ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សិទ្ធិ​មនុស្ស​បារម្ភ​ថា​ ចិន​មិន​អាច​ជួយ​កម្ពុជា​បាន​ទេ​ ក្នុង​គ្រា​មាន​វិបត្តិ


លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ មក​ដល់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ថ្ងៃ​ទី​២៩ ខែ​មេសា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី​/VOA​)
លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ មក​ដល់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ថ្ងៃ​ទី​២៩ ខែ​មេសា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី​/VOA​)

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​​មាន​ការ​បារម្ភ​ថា​ ​ប្រទេស​ចិន​អាច​នឹង​មិន​ជួយ​ស្រោច​ស្រង់​កម្ពុជា​នោះ​ទេ​ ​បើ​កម្ពុជា​ជួប​វិបត្តិ​​ដោយ​សារ​សហគមន៍​អឺរ៉ុប​ឈប់​ផ្តល់​ការ​គាំទ្រ​ខាង​ពាណិជ្ជ​កម្ម​នោះ។ ​ក្រុម​អ្នក​វិភាគ​ក៏​មាន​​ការ​ខ្វែង​គំនិត​គ្នា​អំពី​ទំនាក់​ទំនង​កម្ពុជា-ចិន​ដែរ។​

នៅ​ក្រោយ​ការ​បញ្ចប់​ទស្សន​កិច្ចរបស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន​នៅ​ប្រទេស​ចិន​កាល​ពី​ខែ​មេសា​ឆ្នាំ​២០១៩​ ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​មួយ​រូប​ដែល​បាន​អមដំណើរ​លោក​ហ៊ុន សែនបាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​ ប្រទេស​ចិននឹង​បន្ត​គាំទ្រ​កម្ពុជា​ ក្នុង​កាលៈ​ទេសៈ​ដែល​កម្ពុជា​បាត់​បង់ប្រព័ន្ធ​ឋានៈ​អនុ​គ្រោះ​ពន្ធក្រោម​របប​ពាណិជ្ជ​កម្ម«អ្វីៗ​ទាំងអស់​លើក​លែង​តែ​អាវុធ»​ ឬ​ហៅ​ថា​ EBA ​របស់​សហភាព​អឺរ៉ុប។​

លោក​ កៅ គឹមហ៊ួន ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ ជា​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​ស្ថិត​ក្នុង​ក្រុម​ប្រតិភូ​របស់​លោក​ហ៊ុន សែន​ដែល​បាន​ទៅចូលរួម​វេទិកា​«ក្រវាត់​ផ្លូវ​ពាណិជ្ជ​កម្ម»​ជា​លើក​ទី២​នៅ​ប្រទេស​ចិន។​ ​កាល​ពី​ថ្ងៃ​ទី​២៩​ខែ​មេសា​ ក្រោយ​ការ​មក​ដល់ក​ម្ពុជា​វិញ ​លោក​បាន​ប្រាប់​អ្នក​កាសែត​ថា​ ​ ប្រធានាធិបតី​ចិន​លោក​ Xi Jinping​បាន​សន្យា​ថា​ ​ប្រទេស​ចិននឹង​បន្ត​ជ្រោមជ្រែង​កម្ពុជា​ ទោះ​បី​កម្ពុជា​បាត់​បង់​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ EBA​ របស់​សហគមន៍​អឺរ៉ុប​ក៏​ដោយ។​

«ចំពោះ​ EBA ​របស់​សហភាព​អឺរ៉ុប​វិញ​ ​ឯក​ឧត្តម​បាន​គូស​បញ្ជាក់​ថា ​ទោះ​បី​អឺរ៉ុប​ដក​ក៏​ដោយ​ ចិន​នៅតែ​គាំទ្រ​កម្ពុជា​ ជាពិសេស​ក្នុង​ការ​នៅ​ក្នុង​ការ​ពារ​សិទ្ធិ​ស្រប​ច្បាប់របស់​កម្ពុជា។ ​បាទ ​ចិន​នឹង​ជួយ​កម្ពុជា ​ជាពិសេស​ជាមិត្ត​ ចាត់​ទុក​កម្ពុជា​ជា​មិត្ត​ពិសេស​របស់​ប្រទេស​ចិន»។​

