វៀតណាម ដែលជាប្រទេសនាំចេញអង្ករច្រើនបំផុតលំដាប់ទីបីក្នុងពិភពលោក បានចាប់ផ្ដើមទិញអង្ករពីប្រទេសឥណ្ឌាដែលជាគូប្រជែងខ្លួន ជាលើកដំបូងក្នុងរយៈពេលរាប់ទសវត្សរ៍ចុងក្រោយនេះ បន្ទាប់ពីតម្លៃអង្ករក្នុងប្រទេសឡើងថ្លៃខ្ពស់បំផុតក្នុងរយៈពេល ៩ឆ្នាំមកនេះ ដោយសារការផ្គត់ផ្គង់អង្ករក្នុងស្រុកមានកម្រិត។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីឧស្សាហកម្ម ៤ នាក់ដែលបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters។
ការទិញនេះគូសបញ្ជាក់ពីការផ្គត់ផ្គង់ដែលកំពុងតែខើចនៅក្នុងទ្វីបអាស៊ី ដែលអាចនាំឲ្យតម្លៃអង្ករឡើងថ្លៃនៅឆ្នាំ ២០២១។ ហើយបណ្តាប្រទេសដែលធ្លាប់តែទិញអង្ករពីប្រទេសថៃនិងវៀតណាម ក៏នឹងត្រូវបានបង្ខំឲ្យបែរទៅទិញអង្ករពីឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករធំជាងគេបំផុតក្នុងពិភពលោកផងដែរ។
ពាណិជ្ជករឥណ្ឌាបានចុះកិច្ចសន្យានាំចេញអង្ករបាក់កម្រិត ១០០ភាគរយ ចំនួន ៧ម៉ឺនតោនសម្រាប់ការដឹកជញ្ជូននាំចេញនៅខែមករា និងខែកុម្ភៈនេះ ដែលអង្ករក្នុងមួយតោនមានតម្លៃ ៣១០ ដុល្លារហើយអ្នកលក់មិនទទួលខុសត្រូវចំពោះការខូចខាតទេ ក្រោយទំនិញនាំចេញ។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមមន្ត្រីឧស្សាហកម្ម។
លោក B.V. Krishna Rao ប្រធានសមាគមនៃអ្នកនាំចេញអង្ករ បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃច័ន្ទថា៖ «នេះជាលើកទីមួយហើយ ដែលយើងនាំចេញអង្ករទៅកាន់ប្រទេសវៀតណាម»។ លោកបានថ្លែងទៀតថា៖ «តម្លៃ[អង្ករ]របស់ឥណ្ឌាទាប ទាក់ទាញ[អ្នកទិញ]ណាស់។ តម្លៃទាបជាងគេខ្លាំងធ្វើឲ្យយើងអាចនាំចេញទៅក្រៅប្រទេសបាន»។
ការផ្គត់ផ្គង់ដែលកាន់តែខើច និងការបន្ដទិញពីប្រទេសហ្វីលីពីនធ្វើឲ្យតម្លៃអង្ករវៀតណាមឡើងខ្ពស់បំផុតក្នុងរយៈពេល ៩ ឆ្នាំមកនេះ។
អង្ករបាក់កម្រិត ៥ភាគរយ របស់វៀតណាមត្រូវបានគេឲ្យតម្លៃប្រមាណពី ៥០០ ទៅ ៥០៥ ដុល្លារក្នុងមួយតោន ដែលថ្លៃខ្លាំងជាងតម្លៃអង្ករឥណ្ឌាដែលមានតម្លៃត្រឹមតែពី ៣៨១ ទៅ ៣៨៧ ដុល្លារតែប៉ុណ្ណោះក្នុងមួយតោន។
ការផ្គត់ផ្គង់ដែលកាន់តែខើចនេះនឹងធ្វើឲ្យមានការបារម្ភកាន់តែខ្លាំងអំពីអសន្ដិសុខស្បៀងអាហារ ក្នុងតំបន់ជាច្រើនដែលក្នុងចំណោមនោះគឺតំបន់អាហ្វ្រិកប៉ែកខាងត្បូងដែលមានតម្រូវការនាំចូលស្បៀងកើនឡើងខ្លាំង មួយផ្នែកដោយសារកំណើនប្រជាជន។
