ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ WHO បង្កើត​មន្ទីរ​ពិសោធន៍​ច្បាប់​ទាក់ទិន​នឹង​ជំងឺ​កូវីដ១៩ ជាមួយ​សាកល​វិទ្យាល័យ Georgetown


ខ្លោងទ្វារ​ចូល​ទៅ​កាន់​មន្ទីរពេទ្យ Georgetown ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃ​ទី២៨ ខែមីនា ឆ្នាំ​២០១៦។
ខ្លោងទ្វារ​ចូល​ទៅ​កាន់​មន្ទីរពេទ្យ Georgetown ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃ​ទី២៨ ខែមីនា ឆ្នាំ​២០១៦។

អង្គការ​សុខភាព​ពិភពលោក WHO រួម​ជាមួយ​នឹង​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ UNDP និង​សាកល​វិទ្យាល័យ Georgetown បាន​បង្កើត​មន្ទីរ​ពិសោធន៍​ច្បាប់​ទាក់ទិន​នឹង​ជំងឺ​កូវីដ១៩ ដែល​ជា​ប្រព័ន្ធ​ទិន្នន័យ​មួយ​រៀបចំ​ឡើង​សម្រាប់​ជួយ​ប្រទេស​នានា​នៅ​ក្នុង​ការ​បង្កើត​បទបញ្ញត្តិ​ឱ្យ​បាន​ល្អ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ និង​វិបត្តិ​សុខភាព​ដទៃ​ទៀត។

នៅ​ក្នុង​សន្និសីទ​កាសែត​អំពី​ជំងឺ​កូវីដ១៩ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២៣ ខែ​កក្កដា​កន្លង​ទៅ​នេះ លោក Tedros Adhanom Ghebreyesus អគ្គនាយក​នៃ​អង្គការ WHO បាន​និយាយ​ថា ប្រព័ន្ធ​ទិន្នន័យ​មន្ទីរ​ពិសោធន៍​ច្បាប់​នេះ​ប្រមូលផ្ដុំ​ដោយ​ក្បួន​ច្បាប់​នានា ដែល​ប្រទេស​ទាំង​ឡាយ​បាន​អនុវត្ត​កន្លង​មក​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

ក្បួន​ច្បាប់​ទាំង​នោះ​មាន​ដូចជា សេចក្ដី​ប្រកាស​ស្ថានភាព​អាសន្ន វិធានការ​ដាក់​មនុស្ស​នៅ​ដាច់​ពី​គេ ការ​តាមដាន​ជំងឺ​នេះ ការ​ណែនាំ​អំពី​ការ​ពាក់​ម៉ាស់ ការ​រក្សា​គម្លាត​ពី​គ្នា និង​លទ្ធភាព​ទទួល​បាន​ថ្នាំ​ព្យាបាល និង​វ៉ាក់សាំង។

លោក Tedros Adhanom Ghebreyesus បាន​ថ្លែង​ថា មន្ទីរ​ពិសោធន៍​ខាង​ច្បាប់​នេះ​ក៏​មាន​ការ​ស្រាវជ្រាវ​អំពី​គោលការណ៍​ច្បាប់​សម្រាប់​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩ និង​ការ​វិភាគ​អំពី​ផល​ប៉ះពាល់នៃ​ច្បាប់​ទាក់ទិន​នឹង​សុខភាព​សាធារណៈ​ផង​ដែរ។

ប្រព័ន្ធ​ទិន្នន័យ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ផ្តល់​ឱ្យ​ប្រទេស​នានា​នូវ​សេចក្តី​ណែនាំ​សម្រាប់​ការ​អនុវត្តន៍​ឲ្យ​បាន​ល្អ​ប្រសើរ​បំផុត នៅ​ពេល​ចាត់ចែង​ការ​ឆ្លើយតប​ខាង​ផ្លូវ​ច្បាប់​ចំពោះ​វិបត្តិ​ជំងឺ​កូវីដ១៩ នេះ។

លោក Tedros បាន​និយាយ​ថា ច្បាប់​គឺ​ជា​ឧបករណ៍​សំខាន់​ដែល​រដ្ឋាភិបាល​បាន​ប្រើ​ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​នេះ ដូច្នេះ​វា​សំខាន់​ណាស់​ដែល​ច្បាប់​ទាំង​នេះ​ត្រូវ​តាក់តែង​ឱ្យ​បាន​ល្អ។

លោក​បាន​បញ្ជាក់​ថា ច្បាប់​មិន​គួរ​មាន​លក្ខណៈ​បង្ខិត​បង្ខំ​ទេ ក៏​ប៉ុន្តែ​ត្រូវ​ការពារ​សុខភាព​សាធារណៈ និង​ការពារ​សិទ្ធិ​មនុស្ស​ស្រប​ពេល​ជាមួយ​គ្នា។ លោក​បាន​បន្ត​ថា ប្រព័ន្ធ​ទិន្នន័យ​នេះ​នឹង​បន្ត​រីក​ទៅ​មុខ​ទៀត នៅ​ពេល​ដែល​មាន​ការ​ដាក់​បញ្ចូល​ប្រទេស និង​ប្រធាន​បទ​ច្រើន​ជាង​មុន​បន្ថែម​ទៀត។

ទាក់ទិន​នឹង​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នេះ សហរដ្ឋ​អាមេរិក​នៅតែ​នាំ​មុខ​គេ​ក្នុង​ការ​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក ដោយ​កន្លង​មក​មាន​ចំនួន​ជាង ៤ លាន នាក់​រួច​មក​ហើយ។

លោក Tedros បាន​ជំរុញ​មនុស្ស​នៅ​ទូទាំង​ពិភពលោក​ឱ្យ «ចាត់​ទុក​ការ​សម្រេចចិត្ត​របស់​ពួកគេ​អំពី​ទីកន្លែង​ដែល​ត្រូវ​ទៅ អ្វី​ដែល​ត្រូវ​ធ្វើ និង​អ្នក​ដែល​ត្រូវ​ជួប ថា​ជា​ការ​សម្រេចចិត្ត​បែប​ស្លាប់​រស់ ដោយសារតែ​វា​គឺ​ពិតជា​ដូច្នេះ​មែន»៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG