ក្រសួងការបរទេសរបស់វៀតណាមបានបង្ហាញការ«សោកស្តាយ»ចំពោះការលើកឡើងរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong នៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខទ្វីបអាស៊ីនិងនៅក្នុងទំព័រហ្វេសប៊ុករបស់លោកកាលពីសប្តាហ៍មុន ដែលថា ការអន្តរាគមន៍យោធារបស់កងទ័ពវៀតណាមនៅឆ្នាំ១៩៧៩ជា«ការឈ្លានពានរបស់វៀតណាម»ទៅលើកម្ពុជា។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម អ្នកស្រី Le Thi Thu Hang បានឆ្លើយតបជាសាធាណៈនៅថ្ងៃទី៤ខែមិថុនាថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីសឹង្ហបុរី«មិនបង្ហាញពីការណ៍ពិតនៃប្រវត្តិសាស្រ្តដែលនាំឲ្យមានការប៉ះពាល់អវិជ្ជមានលើការយល់ឃើញរបស់សាធារណជន»។
តាមរយៈ គេហទំព័រក្រសួរការបរទេសវៀតណាម អ្នកស្រីបានលើកឡើងថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានចេញសាលក្រមលើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលប្រព្រឹត្តដោយខ្មែរក្រហមកាលពីខែវិច្ឆិកាឆ្នាំមុន។
«សាលក្រមនេះគឺជាភ័ស្តុតាងជាក់ស្តែងចំពោះការណ៍ពិតជាប្រវត្តិសាស្ត្រ ហើយវាផ្តល់យុត្តិធម៌ និងប៉ះប៉ូវការខូចខាតដល់ជនរងគ្រោះដែលសាលក្រមនេះត្រូវបានស្វាគមន៍ដោយអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ»។
ការឆ្លើយតបនេះបានកើតឡើងបន្ទាប់ពីប្រតិកម្មមន្ត្រីកម្ពុជា ដែលតែងចាត់ទុកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះថាជាការជួយរំដោះកម្ពុជាពីរបបខ្មែរក្រហម។ ភាគីវៀតណាមមានប្រតិកម្មចំពោះការលើកឡើងរបស់លោក Lee Hsien Loong នាយករដ្ឋមន្ត្រីប្រទេសសឹង្ហបុរី ដែលបានហៅវត្តមានកងទ័ពវៀតណាមនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ១៩៧៩នោះថា ជា«ការឈ្លានពានរបស់វៀតណាម»នៅខណៈលោកថ្លែងសុន្ទរកថាបើកវេទិកា Shangri-La Dialogue នៅក្នុងប្រទេសសឹង្ហបុរី។
អ្នកប្រវត្តិសាស្រ្តកម្ពុជាយល់ថា ការជជែកដេញដោល ដែលកើតមានក្រោយការថ្លែងរបស់នាយករដ្ឋមន្ត្រីរូបនេះ ឆ្លុះបញ្ចាំងថា ការសិក្សាប្រវត្តិសាស្រ្តនៅក្នុងតំបន់អាស៊ានមិនមានការយល់ព្រមជារួមនោះទេ។
លោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានឲ្យដឹងថា ដរាបណាអាស៊ានមិនទាន់ធ្វើសមាហរណកម្មប្រវត្តិសាស្រ្ត ហើយបន្តងាកចេញពីបញ្ហាសិទ្ធិមនុស្ស នោះអាស៊ានទាំងអស់នឹងបន្តប្រឈមនឹងបញ្ហានេះ។
