មន្ត្រីជាន់ខ្ពស់កម្ពុជាបានប្រតិកម្មទៅនឹងលោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី ដែលបានហៅអន្តរាគមន៍របស់វៀតណាមនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ១៩៧៩ថា ជាការ«ឈ្លានពាន»។ លោក Lee Hsien Loong លើកឡើងដូច្នេះនៅមុន និងក្នុងអំឡុងកិច្ចប្រជុំកំពូលសន្តិសុខតំបន់អាស៊ីមួយកាលពីចុងសប្តាហ៍កន្លងទៅនេះ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន លោកហ៊ុន ម៉ានី កូនប្រុសពៅរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលជាតំណាងរាស្ត្រមួយរូបរបស់ខេត្តកំពង់ស្ពឺផងដែរនោះ បានប្រតិកម្មទៅនឹងសារតាមហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីសិង្ហបុរី ដែលបានផ្ញើសំបុត្រទៅកាន់រដ្ឋាភិបាលថៃដើម្បីចែករំលែកទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីថៃគឺឧត្តមសេនីយ៍ Prem Tinsulanonda។ នៅក្នុងសារនោះ លោកនាយករដ្ឋមន្ត្រីសិង្ហបុរីបានសង្កត់ធ្ងន់អំពីតួនាទីរបស់អតីតនាយករដ្ឋថៃរូបនោះក្នុងការការពារសន្តិសុខតំបន់អាស៊ីអាគ្នេយ៍នៅទសវត្សរ៍៨០និងសន្តិសុខរបស់សមាជិកអាស៊ានទាំង៥នៅពេលនោះ ដោយទប់ទល់ការវាតទីរបស់ប្រទេសកុម្មុយនិស្តវៀតណាម ដែលបាន«ឈ្លានពាន»ប្រទេសកម្ពុជាដែលស្ថិតក្នុងរបបខ្មែរក្រហម ហើយដែលការណ៍នេះបានរារាំងការទទួលស្គាល់រដ្ឋាភិបាលទីក្រុងភ្នំពេញថ្មីដែលកើតចេញពីអន្តរាគមន៍យោធារបស់វៀតណាមនៅពេលនោះ។
លោកតំណាងរាស្ត្រ ហ៊ុន ម៉ានី បានសរសេរសារតបតាមហ្វេសប៊ុកដោយភ្ជាប់រូបភាពសាររបស់លោក Lee Hsien Loong ដោយលោកបញ្ជាក់ថា លោកមាន«ការភ្ញាក់ផ្អើល»ចំពោះសាររបស់ប្រមុខរដ្ឋាភិបាលប្រទេសសិង្ហបុរី។ លោកហ៊ុន ម៉ានីបានបញ្ចេញមតិក្នុងនាមផ្ទាល់ខ្លួនថា ទោះបីលោកយល់ថា មតិរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីធ្វើឡើងក្នុងបរិបទភូមិសាស្ត្រនយោបាយអន្តរជាតិក្នុងទសវត្សរ៍១៩៧០និង១៩៨០ក្តី ក៏លោកយល់ថា គេមិនគួរមើលរំលងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការប្រល័យពូជសាសន៍ប្រព្រឹត្តដោយរបបខ្មែរក្រហមលើជនរងគ្រោះ«ជិត៣លាន»នាក់នោះទេ។
លោក ហ៊ុន ម៉ានី មិនបានបញ្ជាក់ឲ្យចំថា គួរប្រើពាក្យ«រំដោះ»ជំនួសពាក្យ«ឈ្លានពាន»នោះទេ ប៉ុន្តែលោកបានសរសេរជាភាសាអង់គ្លេសដោយប្រែជាភាសាខ្មែរក្នុងន័យដើមថា៖
