រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនវៀតណាមបានធ្វើការរិះគន់ជាសាធារណដល់ការចាត់ចែងរបស់ក្រុមហ៊ុនរថភ្លើងចិនបន្ទាប់ពីគ្រោះថ្នាក់នៅឯគម្រោងសំណង់រថភ្លើងខ្ពស់ពីដីដ៏សំខាន់មួយនៅក្នុងរដ្ឋធានីហាណូយ។
លោក Dinh La Thang បានត្រូវគេឃើញនៅក្នុងការផ្សាយតាមទូរទស្សន៍ជាតិកាលពីយប់ថ្ងៃពុធបានស្រែកហើយនិងបានម្រាមដៃចង្អុលទៅតំណាងក្រុមហ៊ុន China Railway Sixth Group ក្នុងអំឡុងពេលនៃជំនួបមួយ។
«នៅពេលដែលគ្រោះថ្នាក់កើតមានឡើងម្តងៗលោកសុខចិត្តទទួលយកការទទួលខុសត្រូវ ក៏បុន្តែគ្មានអ្វីបានផ្លាស់ប្តូរទេ។ ទោះបី លោកឯងធ្វើការដោះសារនៅពេលនេះដោយនិយាយថា យើងបានខ្ចីប្រាក់កម្ចីមកពីចិនក៏ដោយ ខ្ញុំអាចសុំឲ្យរដ្ឋាភិបាលយើងធ្វើជំនួសលោកបានដែរ។ យើងមិនអាចដោះដូរប្រាក់កម្ចីរបស់ចិនជាមួយអាយុជីវិតរបស់ជនជាតិវៀតណាមបានទេ»។
ពាក្យសម្តីធ្ងន់ៗរបស់រដ្ឋមន្រ្តីវៀតណាមបានត្រូវធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការដួលរលំរន្ទាដែលស្ទើរតែសម្លាប់អ្នកបើករថយន្តតាក់ស៊ីនិងអ្នកជិះនៅក្នុងរថយន្តតាក់ស៊ីនេះ ហើយមួយខែបន្ទាប់ពីគ្រោះថ្នាក់ដែលពាក់ព័ន្ធនឹងការដួលរលំដងសន្ទូចដែលបានសម្លាប់មនុស្សម្នាក់។
លោក Thang បានជម្រុញឲ្យភាគីចិនបណ្តេញអ្នកពិគ្រោះនិងអ្នកទទួលកាងារតាមកិច្ចសន្យារងរបស់ក្រុមហ៊ុននោះហើយជំនួសដោយកម្មករក្នុងស្រុកវិញ។
នៅក្នុងការឆ្លើយតប តំណាងរបស់កិច្ចសន្យាបាននិយាយថា ក្រុមហ៊ុនរបស់លោកនឹងធ្វើទៅតាមការណែនាំរបស់លោក Thang ហើយនិងចាប់ឲ្យបុគ្គលិករបស់លោកទទួលខុសត្រូវ។
គម្រោងរថភ្លើងទីក្រុងលើកដំបូងក្នុងទីក្រុងហាណូយ ដោយមានប្រាក់កម្ចីពីរដ្ឋាភិបាលចិនបានប្រឈមការពន្យាពេលម្តងហើយម្តងទៀតដែលធ្វើឲ្យខាតបង់ប្រយោជន៍វៀតណាមប្រហែល៣រយលានដុល្លារ។
ការព្រួយបារម្ភជាសាធារណលើកិច្ចសន្យាហេដ្ឋារចនាសម្ព័ន្ធកើតមានឡើងនៅពេលដែលមនោសញ្ចេតនាប្រឆាំងចិនបានបណ្តាលមកពីចំណាត់ការរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងក្នុងសមុទ្រចិនខាងត្បូងកាលពីឆ្នាំទៅ។
ក្នុងអំឡុងពេលនៃការប្រឈមមុខខ្លាំងបំផុតលើការដ្ឋានអណ្តូងប្រេងចិនក្នុងដែនទឹកដែលមានជម្លោះកុប្បកម្មរបស់ជនជាតិវៀតណាមបានធ្វើឲ្យខូចខាតពាណិជ្ជកម្មដែលកាន់កាប់ដោយចិននៅទូទាំងប្រទេសវៀតណាម៕