ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​ទី​ក្រុង​នៅ​ប្រទេស​វៀតណាម​អាច​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​តាម​ទោចក្រយានយន្ត​​បាន​ទេ?


រូបភាព​ឯកសារ៖ មនុស្សម្នា​ពាក់​ស្រោម​មុខ​ការពារ នៅ​ពេល​ជិះ​ម៉ូតូ​នៅ​លើ​ផ្លូវ​មួយ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨។
រូបភាព​ឯកសារ៖ មនុស្សម្នា​ពាក់​ស្រោម​មុខ​ការពារ នៅ​ពេល​ជិះ​ម៉ូតូ​នៅ​លើ​ផ្លូវ​មួយ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨។

មន្ត្រី​សាលា​ក្រុង​បាន​ស្នើ​ឲ្យ​មាន​ការ​ហាម​ឃាត់​ការ​ធ្វើ​​ដំណើរ​ដោយ​ម៉ូតូ​នៅ​តាម​ផ្នែក​ខ្លះ​នៃ​ទី​ក្រុង​ហាណូយ និង​ទីក្រុង​ហូជីមិញ។ សំណើ​នេះ​ត្រូវ​បាន​គេ​ស្នើ​ឡើង​ជា​រឿយ​ៗ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​​ហើយ ហើយ​ឥឡូវ​នេះ​វា​ក៏​បាន​គេ​ស្នើ​ឡើង​ម្ដង​ទៀត។​

រាល់​អ្នកធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម​ សុទ្ធ​តែ​ធ្លាប់​ឆ្លង​កាត់​បទ​ពិសោធន៍​មួយ​ដែល​ថា៖​ ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​វៀតណាម​មិន​ពេញ​លេញ​ទេ រហូត​ដល់​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់ផ្លូវ​ខ្វាត់​ខ្វែង​ទៅ​មក​ដ៏​មមាញឹក​ដើម្បី​ហៅ​ម៉ូតូ​ជិះ ហើយ​អ្នក​បើកបរ​ក៏​ឆ្វែល​ឆាប​ដឹក​អ្នក​ដំណើរ។ ​ការណ៍​នេះមើល​ទៅ​ដូច​ជា​រឿង​គ្មាន​សណ្ដាប់​ធ្នាប់​តាម​ដង​ផ្លូវ​ទាល់​តែ​សោះ។​

ប្រទេស​វៀតណាម​គឺ​ជា​អាណាចក្រម៉ូតូ។ ផែន​ទី​របស់​ក្រុម​ហ៊ុន​ Google ថែម​ទាំង​បាន​ណែ​នាំ​លក្ខណៈ​ពិសេស​មួយ សម្រាប់​អ្នក​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​កាលពី​ឆ្នាំ​មុន​ ដោយ​ផ្ដល់​ឲ្យ​ពួក​គេ​នូវ​រយៈពេល​ធ្វើ​ដំណើរ និង​ព័ត៌មាន​ទាក់​ទង​នឹង​ផ្លូវ​បង់​ប្រាក់​ជាដើម។ ដូច្នេះ​តើ​អាច​ទេ​ដែល​ថា​ទី​ក្រុង​ធំ​បំផុត​ពីរ​របស់​វៀតណាម អាច​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​តាម​ទោចក្រយានយន្ត ដែល​ប្រជាជន​ជាង​ ១០០​ លាន​នាក់​កំពុង​តែ​ពឹង​ផ្អែក​លើ​សេវាកម្ម​បែប​សព្វ​ថ្ងៃ​នេះ?​

មន្ត្រី​សាលា​ក្រុង​បាន​ស្នើ​ឲ្យ​មាន​ការ​ហាម​ឃាត់​ការ​ធ្វើដំណើរ​ដោយ​ម៉ូតូ​នៅ​តាម​ផ្នែក​ខ្លះ​នៃ​ទី​ក្រុង​ហាណូយ និង​ទីក្រុង​ហូជីមិញ។ សំណើ​នេះ​ត្រូវ​បាន​គេ​ស្នើ​ឡើង​ជា​រឿយ​ៗ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មកហើយ ហើយ​ឥឡូវ​នេះ​វា​ក៏​បាន​គេ​ស្នើ​ឡើង​ម្ដង​ទៀត។​

