ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

និយោជក​ក្នុង​ប្រទេស​វៀតណាម​ជួយចេញ​ប្រាក់កាស​ក្នុង​ការ​ថែទាំ​កុមារ​ដើម្បី​បង្កើត​ផលិតភាព


រូបឯកសារ៖ អាណាព្យាបាលយកដឹកកូនមកផ្ទះពីសាលារៀននៅក្រុងហូជីមិញ ប្រទេសវៀតណាម។
រូបឯកសារ៖ អាណាព្យាបាលយកដឹកកូនមកផ្ទះពីសាលារៀននៅក្រុងហូជីមិញ ប្រទេសវៀតណាម។

នៅ​ក្នុង​រោងចក្រ​មួយ​នៅ​ក្រៅ​ទីក្រុង​ Ho Chi Minh ដែល​ផលិតស្បែក​ជើង​អត្តពលិក​ Nike លោក Can ផ្តល់​សេវា​សន្តិសុខ​នៅ​ពេល​កូនគាត់​លេង​នៅ​ជិត​ទី​នោះ។ ការណ៍​នេះ​មាន​ឡើង​ដោយសារ​ក្រុមហ៊ុនគាត់​បាន​កសាង​កន្លែង​ថែទាំ​កុមារ​មួយ​នៅ​ជិត​រោង​ចក្រ​ដែល​ជា​ផ្នែក​មួយ​នៃនិន្នាការ​ថ្មី​មួយនៃ​ការគិត​ជា​ថ្មីអំពី​ការ​ថែទាំ​កុមារ​ក្នុង​ប្រទេសវៀតណាម។ នៅពេល​ដែល​មនុស្ស​បី​ជំនាន់រស់​នៅ​ជា​មួយ​គ្នា​ក្នុង​ផ្ទះ​តែ​មួយ​មិន​សូវ​មាន​ច្រើន​ដូចពី​មុន ឪពុក​ម្តាយមិន​ទំនង​ជា​មាន​ជីដូនជីតា​នៅ​ជា​មួយ​ដើម្បី​ថែទាំ​ពួក​កូនៗទេ​នៅ​ពេល​ពួក​គេ​ទៅ​ធ្វើការ។

ក្រុមហ៊ុន​ដែលបង់​ប្រាក់​សម្រាប់​សេវា​នេះនិង​ការដោះស្រាយ​ឯទៀតៗ​ខាង​ការថែទាំ​កុមារ​និយាយ​ថា​វិធានការ​ទាំងនេះ​ជួយ​ឱ្យ​ពួក​គេ​អាច​សន្សំ​ប្រាក់​បាន។

លោក Eric Lee ដែល​ជា​អ្នក​ចាត់ចែង​កិច្ចការ​ធនធាន​មនុស្ស​នៅ​ឯ​ក្រុមហ៊ុន Taekwang Vina ដែល​ជា​ក្រុមហ៊ុន​ផលិត​ស្បែក​ជើង​កាក់ស្មាន​ថា​ក្រុមហ៊ុន​លោក​បាន​ខាត​១លាន​ដុល្លារក្នុង​មួយ​ឆ្នាំ​ដោយសារ​អត្តវត្តមាន​មិន​បាន​គ្រោង​ទុក​មុន​របស់​និយោជិត។

លោក Lee បាន​និយាយ​ថា«ការបើក​កន្លែង​ថែទាំកុមារ​បាន​ជួយ​រោង​ចក្រ​យើង​កាត់​បន្ថយ​អវត្តមាន​បុគ្គលិក​បាន២០ភាគរយ‍»។ លោក​បាន​ថ្លែង​បន្ត​ថា​«មាន​អត្ថប្រយោជន៍​ច្រើន​ជាង​ឧបសគ្គ​ហើយ​យើង​ជឿថា​ការថែទាំ​កុមារ​ជា​ផ្នែក​សំខាន់​មួយ​នៃ​យុទ្ធសាស្ត្រ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​លូតលាស់‍»។

