ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​សង្ឃឹម​ថា កម្ពុជា​នឹង​ផ្តល់​ព័ត៌មាន​អំពី​ព្រែក​ជីក​ហ្វូណន


រូបឯកសារ៖ ពលរដ្ឋ​កំពុង​ធ្វើ​ដំណើរ​តាម​ស្រឡាង​ឆ្លង​ទន្លេ​មេគង្គ​ពី​ក្រុង​អរិយក្សត្រ​នៃ​ខេត្ត​កណ្តាល​ទៅ​ទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។
រូបឯកសារ៖ ពលរដ្ឋ​កំពុង​ធ្វើ​ដំណើរ​តាម​ស្រឡាង​ឆ្លង​ទន្លេ​មេគង្គ​ពី​ក្រុង​អរិយក្សត្រ​នៃ​ខេត្ត​កណ្តាល​ទៅ​ទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។

ក្រសួង​ការ​បរទេស​វៀតណាម​បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា ​រដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​ចែក​រំលែក​ព័ត៌មាន​អំពី​គម្រោង​ព្រែក​ជីក​ហ្វូណន ​និង​ការ​សិក្សា​អំពី​ផល​ប៉ះពាល់​ឆ្លង​ដែន​ទឹក​ទន្លេ​មេគង្គ។ ​នេះ​បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម​ អ្នកស្រី ​Phạm Thu Hang ​ដែល​ត្រូវ​បាន​ដក​ស្រង់​សម្តី​ដោយ​សារ​ព័ត៌មាន​ក្នុង​ស្រុក​របស់​វៀតណាម។​

បន្ថែម​ពី​នេះ ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម​បញ្ជាក់​ថា​ ការ​បង្ហាញ​មតិ​យោបល់​មិន​សមរម្យ​ដែល​មាន​ការ​វាយ​ប្រហារ​ថ្នាក់​ដឹកនាំ​កម្ពុជា​ «មិន​តំណាង​មតិ​យោបល់​របស់​រដ្ឋាភិបាល​និង​ប្រជាជន​វៀតណាម» ​ឡើយ។​

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម​ត្រូវ​បាន​ដក​ស្រង់​សម្តី​ដោយ​សារ​ព័ត៌មាន​ Vietnam Express ​មក​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ វៀតណាម​សង្ឃឹម​ថា​នឹង​បន្ត​សម្រប​សម្រួល​ជាមួយ​ភាគី​កម្ពុជា ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​ទៀត​លើ​គម្រោង​ព្រែក​ជីក​ដែល​មាន​តម្លៃ​ប្រមាណ ​១.៧០០ ​លាន​ដុល្លារ​អាមេរិក​នេះ។​

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម​បញ្ជាក់​ថា៖​ «នៅ​ក្នុង​ស្មារតី​នេះ ​យើង​ជឿ​ជាក់​ថា​ វៀតណាម​និង​កម្ពុជា​នឹង​បន្ត​សម្រប​សម្រួល​យ៉ាង​ជិត​ស្និទ្ធ​នៅ​ក្នុង​ការ​ចែក​រំលែក​ព័ត៌មាន​ជា​ច្រើន ​រួម​មាន​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ ​និង​ការ​ស្រាវ​ជ្រាវ​ពាក់ព័ន្ធ​នឹង​ផល​ប៉ះពាល់​ឆ្លង​ដែន​ដើម្បី​ធានា​នូវ​សុខដុម​នីយកម្ម​នៃ​ផល​ប្រយោជន៍​របស់​ប្រទេស​និង​ប្រជាជន​ដែល​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ ​និង​ធានា​ការ​គ្រប់​គ្រង​និង​ប្រើប្រាស់​ធនធាន​ទឹក​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​និង​និរន្តរ​ភាព»។​

កាល​ពី​ថ្ងៃ​ទី​ ១៩​ ខែ​ឧសភា ​អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​លោក ​ហ៊ុន សែន ​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធ​សភា​ បាន​ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​សហការ​ជាមួយ​អាជ្ញាធរ​វៀតណាម​ តាម​រក​អ្នក​ដែល​រិះគន់ ​និង​វាយ​ប្រហារ​រូប​លោក​តាម​ឃ្លីប​វីដេអូ​មួយ​ចំនួន​លើ​បណ្តាញ​សង្គម​ TikTok ​ដែល​លោក​សង្ស័យ​ថា​ ទំនង​ជា​អាច​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​ព្រែក​ជីក។​

