ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​វៀតណាម​សិក្សា​អំពី​ប្រសិទ្ធភាព​នៃ​ការបញ្ចូល​វិធី​សាស្ត្រ​ថ្មី


រូបថត​ឯកសារ - បុរស​ម្នាក់​ជិះកង់​​កាត់​ពី​មុខរោងចក្រ​​Kinh Do នៅ​​​ក្នុង​​​ខេត្ត​ហុង យិន ភាគ​​ខាង​ជើង​​ប្រទេស​វៀតណាម​ ជិត​ទីក្រុង​ហាណូយ។
រូបថត​ឯកសារ - បុរស​ម្នាក់​ជិះកង់​​កាត់​ពី​មុខរោងចក្រ​​Kinh Do នៅ​​​ក្នុង​​​ខេត្ត​ហុង យិន ភាគ​​ខាង​ជើង​​ប្រទេស​វៀតណាម​ ជិត​ទីក្រុង​ហាណូយ។

ការ​បញ្ចូល​របៀប​ថ្មី​បាន​ក្លាយ​ទៅ​ជាការ​ប្រតិបត្តិ​ដ៏​សាមញ្ញ​មួយ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​ជា​ប្រទេស​វៀតណាម​ ដែល​ក្រុមហ៊ុន​ជា​ច្រើន​កំពុង​ខំ​រៀន​អំពី​ការ​ប្រតិបត្តិ​របស់​ពាណិជ្ជ​កម្ម​ទំនើប​ ដើម្បី​ដំឡើង​ប្រាក់​ចំណេញ។​ ដើម្បី​ជួយ​ក្រុមហ៊ុន​ទាំង​នេះ ​សេដ្ឋវិទូ​វៀតណាម​មួយ​ក្រុម​បាន​តាក់​តែង​ការ​ស្រាវ​ជ្រាវ​មួយ​ដែល​វាស់​មើល​ពាណិជ្ជ​កម្ម​ដែល​មាន​ប្រើ​របៀប​ថ្មី​ ហើយ​ពិនិត្យ​មើល​ថា ​តើ​ពាណិជ្ជកម្ម​ទាំង​នេះ​ឲ្យ​តម្លៃ​ដូច​ម្តេច​ខ្លះ​ដល់​ការ​បញ្ចូល​ប្រើ​របៀប​ថ្មី​ទាំង​នេះ។​

ដប​ស្រា​អង្ករ​ជា​ច្រើន​រយ​មាន​បិទ​ស្លាក​នៃ​ក្រុម​ហ៊ុន​របស់​គ្រួសារ​ឈ្មោះ​ Phu Le​ នៅ​ក្នុង​ខេត្ត​ Ben Tre​ នៃ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម។​ ក្រុម​ហ៊ុន​នេះ​ដាក់​ឈ្មោះ​តាម​ភូមិ​ដែល​គេ​បាន​ជួល​អ្នក​ស្រុក​ឲ្យ​ធ្វើការ​បំបៅ​មេ​ស្រា​ពី​ដំបូង។

អ្នកស្រី​ Le Thanh Truc ជានាយិកា​រង​នៃ​ក្រុមហ៊ុននិយាយថា ​រោងចក្រទទួល​ស្រា​អង្ករ​បាន​៥​ពាន់​លីត្រ​ក្នុង​មួយ​អាទិត្យ។

«យើង​មាន​អ្នក​ស្រុក​ចំនួន​៤​ក្រុម។​ ក្រុម​និមួយៗ​មាន​គ្នា​១០​នាក់។​ គេ​ដឹក​យក​ផលិត​ផល​របស់គេ​មកនៅ​ទី​នេះ»។​

ក្រុម​ហ៊ុន​បាន​បង្កើត​បណ្តាញ​លក់​រាយ​ទៅ​ឲ្យ​អតិថិជន​តាម​រយៈ​អ្នក​ស្រុក​ ហើយ​ព្យាយាម​ឃោសនា​ម៉ាក​ស្រា​របស់​ខ្លួន​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ ជាជាង​ការ​ឃោសនា​ពាណិជ្ជកម្ម។​ ភាគ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការ​ឃោសនា​បែប​នេះ​គឺ​ត្រូវ​មាន​ការ​ទាក់ទង​ជិត​ស្និទ​ជា​មួយ​អ្នក​ផលិត ​និង​អ្នកទិញ។