«ដូចនេះ បើសិនជាការចងចាំនេះមិនស៊ីចង្វាក់ ហើយវាមានការបន្ទរសំឡេងនយោបាយ ខ្ញុំគិតថា វាអាចមានការរង្គៀសចិត្តក្នុងការបង្រួបបង្រួមប្រទេសជាសមាជិកអាស៊ាន។ ខ្ញុំគិតថា ជាការចាំបាច់ដែរក្នុងការឲ្យសហគមន៍អាស៊ានផ្នែកសិទ្ធិមនុស្សគួរតែមានជាកម្មវិធីក្តី ជាកាតព្វកិច្ចក្តី ដែលអប់រំពីបញ្ហានេះ»។
លោកបានបន្ថែមយ៉ាងដូច្នេះថា៖
«អ្វីដែលជាការជជែកគ្នាថា តើជាការរំដោះ ឬជាការឈ្លានពានហ្នឹង ខ្ញុំគិតថា គួរតែលើកយកមកបង្រៀន និងពិភាក្សាតាមលក្ខណៈវិទ្យាសាស្រ្តនៅក្នុងសាលារៀន»។
លោកមានប្រសាសន៍បន្តទៀតថា លោកពុំមានការភ្ញាក់ផ្អើលចំពោះការលើកឡើងនេះទេ ព្រោះលោកយល់ថា ប្រទេសសឹង្ហបុរីមិនសូវផ្តោតការយកចិត្តទុកដាក់លើការអប់រំប្រជាពលរដ្ឋអំពីចំណេះដឹងប្រវត្តិសាស្រ្តនិងបញ្ហាសង្គមសាស្ត្រ ជាអទិភាពទេ តែសឹង្ហបុរីជាប្រទេសដែលផ្តល់អាទិភាពលើវិស័យសេដ្ឋកិច្ច និងជំនួញជាធំ។
សាស្រ្តាចារ្យប្រវត្តិសាស្រ្តកម្ពុជា និងប្រវត្តិសាស្រ្តអន្តរជាតិ លោកសំបូរ ម៉ាណារ៉ាមានប្រសាសន៍ថា ការបកស្រាយអំពីប្រវត្តិសាស្ត្រក្នុងអំឡុងឆ្នាំ១៩៧៩ ថាជា«ការឈ្លានពាន»ឬជា«ការរំដោះ»ក្រោយប្រទេសកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍មានតាំងពីយូរណាស់មកហើយ។
«បុន្តែសម្រាប់ថ្ងៃដែលយើងនិយាយពីការមកដល់នៃការកងទ័ពវៀតណាមនៅពេលនោះ ខ្ញុំយល់ថា គឺជាការចាំបាច់មួយដែលប្រទេសយើងត្រូវការបញ្ចប់ការសម្លាប់មនុស្ស ព្រោះយើងបានដឹងហើយថា ប្រទេសយើងមានវិបត្តិបែបនេះ»។
លោកថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីសឹង្ហបុរីជាទស្សនបុគ្គល និងមិនមែនជាតំណាងអាស៊ាននោះទេ ដូច្នេះវាគួរតែមិនប៉ះពាល់ដល់ទំនាក់ទំនងប្រទេសសមាជិកអាស៊ាន ឬតម្លៃអាស៊ាននោះទេ។
«បើទោះជាលោកជានាយករដ្ឋមន្ត្រីក៏ដោយ ជាទស្សនរបស់បុគ្គលម្នាក់មិនអាចធ្វើឲ្យមានការបាត់បងនូវតម្លៃដែលធ្វើឲ្យមានភាតរភាព ឬអធិបតេយ្យភាព ឬគំនិតឯករាជ្យនិយមរបស់ប្រទេសនិមួយៗក្នុងតម្លៃជាសមាជិករបស់អាស៊ាននោះទេ»។
ការថ្លែងរបស់នាយករដ្ឋមន្ត្រីសឹង្ហបុរីនេះនាំឲ្យមានប្រតិកម្មលើបណ្តាញសង្គម។នៅលើទំព័រហ្វេសប៊ុករបស់លោកមានការចុច«ខឹង»ចំនួន១៩០០០ដងលើការថ្លែង«ការឈ្លានពានរបស់វៀតណាម»។ ហើយការចុចប្រតិកម្មទៅនឹងការថ្លែងរបស់លោកទូទៅមាន២៦០០០ដង។
អ្នកប្រើប្រាស់បណ្តាញសង្គមជនជាតិវៀតណាមម្នាក់សរសេរថា៖ «ប្រទេសវៀតណាមនិងសឹង្ហបុរីមានមិត្តភាពដ៏ល្អមុនពេលលោកនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះ។ កាលពីអតីតកាល ទាហានស្ម័គ្រចិត្តពីវៀតណាមបានបូជាឈាមនិងឆ្អឹងរបស់ពួកគេក្នុងកំឡុងពេលនៃការរំលំរបបប្រល័យពូជសាសន៍ប៉ុលពត និងនាំសន្តិភាពមកកម្ពុជា»៕