លោក​កៅ​ គឹមហួន​ ​រដ្ឋមន្ត្រីប្រតិភូអម​នាយករដ្ឋមន្ត្រី ធ្វើ​សន្និសីទព័ត៌មាននៅ​អាកាស​យានដ្ឋានអន្តរជាតិ​ភ្នំពេញ ​ថ្ងៃទី​២៩​ ខែ​មេសា​ ឆ្នាំ​២០១៩​ (ហ៊ុល រស្មី​/VOA)
លោក​កៅ​ គឹមហួន​ ​រដ្ឋមន្ត្រីប្រតិភូអម​នាយករដ្ឋមន្ត្រី ធ្វើ​សន្និសីទព័ត៌មាននៅ​អាកាស​យានដ្ឋានអន្តរជាតិ​ភ្នំពេញ ​ថ្ងៃទី​២៩​ ខែ​មេសា​ ឆ្នាំ​២០១៩​ (ហ៊ុល រស្មី​/VOA)

​លោក ​ហ៊ុន សែន ​ផ្ទាល់ក៏​បាន​ប្រកាស​អរគុណ​រដ្ឋាភិបាល​ចិន​ដែល​នឹងជួយ​សម្រាល​កម្ពុជា​ពី​ការ​ប្រឈម​ជាមួយ​នឹង​ការ​ដក​ប្រព័ន្ធ​ឋានៈអនុគ្រោះ​ពន្ធ​ EBA​ របស់​សហភាព​អឺរ៉ុប​ ​បន្ទាប់​ពី​រដ្ឋាភិបាល​ចិន​បាន​សន្យា​ផ្តល់​ជំនួយ​ផ្នែក​យោធា​ជិត​៩០​លាន​ដុល្លារ​ដល់​កម្ពុជា។​

មួយ​ខែ​ក្រោយ​ពី​ការ​ប្រកាស​របស់​លោក​ហ៊ុន សែន​នោះ​មក​ ​ក្រុម​មន្ត្រី​នៃ​គណៈ​កម្មការ​អឺរ៉ុបទទួល​បន្ទុក​ខាង​ពាណិជ្ជ​កម្ម​ និង​ការ​ទូត​បាន​ផ្តើម​បេសក​កម្ម​ដែល​ ជា​ផ្នែកមួយ​នៃ​ដំណើរ​ការ​ទាក់​ទង​រវាង​សហភាព​អឺរ៉ុបនិង​ប្រទេស​កម្ពុជា នៅ​ក្រោម​ក្រប​ខណ្ឌ​របប​ពាណិជ្ជ​កម្ម​អ្វីៗ​ទាំងអស់​លើកលែង​តែ​អាវុធ ​ឬ​ហៅ​ថា​ EBA។​ EBA ​ជា​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​សម្រាប់កម្ពុជា​ធ្វើការនាំ​ទំនិញ​ចូល​ក្នុង​ទី​ផ្សារ​សហភាព​អឺរ៉ុប​ ដោយ​គ្មាន​កាតព្វ​កិច្ច​បង់​ពន្ធ​គយ។​

ស្រប​ពេល​នៃ​ការ​ចាប់​ផ្តើម​បេសក​កម្ម​នេះ​ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជាបាន​លើក​ឡើង​ពី​ទុក្ខ​កង្វល់ចំពោះ​អនាគត​សេដ្ឋ​កិច្ច​របស់​ប្រទេស​កម្ពុជា​ ប្រសិន​បើ​កម្ពុជា​បាត់​បង់​ប្រព័ន្ធ​ឋានៈ​អនុ​គ្រោះ​ពន្ធ ​EBA​ ដែល​មាន​លក្ខខណ្ឌ​តម្រូវ​ឲ្យ​ប្រទេស​ដែល​ទទួល​ប្រយោជន៍​គោរព​សិទ្ធិ​មនុស្ស​ជាមូលដ្ឋាន។​

