ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង្វះ​ខាតសាច់​ប្រាក់​ ប៉ះពាល់​ដល់ការ​វិនិយោគ​នៅប្រទេស​វៀតណាម


របាយការណ៍​បង្ហាញថា​ ប្រសិន​បើវៀតណាម​ មិនឆាប់​ចាប់យក​សេដ្ឋកិច្ច​ឌីជីថល​ទេ ប្រទេសនេះ​ នឹង​នៅតែ​បន្តពឹង​ផ្អែកលើ​វិស័យដូច​ពីមុនៗ​មក​ តួយ៉ាង​ផលិតផល​កសិកម្ម​ (Ha Nguyen for VOA)។
របាយការណ៍​បង្ហាញថា​ ប្រសិន​បើវៀតណាម​ មិនឆាប់​ចាប់យក​សេដ្ឋកិច្ច​ឌីជីថល​ទេ ប្រទេសនេះ​ នឹង​នៅតែ​បន្តពឹង​ផ្អែកលើ​វិស័យដូច​ពីមុនៗ​មក​ តួយ៉ាង​ផលិតផល​កសិកម្ម​ (Ha Nguyen for VOA)។

យោងតាម​ការសិក្សា​របស់​ក្រុមហ៊ុន​សវនកម្ម​ PwC ប្រចាំ​ប្រទេស​វៀតណាម​ បង្ហាញ​ថា​ធុរកិច្ច​នៅ​ប្រទេស​វៀតណាម​ប្រឈម​នឹងបញ្ហា​កង្វះខាត​សាច់ប្រាក់​ ដែល​ធ្វើ​ឱ្យរាំង​ស្ទះដល់​ទំហំសាច់ប្រាក់​វិនិយោគ​ប្រមាណ​២៤ពាន់​លានដុល្លារ​ ទៅក្នុង​សេដ្ឋកិច្ច​ជាតិ​ដែល​មាន​តម្លៃ២៥០​ពាន់លាន​ដុល្លារ​របស់​ប្រទេស​នេះ។

ក្រុមហ៊ុន​ PWC ដែល​ជាក្រុមហ៊ុន​ផ្តល់​សេវា​កម្មហិរញ្ញ​វត្ថុ​ បាន​ធ្វើការវិភាគ​លើធុរកិច្ច​ចំនួន៥០០​ក្នុង​ប្រទេស​វៀតណាម​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​ ហើយ​បានចុះបញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុនទាំង​នៅក្នុង​ទីផ្សារ​ភាគហ៊ុន​ក្រុង​ហូជីមិញ និង​ទីក្រុងហាណូយ​ក្នុងរយៈ​ពេល៤ឆ្នាំ​ចុងក្រោយ​នេះ។ ក្រុមអ្នក​វិភាគនៃ​ក្រុមហ៊ុន​ដដែលនេះ​ បាន​និយាយ​ថា វដ្ត​នៃ​ការបំលែង​សាច់ប្រាក់​របស់​ក្រុមហ៊ុន​ទាំងនោះ​មានការ​កើន​ឡើង​ មានន័យ​ថា​ក្រុមហ៊ុន​ទាំងនោះ​ត្រូវរង់ចាំ​កាន់តែ​យូរទៀត​គិតចាប់​ពីពេល​ចាប់ផ្តើម​អាជីវកម្ម​ដំបូង​ ពេល​ដែលគេ​ផ្តើម​វិនិយោគ​ រហូត​ដល់ពេល​ដែលការ​វិនិយោគ​របស់​ក្រុមហ៊ុន​ទាំងនោះ​ផ្តើម​មាន​ប្រាក់​ចំណូល​មកវិញ។

លោក​ Mohammad Mudasser ជាអ្នក​ដឹកនាំ​ការ​គ្រប់គ្រង​ដើមទុន​នៃក្រុមហ៊ុនPWC របស់​ប្រទេស​វៀតណាម​បាន​និយាយ​ថា​៖ «យើងមើល​ឃើញថា​លំហូរ​សាច់ប្រាក់​បានបាត់​បង់អស់​ជា​ច្រើន​ដើម្បីសម្រេច​តាម​គោល​ដៅ​កំណត់​ខ្ពស់នៅ​ក្នុងប្រទេស​វៀតណាម​ ដែល​មិនអាច​ធ្វើឱ្យធុរ​កិច្ចមាន​ចីរភាព​យូរអង្វែង​បានឡើយ»។ លោក​បាន​បន្ថែម​ថា៖ ការគ្រប់គ្រង​ដើមទុន​គឺ​ជា​ការ​ទទួល​ខុសត្រូវ​ពី​គ្រប់​ជំនាញ​ទាំងអស់»។