លោក​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា៖​ «ខ្ញុំ​មិន​ប្រាកដ​ថា​ វៀតណាម​នេះ​ជា​អ្នក​ណា?​ វៀតណាម​នៅ​ក្នុង​ប្រទេស​វៀតណាម​ឬ​វៀតណាម​នៅ​ក្រៅ​ប្រទេស​ដែល​មាន​ខ្លះ​ប្រឆាំង​រដ្ឋា​ភិបាល​វៀតណាម​ ឬ​អាណិក​ជន​វៀតណាម​នៅ​កម្ពុជា ​ឬ​បង​ប្អូន​ខ្មែរ​ក្រោម​ដែល​មាន​គណនី​តិកតុក​និង​ចេះ​វាយ​អក្សរ​វៀតណាម​ផង​និង​ចេះ​អាន​អក្សរ​ខ្មែរ​ផង»។​

លោក ​ហ៊ុន សែន ​បន្ថែម​ថា​ លោក​មិន​បាន​ចោទ​ប្រកាន់​ថ្នាក់​ដឹកនាំ​វៀតណាម​ថា​ ប្រើ​ប្រាស់​មនុស្ស​ឱ្យ​ចូល​មក​ជេរ​ប្រមាថ​រូប​លោក​ឡើយ ​ដូច្នេះ​លោក​ស្នើ​សុំ​កិច្ច​សហការ​ស្រាវជ្រាវ​ពី​ភាគី​វៀតណាម ​ដើម្បី​ស្វែង​រក​អ្នក​ជេរ​ប្រមាថ​នោះ។​

រូបឯកសារ៖ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម អ្នកស្រី Pham Thu Hang ថ្លែងនៅក្នុង​សន្និសីទ​សារព័ត៌មានមួយ។ (Courtesy photo of TTXVN)
រូបឯកសារ៖ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម អ្នកស្រី Pham Thu Hang ថ្លែងនៅក្នុង​សន្និសីទ​សារព័ត៌មានមួយ។ (Courtesy photo of TTXVN)

ជា​ការ​ឆ្លើយ​តប​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម​បញ្ជាក់​ថា៖​ «ការ​បង្ហោះ​លើ​គណនី​របស់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន ​ដែល​ទំនង​ជា​ចេញ​មក​ពី​ប្រទេស​វៀតណាម​ដែល​បង្ហាញ​អំពី​គំនិត​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ កាល​ពី​ពេល​ថ្មីៗ​នេះនោះ មិន​តំណាង​ជំហរ​របស់​រដ្ឋាភិបាល​វៀតណាម​និង​ប្រជាជន​ឡើយ»។​

ពាក់ព័ន្ធ​នឹង​ការ​ស្នើ​សុំ​ឯកសារ​ដោយ​ភាគី​វៀតណាម​ អ្នក​នាំពាក្យ​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ ​(Mekong River Commission MRC)​ អះអាង​ថា​ ខ្លួន​បាន​ទទួល​ការ​ជូន​ដំណឹង​ពី​កម្ពុជា ​កាល​ពី​ខែ​សីហា ​ឆ្នាំ​មុន​ អំពី​គោល​បំណង​របស់​កម្ពុជា​ក្នុង​ការ​ស្តារ ​និង​សាង​សង់​ព្រែក​ជីក។ ​អ្នក​នាំ​ពាក្យ​ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ រហូត​មក​ដល់​ពេល​នេះ ​គណៈ​កម្មការ​ទន្លេ​មេគង្គ​មិន​ទាន់​បាន​ទទួល​ឯកសារ​អ្វី​ឡើយ​ពី​ភាគី​កម្ពុជា។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​សូ សុភ័ទ្ទ ​អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា​បាន​នៅ​ឡើយ​ទេ។​

គម្រោង​ដ៏​មាន​មហិច្ឆតា​របស់​កម្ពុជា​មួយ​នេះ​ក៏​កំពុង​ត្រូវ​បាន​សារ​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​រាយ​ការណ៍​ថា​ វា​អាច​បង្ក​ជា​ក្តី​បារម្ភ​ផ្នែក​សន្តិ​សុខ​ដល់​រដ្ឋាភិបាល​ទីក្រុង​ហាណូយ ​ពាក់​ព័ន្ធ​នឹង​ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន​ ប្រសិន​បើ​ផ្លូវ​ទឹក​មួយ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ទី​ក្រុង​ភ្នំពេញ​ប្រើប្រាស់​លើស​ពី​ក្រប​ខណ្ឌ​ពាណិជ្ជ​កម្ម។​

