ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ចុះ​ពិនិត្យ​ព្រំដែន​នៅ​ត្បូង​ឃ្មុំ ​មិន​ទាន់​ជម្រះ​មន្ទិល​លើ​ការ​បាត់​បង់​ដី​ដ៏​ចម្រូង​ចម្រាស


អ្នកស្រី ​កុយ ពិសី ​អនុ​ប្រធាន​គណៈ​កម្មាធិការ​ព្រំដែន និង​លោក​ វ៉ា គឹមហុង ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន បាន​ចុះ​ទៅ​ជួប​ប្រជា​ពលរដ្ឋ​ចំនួន​១១​គ្រួសារ​នៅ​ឃុំ​ត្រពាំង​ផ្លុង​ ស្រុក​ពញាក្រែក ​ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​សៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ​២០២០។ (រូបថត​ពី​ហ្វេសប៊ុក កុយ ពិសី)
អ្នកស្រី ​កុយ ពិសី ​អនុ​ប្រធាន​គណៈ​កម្មាធិការ​ព្រំដែន និង​លោក​ វ៉ា គឹមហុង ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន បាន​ចុះ​ទៅ​ជួប​ប្រជា​ពលរដ្ឋ​ចំនួន​១១​គ្រួសារ​នៅ​ឃុំ​ត្រពាំង​ផ្លុង​ ស្រុក​ពញាក្រែក ​ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​សៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ​២០២០។ (រូបថត​ពី​ហ្វេសប៊ុក កុយ ពិសី)

មន្រ្តី​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​បាន​ចុះ​ទៅ​ឃុំ​ត្រពាំង​ផ្លុង​ ស្រុក​ពញាក្រែក ​ខេត្ត​ត្បូងឃ្មុំ ​កាល​ពី​ថ្ងៃ​សៅរ៍ ​ ហើយ​លើក​ឡើង​ថា​ ​ប្រជា​ពលរដ្ឋ​មិន​បាន​បាត់​បង់​ដី​ ដូច​ការ​អះអាង​របស់​លោក​ រ៉ុង ឈុន​មេដឹក​នាំ​សហ​ជីព ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ ហើយ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​នោះ​ទេ។​

ការ​អះអាង​នេះ​ធ្វើ​ឡើងក្រោយ​មន្រ្តី​គណៈ​កម្មាធិការ​កិច្ចការ​ព្រំដែន​ដែល​ដឹកនាំ​ដោយ​លោក​វ៉ា គឹមហុង​ប្រធាន​គណៈ​កម្មាធិការ​បាន​ចុះ​ទៅ​ជួប​ប្រជា​ពលរដ្ឋ​ចំនួន​១១​គ្រួសារ ​កាល​ពី​ថ្ងៃ​សៅរ៍។ ​ ការ​ចុះ​ទៅ​ជួប​នោះ​ ក៏​មាន​អ្នក​សារព័ត៌​មាន​មួយ​ចំនួន​ចូលរួម ​ដូច​ជា​Freshnews ​និង​ទូរទស្សន៍​បាយ័ន​ជាដើម។ ​ ប៉ុន្តែ​មិន​មាន​វត្តមាន​របស់​លោក​ រ៉ុង ឈុន​ ឬ​ក៏​ក្រុម​ការងារ​របស់​លោក​ដែល​ធ្លាប់​បាន​ចុះ​ទៅ​ពិនិត្យ​ព្រំដែន ​និង​ជួប​ប្រជា​ពលរដ្ឋ​នោះ​ទេ។​

ការ​ចុះ​ទៅ​សួរ​ប្រជា​ពលរដ្ឋ​នេះ​ធ្វើ​ឡើង​តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន។​

លោកស្រី​ កុយ ពិសី ​អនុ​ប្រធាន​គណៈ​កម្មាធិការ​ព្រំដែន​ដែល​បាន​ចុះ​ទៅ​ជួប​ប្រជា​ពលរដ្ឋ​ បាន​ថ្លែង​ប្រាប់ ​VOA ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​ប្រជា​ពលរដ្ឋ​អះអាង​ថា មិន​បាន​បាត់​បង់​ដី​របស់​ពួកគេ​នោះ​ទេ ​ហើយ​ពួក​គេ​ក៏​មិន​បាន​និយាយ​ទៅ​កាន់​លោក​ រ៉ុង ឈុន​ ថា​បាត់​បង់​ដី​ដែរ។ ​លោកស្រី​បន្ថែម​ថា ​ពុំ​មាន​ភាព​ចាំបាច់​ណា​មួយ ​ដែល​ត្រូវ​មាន​វត្តមាន​របស់​លោក ​រ៉ុង ឈុន​ ទេ ​ហើយ​ប្រជា​ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​និយាយ​ស្តី​ ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ។​

លោកស្រី​មាន​ប្រសាសន៍​ថា៖ ​«ពលរដ្ឋ​ឥឡូវ ​គាត់​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​តើ!​ហើយ​ឥឡូវ​បើ​ប្អូន​មិន​ជឿ​ទៅ​សម្ភាស​ពលរដ្ឋ​ហ្នឹង​ទៅ ​គេ​ឆ្លើយ​គ្រប់​គ្នា​តើ!....ដល់​តែ​គេ​និយាយ​ពិត នៅ​តែ​មិន​ជឿ​ទៀត​អ៊ីចឹង​ចង់​ឲ្យ​ថា​ម៉េច?​ ខ្ញុំ​អត់​យល់​ដែរ»។​

មុន​ពេល​ត្រូវ​ចាប់​ខ្លួន​ លោក​ រ៉ុង ឈុន​ បាន​បង្ហោះ​រូបភាព ​និង​វីដេអូ ​ដែល​លោក​បាន​ចុះ​ជួប​ប្រជា​ពលរដ្ឋ​កាល​ពី​ថ្ងៃ​ទី​២០ ​ខែ​កក្កដា។ ​បន្ថែម​ពី​នោះ ​លោក​បាន​បង្ហាញ​សេចក្តី​ថ្លែង​ការណ៍​មួយ ​ចុះ​ថ្ងៃ​ទី​២១​ ខែ​កក្កដា ​ដោយ​លើក​ឡើង​ថា​ តំណាង​ប្រជា​ពលរដ្ឋ​រង​គ្រោះ ​បាន​អះអាង​ប្រាប់​លោក​ថា ​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ចាប់​ពី​លេខ​បង្គោល​លេខ​១១៤​ដល់​លេខ​១១៩ ​«មាន​ភាព​មិន​ប្រក្រតី​ច្រើន​ដែល​ធ្វើ​ឲ្យ​ពួកគាត់​បាត់​បង់​ដី​អាស្រ័យ​ផល​ទៅ​ខាង​ភាគី​យួន​(វៀតណាម)​ជា​ច្រើន​រយ​ហិកតា​ហើយ​បើ​គិត​ពី​បន្ទាត់​ព្រំដែន​ចាស់​មក​ដល់​ការ​បោះ​បង្គោល​ឡាក់ ​និង​បង្គោល​រណប​ថ្មី ​បាន​ចូល​មក​ប្រហែល​៥០០​ម៉ែត្រ​ក្នុង​ទឹក​ដី​កម្ពុជា»។

រូបឯកសារ៖ សកម្មភា​ព​លោក រ៉ុង ឈុន មេដឹកនាំ​សហជីព​ ចុះជួប​ប្រជាពលរដ្ឋ និង​ពិនិត្យមើល​ព្រំដែន នៅ​ខេត្ត​ត្បូងឃ្មុំ ថ្ងៃ​ទី ២០ ខែកក្កដា ឆ្នាំ២០២០។ (រូបថត​ពី​ហ្វេសប៊ុក​ Rong Chhun)
រូបឯកសារ៖ សកម្មភា​ព​លោក រ៉ុង ឈុន មេដឹកនាំ​សហជីព​ ចុះជួប​ប្រជាពលរដ្ឋ និង​ពិនិត្យមើល​ព្រំដែន នៅ​ខេត្ត​ត្បូងឃ្មុំ ថ្ងៃ​ទី ២០ ខែកក្កដា ឆ្នាំ២០២០។ (រូបថត​ពី​ហ្វេសប៊ុក​ Rong Chhun)

​សេចក្តី​ថ្លែង​ការណ៍​ឲ្យ​ដឹង​ទៀត​ថា​ «លោក​យាយ ​និង​លោក​តា ​មាន​វ័យ​ចំណាស់​អាយុ​ជាង​៧០​ឆ្នាំ​បាន​រៀបរាប់​ពី​ប្រវត្តិ​ព្រំដែន​រវាង​កម្ពុជា ​និង​យួន​(វៀតណាម)​កាល​នោះ​ក្នុង​ទសវត្សរ៍​៧០​ថា​ ​ព្រំដែន​ខ្មែរ​នៅ​ដល់​ប៉ុស្តិ៍​ចាំហាយ ​ហើយ​ខ្សែ​បន្ទាត់​ព្រំដែន ​ចេះ​តែ​រំកិល​បន្តិច​ម្តងៗ​ចូល​មក​ទឹក​ដី​កម្ពុជា​ប្រមាណ​៣​គីឡូ​ម៉ែត្រ ​បច្ចុប្បន្ន​នេះ»។​