គំនិត​នេះ​បាន​បញ្ឆេះ​ឲ្យ​មាន​ការ​តស៊ូ​មតិ​អំពី​ការ​បំពុល​បរិស្ថាន ការ​ស្ទះ​ចរាចរណ៍ ផែន​ការ​អភិវឌ្ឍន៍​ទីក្រុង និង​ការ​ផ្ដល់​មធ្យោបាយ​ល្អ​បំផុត​សម្រាប់​ប្រជាជន​វៀតណាម​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ដែល​ពួក​គេ​ចង់​ទៅ ខណៈ​ពេល​ដែល​សេដ្ឋកិច្ច​វៀតណាម​កំពុង​លូតលាស់​ និង​កំពុង​ធ្វើ ឧស្សាហូបនីយកម្ម ក៏ដូចជា​ការ​ធ្វើ​នគរូបនីយកម្ម​យ៉ាង​ឆាប់​រហ័ស។

អ្នកគាំទ្រ​សម្រាប់​ការ​បង្កើត​ឲ្យ​តំបន់​ហាម​ឃាត់​សម្រាប់​ម៉ូតូ​ បាន​និយាយ​ថា ការ​ហាម​ឃាត់​ចាំ​បាច់​ត្រូវ​តែ​មាន ដើម្បី​កាត់បន្ថយ​ការ​បំពុល​បរិស្ថាន និង​បញ្ហា​ស្ទះ​ចរាចរណ៍។ ប៉ុន្តែ​អ្នក​មិន​គាំ​ទ្រ​វិញ បាន​និយាយ​ថា​ប្រជា​ជន​ជា​ច្រើន​មិន​មាន​ជម្រើស​ផ្សេង​ទេ​ ដោយ​សារ​តែ​រថយន្ត​មាន​តម្លៃ​ថ្លៃ ហើយ​ការ​ធ្វើ​ដំណើរ​តាម​សេវា​ដឹក​ជញ្ជូនសាធារណៈ​មានកំណត់។

សារព័ត៌មាន​ក្នុង​ស្រុក​របស់​វៀតណាម​មួយ​បាន​ដក​ស្រង់​សម្ដី​លោក Nguyen Ngoc Dong រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ​របស់​វៀតណាម ដែល​បាន​ឲ្យ​ដឹង​ក្នុង​ពេល​ថ្មី​ៗ​នេះ​ថា៖

«ទីក្រុង​ហាណូយ​ឥឡូវ​នេះ​កំពុង​អភិវឌ្ឍ​គំនិត​នេះ។​ ហើយ​ថា មាន​បញ្ហា​ជា​ច្រើន​ទៀត​ដែល​តម្រូវ​ធ្វើ​ការ​ស្រាវជ្រាវ វាយ​តម្លៃ និង​វិភាគ​មុន​សម្រេច​ចេញផែន​ការ​ចុង​ក្រោយ»។​

​ការ​ស្ទះ​ចរាចរណ៍​ និង​ការ​បំពុល​បរិស្ថាន​

គំនិត​នេះ គឺ​ចង់​ហាម​ឃាត់​អ្នក​ធ្វើ​ដំណើរតាម​ម៉ូតូ​ក្នុង​អំឡុងពេល​កក​ស្ទះ​ចរាចរណ៍​ខ្លាំង​បំផុតប្រចាំ​ថ្ងៃ ឬ​នៅ​ក្នុង​តំបន់​ដែល​អ៊ូ​អរ ជាពិសេស​នៅ​កណ្ដាល​ទីក្រុង។ វា​ជា​ការពិត​មួយ​មិន​អាច​ប្រកែក​បាន ដែល​ថា​ចរាចរណ៍​នៅ​តាម​វិថី​នា​នា​ កាន់​តែ​ណែន​ណាន់​តាន់​តាប់។

ចំនួន​ប្រជាជននៅ​ក្នុង​ទីក្រុង​ហូជីមិញ បាន​កើន​ឡើង​រហូត​ដល់​ជាង ​១៣ លាន​នាក់។ ហើយ​គុណភាព​ខ្យល់ ក៏​កំពុងតែអាក្រក់​ទៅៗ។ កម្រិត​នៃ​ការ​បំពុល​បរិយាកាស​ដែល​បណ្ដាល​មក​ពី​បញ្ហា​នេះ ម្ដងម្កាល​អាក្រក់​ជាង​តំបន់​ទីប្រជុំជន​មួយ​ចំនួននៅ​ក្នុង​ប្រទេស​ចិន និង​ឥណ្ឌា​ទៅ​ទៀត។​