បើ​តាម​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ IFC ថា​ ការសន្សំ​ប្រាក់​បែប​នេះ​ជួយ​បញ្ចុះបញ្ចូល​ក្រុមហ៊ុន​ថា ​ពួក​គេ​គួរ​ធ្វើឱ្យ​ប្រាកដ​ថា​ក្រុម​បុគ្គលិក​មាន​ការថែទាំ​កុមារ។ អង្គការ​ IFC បាន​និយាយ​នៅក្នុង​សេចក្តី​រាយការណ៍​មួយ​កាល​ពី​ខែ​សីហា​ថា ក្រៅពី​សីលធម​៌នៃ​ការ​មាន​ការថែទាំ​កុមារ​ វិធានការ​នេះ ថែម​ទាំង​ជួយ​ទាក់ទាញ​បុគ្គលិក​ល្អៗ បង្កើន​ផលិតភាព​ និង​បង្កើន​ការពេញ​ចិត្ត​របស់​បុគ្គលិក​ផង​ដែរ។

ក្រុមហ៊ុន​ដែល​មិន​អាច​កសាង​កន្លែង​ថែទាំ​កុមារ​បានក៏បាន​ផ្តល់​ការលើកទឹក​ចិត្ត​ឯ​ទៀតៗ​ដែរ។ ការលើកទឹក​ចិត្ត​ទាំងនេះ​មាន​រួម​បញ្ចូល​ការផ្តល់​ប្រាក់​ជំនួយបន្ថែម​ប្រចាំ​ខែ​សម្រាប់​ជួយ​ពួក​បុគ្គលិក​បង់​ប្រាក់​សម្រាប់​ការ​ថែទាំកុមារ​ ការ​ឈប់ធ្វើការ​ដោយ​មាន​ប្រាក់​ខែ​នៅ​ពេល​សម្រាល​កូន ការ​ធ្វើការ​ពី​ផ្ទះ​ និង​ការធ្វើការ​តាម​ម៉ោង​ដែល​អាច​បត់បែន​បាន ឬ​ជម្រើស​ចម្រុះ។

ពួក​និយោជិត​ក្នុង​ប្រទេស​វៀតណាម​បានសុំ​ឱ្យមានជម្រើស​ទាំងនេះច្រើន​ជាងមុន​ដោយសារ​សង្គម​មាន​ការ​ប្រែប្រួល។ កាល​ពីមុន​ពួក​ឳពុក​ម្តាយ​ដែល​ជា​អ្នក​ធ្វើការ​ធ្លាប់​តែរស់នៅ​ជា​មួយ​ឳពុក​ម្តាយ​ពួក​គេ​ផ្ទាល់​ដែលជួយ​ថែទាំ​ពួក​ចៅៗ​ ដើម្បី​ឱ្យ​ឳពុកម្តាយ​កុមារ​ទាំង​នេះ​អាច​ទៅ​ធ្វើការ​បាន។ ក៏ប៉ុន្តែ​ជីដូន​ជីតា​ជា​ច្រើន​ នាំគ្នា​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ផ្ទះ​របស់​កូន ទៅ​រស់នៅ​កន្លែង​ផ្សេង​វិញ។ ពួក​ឳពុក​ម្តាយ​ឯទៀតៗ​ជា​អ្នក​ធ្វើការ​ចំណាក​ស្រុក​ដែល​រស់នៅ​ឆ្ងាយ​ពី​ជីដូន​ជីតា​នៅ​ក្នុងក្រុង​កំណើត​របស់ពួក​គេ។

លោក Can ដែល​ជា​បុគ្គលិក​សន្តិសុខ ​គ្មានជម្រើស​ឱ្យ​ឳពុក​ម្តាយ​គាត់ជួយថែទាំ​កូនគាត់​ទេ។ ដូច្នេះ​គាត់​យល់​ថា​មានការ​ស្រួល​ក្នុង​ចិត្ត​នៅ​ពេល​ធ្វើការ​ដោយ​ដឹង​ថា​មានគេ​ជួយ​ថែទាំ​កូន​គាត់​មិន​ឆ្ងាយពី​កន្លែង​គាត់​ធ្វើការ។

លោក Can បាន​និយាយ​អំពី​កន្លែង​ថែ​ទាំ​កុមាររបស់​រោង​ចក្រ​ថា«ខ្ញុំមានអារម្មណ៍​ថា ពួក​គ្រូបង្រៀន​ជួយ​ថែទាំ​កូន​ខ្ញុំ​ដោយ​ពិតប្រាកដ។ ការ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​ឳពុក​ម្តាយ​មាន​ភាពល្អ​ប្រសើរ​ហើយ​ពួក​អ្នក​ចាត់ចែង​កិច្ចការ​នៅ​ទី​នោះ​មាន​តម្លាភាព»។

