Oxford របស់ចក្រភពអង់គ្លេស ដែលកាលពីដើមខែកក្កដានេះ ត្រូវបានគេធ្វើការសាកល្បងដំណាក់កាលចុងក្រោយដែរប៉ុន្តែក្នុងទ្រង់ទ្រាយតូចជាងនៅប្រទេសដែលមានការរាតត្បាតខ្លាំងដូចជាប្រេស៊ីលជាដើម៕