ភ្ញៀវទេសចរអន្តរជាតិជាធម្មតាសម្រុកចូលទៅប្រទេសវៀតណាមដើម្បីទៅមើលស្ថាបត្យកម្មសម័យអាណានិគមនិងផ្ទាំងថ្មដែលផុសចេញពីសមុទ្រ។ នាពេលបច្ចុប្បន្ននេះ អ្នកខ្លះតម្រង់គោលដៅទៅប្រទេសវៀតណាមដើម្បីទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនិងគ្លីនិកនៅប្រទេសនេះ។ ពួកគេគឺជាផ្នែកមួយនៃឧស្សាហកម្មទេសចរណ៍សុខាភិបាលចុងក្រោយនៅទ្វីបអាស៊ី។
ក្រុមមន្ត្រីវៀតណាមបានលើកឡើងថា ចំនួនភ្ញៀវទេសចរធ្វើដំណើរទៅកាន់ប្រទេសវៀតណាមបានកើនឡើង៣ដងក្នុងចន្លោះឆ្នាំ២០១០ដល់ឆ្នាំ២០១៨។ ពួកគេរំពឹងថា ចំនួនភ្ញៀវទេសចរនឹងបន្តកើនឡើង ហើយជាពិសេសពួកគេមកកាន់វៀតណាមជាលក្ខណៈទេសចរណ៍សុខាភិបាល ដូចជាដើម្បីទៅព្យាបាលធ្មេញនិងវះកាត់កែសម្ផស្ស។
ស្ថិរភាពនយោបាយរបស់វៀតណាម តម្លៃសមរម្យនៃសេវាថែទាំសុខភាព និងឱសថដែលមានគុណភាពខ្ពស់មួយចំនួន បានជំរុញឲ្យមាននិន្នាការនេះរួចហើយ។ នេះបើតាមការលើកឡើងរបស់អ្នកវិភាគនៅក្នុងប្រទេសនេះ។ ប្រទេសវៀតណាមមានជំហរចូលរួមជាមួយប្រទេសផ្សេងទៀតរួមមាន សិង្ហបុរី ថៃ និងតៃវ៉ាន់ ក្នុងការទាក់ទាញទេសចរណ៍សុខាភិបាល ប៉ុន្តែការព្យាបាលនៅប្រទេសវៀតណាមមានតម្លៃថោកជាងប្រទេសផ្សេងទៀត។
លោក Mike Lynch គឺជានាយកចាត់ការនៃក្រុមហ៊ុនឈ្មួញកណ្ដាល SSI Institutional Brokerage មានមូលដ្ឋាននៅទីក្រុងហូជីមិញ។
លោកបានថ្លែងថា៖«ខ្ញុំពិតជាបានឃើញមាននិន្នាការមួយដែលមនុស្សម្នានាំគ្នាមកកាន់ទីនេះ។ ការព្យាបាលនៅវៀតណាមមានតម្លៃថោកជាងនៅប្រទេសថៃ និងនៅប្រទេសសិង្ហបុរី។ ក្នុងចំណោមទេសចរណ៍សុខាភិបាល សេវាកែសម្ផស្សទាក់ទាញភ្ញៀវទេសចរច្រើនជាងគេ។ មានសេវាបែបនេះច្រើនណាស់នៅទីនេះ»។
ចំណូលរបស់ប្រទេសវៀតណាម
គិតមកដល់ថ្ងៃនេះ ជនបរទេសជាង៨ម៉ឺននាក់បានធ្វើដំណើរទៅប្រទេសវៀតណាមដើម្បីពិនិត្យសុខភាព និងព្យាបាលជំងឺ។ នេះបើយោងតាមគេហទំព័រព័ត៌មានគ្រប់គ្រងរដ្ឋVietnam Investment Review។ គេហទំព័រដដែលបន្ថែមថា ភ្ញៀវទេសចរទាំងនេះចូលរួមបង្កើតប្រាក់ចំណូលសរុបជាង១ពាន់លានដុល្លារ។ វិស័យសុខាភិបាលនៅក្នុងប្រទេសនេះបានកើនឡើងពី ១៨ ភាគរយទៅ ២០ ភាគរយ ជារៀងរាល់ឆ្នាំ។
ក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកពាណិជ្ជកម្មឈ្មោះថា Dezan Shira & Associates រកបានចំណូលរហូតដល់ទៅ២ពាន់លានដុល្លារគិតតែនៅក្នុងឆ្នាំ២០១៧។ ក្រុមហ៊ុនប្រឹក្សាយោបល់ដដែលបញ្ជាក់ថា៖«វៀតណាមកំពុងលេចមុខលេចមាត់ជាតួអង្គសំខាន់មួយនៅក្នុងឧស្សាហកម្មទេសចរណ៍សុខាភិបាលនៅអាស៊ី»។
