សហរដ្ឋអាមេរិកបានចាប់ផ្តើមប្រតិបត្តិការដែលមានទឹកប្រាក់ជាច្រើនលានដុល្លារដើម្បីបោសសម្អាតមូលដ្ឋានយោធាមួយក្នុងប្រទេសវៀតណាមដែលសហរដ្ឋអាមេរិកបានប្រើប្រាស់ក្នុងអំឡុងសង្គ្រាមវៀតណាមដើម្បីស្តុកទុកសារធាតុគីមី Agent Orange ដែលមានជាតិពុលខ្លាំងបំផុត។
ការសម្អាតនេះនឹងត្រូវចំណាយប្រាក់ចំនួន ១៨៣ លានដុល្លារហើយបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍នៅឯអាកាសយានដ្ឋាន Bien Hoa ដែលស្ថិតនៅខាងក្រៅទីក្រុងហូជីមិញ។ ប្រតិបត្តិការនេះធ្វើឡើងរយៈពេលជាង ៤០ ឆ្នាំក្រោយពីសង្គ្រាមបានបញ្ចប់ហើយអាកាសយានដ្ឋាន Bien Hoa គឺជាកន្លែងមួយក្នុងចំណោមកន្លែងជាច្រើនដែលរក្សាទុកសារធាតុពុលនេះ។
សហរដ្ឋអាមេរិកបានបាញ់សារធាតុគីមី Agent Orange អស់ ៨០លានលីត្រ នៅតំបន់វៀតណាមខាងត្បូងនៅចន្លោះឆ្នាំ ១៩៦២ ដល់ ១៩៧១ ដើម្បីកុំឱ្យកងទ័ពព្រៃកុម្មុយនីស្តវៀតកុងមានព្រៃជ្រកនិងបង្អត់អាហារពួកគេ។
សារធាតុគីមី Agent Orange ដែលរក្សាទុកនៅអាកាសយានដ្ឋាន Bien Hoa ត្រូវបានគេជឿថាបានជ្រាបចូលទៅក្នុងដី កករ និងទន្លេក្បែរខាង។
សារធាតុគីមី Agent Orange នេះមានជាតិ Diaxin និងបានធ្វើឱ្យងាយកើតជំងឺមហារីក និងកូនក្មេងកើតមិនគ្រប់លក្ខណៈលើពលរដ្ឋវៀតណាមជាច្រើនជំនាន់។
កាលពីខែវិច្ឆិកា សហរដ្ឋអាមេរិកបានបញ្ចប់កម្មវិធីបោសសម្អាតស្រដៀងគ្នានេះនៅអាកាសយានដ្ឋាន Danang ដោយចំណាយអស់ទឹកប្រាក់ចំនួន ១១០លានដុល្លារ។
ចំនួនជាតិពុលនៅ Bien Hoa គឺច្រើនជាងនៅ Danang ចំនួនបួនដង៕