«ខណៈដែលអ្នករាល់គ្នាកំពុងលេងល្បែងនយោបាយ ប្រជាជនកម្ពុជាបានបន់ស្រន់ថា ពួកយើងចង់ឲ្យគេមកសង្គ្រោះខ្លួនពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយវាមិនសំខាន់ទេថា ការសង្គ្រោះនោះចេញពីអ្នកណា ឬមានប្រភពពីទីណានោះ។ ការជួយ[សង្គ្រោះ]នោះក៏បានចេញជារូបរាងក្នុងទម្រង់ជាគណបក្សប្រជាជនកម្ពុជា ដោយមានជំនួយពីប្រទេសវៀតណាមដែលជាប្រទេសជិតខាង»។
ការបកស្រាយផ្ទុយគ្នាអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃអន្តរាគមន៍យោធារបស់វៀតណាមប្រឆាំងនឹងរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមនៅឆ្នាំ១៩៧៩តែងជាចំណុចខ្វែងគំនិត និងរសើបខាងនយោបាយកម្ពុជា និងតំបន់ ហើយកន្លងមកតែងមានការជំទាស់គ្នាជារឿយៗ។
នៅក្នុងសុន្ទរកថាបើកវេទិកា Shangri-La Dialogue ដែលជាកិច្ចប្រជុំកំពូលសន្តិសុខទ្វីបអាស៊ី នៅយប់ថ្ងៃសុក្រនោះដែរ លោក Lee Hsien Loong បានថ្លែងទៅកាន់គណៈប្រតិភូមកពីជុំវិញពិភពលោកដោយលើកយកព្រឹត្តិការណ៍នៃ«ការឈ្លានពានរបស់វៀតណាម»ក្នុងបរិបទប្រវត្តិសាស្ត្រនយោបាយតំបន់នៅពេលនោះមកបញ្ជាក់ជាថ្មីថា៖
«បន្ទាប់ពីសង្រ្គាមត្រជាក់បានបញ្ចប់ សហរដ្ឋអាមេរិកបានក្លាយជាប្រទេសមហាអំណាចតែមួយគត់។ អាស៊ីអាគ្នេយ៍បានចូលទៅក្នុងដំណាក់កាលថ្មីមួយ។ សង្រ្គាមឥណ្ឌូចិនបានបញ្ចប់ទៅ ហើយប្រទេសកុម្មុយនីស្តនានា[នៅឥណ្ឌូចិន]បានបើកចំហនយោបាយជាងមុន។ ប៉ុន្មានឆ្នាំមុននោះ ប្រទេសវៀតណាមបានឈ្លានពានកម្ពុជា ហើយក្លាយជាការគំរាមកំហែងយ៉ាងខ្លាំងដល់ប្រទេសជិតខាងខ្លួនដែលមិនមែនកុម្មុយនីស្ត។ ប៉ុន្តែឥឡូវនេះ វៀតណាមបានចូលជាសមាជិកអាស៊ាន ដោយរួមទាំង កម្ពុជា ឡាវ និងមីយ៉ាន់ម៉ាផងដែរ។ នេះជាករណីនៃការប្រែក្លាយសង្រ្គាមឲ្យទៅជាសន្តិភាព»។
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា ដែលទើបត្រឡប់មកពីកិច្ចប្រជុំ Shangri-La កាលពីយប់ថ្ងៃច័ន្ទ បានបញ្ជាក់ប្រាប់ VOA នៅរសៀលថ្ងៃអង្គារនេះថា ការលើកឡើងដោយប្រើពាក្យ«ការឈ្លានពានរបស់វៀតណាម»មិន«យុត្តិធម៌»ចំពោះកងទ័ពស្ម័គ្រចិត្តវៀតណាមក៏ដូចជាពលរដ្ឋកម្ពុជាដែលរងគ្រោះដោយរបបខ្មែរក្រហមនោះទេ។ លោកបានបញ្ជាក់ថា វាជាការស្នើសុំរបស់កម្ពុជាដើម្បីឲ្យភាគីវៀតណាមមកជួយ«រំដោះ»កម្ពុជាពីរបបប្រល័យពូជសាសន៍។