លោក Tran Quoc Bao នាយកផ្នែកផែនការនិងទីផ្សារនៅឯមន្ទីរពេទ្យ City International ក្នុងទីក្រុងហូជីមិញបានថ្លែងក្នុងសន្និសីទថ្នាក់តំបន់នៅដើមឆ្នាំនេះថា វៀតណាមគឺជាកន្លែងដែលគេចូលចិត្តទៅទទួលសេវាសុខាភិបាល និងពិនិត្យសុខភាព។ នេះបើតាមការស្រង់សម្ដីរបស់លោក Tran Quoc Bao ដោយកាសែតវិនិយោគ (Investment Review)។
បើតាមចំនួនប្រាក់ចំណូលនៅប្រទេសសិង្ហបុរីនិងនៅប្រទេសថៃបញ្ជាក់ថា ទេសចរណ៍សុខាភិបាលពិតជាបង្កើតប្រាក់ចំណូល។ អាជ្ញាធរទេសចរណ៍ថៃ បានប៉ាន់ប្រមាណថា ចំណូលសរុបពីទេសចរណ៍សុខាភិបាលកាលពីឆ្នាំ២០១៨មានចំនួន២៦ពាន់លានបាតឬប្រមាណ ៨៦០លានដុល្លារ គឺកើនឡើងចំនួន១៤ភាគរយ ប្រៀបធៀបនឹងប្រាក់ចំណេញពីវិស័យនេះនៅឆ្នាំ ២០១៧។ នេះបើតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ។ ចំណែកប្រាក់ចំណូលពីទេសចរណ៍សុខាភិបាលសិង្ហបុរីវិញ បានកើនឡើងក្នុងកម្រិតប្រចាំឆ្នាំ ១០ភាគរយ នៅឆ្នាំ ២០១៧ គឺមានចំនួន ១ពាន់លានដុល្លារសិង្ហបុរី ឬប្រមាណ ៧៣៧ លានដុល្លារ នេះបើតាមទស្សនាវដ្ដីសុខភាពលើប្រព័ន្ធអ៊ីនធឺណិត Healthcare Asia។
ទេសចរណ៍សុខាភិបាលបង្កើតប្រាក់ចំណូលយ៉ាងហោចណាស់ ១ភាគ៣ នៃប្រាក់ចំណូលរបស់មន្ទីរពេទ្យឯកជន នៅក្នុងបណ្តាប្រទេសភាគច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយតំបន់អាស៊ីប៉ាស៊ីហ្វិកគឺជាទីផ្សារទេសចរណ៍សុខាភិបាលធំជាងគេនៅលើពិភពលោក គិតត្រឹមឆ្នាំ ២០១៧។ នេះបើតាមការស្រាវជ្រាវរកឃើញរបស់ក្រុមហ៊ុនស្រាវជ្រាវ Zion Market Research ហើយដែលត្រូវបានដកស្រង់មកចុះផ្សាយដោយគេហទំព័រទេសចរណ៍ TTG Asia។
ការកើនឡើងខ្លាំងនៃវិស័យទេសចរណ៍
នៅចន្លោះពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៨ ចំនួនភ្ញៀវទេសចរបរទេសនៅប្រទេសវៀតណាមបានកើនឡើងពី៥លានទៅជាង១៥លាននាក់។
ទិន្នន័យពីការិយាល័យស្ថិតិទូទៅបង្ហាញថា ភ្ញៀវទេសចរចិនជាង២.៨លាននាក់បានទៅទស្សនាប្រទេសវៀតណាម ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០១៩ ហើយចំនួនភ្ញៀវទេសចរកូរ៉េខាងត្បូង បានកើនឡើង២២ភាគរយ នៅក្នុងរយៈពេលដូចគ្នា បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨ គឺកើនទៅដល់ចំនួនជាង ២,៤ លាននាក់។ ប្រទេសចិន និងកូរ៉េខាងត្បូងគឺជាប្រភពទេសចរណ៍២សំខាន់បំផុត។
នៅកន្លែងទេសចរណ៍តាមមាត់សមុទ្រសម្រាប់សម្រាកលំហែកាយដែលភ្ញៀវទេសចរទាំងនេះចូលចិត្តទៅទស្សនា ដូចជានៅកោះ Phu Quoc និងនៅទីក្រុង Da Nang ជាដើមនោះ ឧទ្យានកម្សាន្តនានាបានព្យាយាមដាក់បញ្ចូលអាគារនានាដើម្បីធ្វើឲ្យភ្ញៀវទេសចរទាំងនេះមកទស្សនា និងធ្វើឲ្យទេសចរណ៍សុខាភិបាលកាន់តែមាននិរន្តរភាព។ នេះជាការលើកឡើងរបស់ក្រុមហ៊ុន Dezan Shira ។
