ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុ​រដ្ឋមន្ត្រី​ការបរទេស​វៀតណាម​ត្រូវ​​ចាប់ខ្លួន​​រឿង​ពុករលួយ​ជុំវិញ​​ជើង​ហោះហើរ​អំឡុង​​វិបត្តិ​ជំងឺកូវីដ១៩


អនុរដ្ឋមន្ត្រី​ការបរទេស លោក To Anh Dung (រូប​ធំ) ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០២២ ចំពោះ​ការ​ទទួល​សំណូក។
អនុរដ្ឋមន្ត្រី​ការបរទេស លោក To Anh Dung (រូប​ធំ) ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០២២ ចំពោះ​ការ​ទទួល​សំណូក។

ប៉ូលិស​វៀតណាម​បាន​ចាប់​ខ្លួន​អនុរដ្ឋមន្ត្រី​ការបរទេសរបស់​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ពី​បទចោទប្រកាន់​ថា បាន​ទទួល​សំណូក​ដែល​ទាក់ទិន​នឹង​កម្មវិធី​ជើងហោះហើរ​ដឹក​មនុស្ស​ចូល​ក្នុង​ប្រទេស​ក្នុង​អំឡុង​ពេលនៃ​ការរាតត្បាត​ជំងឺ​កូវីដ១៩។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ក្រុម​មន្ត្រីវៀតណាម​ ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​សារ​ព័ត៌មាន AFP។

ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ប្រទេស​កុម្មុយនីស្ត​មួយ​នេះ បាន​បង្កើន​យុទ្ធនាការ​ប្រឆាំង​នឹង​អំពើ​ពុក រលួយ ដោយសំដៅលើ​ពួក​មន្ត្រី​រដ្ឋាភិបាល​និង​ក្រុម​ពាណិជ្ជករ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​និយាយ​ថា លោក To Anh Dung និង​មន្ត្រី២នាក់​ទៀត​បាន​ត្រូវ​ចាប់​ខ្លួន​ ដែល​ជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​រឿង​អាស្រូវ​ពុករលួយ​ដែល​ជាប់​ទាក់ទិន​នឹង​ជើង​ហោះហើរ​ដឹក​ជនជាតិ​វៀតណាម​ចូល​ប្រទេស​វិញចាប់តាំង​ពីឆ្នាំ២០២០​មក។

ប៉ូលិស​បានចូល​ឆែកឆេរ​លំនៅដ្ឋាន​និង​កន្លែង​ធ្វើការ​របស់​ជន​ទាំង៣នាក់​នោះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។

គេនៅ​មិនទាន់​ឃើញមាន​សេចក្តី​លម្អិត​ស្តីពី​ករណី​នេះ ត្រូវ​បាន​ផ្សព្វផ្សាយនោះ​ទេ។

លោក​ Dung អាយុ​៥៨ឆ្នាំ បាន​ត្រូវ​តែងតាំង​ជា​អនុ​រដ្ឋមន្ត្រី​ការបរទេស​វៀតណាម​នៅ​ឆ្នាំ ២០១៩ បន្ទាប់ពី​បាន​កាន់កាប់​តួនាទី​នានា​នៅ​ក្រសួង​ការបរទេស​ចាប់តាំង​ពី​ឆ្នាំ១៩៩១​មក។​

បន្ទាប់ពី​ការបិទ​ព្រំដែន​របស់​ខ្លួន​ដើម្បី​ទប់ទល់​ការរាលដាល​នៃ​ជំងឺ​កូវីដ១៩​មក វៀតណាម ​បាន​រៀបចំ​ជើង​ហោះហើរ​ពាណិជ្ជកម្ម​ជិត​៨០០ជើង​ដើម្បី​ដឹក​ពលរដ្ឋ​របស់​ខ្លួន​មក​កាន់​មាតុភូមិ​វិញ​មកពី​ប្រទេសនិង​ដែនដី​ចំនួន៦០។ នេះ​បើ​តាមការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស​វៀតណាម។

របាយការណ៍​នោះ​បាន​បញ្ជាក់​ថា ពួក​អ្នក​ធ្វើ​ដំណើរ​បាន​ប្រឈម​នីតិវិធី​ដ៏​ស្មុគ្រស្មាញ ដោយ​ការបង់ប្រាក់​ថ្លៃ​យន្តហោះ​ហួស​ប្រមាណ ​និង​បង់​ថ្លៃ​ធ្វើ​ចត្តាឡីស័ក​ដើម្បី​បាន​ទៅ​ផ្ទះ។

ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស៥នាក់​ទៀត​ដែល​បាន​ជាប់​ទាក់ទិន​នឹង​ករណី​នេះ​ចាប់តាំង​ពី​ខែ​មករា​មក។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម ​លោក​ស្រី Le Thi Thu Hang បាន​និយាយ​កាល​ពី​ពេល​មុន​ថា អ្នក​ដែល​បាន​ទាក់ទិន​នៅ​សកម្មភាព​ខុស​ច្បាប់ នឹង​ត្រូវ​«ទទួល​ទោស»ដ៏​ធ្ងន់ធ្ងរ​នៅ​ក្រោម​ច្បាប់។

វៀតណាម​បាន​បិទ​ព្រំដែន​របស់​ខ្លួន​ដល់​ពិភពលោក​អស់​រយៈពេល​ជិត២ឆ្នាំ មុន​ពេល​បើក​ប្រទេស​ឡើង​វិញ​នៅ​ពាក់​កណ្តាល​ខែ​មីនា​កន្លង​ទៅ។

វៀតណាម​បាន​ផ្លាស់ប្តូរ​គោលនយោបាយ​ពីការធ្វើ​ឲ្យ​គ្មាន​ជំងឺកូវីដ​ទៅ​ជាការ​រស់នៅ​ជាមួយ​ជំងឺ​កូវីដ​វិញ​នៅពេល​ដែល​អត្រា​ចាក់​វ៉ាក់សាំង​បាន​កើនឡើង៕

XS
SM
MD
LG