រូបភាព​ឯកសារ៖ មនុស្សម្នា​ជិះ​ម៉ូតូ​នៅ​លើ​ផ្លូវ Vo Di Nguy ក្នុង​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម។
រូបភាព​ឯកសារ៖ មនុស្សម្នា​ជិះ​ម៉ូតូ​នៅ​លើ​ផ្លូវ Vo Di Nguy ក្នុង​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម។

ដូច្នេះ​អ្នកគាំទ្រ​នៃ​ការ​ហាម​ប្រាម​នេះ បាន​លើក​ឡើង​ថា បើ​សិន​ទីក្រុង​មួយ​ចំនួន​នៅ​ប្រទេស​ចិន​អាច​ធ្វើ​រឿង​នេះ​បាន វៀតណាម​ក៏​អាច​ធ្វើ​បាន​ដែរ។ តំបន់​អ៊ូអរ​មួយចំនួន​ចាប់​ទីក្រុង​ប៉េកាំង ទៅ​ទីក្រុង Mexico City ក៏​បាន​ដាក់​កំហិត​លើ​បើក​បរ​រថយន្ត​លើ​ផ្លូវ​មួយ​ចំនួន។

ទីតាំង​ទាំង​នោះ​អនុញ្ញាត​ឲ្យ​តែ​រថយន្ត​ដែល​មាន​ស្លាក​លេខ​មាន​លេខ​សេស​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​នៅ​ថ្ងៃ​ណា​មួយ ហើយ​ថ្ងៃ​បន្ទាប់​អនុញ្ញាត​ឲ្យ​រថយន្ត​ដែល​មាន​ស្លាក​លេខ​គូ។ ទីក្រុង​ផ្សេង​ទៀត​ដូច​ជា​ទីក្រុង Stockholm ទទួល​បាន​ជោគ​ជ័យ​ក្នុ​ង​ហាម​ឃាត់​រថយន្ត​មិន​ឲ្យ​បើក​បរ​ឆ្លង​កាត់​ផ្លូវ​អ្នក​ថ្មើរ​ជើង។

ប៉ុន្តែ​អ្វី​ដែល​ខុស​គ្នា​ពី​ទីក្រុង​ទាំង​នោះ​គឺ​ថា ទីក្រុង​ទាំង​ឡាយ​នៅ​ក្នុង​ប្រទេស​វៀតណាម មិន​មាន​សេវា​ដឹក​ជញ្ជូនសាធារណៈ​គ្រប់​គ្រាន់ ដើម្បី​ជំនួស​ការ​ដំណើរ​ដំណើរ​ដោយ​ម៉ូតូ​ទេ។ គម្រោង​សាង​សង់​រថភ្លើង​ក្រោម​ដី​ ត្រូវ​បាន​ពន្យារពេលជា​បន្ត​បន្ទាប់ ហើយ​អ្នកធ្វើ​ដំណើរ​មិន​ចង់​ធ្វើ​ដំណើរ​តាមឡាន​ក្រុង​ទេ​ ដោយ​សារ​តែការ​ធ្វើ​ដំណើរ​តាម​ម៉ូតូ លឿន​ជាង ងាយ​ស្រួល​ជាង​ការ​ដូរ​ពី​ឡាន​ក្រុង​មួយទៅ​មួយ និង​មាន​តម្លៃ​ថោក។

ក្រុម​ហ៊ុន ​Piaggio វៀតណាម​ ដែល​ជា​ក្រុម​ហ៊ុន​ផលិត​ម៉ូតូ​ម៉ាក Vespa បាន​ឲ្យ​ដឹង​ថា ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ អាច​ជំរុញ​ឲ្យ​ប្រជាជន​ប្ដូរ​ទៅ​ធ្វើ​ដំណើរ​តាម​រថយន្ត ដែល​ការណ៍​នេះ​នឹង​មិនជួយ​ដោះ​ស្រាយ​បញ្ហា​បំពុល​បរិស្ថាន និងស្ទះ​ចរាចរណ៍​ឡើយ។

