ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ការពារ​សិទ្ធិមនុស្ស​និយាយ​ថា​ រលក​នៃ​ការ​គាបសង្កត់​របស់​វៀតណាម​គំរាមកំហែង​គោលដៅ​ដោះស្រាយ​បញ្ហា​អាកាសធាតុ


ប្រធានាធិបតី​វៀតណាម​លោក Nguyen Xuan Phuc (ស្តាំ) ចាប់​ដៃ​ជាមួយ​​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres ក្នុង​អំឡុង​ជំនួប​នៅ​វិមាន​ប្រធានាធិបតី​នៅ​ទី​ក្រុង​ហាណូយ កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០២២។
ប្រធានាធិបតី​វៀតណាម​លោក Nguyen Xuan Phuc (ស្តាំ) ចាប់​ដៃ​ជាមួយ​​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres ក្នុង​អំឡុង​ជំនួប​នៅ​វិមាន​ប្រធានាធិបតី​នៅ​ទី​ក្រុង​ហាណូយ កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០២២។

«រលក​ថ្មី​នៃ​ការ​គាបសង្កត់‍»​នៅ​ក្នុង​ប្រទេស​វៀតណាម កំពុងតែ​រារាំង​ដល់​ការ​ជឿនលឿន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ នេះ​ជា​សម្តី​របស់​ក្រុម​ការពារ​សិទ្ធិមនុស្ស​ទៅ​កាន់​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ Antonio Guterres នៅ​ថ្ងៃ​សុក្រ​នេះ ខណៈ​ដែល​លោក​បាន​ចាប់ផ្តើម​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ហាណូយ នៃ​ប្រទេស​វៀតណាម។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

វៀតណាម​ដែល​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ធ្យូងថ្ម​នោះ បាន​តាំងចិត្ត​ថា​នឹង​ធ្វើឱ្យ​លែង​មាន​ឧស្ម័ន​កាបូន​នៅឆ្នាំ២០៥០។

ក៏ប៉ុន្តែ​របប​ផ្តាច់ការ​វៀតណាម ក៏​បាន​ដាក់​ទោស​អ្នកការពារ​បរិស្ថាន​៤នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ផងដែរ​នៅ​ឆ្នាំនេះ ដោយ​បាន​កាត់ទោស​ពួកគេ​ក្នុង​បទចោទ​ប្រឌិត​ឡើង ថា​បាន​គេចវេះ​មិន​បង់ពន្ធ។ នេះ​បើ​តាមសម្តី​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​មួយ​ក្រុម​នៅ​ក្នុង​លិខិត​ចំហ​មួយ​ច្បាប់​ទៅ​កាន់​លោក​អគ្គលេខាធិការ Guterres។

លិខិត​ដែល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ចំនួន​១៥​បាន​ចុះហត្ថលេខា ដែល​ក្នុងនោះ​មាន​រួមទាំង​អង្គការ Amnesty International និង​អង្គការ ​Human Rights Watch ផង​ដែរ បាន​សរសេរ​ថា៖ «អ្នក​ទោស​នយោបាយ​ទាំងនេះ​ជា​ជនរងគ្រោះ​នៃ​រលកថ្មី​នៃ​ការ​គាបសង្កត់​ក្នុង​ប្រទេស​វៀតណាម តាមរយៈ​ការ​គួបផ្សំ​ការ​គំរាមកំហែង និង ការ​ធ្វើទុក្ខ​បុកម្នេញ​តាម​ប្រព័ន្ធ​តុលាការ ដែល​កំពុងតែ​គំរាមកំហែង​ដល់​ការ​ជឿនលឿន​ក្នុង​ការ​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ»។

លោក Guterres ដែល​កំពុង​ស្ថិត​នៅ​ក្នុង​រដ្ឋធានី​ហាណូយ ដើម្បី​កត់សម្គាល់​ខួប​ឆ្នាំទី​៤៥​នៃ​ការ​ចូលជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ​របស់​ប្រទេស​វៀតណាម​នោះ បាន​ព្រមាន​កាលពី​ខែកក្កដា​ថា មនុស្សលោក​កំពុង​ប្រឈម​នឹង «ការ​ធ្វើ​អត្តឃាត​រួម‍» នៅ​ក្នុង​វិបត្តិ​អាកាសធាតុ​។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ទាំង១៥​នេះ បាន​អំពាវនាវ​ឱ្យ​ប្រទេស​វៀតណាម បញ្ជាក់​ច្បាស់លាស់​នូវ​ការ​តម្រូវ​បង់ពន្ធ​របស់​បណ្តា​អង្គការ​ក្រៅ​រដ្ឋាភិបាល ដោយ​ព្រមាន​ថា​ ច្បាប់​បច្ចុប្បន្ន​នេះ «បើក​ចំហ​ឱ្យ​មាន​ការវាយប្រហារ​ដែល​ជម្រុញ​ឡើង​ដោយ​រឿង​នយោបាយ លើ​បណ្តា​អង្គការ​សង្គម​ស៊ីវិល‍»។

លោក Guterres នឹង​ជួប​ជាមួយ​ប្រធានាធិបតី​វៀតណាម​លោក Nguyen Xuan Phuc មុននឹង​ចូលរួម​ក្នុង​ពិធី​មួយ ​ដើម្បី​រំលឹក​ខួបទី៤៥​នៃ​ការចូល​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ​របស់​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​សុក្រ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG