ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​និង​អង់គ្លេស​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​ចូល​ជាធរមាន​នៅ​ថ្ងៃទី​៣១​ ខែ​ធ្នូ


រូបឯកសារ៖ អ្នកស្រី Liz Truss អគ្គលេខាធិការទទួលបន្ទុកកិច្ចការពាណិជ្ជកម្មអន្តរជាតិរបស់ចក្រភពអង់គ្លេស និងលោក Tran Tuan Anh រដ្ឋមន្ត្រីពាណិជ្ជកម្មវៀតណាម ក្នុងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកស្រី Liz Truss អគ្គលេខាធិការទទួលបន្ទុកកិច្ចការពាណិជ្ជកម្មអន្តរជាតិរបស់ចក្រភពអង់គ្លេស និងលោក Tran Tuan Anh រដ្ឋមន្ត្រីពាណិជ្ជកម្មវៀតណាម ក្នុងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។

ក្រសួង​ពាណិជ្ជកម្ម​របស់​វៀតណាម​បាន​បញ្ជាក់​ថា ប្រទេស​អង់គ្លេស​និង​វៀតណាម ​បាន​ចុះ ហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី នៅថ្ងៃ​ទី​២៩ ​ខែ​ធ្នូ​ មុន​គឺ​ប៉ុន្មានថ្ងៃ​មុន​ពេល​អង់គ្លេស​បញ្ចប់​ការ​ការដក​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប។

ក្រសួង​បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយថា ​កិច្ច​ព្រមព្រៀង​ដែល​សម្រាប់​អង់គ្លេស ​គឺ​ជំនួស​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប-វៀតណាម​ (EVFTA)​ ដែល​មាន​ស្រាប់​នោះ ត្រូវ​ចូល​ជាធរមាន​នៅ​ថ្ងៃទី​៣១​ ខែ​ធ្នូ។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ពាណិជ្ជកម្ម​រវាង​វៀតណាម​និង​អង់គ្លេស​បាន​កើន​ឡើង​ជា​មធ្យម ​១២% ​ក្នុងមួយ​ឆ្នាំក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​មកនេះ​ ឈានដល់ ​៦,៦ ពាន់​លានដុល្លារ ​កាលពីឆ្នាំ​មុន ​ហើយ​កិច្ចព្រម​ព្រៀង​នេះនឹង​ជួយ​ជំរុញ​ការនាំ​ចេញ​សម្លៀក​បំពាក់​របស់​វៀតណាម ​ផលិត​ផលស្បែក​ជើង​ អង្ករ ​គ្រឿង​សមុទ្រ​ និង​គ្រឿង​សង្ហារិម​ឈើ។​

ចាប់​តាំង​ពីចាក​ចេញពី​សហ​គមន៍​អ៊ឺរ៉ុប​ក្នុង​ខែ​មករា ​ប្រទេស​អង់គ្លេស​បាន​ធ្វើ​ការ​ចរចា​តែ​ឯង​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី ជា​មួយ​បណ្តា​ប្រទេស​នានា ​ដើម្បី​ជំនួស​កិច្ចព្រមព្រៀង​សហភាព​អឺរ៉ុប​បាន​ចរចា។

កិច្ចព្រម​ព្រៀង​កាលពីថ្ងៃ​អង្គារ នឹង​ធានាថា អង់គ្លេស​មិន​បាត់បង់​សិទ្ធិ​ក្នុង​ការ​អនុគ្រោះ​ពន្ធ​នៅ​ក្នុង​ប្រទេស​វៀតណាម ​ដែល​ជា​ប្រទេស​មួយ​យ​ក្នុង​ចំណោម​ប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន​និង​បើកចំហ​បំផុត​នៅ​ក្នុង​ទ្វីប​អាស៊ី។

ក្រសួង​ពាណិជ្ជកម្ម​បាន​បញ្ជាក់​ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​ជាមួយ​អង់គ្លេស ​មាន​បទ​ប្បញ្ញត្តិ​ដូចគ្នា​នឹង​កិច្ចព្រមព្រៀង EVFTA ​ដែរ។

កិច្ចព្រម​ព្រៀង EVFTA ចូល​ជាធរមាន​ក្នុង​ខែ​សីហា ​ហើយ​ត្រូវកាត់​បន្ថយ​ ឬលុបចោល​ពន្ធគយ​ចំនួន​ ៩៩%​ លើ​ទំនិញ​ដែល​បាន​ធ្វើ​ពាណិជ្ជកម្ម​រវាង​វៀតណាម ​និង​សហភាព​អឺរ៉ុប។ ​ក្រសួង​បាន​និយាយ​ថា «កិច្ចព្រម​ព្រៀង​នេះនឹង​បង្កើត​ក្រប​ខ័ណ្ឌ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ទូលំទូលាយ​ រយៈពេល​វែង​និង​ប្រកប​ដោយ​ចីរភាព​រវាង​ប្រទេស​ទាំង​ពីរ»៕

ប្រែ​សម្រួល​ដោយ​លោកពិន ស៊ីសុវណ្ណ

XS
SM
MD
LG