កាល​ពី​កន្លង​ទៅ ​លោក​ ហ៊ុន សែន​ ធ្លាប់​ថ្លែង​ថាព្រែក​ជីក​ហ្វូណន​ជា​« គំនិត​ផ្តួចផ្តើម​របស់​កម្ពុជា​សុទ្ធសាធ» ​ហើយ​លោក​ស្នើ​ឱ្យ​បញ្ឈប់​យក​កម្ពុជា​មក​ប្រើប្រាស់​ក្នុង​ភូមិ​សាស្រ្ត​នយោបាយ​ ដែល​លោក​ថា​ មាន​ទំនោរ​ប្រឆាំង​នឹង​ចិន។​ លោក​បន្ថែម​ថា​ ព្រែក​ជីក​ហ្វូណន​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ផល​ចំណេញ​ខាង​សេដ្ឋកិច្ច ​និង ​«ឯករាជ្យ​ភាព​នយោបាយ»​ លើ​បញ្ហា​នៃ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក។​

លោក​ ហ៊ុន សែន ​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​កូន​ប្រុស​របស់​លោក ​បើក​ការដ្ឋាន​ព្រែក​ជីក​ហ្វូណន​នេះ​ឱ្យ​បាន​ឆាប់​ដើម្បី​បញ្ឈប់​ការ​រិះគន់។​

គម្រោង​ព្រែក​ជីក​ហ្វូណន​ដែល​ក្រុមហ៊ុន​ចិន​វិនិយោគ​ក្នុង​តម្លៃ​ទឹក​ប្រាក់​ប្រមាណ​ ១.៧០០ ​លាន​ដុល្លារ ​ភ្ជាប់​ពី​ទន្លេ​មេគង្គ​ទៅ​ឆ្នេរ​សមុទ្រ​ក្នុង​ខេត្ត​កែប ​នឹង​កាត់​បន្ថយ​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​កំពង់​ផែ​វៀតណាម ​ប្រមាណ​ ៧០%។ ​នេះ​បើ​តាម​ការ​អះអាង​របស់​លោក ​ស៊ុន ចាន់ថុល ​ឧបនាយក​រដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ចការ​ព្រែក​ជីក​នេះ ​កាល​ពី​កន្លង​ទៅ។​

គម្រោង​ព្រែក​ជីក​នេះ​មាន​ប្រវែង​ ១៨០ ​គីឡូ​ម៉ែត្រ ​ហើយ​នឹង​ចាប់​ផ្តើម​ពី​ព្រែក​តាកែវ​នៃ​ទន្លេ​មេគង្គ ​ក្នុង​តំបន់​កំពង់ផែ​ស្វយ័ត​ស្រុក​កៀនស្វាយ​ ឆ្លង​កាត់​តាម​ព្រែក​តាឯក​នៃ​ទន្លេ​បាសាក់ ​រួច​ចូល​តាម​ព្រែក​តាហ៊ីង​នៃ​ទន្លេ​បាសាក់​ ស្រុក​កោះធំ​ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប។ ​ក្រុមហ៊ុន​ចិន​ជា​អ្នក​វិនិយោគ​លើ​គម្រោង​ព្រែក​ជីក​នេះ ​តាម​ទម្រង់ ​BOT​ (Build Operate and Transfer)​ ឬ​ហៅ​ថា​ សាងសង់ ​ប្រតិបត្តិ​ការ ​និង​ផ្ទេរ។ ​នេះ​មាន​ន័យ​ថា​ ក្រុមហ៊ុន​ចិន​នឹង​គ្រប់​គ្រង​ផ្លូវ​ទឹក​នេះ ​ក្នុង​រយៈ​ពេល​កំណត់​ណា​មួយ ​អាច​ដល់ ​៥០ ​ឆ្នាំ ​មុន​នឹង​ប្រគល់​មក​ឱ្យ​កម្ពុជា​គ្រប់​គ្រង​វិញ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG