ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​វៀតណាម​កំពុង​ប្រឹងប្រែង​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សេដ្ឋកិច្ច​ឌីជីថល​នៅ​ពេល​អនាគត


បច្ចេកវិទ្យាទំនើបណានូ (Nano) និង​បច្ចេកវិទ្យាទំនើបផ្សេងៗទៀត កំពុងត្រូវបានបញ្ចូលក្នុងកម្មវិធីទូរទស្សន៍​កាន់តែច្រើនឡើង នៅប្រទេសវៀតណាម ដែលកំពុងផ្តោតលើវិស័យ​បច្ចេកវិទ្យាដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច។

ក្រសួង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​វៀតណាម និង​ក្រសួង​វិទ្យាសាស្ត្រ​អូស្ត្រាលី បាន​រួម​គ្នា​បង្កើត​របាយការណ៍​មួយ​ស្ដី​អំពី​សេដ្ឋកិច្ច​ឌីជីថល​កាល​ពី​ថ្ងៃ​ទី ១៥ ខែ​ឧសភា​កន្លង​ទៅ​នេះ ដោយ​បង្ហាញ​ពី​សេនារីយ៉ូ ៤ ដែល​អាច​ទៅ​រួច។

បណ្ដា​ប្រទេស​នានា​ដូចជា​កូរ៉េ​ខាង​ត្បូង និង​ហ្វាំងឡង់​ជា​ដើម បាន​ប្រជែង​គ្នា​ដើម្បី​បង្កើត​បច្ចេកវិទ្យា ជំនាន់​ទី ៥ ឬ 5G ដែល​ជា​បច្ចេកវិទ្យា​មួយ​មាន​ល្បឿន​លឿន​ខ្លាំង​គ្រប់គ្រាន់​ដើម្បី​ជួយ​ជំរុញ​ដល់​ដំណាក់កាល​បន្ទាប់​នៃ​ការ​ច្នៃ​ប្រតិដ្ឋ​ថ្មី។ ប៉ុន្តែ​ក្នុង​ចំណោម​នោះ​មាន​ប្រទេស​ថ្មីថ្មោង​មួយ​ខាង​ផ្នែក​បច្ចេកវិទ្យា​ដែល​ចង់​ចូលរួម​នៅ​ក្នុង​ការ​ប្រជែង​នេះ​ដែរ ដែល​នោះ​គឺ​ប្រទេស​វៀតណាម។

ប្រទេស​វៀតណាម​បាន​ប្រកាស​ដោយ​មាន​ការ​ផ្សាយ​ព័ត៌មាន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ជា​ច្រើន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ការ​សាកល្បង​របស់​ខ្លួន​នូវ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី ៥ នេះ ក្នុង​ទម្រង់​នៃ​ការ​ហៅ​ទូរស័ព្ទ គឺ​ទទួល​បាន​ជោគជ័យ។

ការ​ហៅ​ទូរស័ព្ទ​ដើម្បី​សាកល្បង​បច្ចេកវិទ្យា 5G នេះ​គឺ​សំខាន់​មិន​ត្រឹមតែ​សម្រាប់​អ៊ីនធឺណិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​សម្រាប់​គោល​បំណង​របស់​ប្រទេស​វៀតណាម​នៅ​ក្នុង​ការ​កសាង​សេដ្ឋកិច្ច​ឌីជីថល​ផង​ដែរ។​

​សេដ្ឋកិច្ច​ឌីជីថល​នៅ​ពេល​អនាគត​នេះ​អាច​បំពេញ​បាន​ជាមួយ​នឹង​ការ​ដឹក​ជញ្ជូន​តាម​ឧបករណ៍​ឌ្រូន បច្ចេកវិទ្យា​ម៉ាស៊ីន​ចេះ​រៀន​ដែល​ហៅ​ថា machine learning ដើម្បី​តាមដាន​រក​មើល​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត និង​ការ​កត់ត្រា​សុខាភិបាល​តាម​ប្រព័ន្ធ​ឌីជីថល​ជា​ដើម បើ​មិន​ដូច្នេះ​ទេ សេដ្ឋកិច្ច​អាច​នៅតែ​សម្ដែង​ឡើង​តាម​ការ​ធ្វើ​អាជីវកម្ម​តាម​ទម្លាប់​ពី​មុន​ដដែល ដូចជា​កសិកម្ម និង​ទេសចរណ៍​ជា​ដើម ដូច​ដែល​របាយការណ៍​ថ្មី​របស់​រដ្ឋាភិបាល​វៀតណាម​បាន​បង្ហាញ​ដូច្នេះ​ដែរ។

ក្រសួង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​វៀតណាម និង​ក្រសួង​វិទ្យាសាស្ត្រ​អូស្ត្រាលី បាន​រួម​គ្នា​បង្កើត​របាយការណ៍​មួយ​ស្ដី​អំពី​សេដ្ឋកិច្ច​ឌីជីថល​កាល​ពី​ថ្ងៃ​ទី ១៥ ខែ​ឧសភា​កន្លង​ទៅ​នេះ ដោយ​បង្ហាញ​ពី​សេនារីយ៉ូ ៤ ដែល​អាច​ទៅ​រួច។ នេសារីយ៉ូ​នីមួយៗ​ស្ថិត​នៅ​កម្រិត​ផ្សេង​គ្នា​នៃ​ឌីជីថល​នីយកម្ម ផ្អែក​លើ​ថា​តើ​វៀតណាម​អនុវត្ត​បច្ចេកវិទ្យា​ថ្មី​បាន​ហ្មត់ចត់​ប៉ុណ្ណា។

នាយក​រដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc បាន​បញ្ជាក់​នៅ​ក្នុង​សុន្ទរកថា​មួយ​របស់​លោក​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​ស្នើ​ឲ្យ​ខាង​ឧស្សាហកម្ម និង​អាជ្ញាធរ​ខេត្ត​បង្កើន​ការ​យល់​ដឹង និង​ការ​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ការ​ដឹកនាំ​ការ​អភិវឌ្ឍ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ហើយ​បន្ត​ពង្រឹង​ផ្នែក​ច្បាប់ និង​គោល​នយោបាយ​ដែល​ពាក់ព័ន្ធ។ វា​ពិតជា​សំខាន់​ដែល​ផ្ដោត​លើ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ច្នៃ​ប្រតិដ្ឋ​ថ្មី​របស់​ជាតិ ដោយ​បញ្ចូល​ប្រព័ន្ធ​នេះ​ទៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម ហើយ​ស្រប​ពេល​នោះ​ដែរ​ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​ក្នុង​ចំណោម​វិទ្យាស្ថាន​ស្រាវជ្រាវ សាកល​វិទ្យាល័យ និង​អាជីវកម្ម​នានា ដើម្បី​បង្កើត និង​ជំរុញ​ឲ្យ​មាន​កាន់​តែ​ច្រើន​ឡើង​នូវ​កម្មសិទ្ធិ​បញ្ញា​ដើម្បី​បង្កើន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​របៀប​មួយ​ដ៏​ឆាប់​រហ័ស ដែល​មាន​ការ​រួម​បញ្ចូល​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ និង​មាន​និរន្តរភាព»។

វីដេអូ​ហ្គេម​កំពុង​ត្រូវ​បាន​គេ​កែលម្អ​បច្ចេកវិទ្យាជាមួយ​នឹង​ក្រុម​ហ៊ុនថ្មីៗ​របស់​វៀតណាម VNG។ (Ha Nguyen for VOA)
វីដេអូ​ហ្គេម​កំពុង​ត្រូវ​បាន​គេ​កែលម្អ​បច្ចេកវិទ្យាជាមួយ​នឹង​ក្រុម​ហ៊ុនថ្មីៗ​របស់​វៀតណាម VNG។ (Ha Nguyen for VOA)