ពួក​គេ​និយាយ​ថា​ បើ​ទោះបី​ជា​រដ្ឋាភិបាល​ក្រុង​ប៉េកាំងបាន​សន្យា​ថា​ នឹង​ផ្តល់​ការ​គាំ​ទ្រ​ដល់​កម្ពុជា​ ឬ​រដ្ឋាភិបាល​កម្ពុជា​ខ្លួន​ឯង​ផ្ទាល់បាន​អះអាង​ថា​ ប្រទេស​កម្ពុជា​នឹង​មិន​ស្លាប់​ បើ​គ្មាន​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ EBA ​ក៏ដោយ​ចុះ​ ក៏​ពួក​គេ​មិនជឿ​ថា​ ប្រទេស​ចិន​អាច​រ៉ាប់​រង​ស្ថាន​ការណ៍​របស់​កម្ពុជា​ក្នុង​ពេល​ជួប​វិបត្តិ​បាន​ដែរ។ ​ពួក​គេ​បាន​ព្យាករណ៍​ថា​ កម្ពុជា​ក៏​នឹង​ប្រឈម​ហានិភ័យ​ខ្ពស់​មួយ​ផង​ដែរ​ ក្នុង​ករណី​ដែល​ប្រទេស​ចិន​ចាញ់សង្គ្រាម​ពាណិជ្ជ​កម្ម​ជាមួយ​សហ​រដ្ឋ​អាមេរិក។ ​សង្គ្រាម​ពាណិជ្ជកម្ម​នេះនៅ​ទាន់​បញ្ចប់​នៅ​ឡើយ។​

លោក​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​(Licadho)​ មាន​ប្រសាសន៍​ថា៖​

«ថ្ងៃ​ក្រោយ​កម្ពុជា​យើង​ បើ​សិន​ជានៅពេល​ដែល​ចិន​មាន​វិបត្តិ​ ឬ​ក៏មាន​បញ្ហា​ យើង​ក៏​ជួប​បញ្ហា​ដែរ។​ តែបើ​សិន​ជា​យើង​រក្សា​ EBA ​ រក្សា​ GSP​ ​រក្សា​ទំនាក់​ទំនង​ជាមួយ​សហគមន៍​អឺរ៉ុប​ ជាមួយ​សហ​រដ្ឋ​អាមេរិក​បាន​ អា​ហ្នឹងលំនឹង​កម្ពុជា​ក៏​វា​អាច​នឹង​មាន​លំនឹង​និរន្ត​រ​ភាព​ផង​ដែរ»។​

មន្ត្រី​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​រូប​នេះ​យល់​ថា​ ​កម្ពុជា​ដែលកំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​អភិវឌ្ឍន៍នោះ​ មិន​អាច​ផ្តេកផ្តួល​ខ្លាំង​លើ​ប្រទេស​ចិននោះ​ឡើយ។​

«យើង​មិន​បដិសេធ​ទេ ​ការ​ជួយ​ក្នុង​ការ​អភិវឌ្ឍ។​ ក៏​ប៉ុន្តែ​កម្ពុជា​យើង​ ​បើ​ចាំ​តែ​ទៅ​លើតែ​ចិន​មួយ​ អា​ហ្នឹង​ការ​អភិវឌ្ឍ​ក៏​វា​មិន​អាច​ជឿន​លឿន​ទៅ​មុខ​បាន​ដែរ»។​

លោក​អំ សំអាតបាន​បន្ថែម​ថា​ រដ្ឋាភិបាល​កម្ពុជា​គួរ​ខ្នះខ្នែង​ស្តារ​ស្ថាន​ការណ៍​ប្រជា​ធិបតេយ្យ​ឡើង​វិញ។​

លោក​ស៊ឹង សែនករុណា​ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ (Adhoc)​និយាយ​ថា ប្រទេស​ចិននឹង​មិន​ស្ថិត​នៅ​ជា​មួយ​កម្ពុជាទេ​ក្នុង​ពេល​ដែល​កម្ពុជា​ជួប​វិបត្តិ។​

លោក​ប្រាប់​ VOA ​ថា៖​

«យើង​និយាយ​ឲ្យ​ចំ​ទៅគឺ​ចិន​មិន​អាច​ស្តារ​ នៅ​ពេល​ដែល​មាន​បញ្ហា​គំនាប​សេដ្ឋ​កិច្ច​ ឬ​ក៏​វិបត្តិ​សេដ្ឋ​កិច្ច​ ដូច​ជា​មួយ​នឹង​លោក​សេរី​ហ្នឹង​ ចិនតែង​តែ​បោះបង់​ចោល​នូវ​ប្រទេស​ណាមួយ​ដែល​បាន​យក​ខ្លួន​ជាទីពឹង​ហ្នឹង​ឯង។​ អ៊ីចឹង​ យើង​មិន​សង្ឃឹម​ថា​ ចិន​អាច​ជួយ​ស្តារ​នូវ​សេដ្ឋកិច្ចរបស់​កម្ពុជា​បាន​ទេ។​ អ៊ីចឹង​យើង ដូច​យើង​មើល​នូវ​គម្រូ​នៃ​ប្រទេស​ផ្សេងៗ​ទៀត​ ដែល​មាន​ទំនាក់​ទំនង​សេដ្ឋ​កិច្ច​ពាណិជ្ជ​កម្មជា​មួយចិន​កន្លង​មក​ហ្នឹងឯង​ ​បាទ»។​