លោកស្រី​ កុយ ពិសី ​អនុ​ប្រធាន​គណៈ​កម្មាធិការ​កិច្ចការ​ព្រំដែន ​បាន​អះអាង​ថា​ ពលរដ្ឋ​ដែល​លោក​ រ៉ុង ឈុន​ ទៅ​ជួប​ លើក​ឡើង​ពី​ការ​ស្នើ​ចង់​បាន​ដី​របស់​រដ្ឋ​នៅ​តាម​ព្រំដែន​មិន​មែន​អះអាង​អំពី​ការ​បាត់​បង់​ដី​ទៅ​ភាគី​វៀតណាម​នោះ​ទេ។​

លោក​ស្រី​ថ្លែង​ប្រាប់​VOA​ថា៖ ​«ដោយ​ឡែក​អ្នក​១០៦​គ្រួសារ ​គឺ​សុំ​ដី ​ មិន​មែន​១០៦​គ្រួសារ​ថា​បាត់​ដី​ទេ។​អ៊ីចឹង​សូម​អ្នក​និយាយ​ហ្នឹង​មាន​ឯកសារ ​ឬ​ក៏​មាន​ប្រភព​ឲ្យ​ច្បាស់​លាស់។ ​កុំ​ចេះ​តែ​ប៉ាតណា​ប៉ាត​ណី​អ៊ីចឹង។​ យើង​ពិបាក​ធ្វើ​ការងារ»។​

ចំណែក​លោក​ វ៉ា គឹមហុង​ ប្រធាន​គណៈ​កម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំដែន​ ត្រូវ​បាន​សារ​ព័ត៌មាន​ក្នុង​ស្រុក​ដក​ស្រង់​សម្តី​នៅ​ពេល​និយាយ​ជាមួយ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន ​មិន​មែន​ទាំង​ជាង​១០០​គ្រួសារ​នោះ​ទេ។​

បើ​តាម​ Freshenews ​ លោក ​វ៉ា គឹមហុង ​បាន​ថ្លែង​ទៅ​កាន់​ប្រជា​ពលរដ្ឋ​ថា៖​ «បោះ​បង្គោលហ្នឹង​បាត់​ ឬ​ក៏​មិន​បាត់?» ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ចំណោម​១១​គ្រួសារ​ឆ្លើយ​ថា​«អត់​បាត់​ទេ»។​

លោក​ វ៉ា គឹមហុង​ បាន​បញ្ជាក់​ថា៖ ​«ដូច​ប្អូន​ឯង​ស្តាប់​ឮ​គាត់​អះ​អាង​ទាំង​អស់​គ្នា​ហើយ​គាត់​អះអាង​ច្បាស់​លាស់​ ហ៊ាន​ដល់​ផ្តិត​មេ​ដៃ​លើ​ឯកសារ​ជូន​ដល់​ថ្នាក់​លើ​ថា​ គាត់​អត់​ដែល​ថា​ យើង​បោះ​បង្គោល​ គណៈ​កម្មាធិការ​បោះ​បង្គោល​បាត់​ទឹក​បាត់​ដី​ទេ។ ​ គាត់​ថា​ មិន​ដែល​ថា​ ទេ​ អ្វី​ដែល​គេ​ថា​ យក​ពាក្យ​គាត់​ទៅ​ថា​ យក​ទៅ​អះអាង​ហ្នឹង​ជា​ការ​ភូត​កុហក»។​

លោក​ អ៊ុំ សំអាន​ អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ ​និង​ធ្លាប់​ជាប់​ពន្ធនាគារ​រឿង​រិះគន់​ព្រំដែន​នេះ​ចាត់​ទុក​ការ​ចុះ​ទៅ​មើល​ព្រំដែន​នេះ ​«គ្រាន់​តែ​ជា​ការ​បង្រ្គប់​កិច្ច»​និង​«ឆាក​ល្ខោន»​ប៉ុណ្ណោះ ​ដោយសារ​មិន​មាន​វត្ត​មាន​របស់​លោក​ រ៉ុង ឈុន​ អ្នក​តាម​ដាន​ផ្សេង​ទៀត ហើយ​សួរ​ប្រជា​ពលរដ្ឋ​តែ​១១​គ្រួសារ​មិន​មែន​ជាង​១០០​គ្រួសារ ​ដូច​លោក ​រ៉ុង ឈុន ​បាន​អះអាង។​

លោក​ អ៊ុំ សំអាន ​បាន​ថ្លែង​ពី​ក្រៅ​ប្រទេស​ថា៖ ​«យើង​មើល​ទៅ​គ្នា​របស់​ពួក​គាត់​១១​គ្រួសារ​ហ្នឹង​គ្នា​១០​នាក់​ជាង​ហ្នឹង ​មិន​ដល់​ផង! ​តិច​ជាង​ប៉ូលិស​ដែល​នៅ​ជុំ​វិញ​គាត់​ទៀត​ហ្នឹង។ ​តិច​ជាង​អាជ្ញាធរ​ តិច​ជាង​គណៈ​ប្រតិភូ​របស់​លោក​ វ៉ា គឹមហុង​ ទៀត​ហ្នឹង​ធ្វើ​ម៉េច​គាត់​ហ៊ាន​និយាយ​ការណ៍​ពិត?​ ហើយ​គាត់​ត្រូវ​បាន​មេ​ឃុំ​ អាជ្ញាធរ​ដែន​ដី​គំរាម​កំហែង​ជា​មុន​រួច​ហើយ​ហ្នឹង។ ​អ៊ីចឹង​យើង​ឃើញ​ថា​ លោក ​វ៉ា គឹមហុង​ រៀបចំ​ឆាក​ល្ខោន​ដើម្បី​សម្តែង​ឲ្យ​មហាជន​ឃើញ​ថា​ គាត់​បោះ​បង្គោល​កន្លង​មក​ត្រឹម​ត្រូវ​ មិន​បាត់​ដី​ខ្មែរ​ទេ»។​

លោកស្រី​ កុយ ពិសី ​បាន​បដិសេធ​មិន​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​លោក​ អ៊ុំ សំអាន ​ដោយ​ថា​ អតីត​តំណាង​រាស្រ្ត​របស់​គណបក្ស​សង្រ្គោះ​ជាតិ​រូប​នោះ ​តែង​តែ​«បំផ្លើស​ព័ត៌មាន»។​

លោក ​រ៉ុង ឈុន​ មេ​ដឹកនាំ​សហជីព ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ចុង​ខែ​កក្កដា ​ក្រោយ​ពី​លោក​បាន​ចុះ​ទៅ​ខេត្ត​ត្បូងឃ្មុំ ​ហើយ​បាន​ជួប​ប្រជា​ពលរដ្ឋ ​ដែល​អះអាង​ថា​ដី​របស់​ពួកគេ​ ត្រូវ​បាន​វៀតណាម​ហាម​មិន​ឲ្យ​ធ្វើ​ស្រែ​ចម្ការ ​ហើយ​ការ​បោះ​បង្គោល​ព្រំដែន​បាន​ចូល​មក​ទឹក​ដី​កម្ពុជា។​

លោក ​រ៉ុង វ៉ាន់ ​អាយុ​២២​ឆ្នាំ ​ជា​ក្មួយ​ប្រុស​របស់​លោក ​រ៉ុង ឈុន​ បាន​ថ្លែង​ការពារ​ពូ​របស់​លោក​ថា​ ពិត​ជា​បាន​ចុះ​ទៅ​ជួប​ប្រជា​ពលរដ្ឋ ​ហើយ​ពួកគេ​ពិត​ជា​បាន​អះអាង​ប្រាប់​លោក ​រ៉ុង ឈុន។​ ប៉ុន្តែ​លោក​ព្រួយ​បារម្ភ​ថា ​ប្រជា​ពលរដ្ឋ​មិន​ហ៊ាន​និយាយ​ប្រាប់​ការណ៍​ពិត​ដល់​រដ្ឋាភិបាល​នោះ​ទេ ​ដោយសារ​មាន​ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន​ រួច​ទៅ​ហើយ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ជាក់​ស្តែង​លោក​គ្រូ​រ៉ុង ឈុន​គាត់​ជា​បុគ្គល​ដែល​ស្អាត​ស្អំ។​ គាត់​ហ៊ាន​និយាយ​ការណ៍​ពិត។​ អ៊ីចឹង​ហើយ​ខ្ញុំ​នៅ​តែ​មាន​ការ​សោក​ស្តាយ​ចំពោះ​ការ​ចាប់​ខ្លួន​លោក​គ្រូ ​រ៉ុង ឈុន។​ (នៅ​ពេល)​មន្រ្តី​រាជ​រដ្ឋាភិបាល​គាត់​ចុះ​ទៅ ​ជាក់​ស្តែង​ដោយសារ​មាន​ការ​ចាប់​ខ្លួន​ផ្សេងៗ​ ប្រាកដ​ជា​ប្រជា​ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច​ និង​មាន​ការ​គាប​សង្កត់​ផ្សេងៗ»។​

គួរ​បញ្ជាក់​ថា ​មុន​លោក​បញ្ជា​ឲ្យ​គណៈ​កម្មាធិការ​កិច្ចការ​ព្រំដែន​ចុះ​ទៅ​សួរ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​ពញា​ក្រែក ​ខេត្ត​ត្បូងឃ្មុំ​ដើម្បី​បង្ហាញ​ការណ៍​ពិត​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន ​សែន កាល​ពី​ខែ​សីហា​ក៏​បាន​ព្រមាន​ចាប់​ខ្លួន​អ្នក​ហ៊ាន​ចេញ​មុខ​រិះគន់​រដ្ឋាភិបាល​លើ​បញ្ហា​ព្រំដែន​ផង​ដែរ៕

XS
SM
MD
LG