លោក Ralf Matthaes ស្ថាបនិកក្រុមហ៊ុនប្រឹក្សាយោបល់ Infocus Mekong Research នៅក្នុងទីក្រុងហូជីមិញបាននិយាយថា វិស័យពេទ្យធ្មេញក៏កំពុងទាក់ទាញជនជាតិអូស្ត្រាលីឲ្យចូលមកប្រទេសនេះក្នុងចំនួនដ៏ច្រើន ដូចទៅនឹងការកែសម្ផស្សដែលទាក់ទាញជនជាតិកូរ៉េខាងត្បូងអញ្ជឹងដែរ។ ពេទ្យធ្មេញមួយចំនួនបានទៅសិក្សានៅក្រៅប្រទេស ហើយត្រឡប់មកធ្វើការនៅវៀតណាមវិញ។ ជនជាតិកូរ៉េខាងត្បូងដែលមករស់នៅវៀតណាមជាច្រើនគឺជាគ្រូពេទ្យវះកាត់កែសម្ផស្ស។
លោក Lynch និយាយថា ពេទ្យធ្មេញនៅវៀតណាមមានតម្លៃ ១ភាគ ១០ នៃតម្លៃពេទ្យធ្មេញនៅទ្វីបអាមេរិកខាងជើង ហើយគុណភាពនៃវេជ្ជបណ្ឌិត(នៅវៀតណាម)ត្រូវបានគេទទួលស្គាល់បន្តិចម្ដងៗ។ លោកបានព្យាការណ៍ថា ក្រុមហ៊ុនសេវាសុខាភិបាលក្នុងតំបន់នឹងបើកការិយាល័យនៅវៀតណាម បើទោះបីជានៅពេលនេះពួកគេមិនទាន់មានវត្តមាននៅទីនោះក្នុងពេលនេះនៅឡើយក៏ដោយ។
ហានិភ័យនិងឱកាស
ប្រទេសសិង្ហបុរី តៃវ៉ាន់ និងថៃ នៅតែមានកេរ្តិ៍ឈ្មោះល្អជាង សម្រាប់សេវាសុខភាពជាទូទៅ។ ឧទាហរណ៍ នៅប្រទេសថៃ ជនបរទេសតែងទៅកាន់មន្ទីរពេទ្យរបស់ពួកគេសម្រាប់ការពិនិត្យសុខភាពគ្រប់មុខ ដែលរួមមានការធ្វើតេស្តរកមើលដុំសាច់ កម្រិតជាតិស្ករក្នុងឈាម និងបញ្ហាសរសៃឈាមបេះដូងជាដើម។
លោក Matthaes អ្នកប្រឹក្សាយោបល់ដែលបានរស់នៅវៀតណាមអស់រយៈពេល២៥ឆ្នាំមកហើយ បានព្រមានប្រឆាំងនឹងការព្យាបាលជំងឺនៅវៀតណាម។ លោកនិយាយថា វេជ្ជបណ្ឌិតបានវះកាត់ដាក់គ្រឿងខុស បន្ទាប់ពីបានធ្វើឲ្យបាក់ជើងមួយ ហើយការប្ដឹងផ្ដល់ពាក់ព័ន្ធនឹងកំហុសឆ្គងក្នុងការអនុវត្តការងារសុខាភិបាលនេះកម្របានជោគជ័យណាស់។
លោកនិយាយថា៖ «ខ្ញុំអាចនិយាយបានថា វិស័យសុខាភិបាលទាំងមូលនៅមានកម្រិត ប៉ុន្តែបើនិយាយពីពេទ្យធ្មេញ ឬការវះកាត់កែសម្ផស្សវិញ ខ្ញុំអាចនិយាយបានថាវាល្អ»។
ការចំណាយប្រាក់បន្ថែមអាចកាត់បន្ថយហានិភ័យ និងទទួលបានភាពស្រណុកស្រួលបន្ថែម ប៉ុន្តែតម្លៃព្យាបាលនៅវៀតណាមនៅតែមានតម្លៃទាបជាងនៅប្រទេសដែលមានការអភិវឌ្ឍន៍ជាងនេះ។
លោក John Rockhold អាយុ ៦៧ ឆ្នាំ ដែលជាអ្នកប្រឹក្សាយោបល់នៅក្រុមហ៊ុនថាមពលអាមេរិកាំងបាននិយាយថា ភរិយារបស់លោកបានស្នាក់នៅមន្ទីរពេទ្យអស់រយៈពេល៤ថ្ងៃដើម្បីសម្រាលកូន។
លោក Rockhold ដែលជាអតីតយុទ្ធជនសម័យសង្គ្រាមវៀតណាមមួយរូបនិយាយថា៖ «សម្រាប់ខ្ញុំ អ្វីៗបានរីកចម្រើនច្រើនណាស់។ ភរិយាខ្ញុំឆ្លងទន្លេនៅទីនេះ។ គាត់ត្រូវបង្កើតកូនដោយការវះកាត់ ហើយយើងបានទៅស្នាក់នៅមន្ទីរពេទ្យកម្រិតអន្តរជាតិមួយ។ ខ្ញុំបាន់បង់ប្រាក់បន្ថែមដើម្បីទទួលបានបន្ទប់ធំលក្ខណៈឯកជន។ ម្ដាយក្មេករបស់ខ្ញុំអាចសម្រាកនៅជាមួយភរិយាខ្ញុំ ហើយគាត់អាចកុម្មង់អាហារពីភោជនីយដ្ឋាន៥ ឬ៦ ខុសៗគ្នា។ គាត់ស្នាក់នៅទីនោះ៤ថ្ងៃ ហើយខ្ញុំត្រូវចំណាយសរុប ១,២០០ដុល្លារ»៕
ប្រែសម្រួលដោយ នៀម ឆេង