ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Trump​ ទទួល​បាន​អ្នក​គាំទ្រ​ច្រើន​នៅ​ក្នុង​ប្រទេស​វៀតណាម


សាធារណជន​លើ​សញ្ញា​គាំទ្រ​លោក Donald Trump បេក្ខជនប្រធានាធិបតី​ពី​គណបក្ស​សាធារណៈរដ្ឋ ក្នុង​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសាន​ក្នុង​រដ្ឋ Florida កាលពីថ្ងៃអាទិត្យ។
សាធារណជន​លើ​សញ្ញា​គាំទ្រ​លោក Donald Trump បេក្ខជនប្រធានាធិបតី​ពី​គណបក្ស​សាធារណៈរដ្ឋ ក្នុង​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសាន​ក្នុង​រដ្ឋ Florida កាលពីថ្ងៃអាទិត្យ។

បើ​ទោះ​បី​ជា​លោក Trump ​បាន​​រិះគន់​ទៅ​លើ​ពលរដ្ឋ​វៀតណាម​ថា​បាន​ដណ្តើម​ការងារ​របស់​ពលរដ្ឋ​អាមេរិកាំង​ក៏​ដោយ​ ក៏​លោក​ Trump កំពុង​ជំរុញ​ទឹកចិត្ត​មនុស្ស​​នៅ​ក្នុង​ប្រទេស​មួយ​ដែល​ស្ថិត​នៅ​យ៉ាង​ឆ្ងាយ​ពី​អាមេរិក។​

បើ​ទោះ​បី​ជា​លោក Donald Trump ​បាន​ធ្វើ​ការ​រិះគន់​ទៅ​លើ​ពលរដ្ឋ​វៀតណាម​ថា​បាន​ដណ្តើម​ការងារ​របស់​ពលរដ្ឋ​អាមេរិកាំង​ក៏​ដោយ​ ក៏​លោក​ Trumpដែល​ជា​បេក្ខជន​នាំ​មុខ​របស់​គណបក្ស​សាធារណរដ្ឋ​កំពុង​ជំរុញ​ទឹកចិត្ត​មនុស្ស​ខ្លះនៅ​ក្នុង​ប្រទេស​មួយ​ដែល​ស្ថិត​នៅ​យ៉ាង​ឆ្ងាយ​ពី​អាមេរិក។​

អ្នក​គាំទ្រ​លោក Trump​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ដែល​ជា​ការ​នឹក​ស្មាន​មិន​ដល់​នោះ សង្ឃឹម​ថា​វោហារសាស្ត្រ​ប្រឆាំង​នឹង​ចិន​របស់​លោក​អាច​បញ្ឈប់​ការ​ពង្រីក​ទឹកដី​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​វៀតណាម​កំពុង​ធ្វើ​ការ​ទាមទារ​ទឹកដី​ត្រួត​គ្នា​ជា​មួយ​នឹង​ប្រទេស​ដែល​មាន​ពលរដ្ឋ​ច្រើន​បំផុត​នៅ​លើ​ពិភពលោក។​

លោក​ Nguyen Dinh Thieu បាន​ប្រាប់​ VOA ភាសា​វៀតណាម​ថា​ លោក​សង្ឃឹម​ថា​ មហាសេដ្ឋី​រូប​នេះ​នឹង​ចាត់​វិធានការ​យោធា​និង​វិធានការ​សេដ្ឋកិច្ច​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ចិន​ទន់​ខ្សោយ​ បន្ធូរ​បន្ថយ​ជម្លោះ​ដែន​ទឹក​ ហើយ​យក​កោះ​ដែល​វៀតណាម​ចោទ​ថា​ចិន​យក​ពី​វៀតណាម​នោះ​មក​ឲ្យ​វៀតណាម​វិញ។​

ពលរដ្ឋ​វៀតណាម​ជា​ច្រើន​ចាប់​អារម្មណ៍​ទៅ​លើ​គោល​ជំហ​នៃ​គោលនយោបាយ​ការបរទេស​របស់​អាមេរិក​ ជុំវិញ​ជម្លោះ​ដែន​សមុទ្រ​ដែល​សំបូរ​ទៅ​ដោយ​ធនធាន​ នេះ​បើ​យោង​តាម​លោក​ Nguyen Manh Hung សាស្រ្តចារ្យ​ផ្នែក​កិច្ចការ​អន្តរជាតិ​នៅ​ឯ​សកលវិទ្យាល័យ​ George Mason។​

លោក​ Hung អ្នក​ជំនាញ​ផ្នែក​ទំនាក់​ទំនង​អាមេរិក​ វៀតណាម​ បាន​ថ្លែង​ថា៖«​ពលរដ្ឋ​វៀតណាម​ភាគ​ច្រើន​កំពុង​មិន​សប្បាយ​ចិត្ត​ចំពោះ​វិធានការ​ដ៏​គំហុក​របស់​ចិន​ ដូច្នេះ​វា​គ្មានអ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​ ដែល​ពួក​គេ​គាំទ្រ​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ដែល​មាន​ជំហ​ដ៏​រឹង​មាំ​ហើយ​គ្មាន​ការ​អត់ឱន​ ប្រឆាំង​នឹង​ចិន​នោះ»។​