នៅ​ក្នុង​សន្និសីទ​ពាណិជ្ជកម្ម​មួយ​កាល​ពី​ខែ​កុម្ភៈ លោក ​Enrico Bruni ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន ​Piaggio ប្រចាំ​តំបន់​អាស៊ី​បាន​ឲ្យ​ដឹង​ក្នុង​សម្ដី​ដើម​ថា៖ «យើង​ជឿ​ជាក់​ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គោល​បំណង​ទាំង​នោះ ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ជា​ដំណោះ​ស្រាយ​បែប​ជ្រុលនិយម​ និង​មិន​មាន​ប្រសិទ្ធភាព»។

ឧបករណ៍​វ័យ​ឆ្លាត​ក្នុង​ការ​ត្រួត​ពិនិត្យ​ចរាចរណ៍

លោក​បន្ថែម​ថា ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ អាជ្ញាធរ​វៀតណាមគួរ​តែ​ផ្ដោត​លើ​ការ​អប់រំ​សាធារណជន អំពី​បញ្ហា​ទាំងនោះ​ និង​គ្រប់​គ្រង​ចំនួន​យានយន្ត​តាម​រយៈ​ការ​ធ្វើ​និយតកម្ម​ការ​បញ្ចេញឧស្ម័ន ទើប​ជា​ការណ៍​ល្អ។ ការ​ណែ​នាំ​ផ្សេងៗ​ទៀត ដែល​អាជ្ញាធរ​វៀតណាម​គួរ​តែ​ដក​ពិសោធន៍ គឺ​ការ​គ្រប់​គ្រង​លំហូរ​ចរាចរណ៍ ដូច​ជា​ការ​ផ្លាស់​ប្ដូរម៉ោង​ចូល​ធ្វើ​ការ ឬ​តាម​រយៈ​ការ​ប្រើ​ឧបករណ៍​វៃ​ឆ្លាត​ក្នុង​ការ​ផ្ដល់​សញ្ញា នៅ​ពេល​ផ្លូវ​កក​ស្ទះ ហើយ​នឹង​បញ្ចៀស​អ្នកធ្វើ​ដំណើរ​ឲ្យ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ផ្សេង។ ​

អ្នក​ផលិត​កម្មវិធី​ទូរស័ព្ទ​ទាក់​ទង​នឹង​ការ​ធ្វើ​ដំណើរ​មួយ​បាន​និយាយ​ថា កម្មវិធី​ទូរស័ព្ទ​របស់​របស់​គាត់​ អាច​ផ្ដល់​ទិន្នន័យ​ស្ដី​ពី​ចរាចរណ៍ ដើម្បី​ជួយ​ដល់​អ្នក​រៀប​ចំ​ផែន​ការអភិវឌ្ឍន៍​ទី​ក្រុង។

វា​មិន​ងាយ​ស្រួល​ទេ​ក្នុង​ការ​កាត់​បន្ថយទោចក្រយាន​យន្ត​ នៅ​ក្នុងកន្លែង​មួយ​ដែល​រូប​ភាព​ភាគ​ច្រើន បង្ហាញ​ពី​អត្ត​សញ្ញាណ​ជាតិ​មាន​ជាប់​រួប​ម៉ូតូ​មួយ ឬ​ពីរ​គ្រឿង។ វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ​ នៅ​ពេល​ឃើញ​គ្រួសារ​មួយ ដែល​មាន​សមាជិក​ប្រាំ​នាក់​ធ្វើ​ដំណើរ​នៅ​លើ​ម៉ូតូ​តែមួយ។

អ្នក​ដឹក​ទំនិញប្រើ​ប្រាស់​ម៉ូតូ​ដើម្បី​ដឹក​តាំង​ពី​សត្វ​ជ្រូក រហូត​ដល់​តុ​បាយ​ក៏​មាន។ អ្នក​ទេសចរណ៍​ធ្វើដំណើរ​តាម​ម៉ូតូ ដើម្បី​រីក​រាយ​ជាមួយ​ដំណើរ​កម្សាន្តហូប​អាហារ​។ ហើយ​អតីត​យោធិន ដែល​រក​ការងារ​ធ្វើ​មិន​បាន ក៏​ងាក​មក​ប្រកប​របរ​រត់​ម៉ូតូ​ឌុប។

