មន្ត្រីសុខាភិបាលសហរដ្ឋអាមេរិកជាន់ខ្ពស់២រូបសម្តែងការមន្ទិលសង្ស័យអំពីការអះអាងរបស់លោក Vladimir Putin ប្រធានាធិបតីនៃប្រទេសរុស្ស៊ីដែលថា ពួកអ្នកវិទ្យាសាស្ត្ររុស្ស៊ីបានបង្កើតថ្នាំវ៉ាក់សាំងមានសុវត្ថិភាពនិងប្រសិទ្ធភាពមុនដំបូងគេនៅក្នុងពិភពលោក។
លោកវេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញជំងឺឆ្លង បាននិយាយថា៖ «ខ្ញុំមន្ទិលសង្ស័យយ៉ាងខ្លាំងថា ពួកគេមានថ្នាំនោះប្រាកដមែនឬ»។ ក៏ប៉ុន្តែ លោកបាននិយាយបន្ថែមទៀតថា លោកសង្ឃឹមថា រដ្ឋាភិបាលក្រុងម៉ូស្គូពិតជាបានរកឃើញថា ថ្នាំវ៉ាក់សាំងនោះមានសុវត្ថិភាពនិងប្រសិទ្ធភាពមែន»។
លោកវេជ្ជបណ្ឌិត Fauci បាននិយាយថា មន្ទីរពិសោធន៍សហរដ្ឋអាមេរិកមួយចំនួនកំពុងធ្វើការលើថ្នាំវ៉ាក់សាំងនោះ ហើយប្រសិនបើពួកគេចង់អាចបញ្ចេញថ្នាំវ៉ាក់សាំងនោះនៅពេលណាក៏បាន។
លោកវេជ្ជបណ្ឌិត Fauci បាននិយាយក្នុងកំណត់សម្គាល់ដែលត្រូវផ្សាយនៅថ្ងៃព្រហស្បតិ៍ដោយបណ្តាញទូរទស្សន៍ National Geographic ថា៖ «ប្រសិនបើយើងចង់ប្រថុយប្រថានដែលមានគ្រោះថ្នាក់ដល់មនុស្សច្រើនបំផុត ឬផ្តល់ថ្នាំវ៉ាក់សាំងដែលមិនមានប្រសិទ្ធភាពដល់ពួកគេ យើងអាចចាប់ផ្តើមធ្វើដូច្នេះនៅសប្តាហ៍ក្រោយ ប្រសិនបើយើងចង់ធ្វើដូច្នេះ។ ក៏ប៉ុន្តែនេះមិនមែនជាវិធីធ្វើថ្នាំទេ»។
លោកវេជ្ជបណ្ឌិត Fauci មានប្រសាសន៍ថា លោកសង្ឃឹមថា នឹងមានថ្នាំវ៉ាក់សាំងចាក់ការពារជំងឺកូវីដ១៩រាប់លានដូសនៅក្នុងសហរដ្ឋអាមេរិកនៅដើមឆ្នាំ២០២១ ក៏ប៉ុន្តែបានព្រមានថា មិនមានការធានាពីប្រសិទ្ធភាពយូរអង្វែងរបស់ថ្នាំវ៉ាក់សាំងនោះទេ។
ស្របពេលជាមួយគ្នានោះដែរ លោក Alex Azar រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងសេវាកម្មមនុស្សរបស់សហរដ្ឋអាមេរិក បាននិយាយក្នុងអំឡុងនៃដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់កាលពីថ្ងៃពុធថា ការអភិវឌ្ឍថ្នាំវ៉ាក់សាំងចាក់ការពារជំងឺកូវីដ១៩ «មិនមែនជាការប្រកួតប្រជែងដើម្បីបានចេញមុនគេនោះទេ»៕