នៅ​ក្នុង​របាយការណ៍​មួយ​ដែល​មាន​ចំណង​ជើង​ថា «សេដ្ឋកិច្ច​ឌីជីថល​នៅ​ពេល​អនាគត​របស់​ប្រទេស​វៀតណាម៖ ឆ្ពោះ​ទៅ​កាន់​ឆ្នាំ ២០៣០ និង​ឆ្នាំ ២០៤‍៥ (Vietnam's Future Digital Economy: Toward 2030 and 2045)» សេនារីយ៉ូ​ទាំង ៤ ដែល​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​នេះ ផ្ដល់​នូវ​ផែនការ​គ្រឹះ​សម្រាប់​អ្នក​ធ្វើ​គោល​នយោបាយ​នានា។

នៅ​ក្នុង​សេនារីយ៉ូ​ទី​មួយ ប្រទេស​វៀតណាម​នឹង​ឈាន​ដល់​សក្ដានុពល​បច្ចេកវិទ្យា​របស់​ខ្លួន​ពេញ​ទំហឹង​នៅ​ក្នុង​រយៈពេល ២ ទសវត្សរ៍​ទៀត ដោយ​មាន​ទីក្រុង​បច្ចេកវិទ្យា ផលិតភាព​ខ្ពស់ និង​ទេពកោសល្យ​ជំនាញ​ខ្ពស់​នៅ​ក្នុង​សេដ្ឋកិច្ច​មួយ​ដែល​រៀបចំ​ឡើង​ផ្ដោត​លើ​សេវាកម្ម។

នៅ​ក្នុង​សេនារីយ៉ូ​ទី​ពីរ គឺ​ថា​ប្រទេស​វៀតណាម​មាន​ការ​ប្រែប្រួល​បន្តិចបន្តួច​ប៉ុណ្ណោះ​នៅ​ពេល​នោះ ដោយ​សេដ្ឋកិច្ច​ប្រទេស​នៅ​ផ្អែក​លើ​សាច់​ប្រាក់ និង​កម្លាំង​ពលកម្ម​ដែល​បាន​កម្រៃ​ទាប​ដើម្បី​នាំ​ចេញ​ទំនិញ​កសិកម្ម និង​ធនធាន​ធម្មជាតិ​នានា។

សេនារីយ៉ូ​ទាំង​ពីរ​ខាង​លើ​នេះ​គឺ​ជា​សេនារីយ៉ូ​ដែល​ជ្រុល​ខ្លាំង​ទាំង​អស់ ចំណែក​ឯ​សេនារីយ៉ូ​ពីរ​ផ្សេង​ទៀត​គឺ​ជា​ស្ថានការណ៍​ដែល​ប្រទេស​វៀតណាម​នៅ​ចន្លោះ​សេនារីយ៉ូ​ទាំង​ពីរ​ខាង​លើ​នេះ ដោយ​វា​អាស្រ័យ​លើ​ថា​តើ​ប្រទេស​វៀតណាម​មាន​ទំនោរ​ជា​អ្នក​ប្រើប្រាស់​បច្ចេកវិទ្យា ឬ​មាន​ទំនោរ​ជា​អ្នក​នាំ​ចេញ។