ភាពអត់ឃ្លានរ៉ាំរ៉ៃនិងស្រួចស្រាវកំពុងតែកើនឡើង ដោយការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ ដែលបានកាត់បន្ថយប្រាក់ចំណូល និងបង្អាក់ដល់សង្វាក់ផ្គត់ផ្គង់ស្បៀង។ ហើយការណ៍នេះបានប៉ះពាល់ដល់ក្រុមគ្រួសារដែលងាយរងគ្រោះជាច្រើននៅស្ទើរតែគ្រប់ប្រទេសទាំងអស់ ផងដែរ។ នេះបើយោងតាមធនាគារពិភពលោក។
ការស្ដុកទុក
ពាណិជ្ជករនិយាយថា ការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ ក៏បានធ្វើឲ្យប្រទេសវៀតណាម និងប្រទេសដទៃទៀតទិញអង្ករស្ដុកទុកផងដែរ។
វៀតណាមបានប្រកាសកាលពីឆ្នាំមុនថា ខ្លួននឹងស្ដុកទុកអង្ករចំនួន ២សែន ៧ម៉ឺនតោនដើម្បីធានាថា មានស្បៀងអាហារគ្រប់គ្រាន់ ខណៈដែលសង្វាក់ផ្គត់ផ្គង់ត្រូវបានបង្អាក់ដោយសារជំងឺកូវីដ១៩នៅទូទាំងពិភពលោក។
ពាណិជ្ជករក្នុងប្រទេសវៀតណាមនិយាយថា អង្ករពីប្រទេសឥណ្ឌាត្រូវបានស្ដុកទុកក្នុងឃ្លាំងរបស់រដ្ឋាភិបាលចាប់តាំងពីឆ្នាំ២០១៦ និងឆ្នាំ២០១៧ មក ហើយតម្លៃរាងថោកនៃអង្ករពីប្រទេសឥណ្ឌានេះ គឺដោយសារគុណភាពទាបរបស់វា។
ពាណិជ្ជករអង្ករម្នាក់ដែលស្ថិតនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ថ្លែងថា៖ «គុណភាពអង្ករទាបណាស់ ដែលមិនល្អសម្រាប់មនុស្សហូបដោយផ្ទាល់ទេ ប៉ុន្តែសម្រាប់តែចិញ្ចឹមសត្វ និងផលិតជាស្រាបៀរតែប៉ុណ្ណោះ»។
ទិន្នផលស្រូវសរុបរបស់វៀតណាមក្នុងឆ្នាំ២០២០ បានថយចុះ ១,៨៥% គឺស្មើនឹង ៤២,៦៩ លានតោន ឬស្មើនឹង ២១,៣៥ លានតោនអង្ករ។ នេះបើយោងតាមទិន្នន័យការិយាល័យស្ថិតិរបស់រដ្ឋាភិបាលវៀតណាម។
ការនាំចេញអង្ករនៅក្នុងប្រទេសវៀតណាមកាលពីឆ្នាំ២០២០ ត្រូវបានព្យាករណ៍ថា នឹងថយចុះ ៣,៥% ឬស្មើនឹង ៦,១៥ លានតោន។
តម្រូវការខ្ពស់ពីបណ្ដាប្រទេសនៅទ្វីបអាស៊ី និងទ្វីបអាហ្វ្រិកក៏បានធ្វើឲ្យតម្លៃអង្ករឥណ្ឌាកើនឡើងផងដែរ ប៉ុន្តែតម្លៃអង្ករឥណ្ឌាក៏មិនអាចឡើងខ្ពស់ពេកដែរ ដោយសារតែអង្ករក្នុងស្ដុកមានច្រើនលើសតម្រូវការ។ នេះបើតាមការបញ្ជាក់របស់លោក Nitin Gupta អនុប្រធានក្រុមហ៊ុន Olam ដែលជួញដូរអង្កររបស់ឥណ្ឌា។
លោក Gupta និយាយបន្តថា វៀតណាមអាចទិញបានកាន់តែច្រើន ដរាបណាតម្លៃនៅតែខុសគ្នាខ្លាំង។
កាលពីខែធ្នូ ចិនដែលជាប្រទេសនាំចូលអង្ករច្រើនបំផុតនៅក្នុងពិភពលោក បានចាប់ផ្ដើមទិញអង្ករឥណ្ឌា ជាលើកដំបូងក្នុងរយៈពេលយ៉ាងហោចណាស់ ៣ ទសវត្សរ៍ចុងក្រោយនេះ ដោយសារតែការផ្គត់ផ្គង់កាន់តែខើចពីប្រទេសថៃ មីយ៉ាន់ម៉ា និងវៀតណាម និងដោយសារការផ្តល់តម្លៃទាបខ្លាំងពីប្រទេសឥណ្ឌា។
នៅក្នុងឆ្នាំ ២០២០ ឥណ្ឌាបាននាំចេញអង្ករច្រើនបំផុតរហូតដល់ ១៤លានតោន។ នេះបើយោងតាមទិន្នន័យបឋមរបស់ក្រសួងពាណិជ្ជកម្មឥណ្ឌា៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា