ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ជប៉ុន​និង​កូរ៉េ​ខាងត្បូង​នឹង​ដំណើរការ​រោងចក្រ​ធ្យូង​ថ្ម​ជាមួយ​វៀតណាម ទោះ​ធ្លាប់​សន្យា​ការពារ​បរិស្ថាន​ក៏ដោយ


រូបឯកសារ៖ រោងចក្រ​ធ្យូងថ្ម Ninh Binh ​ផ្គត់ផ្គង់​អគ្គិសនី​ ក្នុង​ខេត្ត Ninh Binh ប្រទេស​វៀតណាម ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧។

ប្រទេស​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​កំពុង​ជំរុញ​ឲ្យ​មាន​ដំណើរ​ទៅ​មុខ​នូវ​រោងចក្រ​ធ្យូង​ថ្ម​ដ៏​ចម្រូងចម្រាស​មួយ​ក្នុង​ប្រទេស​វៀតណាម ហើយ​នឹង​ផ្តល់​ថវិកា​ប្រមាណ ១ ពាន់ ៨ រយ​លាន​ដុល្លារ​ជា​ប្រាក់​កម្ចី​សម្រាប់​គម្រោង​មួយ​នេះ ទោះបីជា​ខ្លួន​ធ្លាប់​បាន​ប្រកាស​អំពី​ការ​សន្យា​ធ្វើ​ឲ្យ​មាន​តុល្យភាព​នៃ​ការ​ប្រើប្រាស់​សារធាតុ​កាបូន​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ក៏ដោយ។

ធនាគារ​ជប៉ុន​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ (JBIC) ដែល​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ជប៉ុន បាន​គូស​បញ្ជាក់​ថា ខ្លួន​នឹង​ផ្តល់​ប្រាក់​កម្ចី​ប្រមាណ ៦៣៦ លាន​ដុល្លារ​ដល់​គម្រោង​ Vung Ang 2 នៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម។ ការ​ធ្វើ​ដូច្នេះ​បណ្តាល​ឲ្យ​មាន​ការ​រិះគន់​ពី​អន្តរជាតិ ក៏​ដូចជា​បណ្ដាល​ឲ្យ​មាន​ទស្សនៈ​ខ្វែង​គំនិត​គ្នា​នៅ​ក្នុង​រង្វង់​រដ្ឋាភិបាល​ជប៉ុន​ផងដែរ។

ស្ថាប័ន​ហិរញ្ញវត្ថុ​ឯកជន​នានា និង​ធនាគារ​អាហរ័ណ​នីហរ័ណ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង ក៏​នឹង​ផ្តល់​កម្ចី​ដល់​គម្រោង​នេះ​ផង​ដែរ ដោយ​មាន​ទឹក​ប្រាក់​សរុប​ប្រមាណ ១ ពាន់ ៧៧០ លាន​ដុល្លារ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ធនាគារ​ជប៉ុន JBIC កាល​ពី​ថ្ងៃ​អង្គារ។

រោងចក្រ​ធ្យូង​ថ្ម Vung Ang 2 ដែល​មាន​កម្លាំង ១.២០០ ម៉េហ្កាវ៉ាត់ ត្រូវ​បាន​ស្នើ​ឡើង​កាល​ពី​ជាង​មួយ​ទសវត្សរ៍​មុន ហើយ​បាន​ទទួល​នូវ​ការ​បណ្តាក់​ទុន​វិនិយោគ​ពី​ក្រុមហ៊ុន​ធំៗ​មួយ​ចំនួន ដូចជា​ក្រុមហ៊ុន Mitsubishi ជាដើម។

ប្រទេស​ជប៉ុន​បាន​បញ្ជាក់​កាល​ពី​ខែ​កក្កដា​ថា ខ្លួន​នឹង​រឹត​បន្តឹង​គោលការណ៍​សម្រាប់​ការ​វិនិយោគ​លើ​គម្រោង​ស្ថានីយ​ថាមពល​ដើរ​ដោយ​ធ្យូង​ថ្ម​នៅ​បរទេស ក្រោម​ហេតុផល​ការពារ​បរិស្ថាន ប៉ុន្តែ​មិន​បាន​លើកឡើង​នូវ​ការ​សន្យា​ក្នុង​ការ​បញ្ឈប់​ការ​ផ្តល់​ថវិកា​របស់​រដ្ឋាភិបាល​សម្រាប់​គម្រោង​មួយ​ចំនួន ឬ​ក៏​លុបចោល​នូវ​គម្រោង​ដែល​កំពុង​មាន​ស្រាប់​នោះ​ទេ។

ដោយ​ឡែក​ប្រទេស​កូរ៉េ​ខាងត្បូង​វិញ ក៏​ធ្លាប់​បាន​ធ្វើ​ការ​សន្យា​ស្រដៀងគ្នា​នេះ​ផងដែរ​នៅ​ក្នុង​ឆ្នាំ​នេះ។

រោងចក្រ Vung Ang 2 បាន​រង​ការ​រិះគន់​ខ្លាំង​កាល​ពី​ខែ​ឧសភា នៅ​ពេល​ដែល​អង្គការ​ការពារ​បរិស្ថាន​ចំនួន ១២៧ មក​ពី​ប្រទេស​ចំនួន​ប្រហែល ៤០ បាន​ចុះ​ហត្ថលេខា​លើ​ញត្តិ​មួយ​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ក្នុង​ប្រទេស​ជប៉ុន ដក​ខ្លួន​ចេញពី​គម្រោង​នេះ៕

XS
SM
MD
LG