គោលដៅ​ខ្ពស់​(Top line)គឺសំដៅ​លើប្រាក់​ចំណូល​ រីឯគោល​ដៅទាប​ (bottom line)សំដៅ​លើប្រាក់​ចំណេញ។

ការលះបង់​សាច់ប្រាក់​ក្នុងគោល​ដៅស្វែង​រកប្រាក់​ចំណូល​ ជាជំហាន​ដំបូងដែល​ក្រុមហ៊ុន​ហ៊ាន​វិនិយោគ​សាច់ប្រាក់​ដើម្បីទិញ​សន្និធិ​ដែលអាចលក់​យកចំណូល​មកវិញ។ យ៉ាងណា​មិញ​ វដ្តនែ​ការ​បំលែង​សាច់​ប្រាក់​រយៈពេល​វែង​បង្ហាញ​ថា​ បញ្ហា​កង្វះ​ខាត​សាច់ប្រាក់​តែងតែ​កើតមាន​ឡើង​អាស្រ័យ​លើ​ពេល​វេលារង់ចាំ​យូរអំឡុង​ពេលនៃ​ការចេញ​វិក្កយប័ត្រ​ទៅឱ្យ​អតិថិជន​និងការ​ទទួល​បាន​ការទូទាត់​ជាក់ស្តែង​ពី​អតិជិជន​មក​វិញ។

ក្រុមហ៊ុន​សវនកម្ម​ PwC ប្រចាំ​ប្រទេស​វៀតណាម​ ណែនាំ​ក្រុមហ៊ុន​ទាំងឡាយ​នៅក្នុង​ប្រទេស​វៀតណាម​ឱ្យ​ដោះស្រាយ​បញ្ហា​គ្មាន​ប្រសិទ្ធភាព​ទាំងនោះ​ ដើម្បី​បន្ត​សក្តានុពល​ភាព​នៅក្នុងសេដ្ឋកិច្ច​ដែលមាន​សន្ទុះកំណើន​ស្រាប់​ ព្រោះថាវា​មិនមាន​វដ្តអាជីវកម្ម​ណាដែល​ល្អឥត​ខ្ចោះនោះ​ទេ។

ប្រទេស​វៀតណាម​ ធ្លាប់មាន​វដ្តនៃ​ការបំលែង​សាច់ប្រាក់​ខ្ពស់​បំផុតមួយ​នៅអាស៊ី​គឺ​រហូត​ដល់​ចំនួន៦៧​ថ្ងៃកាល​ពីឆ្នាំ​២០១៨ ដែល​បាន​កើនឡើង​២​ថ្ងៃបើ​ធៀប​នឹងឆ្នាំ​២០១៧។​នេះ​យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុនសវនកម្ម​ PwC ប្រចាំ​ប្រទេស​វៀតណាម។ នេះជា​ការប្រៀបធៀប​ចំនួនថ្ងៃ​ជាមធ្យម​ចំនួន៥៨​ថ្ងៃក្នុង​តំបន់​អាស៊ី ជាពិសេស​ចំនួន៦៤​ថ្ងៃ បើ​ធៀប​ជាមួយ​ប្រទេសថៃ​ និង ៥៤ថ្ងៃជា​មួយ​ប្រទេស​ម៉ាឡេស៊ី។ នេះបញ្ជាក់​ឱ្យ​ឃើញថា​ប្រទេស​ទាំងឡាយ​នៅតំបន់​ អាស៊ីអាគ្នេយ៍​អាចបង្វែរ​ការវិនិយោគ​របស់​ពួកគេ​ទៅជាសាច់​ប្រាក់​បាន​រហ័សជាង​ប្រទេស​វៀតណាម។

ហេតុផល​មួយដែល​ក្រុមហ៊ុន​ទាំងនោះ​មិនចង់មាន​វដ្តបំលែង​យូរ​ ដោយសារ​វាអាច​ធ្វើឱ្យ​ពួកគេរង​គ្រោះ​ជំពាក់​បំណុល​កាន់​តែខ្លាំង។ ក្រុមហ៊ុន​មួយចំនួន​ត្រូវ​ខ្ចី​បំណុល​យក​មក​ទប់ទល់នឹង​ចំណាយ​ជាច្រើន​ អំឡុង​ពេល​ដែលពួក​គេ​រង់ចាំ​ការទូទាត់ប្រាក់​ពី​អ​តិថិជន​វិញ​ដែល​មាន​រយៈពេល​យូរ។