អ្នកស្រី Lucy Cameron ដែល​ជា​អ្នក​និពន្ធ​ចម្បង​នៃ​របាយការណ៍​នេះ បាន​និយាយ​ថា៖ «រលក​បន្ទាប់​នៃ​បច្ចេកវិទ្យា​ឌីជីថល ដែល​មាន​ដូចជា​បច្ចេកវិទ្យា​បញ្ញា​និមិត្ត ការ​ទិញដូរ​ដោយ​ប្រើ​សាច់​ប្រាក់​អេឡិចត្រូនិក​ដែល​ភ្ជាប់​ជាមួយ​បណ្ដាញ​តែ​មួយ ដែល​ហៅ​ថា blockchain និង​ការ​ភ្ជាប់​អ៊ីនធឺណិត​ជាមួយ​នឹង​ឧបករណ៍​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ដែល​ហៅ​ថា internet of things ក៏​ដូចជា​វេទិកា និង​សេវាកម្ម​នានា​ដែល​ផ្អែក​លើ​ប្រព័ន្ធ cloud តាម​អ៊ីនធឺណិត​ជា​ដើម មាន​សក្ដានុពល​នៅ​ក្នុង​ការ​ប្រែ​ក្លាយ​ប្រទេស​វៀតណាម​ឲ្យ​ក្លាយទៅជា​ប្រទេស​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​មួយ​នៅ​ក្នុង​ទ្វីប​អាស៊ី‍។ ប្រទេស​វៀតណាម​ចាំបាច់​ត្រូវតែ​ក្ដាប់​យក​ឱកាស​ដ៏​សំខាន់​ទាំង​នេះ និង​ត្រួសត្រាយ​ដោយ​ប្រុង​ប្រយ័ត្ន​នូវ​ហានិភ័យ​មួយ​ចំនួន‍»។

គេ​ឃើញ​មាន​សញ្ញា​បង្ហាញ​ថា បច្ចេកវិទ្យា​ឌីជីថល​កំពុងតែ​មាន​ប្រជាប្រិយភាព​រួច​ទៅ​ហើយ​នៅ​ក្នុង​ប្រទេស​វៀតណាម។ ក្រៅ​ពី​ការ​ស្រាវជ្រាវ និង​ការ​បង្កើត​ប្រព័ន្ធ​បច្ចេកវិទ្យា 5G ក្រុមហ៊ុន​នានា​បាន​ប្រើ​រូបយន្ត​នៅ​ក្នុង​ឃ្លាំង​ទំនិញ​របស់​ពួកគេ ដូចជា​ក្រុមហ៊ុន Vinamilk ដែល​ជា​ក្រុមហ៊ុន​ផលិត​ទឹកដោះ​គោ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​វៀតណាម និង​ក្រុមហ៊ុន DB Schenker ដែល​ជា​ក្រុមហ៊ុន​ភស្តុភារ​របស់​អាល្លឺម៉ង់​ដែល​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​វៀតណាម​ជា​ដើម។

ក្រុមហ៊ុន FPT ដែល​ជា​ក្រុមហ៊ុន​អាជីវកម្ម​អេឡិចត្រូនិក​ក្នុង​ប្រទេស​វៀតណាម បាន​ប្រើ​បច្ចេកវិទ្យា​បញ្ញា​និមិត្ត​ដើម្បី​បង្កើត​កម្មវិធី​សន្ទនា​ដោយ​ស្វ័យ​ប្រវត្តិ​របស់​កុំព្យូទ័រ​ជាមួយ​នឹង​អ្នក​ប្រើប្រាស់ និង​អាច​ឲ្យ​ក្រុមហ៊ុន​បង្កើត​កម្មវិធី​កុំព្យូទ័រ​នានា​ប្រើប្រាស់​បាន។

ក្រុមហ៊ុន VNG ដែល​ជា​ក្រុមហ៊ុន​ហ្គេម​កុំព្យូទ័រ​ដែល​ទើប​បង្កើត​ថ្មី បាន​ណែនាំ​នូវ​បច្ចេកវិទ្យា​ពិភព​និមិត្ត​សម្រាប់​អ្នក​លេង​ហ្គេម​របស់​ខ្លួន។