​អ្នកស្រី​ Truc​ បាន​និយាយ​ពន្យល់ថា៖​

«ខ្ញុំ​ប្រាប់​ព័ត៌មាន​ទាំង​អស់​ដល់​មនុស្ស​ធ្វើការ​ក្នុង​ក្រុមហ៊ុន​របស់ខ្ញុំ​និងបណ្តាញ​ចែកចាយ​ទៅ​ឲ្យ​អតិថិជន​របស់ខ្ញុំ។​ ខ្ញុំ​បង្កើត​មធ្យោបាយ​ដើម្បី​ប្រមូល​គំនិត​ថ្មីៗ​ ពី​អ្នក​ធ្វើការ​ផង​ ​អ្នក​ចាត់​ចែង​ការ​ផង។​ យើង​ប្រមូល​គំនិត​ទាំង​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ។​ ខ្ញុំ​មាន​មធ្យោបាយ​ខ្លះ​សម្រាប់​ប្រមូល​ព័ត៌មាន​ ដូច​ជា​ អ៊ីមែល​ Facebook​ ហើយ​ចែក​រំលែក​គំនិត​ទៅ​វិញ​ទៅ​មក។​ បន្ទាប់​ពី​ប្រមូល​បាន​គំនិត​ទាំង​នេះ​ហើយ​ យើង​ធ្វើ​កិច្ច​ប្រជុំ​ដើម្បី​ពិភាក្សា​អំពី​រឿង​នេះ»។

កាល​ពី​ឆ្នាំ​មុន ​ ក្រុមហ៊ុន​នេះ​ក៏​បាន​ចូល​រួម​ក្នុង​ការ​ស្រាវជ្រាវ​ឈ្មោះ​ i2Metrix​ ​ (តាម​អស័យដ្ឋាន​ <http://www.vietnamica.net/i2metrix-measurement-programme-for-corporate-innovation-creatiity-competitiveness/%5D> ​ផង​ដែរ ​ដែល​បាន​ធ្វើ​ការ​វាយ​តម្លៃ​អំពី​សមត្ថភាព​របស់​ពាណិជ្ជកម្ម​ក្នុង​ការ​បញ្ចូល​របៀប​ថ្មី​នៅ​ក្នុង​វិស័យ​ចំនួន​១០​ រួម​មាន​គុណភាព​ធនធាន​មនុស្ស​ លំដាប់​ថ្នាក់​នៃ​ការ​គាំទ្រ​ក្នុង​ក្រុមហ៊ុន​ និង​លំដាប់​ថ្នាក់​នៃ​ការ​ប្រែ​ប្រួល​ទៅ​តាម​និន្នាការ​នៃ​ទី​ផ្សារ។​

គំនិត​សំខាន់​គឺ​ថា​ ការ​វាយ​តម្លៃ​នេះ​អាច​ជួយ​ពាណិជ្ជកម្ម​បាន​ប្រសើរ​ជាង​មុន​ក្នុង​ការ​ប្រើ​របៀប​ថ្មី​ ដើម្បី​ដំឡើង​ការ​ប្រកួត​ប្រជែង​របស់​ខ្លួន។​

ការ​ស្រាវជ្រាវ​បាន​ផ្តល់​ការ​យល់​ដឹង​ស៊ី​ជម្រៅ​ជាង​មុន​អំពី​អត្ថន័យ​នៃ​ការ​ប្រើរបៀប​ថ្មី​ ដែល​មាន​សារៈសំខាន់​ខ្លាំង​ដល់​ពាណិជ្ជកម្ម​របស់​ប្រទេស​វៀតណាម​ នេះ​បើ​តាម​សម្តី​របស់​សហ​អ្នក​រៀបចំ​ការ​ស្រាវជ្រាវ​លោក​ Tran Tri Dung។

«បើ​អ្នក​សួរ​ពលរដ្ឋ​វៀតណាម​ ជា​ពិសេស​សហគ្រិន​ និង​ពាណិជ្ជករ​ថា ​តើ​របៀប​ថ្មី​មាន​សារៈ​សំខាន់​ឬ​ទេ?​ គេ​ប្រាប់​អ្នក​វិញ​ភ្លាម​ថា​ របៀប​ថ្មី​មាន​សារៈសំខាន់​បំផុត។​ តែ​នៅ​ពេល​អ្នក​សួរ​គេ​ថា​ តើ​អ្នក​ធ្វើ​របៀប​ថ្មី​បែប​ណា?​ គេ​មិន​អាច​ឆ្លើយ​អ្នក​បាន​ទេ»។

កត្តា​ទាំង​នេះ​ភាគ​ច្រើន​មាន​ទាក់​ទង​ទៅ​នឹង​ប្រព័ន្ធ​អប់រំ​ ដែល​ធ្លាប់​តែ​ផ្តោត​ទៅ​លើ​ការ​ទន្ទេញ​ចាំ​មាត់​ ហើយ​មិន​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​គិត​ដោយ​ប្រឌិតញ្ញាណ​ទេ។​

«មនុស្ស​ភាគ​ច្រើន​យល់​ច្រឡំ​ថា ​ការ​ប្រើ​របៀប​ថ្មី​នឹង​បាន​លទ្ធផល​ភ្លាមៗ៖​ គឺ​ថា​មួយ​យប់​ក្រោយ​មក​នឹង​បាន​ទទួល​លទ្ធផល​ដ៏​ល្អ។​ តែ​អ្វី​ដែល​យើង​កំពុង​តែ​ផ្សព្វ​ផ្សាយ​គឺ​ថា​ របៀប​ថ្មី​ជា​ដំណើរការ​ដ៏​លំបាក​ដែល​តម្រូវ​ឲ្យ​មាន​ការ​អត់​ធ្មត់​ គោល​ការណ៍​ និង​វិធីសាស្រ្ត​ច្រើន។​ បើ​គ្មាន​កត្តា​ទាំង​នេះ​ អ្នក​មិន​អាច​សម្រេច​តាម​សុបិន​របស់​អ្នក​បាន​ទេ»។

មក​ទល់​នឹង​ពេល​នេះ​ ក្រុមហ៊ុន​មួយ​ចំនួន​ធំ​បាន​ចូល​រួម​ ចាប់​តាំង​ពី​ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី​ទៅ​ដល់​ពាណិជ្ជកម្ម​ធំៗ​ដែល​រដ្ឋ​កាន់កាប់​ រួម​ទាំង​ក្រុមហ៊ុន​មួយ​ដែល​មាន​កុងត្រា​ជា​មួយ​បរទេស​នៅ​ក្នុង​ខេត្ត​ An Giang​ ដើម្បី​ផលិត​ឯកសណ្ឋាន​សម្រាប់​ភ្នាក់ងារ​នគរបាល​នៅ​ក្នុង​ស.រ.អា.​ផងដែរ។​

របៀប​ថ្មី​ក៏​មាន​យក​ទៅ​ប្រើ​នៅ​ថ្នាក់​ជាតិ​ដែរ​ ហើយ​អាច​ជួយ​ជៀសវាង​មិន​ឲ្យ​ជាប់​«អន្ទាក់​នៅ​ក្នុង​ប្រាក់​បៀវត្សរ៍​ថ្នាក់​កណ្តាល»​ ដែល​ជា​ស្ថានការណ៍​សេដ្ឋកិច្ច​ដែល​ប្រទេស​មួយ​អាច​ឡើង​ដល់​កម្រិត​ប្រាក់​បៀវត្សរ៍​មួយ​ ហើយ​មិន​អាច​ឡើង​ហួស​ពី​នេះ​ទៀត​បាន។​