ទោះ​ជាយ៉ាង​នេះ​ក្តី ក្រុម​អ្នក​វិភាគបាន​ផ្តល់​ទស្សនៈ​ផ្សេងៗ​គ្នាចំពោះ​ការ​រឹត​ចំណងមិត្ត​ភាព​រវាង​ចិន​ ​និង​កម្ពុជា​ ហើយ​កម្ពុជា​និង​បណ្តា​ប្រទេស​ផ្សេង​ទៀត។

លោក​បណ្ឌិត​មាស នី​ អ្នក​វិភាគ​នយោបាយ​កម្ពុជា​ និង​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​ បារម្ភ​ថា​ កម្ពុជា​អាច​ក្លាយ​ជា​រដ្ឋ​កុម្មុយនីស្ត​មួយ​ ខណៈ​ដែល​ប្រទេស​នេះ​បាន​ផ្តើម​ប្រើ​ប្រាស់​តាក់​តិក​ក្នុង​ប្លុក​កុម្មុយនីស្ត​ដើម្បីតាម​ឃ្លំា​មើល​ពលរដ្ឋ​ខ្លួន​ឯង។​

លោក​បន្ត​ថា​ ​ ​កម្ពុជា​ពេល​នេះក៏​កំពុង​បើក​ផ្លូវ​ឲ្យ​វិនិយោគចិនកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំៗជា​ច្រើន​ក្នុង​ខេត្ត​កោះកុង ដែល​ត្រូវ​គេ​សង្ស័យ​ថា​ ទំនង​ជា​អាច​ទុកបម្រើ​ដល់​ប្រយោជន៍​របស់​យោធា​ចិន។ ​លោក​បាន​អះអាងថា​ ​កម្ពុជា​កំពុង​ដាក់​ខ្លួន​ឲ្យស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​មួយ​ពាក់​ព័ន្ធ​ទៅ​នឹង​មន្ទិល​នៃ​លទ្ធ​ភាព​តាំងទី​របស់​កងកម្លាំង​ទ័ព​ចិន​នៅ​កម្ពុជា។​

«អ៊ី​ចឹង​រឿង​អស់​នេះ​ វា​សុទ្ធ​តែ​ជា​ផ្នែក​មួយ​បាន​ទាញ​កម្ពុជា​ដាក់​ទៅ​ក្នុង​ចន្លោះ​នៃ​សង្គ្រាម​ត្រជាក់រវាង​មហា​អំណាច ​ហើយ​សម្រាប់​ប្រទេស​យើង​តូចៗ​បែប​នេះ​គឺ​យើង​អត់​មាន​បាន​ចំណេញ​ពី​ការ​ប៉ែង​ជើង​មហា​អំណាច​មួយ​ ហើយ​ទៅ​ឱប​ជើង​មហា​អំណាច​មួយ​ទេ​ ព្រោះ​អី​អា​ហ្នឹង​វា​នឹង​ធ្វើ​ឲ្យ​មាន​ស្ថានភាព​គ្រោះថ្នាក់​ ហើយ​នៅ​ពេល​ដែល​ម​ហា​អំណាច​ណាមួយ​ដែល​យើង​ពឹង​ផ្អែក​ទៅលើ ​គេមាន​អាសន្ន​ ឬ​ក៏​វា​មាន​បញ្ហា​អី​កើត​ឡើងគឺយើង​ហ្នឹង​អាច​នឹង​ត្រូវមាន​បញ្ហា​ទៅ​ជាមួយហ្នឹង​គេ​ដែរ​បាទ»។​