លោក Kyle Kelhofer ជា​អ្នក​ចាត់ចែង​កិច្ចការ​របស់​សាជីវកម្ម​ IFC សម្រាប់​ប្រទេស​វៀតណាម​ កម្ពុជា​និង​ឡាវ។ លោក​បាន​និយាយ​ថា«កន្លែង​ធ្វើការ​ដែល​គិតគូរ​ចំពោះ​គ្រួសារ»បែបនេះ​អាច​ធ្វើឱ្យ​ពួក​និយោជក​មាន​ប្រៀប​ជាង​ក្រុមហ៊ុន​ដទៃ​ក្នុងការជួល​បុគ្គលិកល្អ​បាន​ច្រើន។ វិនិយោគ​បរទេស​កើនឡើង​ច្រើនក្នុង​ប្រទេស​វៀតណាមនាំ​ឱ្យ​មាន​ការប្រជែង​ច្រើនជាង​មុនក្នុង​ចំណោម​ក្រុមហ៊ុន​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក។ បើ​តាមរបាយការណ៍​របស់សាជីវកម្ម​ IFC ថា នៅពេលណាក្រុមហ៊ុនផ្តល់ការគាំទ្រដូចជាការថែទាំកុមារជាដើម ក្រុមហ៊ុនទាំងនេះមានទំនងច្រើនក្នុងការទាក់ទាញនិងរក្សាទុកបុគ្គលិកល្អៗបាន។

លោក Eric Lee ដែល​ជា​អ្នក​ចាត់ចែង​កិច្ចការ​ខាង​ធនធាន​មនុស្ស នៅ​ក្រុមហ៊ុន​ Taekwang Vina ដែល​ជា​ក្រុមហ៊ុន​ផលិត​ស្បែក​ជើង​បាន​និយាយ​ថា​អត្ថប្រយោជន៍​ឯ​ទៀតៗ​នៅក្នុង​ការ​ថែទាំ​កុមារ​ គឺ​ការ​បន្ថយអត្រានៃ​ការផ្លាស់ប្តូរ​ការងារ​ក្នុង​ក្រុមហ៊ុន​លោក។ ក្រុម​ហ៊ុន​ Taekwang Vina បាន​និយាយ​ថា​កិច្ចខិតខំ​ប្រឹងប្រឹង​ប្រែង​ទាំង​នេះក៏​កែលម្អ​ទំនាក់​ទំនង​របស់​ខ្លួនជា​មួយ​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​និង​កេរ្តិ៍ឈ្មោះ​របស់​ផង​ខ្លួន​ក្នុង​ចំណោម​ក្រុម​ហ៊ុន​នានា​ផងដែរ។

លោក Kyle Kelhofer ​ដែលជា​អ្នក​ចាត់ចែង​កិច្ចការរបស់​សាជីវកម្ម​ IFC សម្រាប់​ប្រទេស​វៀតណាម កម្ពុជា​និង​ប្រទេស​ឡាវ​បាន​និយាយ​ថា៖ «នៅពេល​សាលារៀន​និងកន្លែង​ថែទាំ​កុមារ​បាន​បិទ​ទ្វារ​នៅ​ពេល​មានការ​រាតត្បាតជា​សាកល​នៃជំងឺកូវីដ១៩​មាន​ការច្បាស់លាស់​ថា​ ផលិតភាព​ជាប់ពាក់ព័ន្ធ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ការ​ថែទាំ​កុមារ។ យើង​មិន​អាច​ភ្លេច​បាន​ទេ​ថា​នៅពេល​ជិត​ដល់​ការរើប​ចេញ​ពី​វបត្តិកូវីដ១៩​ មាន​ឱកាស​សម្រាប់ធុរ​កិច្ច​ក្នុង​ប្រទេស​វៀតណាម​មាន​ប្រៀប​ក្នុង​ការប្រកួត​ប្រជែង​និងធ្វើឱ្យ​ប្រទេស​នេះ​មាន​ភាពប្លែក​ពីគេ​ក្នុងការ​ដាក់​បញ្ចូល​ការគាំទ្រ​ខាង​ការ​ថែទាំ​កុមារ​សម្រាប់​និយោជិត»៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG