ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​កាត់​ទោស​អ្នក​កាសែត​ប្រឆាំង​ឱ្យ​ជាប់​ពន្ធនាគារ​៩​ឆ្នាំ​


​លោកស្រី ​Pham Doan Trang
​លោកស្រី ​Pham Doan Trang

មេធាវី​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយ​ថា​ តុលាការ​វៀតណាម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​តម្កល់​សាលក្រម​កាត់​ទោស​ជាប់​ពន្ធនាគារ​រយៈ​ពេល​ប្រាំបួន​ឆ្នាំ​សម្រាប់​អ្នក​កាសែត​ប្រឆាំង​ដ៏​លេច​ធ្លោ​ម្នាក់​ដែល​ត្រូវ​បាន​ផ្តន្ទាទោស​ពីបទ​ប្រឆាំង​រដ្ឋ។ ​នេះ​បើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters។​

តុលាការ​ប្រជាជន​ដែល​ជា​តុលាការ​កំពូល​នៅ​ទីក្រុង​ហាណូយ​បាន​ច្រាន​ចោល​ការ​ប្តឹង​ឧទ្ធរណ៍​របស់​លោកស្រី ​Pham Doan Trang ​អាយុ ​៤៤​ ឆ្នាំ​នៅ​ឯ​ការ​កាត់​ក្តី​ដែល​មាន​សន្តិសុខ​យ៉ាង​តឹងរ៉ឹង​នៅ​ក្នុង​រដ្ឋធានី​ហាណូយ។​ លោកស្រី ​Trang ​ដែល​បាន​ចុះ​ផ្សាយ​យ៉ាង​ច្រើន​អំពី​បញ្ហា​សិទ្ធិ​មនុស្ស ​និង​ការ​ចោទ​ប្រកាន់​អំពី​អំពើ​ឃោរឃៅ​របស់​ប៉ូលិស​ក្នុង​ប្រទេស​វៀតណាម ​ត្រូវ​បាន​កាត់ទោស​កាលពី​ខែ​ធ្នូ​ពី​បទ​ធ្វើ​ការ​ឃោសនា​ប្រឆាំង​រដ្ឋ។​

លោក​ Dang Dinh Manh ​មេធាវី​របស់​លោកស្រី​ Trang​ បាន​និយាយ​ថា៖ ​«លោកស្រី​បាន​ប្រកែក​ថា ​ការ​កាត់ក្តី​ដំបូង​ក្នុង​ខែ​ធ្នូ​មិន​បាន​អនុវត្ត​តាម​នីតិវិធី​ក្នុង​ស្រុក​ និង​សន្ធិ​សញ្ញា​អន្តរជាតិ​ទេ… ប៉ុន្តែ​តុលាការ​បាន​ទទូច​ថា​ បណ្តឹង​ឧទ្ធរណ៍​របស់​លោកស្រី​មិន​មាន​មូលដ្ឋាន​អាច​ទទួល​យក​បាន​ទេ»។​

ទោះបី​ជា​មាន​ការ​កែ​ទម្រង់​សេដ្ឋកិច្ច​យ៉ាង​ទូលំ​ទូលាយ ​និង​មាន​ការ​បើក​ចំហ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​សង្គម​ក៏ដោយ​ ក៏​បក្ស​កុម្មុយនិស្ត​ដែល​កាន់​អំណាច​នៅ​ប្រទេស​វៀតណាម​រក្សា​ការ​ត្រួត​ពិនិត្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​យ៉ាង​តឹងរ៉ឹង​ និង​មាន​ការ​អត់ធ្មត់​តិច​តួច​ចំពោះ​ការ​រិះគន់។​

លោក ​Manh ​បាន​និយាយ​ថា ​សមាជិក​គ្រួសារ​របស់​លោកស្រី​ Trang​ និង​អ្នក​ការទូត​ នៅ​ទីក្រុង​ហាណូយ​ ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ចូល​រួម​សវនាការ​បណ្តឹង​ឧទ្ធរណ៍​របស់​លោកស្រី​ទេ។​ សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ហៅ​ការ​ចោទ​ប្រកាន់​កាត់ទោស​លោកស្រី​ Trang ​នេះ​ថា​ «មិន​មាន​ភាព​ច្បាស់លាស់»។​ សហភាព​អឺរ៉ុប​បន្ថែម​ថា​ ការ​ចាប់​ខ្លួន ​និង​ការ​ផ្តន្ទាទោស​សកម្មជន​អហិង្សា​ និង​អ្នក​កាសែត​គឺ​ផ្ទុយ​នឹង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ។​

លោក ​Nabila Massrali ​អ្នក​នាំពាក្យ​គណៈ​កម្មការ​កិច្ចការ​បរទេស​សហភាព​អឺរ៉ុប​បាន​និយាយ​ថា៖​ «សហភាព​អឺរ៉ុប​បន្ត​អំពាវនាវ​ឱ្យ​អាជ្ញាធរ​វៀតណាម​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំងអស់​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត»។ ​

កាលពី​ខែ​មីនា ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ លោក​ Antony Blinken ​ បាន​ប្រកាស​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ថា ​លោកស្រី ​Trang​ ជា​ជ័យលាភី​រង្វាន់​ស្ត្រី​អន្តរជាតិ​ក្លាហាន ​នៅក្នុង​ពិធី​មួយ​ដែល​ចូលរួម​ដោយ​ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​គឺ​លោកស្រី​ Jill Biden។ ​វៀតណាម​បាន​ជំទាស់​នឹង​ការ​ផ្តល់​រង្វាន់​នេះ។​

បន្ទាប់ពី​សេចក្តី​សម្រេច​កាត់ទោស​នោះ​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក​ Ned Price​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ជា​លាយ​លក្ខណ៍​អក្សរ​ថា៖​ «សហ​រដ្ឋ​អាមេរិក​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈ​ពេល​ប្រាំបួន​ឆ្នាំ​ប្រឆាំង​អ្នក​និពន្ធ ​និង​អ្នក​កាសែត​វៀតណាម​ដ៏​ល្បី​ឈ្មោះ ​គឺ​លោកស្រី ​Pham Doan Trang។​

យើង​កត់​សម្គាល់​របាយការណ៍​អំពី​ការ​ធ្លាក់​ចុះ​ផ្នែក​សុខភាព​របស់​លោកស្រី​ Trang ​និង​ជំរុញ​ឱ្យ​វៀតណាម​ធានា​ឱ្យ​មាន​ការ​ថែទាំ​ផ្នែក​វេជ្ជសាស្រ្ត​គ្រប់គ្រាន់ ​និង​អនុញ្ញាត​ឱ្យ​លោកស្រី ​Trang​ ទទួល​បាន​ការ​ថែទាំ​សុខភាព»។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​ឱ្យ​ដឹង​ថា ​តុលាការ​កាលពី​ថ្ងៃ​អង្គារ​បាន​និយាយ​ថា ​លោកស្រី​ Trang​ មិន​មែន​គ្មាន​កំហុស​នោះ​ទេ ​ទោះបី​ជា​លោកស្រី​បាន​ប្រកែក​ថា​ មិន​មាន​កំហុស​ក៏​ដោយ។​ ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​វៀតណាមបាន​រាយ​ការណ៍​ថា៖ ​«គណៈ​វិនិច្ឆ័យ​បាន​ចាត់ទុក​ថា​ សកម្មភាព​របស់​លោកស្រី​ Pham Doan Trang​ គឺ​មាន​គ្រោះ​ថ្នាក់​សម្រាប់​សង្គម»។ ​

កាលពី​ដើម​ខែ​នេះ ​តុលាការ​ក៏​បាន​តម្កល់​សាលក្រម​កាត់​ទោស​ជាប់​ពន្ធនាគារ​រយៈពេល​យូរ​ប្រឆាំង​នឹង​សកម្មជន​យ៉ាង​ហោច​ណាស់​បី​នាក់​ផ្សេង​ទៀត៕

XS
SM
MD
LG