ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កិច្ច​ប្រជុំ​កំពូល​​អាស៊ាន​នៅ​ថ្ងៃពុធ​នឹង​មាន​ការ​ជឿនលឿន​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង

  • Steve Herman

មាន​ការបង្ហាញ​ឲ្យ​ឃើញ​ថា ​កិច្ចប្រជុំ​កំពូល​របស់​អាស៊ាន​នៅ​ថ្ងៃពុធ​ នឹង​មាន​ការ​ជឿនលឿន​ទាក់ទង​នឹង​ជម្លោះ​ដែន​ដី​ដ៏​តាន​តឹង ​និង​អូស​បន្លាយ​នៅក្នុង​តំបន់ ​គឺ​ការ​សម្រេច​បង្កើត​ក្រម​ប្រតិបត្តិ​សម្រាប់​សមុទ្រ​ចិន​ខាងត្បូង។​

នៅ​ឯ​វេទិកាសន្តិសុខ​តំបន់​កាលពី​៣ខែមុន​ ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០​អំពាវនាវ​ឲ្យ​ធ្វើក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ឲ្យ​បានឆាប់។​

ខណៈ​មេដឹក​នាំអាស៊ាន​ប្រជុំ​សប្តាហ៍​នេះ​នៅរដ្ឋធានី​ប្រទេស​ភូមា​ប្រហែល​មិន​អាច​ទម្លុះទម្លាយ​បញ្ហា​ទាំងស្រុង​នោះ អ្នក​នាំពាក្យ​ប្រធានាធិបតី​ភូមា​ប្រាប់​វីអូអេ​ថា​ មាន​ការ​តាំងចិត្ត​ពីភាគី​ទាំងអស់​ឲ្យ​ពន្លឿន​រឿង​នេះ។​

លោក ​Ye Htut​ជារដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ភូមា។

«យើង​រំពឹង​ថា​ ក្រោយ​កិច្ច​ប្រជុំកំពូល​នេះ​ ភាគី​ទាំង​អស់​អាច​ព្រមព្រៀង​គ្នា​ពី​ដំណើរ​ការ​អនុវត្ត​ក្រមប្រតិបត្តិ​នេះ​ឲ្យ​បាន​ឆាប់»។​

រដ្ឋ​សមាជិក​អាស៊ាន​បារម្ភ​ខ្លាំង​ឡើងៗ​អំពី​ជម្លោះ​ដែន​សមុទ្រ​ទាក់ទង​នឹង​កប៉ាល់​ចិន ​ដែល​មន្ត្រី​អាមេរិក​ហៅ​ថា ​អាក្បកិរិយា​ចិន​កាន់តែ​គឃ្លើន​ឡើង​ក្នុង​ដែន​ទឹក​មាន​ជម្លោះ។

វៀតណាម ​និង​ហ្វីលីពីន​ជា​សមាជិក​អាស៊ាន​ដែល​បង្ហាញ​កង្វល់​ច្រើន​បំផុត។​ នេះ​ជា​អ្វីដែល​អគ្គ​លេខាធិការ​អាស៊ាន ​ដែល​ជា​អ្នក​ការទូត​វៀតណាម​ជើង​ចាស់​ទទួល​ស្គាល់​ក្នុងបទ​សម្ភាសន៍​ជាមួយ​វីអូអេ។​

លោក ​Le Luong Minh​ ជា​អគ្គលេខាធិការ​អាស៊ាន

«យើង​ឃើញ​គម្លាត​ធំឡើង​រវាងការ​តាំងចិត្ត​ខាង​នយោបាយ​និង​សកម្មភាព​ជាក់​ស្តែង​លើ​សភាព​ការណ៍​នៅសមុទ្រ។​នេះជា​ឧបសគ្គ​ដែល​យើង​ត្រូវ​ជម្នះ»។​

មាន​កង្វល់​ថា ​កិច្ច​ព្រមព្រៀង​ក្រម​ប្រតិបត្តិ​នឹង​ជួប​ការ​លំបាក​ច្រើន​ទៀត​ ពេល​ម៉ាឡេស៊ី ​ដែល​គាំទ្រចិន​ ​ក្លាយជា​ប្រធាន​អាស៊ាន​ប្តូរវេន​គ្នានៅ​ឆ្នាំ​ក្រោយ។ ​

អគ្គ​លេខាធិការ​អាស៊ាន​ពីមុន​និយាយ​ថា​ កិច្ចការ​អាស៊ាន​មាន​ល្បឿន​យឺត​តាម​សមាជិក​ស្ទក់​បំផុត ​ព្រោះអ្វីៗ​ត្រូវ​តែ​មូលមតិ​គ្នា៕​

ប្រែសម្រួល​ដោយ ពិន ស៊ីសុវណ្ណ

XS
SM
MD
LG