ប្រទេស​វៀតណាម​មាន​ប្រវត្តិ​ល្អ​ណាស់​នៅ​ក្នុង​វិស័យ​លូតលាស់​ផ្នែក​សេដ្ឋកិច្ច។​ ក៏​ប៉ុន្តែ​ក្នុង​ពេល​១០​ទៅ១៥ឆ្នាំ​កន្លង​មក​ ភាគ​ច្រើន​នៃ​ការ​លូតលាស់​នេះ​គឺ​បាន​មក​ពី​ការ​កាប់​គាស់​ធនធាន​ធម្មជាតិ​ និង​វិនិយោគ​បរទេស​ផ្ទាល់។​

តែ​លោក​ Suhas Parandekar​ សេដ្ឋវិទូ​ជាន់​ខ្ពស់​ផ្នែក​អប់រំ​នៃ​ធនាគារ​ពិភពលោក​ ថ្លែង​ថា​ ឥឡូវ​ប្រភព​នៃ​ការ​លួតលាស់​នេះ​ត្រូវ​តែ​មាន​ការបែង​ចែក។​

«ប្រទេស​វៀតណាម​បាន​ឡើង​ដល់​កម្រិត​មួយ​ដែល​ខ្លួន​ត្រូវ​បែង​ចែក​ផលិតផល​ឲ្យ​បាន​ច្រើន​មុខ​ និង​ច្រើន​ប្រភេទ។​ ដោយ​ប្រើ​របៀប​ថ្មី​ អ្នក​អាច​ដំឡើង​ផលិតភាព​ និង​ដំឡើង​ប្រភេទ​ផលិតផល​នៅ​ក្នុង​ផលិត​កម្ម។​ នេះ​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​ដំឡើង​វិបុលភាព​និង​ការ​លូតលាស់»។​

ដូច​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​នៃ​សង្កាត់​ Silicon​ Valley​ នៃ​រដ្ឋ​ California​ បាន​បង្ហាញ​ជា​ឧទាហរណ៍​ស្រាប់​គឺ​ថា​ ការ​ប្រើ​របៀប​ថ្មី​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភពលោក​បាន​លេច​ចេញ​មក​ពី​ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី។​ ក៏​ប៉ុន្តែ​លោក​ Suhas Parandekar​ ថ្លែង​ថា​ ការ​ប្រើ​របៀប​ថ្មី​មាន​ប្រយោជន៍​សម្រាប់​សហគ្រាស​គ្រប់​ប្រភេទ​ ហើយ​នៅ​ក្នុង​ប្រទេស​វៀតណាម​ក៏​មាន​ប្រយោជន៍​សម្រាប់​ក្រុមហ៊ុន​ដែល​រដ្ឋ​កាន់​កាប់​ផង​ដែរ។

«ខ្ញុំ​គិត​ថា​ អ្នក​មិន​អាច​និយាយ​ថា ​ក្រុមហ៊ុន​ណា​មួយ​មិន​អាច​ប្រើ​របៀប​ថ្មី​បាន​ទេ។​ តាម​ពិត​ នៅ​ក្នុង​សេដ្ឋកិច្ច​សម័យ​ទំនើប​ដ៏​ស្មុគ​ស្មាញ ក្រុមហ៊ុន​ទាំង​អស់​ត្រូវ​ការ​ប្រើ​របៀប​ថ្មី»។

អ្នកស្រី​ Le Thanh Truc​ និយាយ​ថា​ ការ​ចូល​រួម​ក្នុង​ការ​ស្ទង់មតិ​បាន​ជួយ​អ្នក​ស្រី​ឲ្យ​ចេះ​គិត​ដោយ​ប្រុង​ប្រយ័ត្ន​ជាង​មុន​អំពី​របៀប​ធ្វើ​ពាណិជ្ជ​កម្ម។​ ក្រុម​អ្នក​ស្រាវជ្រាវ​សង្ឃឹម​ថា​ ឆ្នាំ​នេះ​ពាណិជ្ជកម្ម​ជា​ច្រើន​ទៀត​នឹង​និយាយ​ដូច​អ្នក​ស្រី​ដែរ៕

ប្រែសម្រួល​ដោយ​លោក កែរ យ៉ាន

XS
SM
MD
LG