ទាំង​អស់​នេះ​មិន​មែន​សុទ្ធតែ​ជា​ដំណឹង​ល្អ​នោះ​ទេ។ ការ​កើន​ឡើង​នូវ​កម្មវិធី app កុំព្យូទ័រ​ដែល​ផ្ដោត​លើ​សេវា​រថយន្ត​ឈ្នួល គឺ​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្លាក់​ចុះ​នៃ​ការ​ប្រើប្រាស់​សេវា​ធ្វើ​ដំណើរ​សាធារណៈ​នៅ​ទូទាំង​ពិភពលោក ហើយ​ករណី​នេះ​ក៏​កើត​ឡើង​នៅ​ក្នុង​ប្រទេស​វៀតណាម​ផង​ដែរ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​វៀតណាម នៅ​ពេល​ថ្មីៗ​នេះ​បាន​រាយការណ៍​អំពី​ការ​ធ្លាក់​ចុះ​នៅ​ក្នុង​ការ​ប្រើប្រាស់​រថយន្ត​ក្រុង ដោយសារ​មាន​ការ​កើន​ឡើង​នូវ​សេវា​រថយន្ត​ឈ្នួល ដែល​ធ្វើ​ឲ្យ​ដង​ផ្លូវ​នានា​នៅ​តាម​ទីក្រុង​កក​ស្ទះ។

រូបភាព​ឯកសារ៖ យុវជន​កំពុង​ប្រើ​អ៊ិនធឺណិត​នៅ​ក្បែរបដាផ្សាយ​ពាណិជ្ជកម្ម 4G នៅ​ស្ថានីយ​រថយន្ត​ក្រុង​មួយ​ក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម។
រូបភាព​ឯកសារ៖ យុវជន​កំពុង​ប្រើ​អ៊ិនធឺណិត​នៅ​ក្បែរបដាផ្សាយ​ពាណិជ្ជកម្ម 4G នៅ​ស្ថានីយ​រថយន្ត​ក្រុង​មួយ​ក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម។

របាយការណ៍​នេះ​បាន​បញ្ជាក់​ថា សូម្បីតែ​នៅ​ក្នុង​សេនារីយ៉ូ​ដ៏​ល្អ​បំផុត​ក៏​ដោយ ក៏​គេ​ឃើញ​មាន​បញ្ហា​ចំនួន ៤ ដែល​អាច​កើត​ឡើង​ផង​ដែរ​ចំពោះ​ប្រទេស​វៀតណាម។ របាយការណ៍​នេះ​គឺ​ឧបត្ថម្ភ​ដោយ​អង្គការ CSIRO's Data61 ដែល​ជា​អង្គការ​គន្លឹះ​ជំនាញ​ខាង​ទិន្នន័យ និង​ឌីជីថល នៃ​ទីភ្នាក់ងារ​វិទ្យាសាស្ត្រ​ជាតិ​ប្រទេស​អូស្ត្រាលី។

បញ្ហា​ចំនួន ៤ នោះ​មាន​ដូចជា​ការ​គំរាមកំហែង​បន្ថែម​ទៀត​ចំពោះ​សន្តិសុខ​តាម​អ៊ីនធឺណិត កម្ចី​ច្រើន​ជាង​មុន​ដើម្បី​ឧបត្ថម្ភ​ដល់​ការ​ចំណាយ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​បច្ចេកវិទ្យា កង្វះ​ទេពកោសល្យ​ផ្នែក​បច្ចេកទេស និង​ការ​ពឹង​ផ្អែក​លើ​ក្រុមហ៊ុន​នានា​ពី​ខាង​ក្រៅ​សម្រាប់​ផលិតផល និង​សេវាកម្ម​នានា។

តើ​វៀតណាម​អាច​ឈាន​ឆ្ពោះ​ទៅ​មុខ​ខាង​ការ​វិវត្ត​ផ្នែក​បច្ចេកវិទ្យា​បាន​ឆ្ងាយ​ប៉ុណ្ណា គឺ​អាស្រ័យ​លើ​ប្រទេស​វៀតណាម​ខ្លួន​ឯង​ផ្ទាល់៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG