សមាជិកគណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភាសហរដ្ឋអាមេរិកគ្រោងនឹងបង្ហាញសំណើកញ្ចប់ថវិកាជំនួយថ្មីសម្រាប់វិបត្តិជំងឺកូវីដ១៩ ក្នុងទឹកប្រាក់ ១ លានលានដុល្លារ នៅថ្ងៃច័ន្ទនេះ គឺក្នុងពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលប្រាក់ជំនួយរបស់រដ្ឋាភិបាលសហព័ន្ធសម្រាប់ជួយអ្នកបាត់បង់ការងារធ្វើរាប់លាននាក់ផុតកំណត់។
បន្ទាប់ពីបានពិភាក្សាអស់ប៉ុន្មានថ្ងៃមកជាមួយនឹងសមាជិកគណបក្សសាធារណរដ្ឋនៅវិមានសភា នាយកខុទ្ទកាល័យសេតវិមានលោក Mark Meadows និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Steven Mnuchin បានបញ្ជាក់កាលពីថ្ងៃអាទិត្យម្សិលមិញថា កញ្ចប់ថវិកាថ្មីនេះរួមមានទាំងថវិកាជំនួយសម្រាប់អ្នកបាត់បង់ការងារធ្វើផងដែរ ប៉ុន្តែលើកនេះ អ្នកបាត់បង់ការងារធ្វើម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភអតិបរមាត្រឹមតែ ៧០% ប៉ុណ្ណោះនៃប្រាក់បៀវត្សរ៍មុនពេលបាត់បង់ការងារ។
ប្រាក់ឧបត្ថម្ភនៅពេលបច្ចុប្បន្នសម្រាប់អ្នកបាត់បង់ការងារធ្វើពេលមានវិបត្តិជំងឹកូវីដ១៩ នឹងផុតកំណត់នៅថ្ងៃសុក្រខាងមុខនេះ ដោយអ្នកបាត់បង់ការងារធ្វើម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦០០ ដុល្លារក្នុងមួយសប្ដាហ៍ បន្ថែមទៅនឹងប្រាក់ឧបត្ថម្ភរបស់រដ្ឋនីមួយៗសម្រាប់អ្នកគ្មានការងារ៕