យាន​ជំនិះ​គឺ​ជា​ឧទាហរណ៍​បង្ហាញ​ថា​តើ​ ប្រទេស​កាន់​របប​កុម្មុយនិស្ត​ដូច​ជា​ប្រទេស​វៀតណាម​មាន​ការ​ប្រែ​ប្រួល​ខ្លាំង​ប៉ុណ្ណា។ ប្រជាជន​ក្នុង​ស្រុក​ជា​ច្រើន នៅ​អាច​ចាំ​បាន​ពី​ពេល​មួយ ដែល​ថា​ពួក​គេ​សំណាង​ហើយ បើ​សិន​ជា​មាន​កង់​មួយ​ជិះ​នោះ។ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ​ពលរដ្ឋ​ស្ទើរ​តែគ្រប់​គ្នា​ទាំង​អស់​មាន​លទ្ធភាព​ទិញ​ម៉ូតូ​ ដែល​មាន​តម្លៃ​ចន្លោះ​ពី​បួន​ទៅ​ប្រាំ​រយ​ដុល្លារ។ ប្រទេស​វៀតណាម​គឺ​ជា​ទី​ផ្សារ​ម៉ូតូ​ធំ​បំផុត​ទី​បួន​ ក្នុង​ពិភព​លោក​បន្ទាប់​ពី​ប្រទេស​ចិន ឥណ្ឌា និង​ឥណ្ឌូណេស៊ី ដែល​ប្រទេស​ទាំង​អស់​នោះ​យ៉ាង​ហោច​ណាស់​មាន​ចំនួន​ប្រជាជន​ទ្វេ​ដង​នៃ​ចំនួនប្រជាជន​ក្នុង​ប្រទេស​វៀតណាម។​

តម្លៃ​សមរម្យ​គឺ​ជា​មូល​ហេតុ​មួយ​ ដែល​អ្នក​រិះ​គន់​លើក​មក​និយាយ​ថា ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​នឹង​ដាក់​បន្ទុក​ដ៏​ធ្ងន់​ដល់​ពល​រដ្ឋ​ក្រី​ក្រ ដែល​ពឹង​ផ្អែក​លើ​ម៉ូតូ ប៉ុន្តែ​ការណ៍​នេះ​នឹង​ជួយ​ដល់​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ដែល​មាន​រថយន្ត។ នេះ​ជា​ប្រទេស​ដែល​ប្រជាជនធ្វើ​ដំណើរ​តាម​ម៉ូតូ ទោះ​បីជា​ការ​ធ្វើ​ដំណើរ​ក្នុង​ចម្ងាយ​ជិតៗ​ក៏​ដោយ។​

មិន​មាន​កន្លែង​សម្រាប់​អ្នក​ថ្មើរ​ជើង​គ្រប់​គ្រាន់ និង​អាកាស​ធាតុ​ក្ដៅ ​៤០ អង្សា​សេ ជា​មូល​ហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​មិន​សូវ​ពេញ​និយម។

នេះ​មិន​មែន​មាន​ន័យ​ថា​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​តាម​ម៉ូតូ​នៅ​ទីតាំង​មួយ​ចំនួន​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ។ ទី​ក្រុង​ហូជីមិញ បាន​ចាប់​ផ្ដើម​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​នៅ​ក្នុង​តំបន់​ទី​ប្រជុំ​ជន​លើ​ផ្លូវ Nguyen Hue អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ទោះ​បី​ជា​មិន​សូវ​មាន​ភាព​ងាយ​ស្រួល​ក៏​ដោយ ពលរដ្ឋ​ងាក​មក​រីក​រាយ​ជា​មួយ​នឹង​ផ្លូវ​ដែល​អនុញ្ញាត​សម្រាប់​អ្នក​ថ្មើរ​ជើង​នេះ ដែល​បច្ចុប្បន្ន​បាន​ក្លាយ​ជា​តំបន់​ប្រជុំ​ដោយ​បារ​ដ៏​មាន​ប្រជាប្រិយភាព៕

ប្រែ​សម្រួល​ដោយ សឿន វឌ្ឍនា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG