មន្រ្តីវៀតណាមនិងចិនបានជួបគ្នាក្នុងសប្តាហ៍នេះ បន្ទាប់ពីមានជម្លោះដែនទឹកអស់រយៈពេលជាច្រើនខែកន្លងមក ដែលក្នុងនោះរួមមានការបុកពន្លិចទូកនេសាទវៀតណាម និងការធ្វើតេស្តសាកល្បងកាំជ្រួចពីសំណាក់ប្រទេសចិនផងដែរ។
រដ្ឋមន្ត្រីក្រសួងការពារជាតិចិនលោក Wei Fenghe (វ៉េ ហ្វ៊ឹងហ៊) បានជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតវៀតណាមលោក Phạm Sao Mai កាលពីថ្ងៃចន្ទ ក្នុងទីក្រុងប៉េកាំង។
រដ្ឋមន្រ្តីក្រសួងការពារជាតិចិនលោក Wei លើកឡើងក្នុងកិច្ចប្រជុំនោះថា ប្រទេសចិនសង្ឃឹមថានឹងអាចពង្រឹងការឯកភាពគ្នា ការសហការគ្នាដោយជិតស្និទ្ធ និងការដោះស្រាយជម្លោះដែនទឹកដោយស្រមស្របជាមួយប្រទេសវៀតណាម នៅចំពោះមុខនៃការផ្លាស់ប្តូរជាសាកលនានា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិនដែលត្រូវបានបង្ហោះក្នុងគេហទំព័ររបស់ខ្លួន។
អ្នកជំនាញនយោបាយអាស៊ីមួយចំនួននិយាយថា ប្រទេសទាំងពីរកំពុងស្វែងរកវិធីដើម្បីបន្ធូរភាពតានតឹងក្នុងទំនាក់ទំនងរបស់ខ្លួន និងទប់ស្កាត់ការឡើងកម្តៅជាថ្មីទៀតនូវជម្លោះដែនទឹកដែលបានកើតឡើងក្នុងពេលថ្មីៗនេះរវាងប្រទេសទាំងពីរ។
លោក Carl Thayer សាស្រ្តាចារ្យចូលនិវត្តន៍ដែលជំនាញកិច្ចការតំបន់អាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យ New South Wales ក្នុងប្រទេសអូស្ត្រាលីលើកឡើងថា នេះជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងការបន្ថយនូវភាពតានតឹងដែលកើតមានឡើង។ លោកថា វាមិនមែនជាការបញ្ចប់នូវភាពតានតឹងនោះទេ តែជាការបន្ថយនូវភាពតានតឹងដែលកើតមានឡើងនោះតែប៉ុណ្ណោះ។
កាលពីខែមេសានាវាស្រាវជ្រាវចិនបានដេញពន្លិចទូកនេសាទវៀតណាមមួយគ្រឿង។ ពីរខែក្រោយមក នាវាស្រាវជ្រាវរបស់ចិនមួយគ្រឿង បានបើកចូលដែនទឹកក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសវៀតណាម ឬហៅថា EEZ ដែលមាន៣៧០គីឡូម៉ែត្រពីឆ្នេរសមុទ្រវៀតណាម។ ទន្ទឹមគ្នានេះដែរ ក្នុងខែសីហាកន្លងទៅ កងយោធាចិនបានបាញ់សាកល្បងកាំជ្រួចពីរគ្រាប់នៅជិតតំបន់ប្រជុំកោះ Paracel ក្នុងតំបន់សមុទ្រចិនខាងត្បូងដែលគ្រប់គ្រងដោយរដ្ឋភិបាលក្រុងប៉េកាំង តែដែលវៀតណាមបានតវ៉ាប្រឆាំងយ៉ាងខ្លំាំងចំពោះការគ្រប់គ្រងតំបន់នេះពីសំណាក់ភាគីចិននេះ៕