ប៉ុន្តែ​លោក​បណ្ឌិត​ឈាង វណ្ណារិទ្ធ​ អ្នក​វិភាគ​កិច្ច​ការ​តំបន់​ប្រាប់​ VOA ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ប្រទេស​កម្ពុជា​មិន​បាន​កសាង​នយោបាយ​ការ​បរទេស​ ដែល​មាន​ទំនោរ​ផ្កាប់​មុខ​ទៅ​រក​ប្រទេស​មហា​អំណាច​ណា​មួយនោះ​ឡើយ​ ពោល​គឺ​កម្ពុជា​បាន​ចាប់ដៃ​ជាមួយ​ប្រទេស​សេដ្ឋ​កិច្ច​ជឿនលឿន​ផ្សេង​ទៀត​ ដូចជា​ជប៉ុន​ និង​ប្រទេស​រុស្ស៊ី​ជាដើម។​

«ជប៉ុននិង​ចិន​កំពុង​តែ​ប្រកួត​ប្រជែង​គ្នា​ហើយ​ ហើយ​បើ​អ្នក​គិត​ថា​ ខ្មែរ​យើង​នៅ​ក្នុង​ហោ​ប៉ៅ​ចិន​ តើខ្មែរយើង​ទៅ​ចាប់​ជប៉ុន​បាន​ប្រយោជន៍​អី?​ មិន​អ៊ីចឹង? ​ហើយ​ចិន​ និង​វៀតណាម​ក៏​កំពុង​ប្រកួត​ប្រជែង​គ្នា​ដែរ​ នៅ​ក្នុង​ស្រុក​ខ្មែរ​ ហើយ​បើ​យើង​ចាប់ចិន​ យើង​ទៅ​ស្និទ្ធ​ជាមួយ​វៀត​ណាម​ធ្វើ​អី?​...ហើ​យ​បើ​មើល​នយោបាយ​ទៀត​ គឺ​ចាប់​យក​រុស្ស៊ី​ ឥណ្ឌា​នោះ​ទៀត​ ហើយ​កូរ៉េខាង​ត្បូង​ហ្នឹង​ទៀត​ ព្រោះ​អី​អាហ្នឹង​ជា​ multipolar [ពហុប៉ូល] ​ហើយ​និង​អា​នយោបាយ​ diversification​ [ការ​ធ្វ​ើឲ្យ​មាន​ចម្រុះ]​កំពុង​អនុវត្ត​ហើយ​ ហើយ​បើ​កម្ពុជា​កំពុង​តែ​អនុវត្ត​គោល​នយោបាយ​ diversification ​ហ្នឹង​ ​កម្ពុជា​មិនមែន​ជា​ឧបករណ៍​នៃ​ប្រទេស​មហា​អំណាច​ណា​មួយ​ទេ»។​

ដោយ​មិន​បាន​ថ្លែង​ដល់​គោល​នយោបាយ​ការ​ទូត​របស់​កម្ពុជា​ជាមួយ​ប្រទេស​ចិន​ និង​ប្រទេស​ជាមិត្ត​ជាច្រើន​ទៀត​នោះ​ ​ក្រុម​បញ្ញ​វន្ត​ ​និង​សមាគម​អង្គការសង្គម​ស៊ីវិល​ចំនួន​៨៥បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​៣​ខែ​មិថុនា​ ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​និង​រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ​១៩៩៣​ ដែល​ចង្អុល​បង្ហាញ​ឲ្យ​កម្ពុជាកាន់​ភ្ជាប់​នូវ​គោល​ការណ៍​ប្រជា​ធិបតេយ្យ​សេរី ​ពហុបក្ស​ និង​ការ​គោរព​សិទ្ធិ​មនុស្ស។​

ពួក​គេ​បាន​លើក​ឡើង​ថា៖​

«ការ​ធ្លាក់​ចុះ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស ​ការ​គំរាម​កំហែង​ដល់​សកម្ម​ជន​សិទ្ធិ​មនុស្ស​ និង​សកម្ម​ជន​នយោបាយ​ក្នុង​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ បាន​បង្ហាញ​ថា​ ស្ថាន​ភាព​នេះ​កាន់តែ​ធ្លាក់​ធ្ងន់​ធ្ងរ​ទៅៗ​ ដូច​ដែល​អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជា​ជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​នៅកម្ពុជា​ សហ​ភាព​អឺរ៉ុប​ និង​ប្រទេស​ហត្ថលេខី​[កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស] ​មួយ​ចំនួន​ទៀតបាន​ស្នើ​ដោយ​ទទូច​ម្តង​ហើយ​ម្តង​ទៀតឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស្តារ​ស្ថានភាព​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ឡើង​វិញ​ ដើម្បី​បញ្ចៀស​ការ​បាត់​បង់​ការ​លើក​លែង​ការ​អនុ​គ្រោះ​ពន្ធ»។​

យ៉ាងណា​ក៏ដោយ​ ការ​អះអាង​របស់​ក្រុម​សង្គម​ស៊ីវិល​ខាង​លើ​នេះ​ មាន​ចរិត​នយោបាយ។ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក​ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។​

«គាត់​ជា​រឿង​នយោបាយ​ទេ។​ រឿង ​EBA​ មិន​អាច​បក​ស្រាយ​ទៅ​ជា​រឿង​នយោបាយ​ទេ។​ រឿង​ EBA ​ជា​រឿង​ការអនុវត្ត​ទៅ​លើ​ការ​សម្រប​សម្រួល​នៅ​ក្នុង​កម្ម​វិធី​ ដែល​បង្កើន​នូវ​ចំណូល​របស់​កម្មករ​ និង​សិទ្ធិ​កម្មករ»។​

VOA​ មិន​ទាន់​អាច​សុំការ​អធិប្បាយ​ពី​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​នយោបាយ​របស់​ស្ថាន​ទូត​ចិន​បាន​ទេ​ នៅថ្ងៃ​ពុធ​នេះ។ ​VOA ​ក៏​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក​កេត សោផាន់​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ដែរ​ ដោយ​ទូរ​ស័ព្ទ​លោក​រោទិ៍​ គ្មាន​អ្នក​ទទួល។​

បើ​ទុក​ជា​មាន​ការ​សម្តែងក្តី​បារម្ភ​អំពី​ទំនាក់​ទំនង​ស្អិត​ល្មួត​របស់​ចិន​និង​កម្ពុជាពី​សំណាក់​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​យ៉ាងណាក្តី​ ចិន​បាន​បញ្ជាក់​ជំហរ​ជាថ្មី​ទៀត​ថា​ ខ្លួន​នឹង​ជួយ​កម្ពុជា​ទាំង​ខាង​សេដ្ឋកិច្ច​ និង​វិស័យ​ការ​ទូត។​ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​មួយ​របស់ក្រសួង​ការបរទេស​កម្ពុជា។​

យោង​តាម​សេចក្តី​ប្រកាស​ស្តី​ពី​លទ្ធផល​នៃ​ទស្សន​កិច្ច​ផ្លូវការ​របស់​លោក​ប្រាក់ សុខុន ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជានៅ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ លោក​នាយក​រដ្ឋ​មន្ត្រី​ចិន​លី ខឺឈាង​បាន​អះអាង​ជា​ថ្មី​ថា​ ប្រទេស​ចិន​នឹង​បន្ត​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ចសង្គម​របស់​កម្ពុជា​ ហើយ​នឹង​គាំទ្រ​ឲ្យ​បាន​ជោគ​ជ័យ​នូវ​កិច្ច​ប្រ​ជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី​១៣​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​នេះ។​

សេចក្តី​ប្រកាសដដែល​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«ភាគី​ទាំងពីរ​បាន​ឯកភាព​ធ្វើការ​រួម​គ្នា​ជិត​ស្និទ្ធ​ដើម្បី​ធានា​ការ​អនុវត្ត​ឲ្យ​បាន​ជោគ​ជ័យនូវ​ផែនការ​សកម្មភាព​កសាង​សហគមន៍​មាន​អនាគត​រួម​គ្នា​កម្ពុជា-ចិន​ឆ្នាំ​២០១៩-២០២៣​ ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ដើម​ខែ​មេសា​ឆ្នាំ​នេះ​ ក្នុង​គោល​បំណង​នាំ​មក​នូវ​កិច្ច​សហ​ប្រតិបត្តិ​ការ​សន្តិសុខ-នយោបាយ​កាន់​តែ​ស្អិត​ល្មួត ពង្រីក​ទំនាក់​ទំនង​សេដ្ឋកិច្ច​ ពាណិជ្ជ​កម្ម​ និង​វិនិយោគ​ និង​ជំរុញ​កំណើន​ផ្លាស់​ប្តូរ​ទេសចរណ៍​ និង​វប្បធម៌»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG