ទាហានវៀតណាមនៅថ្ងៃច័ន្ទត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវក្នុងទីក្រុងហូជីមិញ ដើម្បីជួយពង្រឹងការបិទខ្ទប់ក្នុងទីក្រុងដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ប្រទេសមួយនេះ ហើយដែលបានក្លាយជាចំណុចកណ្តាលនៃការផ្ទុះឆ្លងជំងឺកូវីដ១៩ដ៏អាក្រក់បំផុតរហូតមកដល់ពេលនេះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
កាលពីចុងសប្តាហ៍ មានការផ្អើលស្លន់ស្លោទិញទំនិញបានកើតឡើងនៅផ្សារទំនើបក្នុងទីក្រុងដែលមានមនុស្ស៩ លាននាក់នេះ មុនពេលមានការរឹតបន្តឹងតឹងរ៉ឹងឡើង ដែលបានចាប់ផ្តើមនៅថ្ងៃច័ន្ទនិងហាមឃាត់អ្នកស្រុកមិនឱ្យចាកចេញពីផ្ទះរបស់ពួកគេ។ យោងតាមសាក្សីនិងរូបថតនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ទាហាននៅថ្ងៃច័ន្ទបានត្រួតពិនិត្យលិខិតអនុញ្ញាតរបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវ និងជួយចែកអាហារ។
ទីក្រុងហូជីមិញបានកត់ត្រាការឆ្លងកូវីដ១៩សរុបចំនួន១៧ម៉ឺន៦ពាន់នាក់និងមានអ្នកស្លាប់ចំនួន៦.៦៧០ នាក់ដែលស្មើនឹងពាក់កណ្តាលនៃករណីឆ្លងសរុបរបស់វៀតណាមនេះនិង៨០% នៃចំនួនអ្នកស្លាប់។ នេះបើយោងតាមក្រសួងសុខាភិបាលវៀតណាម។
បទបញ្ជាតឹងរ៉ឹងបំផុតរបស់វៀតណាមនេះ ចំពេលមានកំណើនចំនួនអ្នកស្លាប់និងការឆ្លង។ បន្ទាប់ពីបានជោគជ័យទប់ទល់នឹងជំងឺកូវីដ១៩ អស់រយៈពេលស្ទើរតែពេញមួយឆ្នាំនៅឆ្នាំមុន ប្រទេសវៀតណាមរហូតមកដល់ពេលនេះមានអ្នកឆ្លងចំនួន៣៤ម៉ឺន៨ពាន់ នាក់និងយ៉ាងហោចណាស់មានអ្នកស្លាប់ចំនួន៨ពាន់២៧៧ នាក់ដែលភាគច្រើនត្រូវបានកត់ត្រានៅក្នុងការផ្ទុះឡើងបណ្តាលមកពីវីរុសបំប្លែងថ្មីដែលតា (Delta)ចាប់តាំងពីចុងខែមេសាមក។
មកទល់នឹងពេលនេះ ប្រជាជនវៀតណាមប្រមាណតែ១,៨លាននាក់ប៉ុណ្ណោះ ដែលស្មើនឹង១,៨%នៃប្រជាជនវៀតណាមសរុបជិត១០០លាននាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩គ្រប់ដូស៕