ក្រុមហ៊ុន​សវនកម្ម​ PwC ប្រចាំ​ប្រទេស​វៀតណាម​ដែលជា​ក្រុមហ៊ុន​ផ្តល់​ការប្រឹក្សា​ផ្នែក​សេវាកម្ម​ពន្ធដារ​និងគណនេយ្យ​បាន​ប្រកាស​នៅក្នុង​សន្និសីទ​កាសែត​មួយថា​ ក្រុមហ៊ុនដែល​មាន​ការរីកចម្រើន​ខ្លាំង​ ក៏​មានការ​កើនឡើង​នូវបំណុល​ខ្ពស់​រយៈពេល​ខ្លី​ដែរ​ ដែល​បង្ហាញ​ពីហានិភ័យ​ដល់​ការ​រីកចម្រើន​ប្រកបដោយ​ចីរភាព​របស់​ក្រុមហ៊ុន​ទាំងនេះ​ផងដែរ។

សេដ្ឋវិទូ​មួយចំនួន​លើកឡើង​ថា​ ទីផ្សារ​ទើបកើត​ឡើងដូចជា​ប្រទេស​វៀតណាម​អាចរង​ផល​ប៉ះពាល់​ ប្រសិន​បើធនាគារ​កណ្តាល​របស់សហរដ្ឋ​អាមេរិច​ដំឡើង​ការប្រាក់​នៅឆ្នាំបន្ទាប់​ ដែលអាច​បណ្តាល​ឱ្យ​ក្រុមហ៊ុន​ទាំងនោះ​ បង្កើន​ថ្លៃដើម​ហើយ​ប្រឈមមុខ​នឹងបំណុល​កាន់តែខ្លាំង​ឡើង។ ការណ៍​នេះ​អាច​ប៉ះពាល់​ដល់សក្តា​នុពលសេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ទាំងនេះ។ ធនាគារ​អភិវឌ្ឍ​អាស៊ី​ប៉ាន់ស្មាន​ថា​ផលិតផល​ក្នុង​ស្រុក​សរុប​របស់ប្រទេស​វៀតណាម​កើនឡើង​ ចំនួន​ ៦,៩​ភាគរយ​ ក្នុងឆ្នាំ​២០១៩​ និងកើន៦,៨ភាគរយ​ ក្នុង​ឆ្នាំ២០២០។

ក្រុមហ៊ុន​សវនកម្ម​ PwC ប្រចាំ​ប្រទេស​វៀតណាម​បានវិភាគ​លើសន្និធិ​ ការចំណាយ​នានា​ និងវិក្កយប័ត្រ​មិន​ទាន់ទូទាត់​របស់ក្រុមហ៊ុន​ចុះបញ្ជី​ចំនួន​៥០០ ហើយ​ជា​លទ្ធផល​បង្ហាញថា​ ដើមទុន​ប្រមាណ​២៤ពាន់លាន​ដុល្លារ​ ត្រូវបាន​ជាប់គាំង​នៅ​ក្នុង​ដើម​ទុនប្រតិបត្តិ​ការ​សុទ្ធ។

ទោះជា​យ៉ាងណា​ក៏ដោយ​ គេរំពឹង​ទុកថាមាន​តែមួយ​ចំណែក​តូចនៃ​ដើមទុន​ទាំងមូល​ប៉ុណ្ណោះ​ដែល​អាច​បញ្ចេញ​ គឺប្រមាណ​១១ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​ ពីព្រោះ​ដើមទុន​មួយ​ចំនួន​ត្រូវរក្សា​ទុកក្នុង​វដ្ត​ធុរកិច្ច។ ក្រុមអ្នក​វិភាគ​ យល់​ឃើញថា​ សន្និធិ​ និង​វិក្កយប័ត្រ​មិនទាន់​ទូទាត់ ដែលគេហៅ​ថាគណនី​ត្រូវ​ទទួល​បាន​គឺ​ជាចំណុច​ល្អបំផុត​ដើម្បីបង្កើន​ប្រសិទ្ធិភាព។​ នេះបង្ហាញ​ថាក្រុម​ហ៊ុនទាំង​នោះ​មាន​សន្និធិ​នៅសល់​ច្រើនពេក​ ឬក៏រង់ចាំ​អតិថិជន​ទូទាត់សង​ មកវិញ​យូរ​ពេក៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី​

XS
SM
MD
LG