លោករដ្ឋមន្ត្រីការពារជាតិខ្មែររូបនេះបញ្ជាក់ថា នៅក្នុងអំឡុងកិច្ចប្រជុំ Shangri-La Dialogue នៅសិង្ហបុរីកាលពីចុងសប្តាហ៍នេះ លោកបានលើកចំណុចអាក់អន់ចិត្តបន្តិចបន្តួចរបស់ភាគីកម្ពុជានេះទៅជម្រាបជូនសមភាគីលោកគឺរដ្ឋមន្ត្រីការពារជាតិសិង្ហបុរី Ng Eng Hen រួចហើយ។
«យើងបញ្ជាក់ឲ្យគាត់ថា ពាក្យនោះគឺមិនត្រឹមត្រូវទេ។ ដូច្នេះគាត់ចង់កែតម្រូវរបៀបណា អានេះគឺជាសិទ្ធិរបស់គាត់ទេ។ យើងក៏មិនហ៊ានទៅផ្ទៀងផ្ទាត់ ឬក៏ទៅបញ្ជាគេថា អញ្ចុះអញ្ចេះនោះ យើងអត់មានទេ»។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងប្រាប់ VOA ថា ក្នុងនាមជាជនរងគ្រោះម្នាក់នៃរបបខ្មែរក្រហមម្នាក់ លោកយល់ស្របនឹងទស្សនៈថា ការជជែកអំពីបរិបទភូមិសាស្ត្រនយោបាយនៅពេលនោះមិនត្រូវមើលរំលងប្រជាជនកម្ពុជាជាច្រើនលាននាក់ដែលរងគ្រោះដោយរបបនោះ ហើយតាមទស្សនៈផ្ទាល់របស់លោក អន្តរាគមន៍របស់វៀតណាមជាការ«រំដោះ»។
ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះបានបន្ថយទម្ងន់នៃប្រតិកម្មរបស់កម្ពុជាចំពោះទំនាក់ទំនងការទូតរវាងកម្ពុជានិងសិង្ហបុរី ដោយលោកបញ្ជាក់ថា៖
«គាត់និយាយតាំងឆ្នាំ[១៩]៧៩។ កម្ពុជាដូចជាខ្ញុំអី ឯកឧត្តមហ៊ុន ម៉ានីអី ឬរាជរដ្ឋាភិបាលកម្ពុជាហ្នឹង និយាយឆ្នាំ៧៩ដូចគ្នា។ ក៏ប៉ុន្តែដូចជម្រាបជូនអ៊ីចឹង លោកLee Hsien Loong មានជួបប្រទះនឹងរបបប្រល័យពូជសាសន៍ជិតអស់ជីវិតដូចយើងខ្ញុំឯណា? អ៊ីចឹងគាត់និយាយមួយបែបរបស់គាត់។ អាហ្នឹងជារឿងគាត់។ យើងអត់មានថ្នាំងថ្នាក់អីទេ»។
លោកសុខ ឥសានបន្ថែមថា ការវិនិច្ឆ័យអំពីភាពខុសត្រូវនៃការប្រើពាក្យប្រវត្តិសាស្ត្រនេះគឺទីបំផុតអាស្រ័យលើប្រជាជន៖
«យើងថាខុសក៏អត់ថាខុស។ យើងថាត្រូវក៏អត់ថាត្រូវដែរ។ ស្រេចតែលើការវិនិច្ឆ័យរបស់ប្រជាជនគាត់ ឬមួយក៏ប្រជាជននៅអាស៊ីអាគ្នេយ៍ ឬមួយក៏ប្រជាជនកម្ពុជាដែលឲ្យតម្លៃថា គាត់និយាយត្រូវ ឬខុស»។
VOA មិនអាចទាក់ទងទាំងស្ថានទូតសិង្ហបុរី និងស្ថានទូតវៀតណាមដើម្បីសុំការឆ្លើយតបបានទេនៅត្រឹមរសៀលថ្ងៃអង្គារ។
លោករដ្ឋមន្ត្រីការពារជាតិ ទៀ បាញ់មិនរំពឹងថា ការប្រើពាក្យរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីថា«វៀតណាមឈ្លានពាន»នេះនឹងប៉ះពាល់អ្វីធ្ងន់ធ្ងរដល់ទំនាក់ទំនងកម្ពុជាជាមួយសិង្ហបុរី ឬសមាជិកអាស៊ានទេ ដោយលោកថា ការថ្លែងនេះគឺជាការថ្លែងជាទូទៅប៉ុណ្ណោះ ហើយវាជាការយល់ច្រឡំអំពីប្រវត្តិសាស្ត្រ៕