ខណៈ​ដែល​ពាក្យ​សំដី​ក្នុងយុទ្ធនាការ​ដ៏​ចម្រូង​ចម្រាស​របស់​ មហាសេដ្ឋី​អចលនទ្រព្យ​មក​ពី​ក្រុង​ New Yorkរូប​នេះ​ ប្រហែល​ជា​ភាព​ទាក់ទាញ​ដល់​ពលរដ្ឋ​វៀតណាម​ យុទ្ធនាការ​នេះ​ក៏​បាន​រំខាន​ដល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ផង​ដែរ។​

ក្រសួង​ការបរទេស​ចិន​បាន​ហៅ​ទស្សនៈ​ជុំវិញ​ទំនាក់ទំនង​រវាង​ចិន​និង​អាមេរិក​ របស់​តារា​ទូរទស្សន៍​ថា​ «គួរ​ឲ្យ​រំខាន»​ មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ Trump បាន​ប្រាប់​ទូរទស្សន៍​ CNN ថា​ ចិន​មាន​ដោយ​សារ​តែ​អាមេរិក​ ហើយ​ចិន​មាន​ដោយ​សារ​តែ​ប្រាក់​និង​ការងារ​ដែល​ចិន​ដណ្តើម​ពី​ពលរដ្ឋអាមេរិក។​

រដ្ឋាភិបាល​ក្រុង​ហាណូយ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការ​ប្តេជ្ញា​របស់​លោក​ Trump ដែល​ថា​ លោក​នឹង​យក​ការងារ​ពី​ចិន​និង​ប្រទេស​អាស៊ី​ផ្សេង​ទៀត​មក​វិញ​ រួម​មាន​ទាំង​វៀតណាម​ផង​ដែរ​ ប៉ុន្តែ​កាសែត​ Thanh Nien ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​បាន​ហៅ​ពាក្យ​សម្តី​របស់​លោក​ Trump ថា​គួរ​ឲ្យ​តក់ស្លុត។​

នៅ​ក្នុង​ប្រទេស​មួយ​ដែល​ពលរដ្ឋ​ភាគច្រើន​គាំទ្រ​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​ពួក​គេ​យល់​ឃើញ​ថា​ ជា​អ្នក​ប្រកាន់​ឆ្វេង​នោះ​ លោក​ Nguyen Manh Ha បេក្ខជន​សភា​តំណាង​រាស្ត្រ​ឯករាជ្យ​មួយ​រូប​ បាន​ថ្លែង​ថា​ ទស្សនៈ​ជា​ច្រើន​អំពី​លោក​ Trump បាន​ធ្វើ​ឲ្យ​មាន​ការ​ទស្សន៍​ទាយ​ថា​នឹង​មាន​ការ​អនុញ្ញត្តិ​ឲ្យ​មាន​ការ​បញ្ចេញ​ទស្សនៈ​នៅ​ក្នុង​ប្រព័ន្ធ​នយោបាយ​ដែល​មាន​គណបក្ស​តែ​មួយ។​

សកម្មជន​សង្គមរូប​នេះ​ថ្លែង​ថា​៖«អ្នក​ដែល​ស្អប់​ចិន​គឺ​គាំទ្រ​លោក​ Trump។​ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​គិត​ថា​ វា​នឹង​ជា​មហន្តរាយ​មួយ​ប្រសិន​បើ​លោក​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ ដោយ​សារ​តែ​សេចក្តី​ថ្លែង​ការណ៍​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​របស់​លោក»។​

លោក​ Ha សង្ឃឹម​ថា​បេក្ខជន​របស់​វៀតណាម​នាពេល​អនាគត​ មាន​ឱកាស​ស្រដៀង​គ្នា ដោយ​មាន​ការ​ជជែក​ដេញ​ដោល​ជុំវិញ​គោលនយោបាយ​សង្គម​និង​សេដ្ឋកិច្ច​ដោយ​បើក​ចំហរ​និង​ផ្សាយ​បន្តផ្ទាល់​ ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​អ្នក​បោះឆ្នោត​នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត។​

សាស្ត្រាចារ្យ Nguyen Ngoc Bich​ ដែល​ជា​ប្រធាន​សភាជាតិ​វៀតណាម​នៅ​សហរដ្ឋ​អាមេរិក​ បាន​ថ្លែង​ថា​ ការបោះឆ្នោត​ប្រធានាធិបតី​នៅ​អាមេរិក​នា​ពេល​បច្ចុប្បន្ន​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ក្នុង​ផ្នែក​ខ្លះ​នៃ​សង្គម​វៀតណាម​ដែល​ការ​ជ្រើស​តាំង​ក្រុម​មន្ត្រី​ត្រូវ​បាន​រង​ការ​រិះគន់​ពី​សំណាក់​ក្រុម​សិទ្ធិ​មនុស្ស។​

សាស្ត្រាចារ្យBich ថ្លែង​ថា៖«អ្នក​ខ្លះ​យល់​ថា​លទ្ធិប្រជាធិបតេយ្យ​គួរ​តែ​នាំ​ប្រទេស​នេះ​ឆ្ពោះ​ទៅ​មុខ​ដូច​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ភូមា»៕

ប្រែ​សម្រួល​ដោយ​ ស្រេង​ លក្ខិណា

XS
SM
MD
LG