លោក Min Aung Hlaing ឧត្តមសេនីយ៍ជាន់ខ្ពស់និងជាមេដឹកនាំរដ្ឋប្រហារប្រទេសមីយ៉ាន់ម៉ាមានបំណងចាក់វ៉ាក់សាំងជំងឺកូវីដ១៩ដល់ប្រជាជនចំនួន៥០ភាគរយនៅត្រឹមចុងឆ្នាំនេះក៏ប៉ុន្តែមានការលំបាកនិងឧបសគ្គក្នុងការសម្រេចគោលដៅនេះ។
ចាប់តាំងពីថ្ងៃទី២៨ខែកក្កដាមក ក្រុមប្រឹក្សារដ្ឋបាលរដ្ឋដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមប្រជាធិបតេយ្យដែលដឹកនាំដោយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យបានចាក់វ៉ាក់សាំងចិនSinopharm និង Sinovac នៅទូទាំងប្រទេស។
ចាប់ពីខែកក្កដាដល់ថ្ងៃទី៨ខែសីហារដ្ឋាភិបាលក្រុងប៉េកាំងបានបញ្ជូនវ៉ាក់សាំងចំនួន៤,៥លានដូសទៅប្រទេសមីយ៉ាន់ម៉ា រួមមានបរិច្ចាគវ៉ាក់សាំង Sinopharm ចំនួន២,៥លានដូសនិងវ៉ាក់សាំង Sinovacចំនួន២លានដូសទិញដោយពួកយោធាមីយ៉ាន់ម៉ា។វ៉ាក់សាំងជាង២លានដូសនឹងទៅដល់នៅខែនេះតែពួកយោធាបានទិញវ៉ាក់សាំង Sinovac ទាំងអស់ចំនួន៤លានដូស។
ក្រសួងសុខាភិបាលនិងកីឡាប្រទេសមីយ៉ាន់ម៉ាបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងនៅសប្តាហ៍ចុងក្រោយនៃខែកក្កដា។បុគ្គលិកសុខាភិបាលអ្នកស្ម័គ្រចិត្ត អ្នកទោសនិងអ្នកមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅនៅក្នុងក្រុមអាទិភាពដែលត្រូវចាក់មុនគេ។កាសែតរដ្ឋ The New Light of Myanmar បានរាយការណ៍នៅថ្ងៃទី៦ខែសីហាថា មនុស្សជាង១,៨លាននាក់គឺស្មើនឹង៦,០៨ភាគរយនៃចំនួនប្រជាពលរដ្ឋក្នុងកម្មវិធីនេះបានចាក់វ៉ាក់សាំងហើយ។
ប្រទេសមីយ៉ាន់ម៉ាមានមនុស្សជាង៣០លាននាក់ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅហើយដែលត្រូវចាក់វ៉ាក់សាំង ហើយ៥០ភាគរយនៃអ្នកទាំងនោះគឺ១៧លាននាក់ជាគោលដៅដែលត្រូវចាក់វ៉ាក់សាំងនៅចុងឆ្នាំនេះ។នេះបើតាមលោកវេជ្ជបណ្ឌិត Than Naing Soe អ្នកនាំពាក្យក្រសួងសុខាភិបាលនិងកីឡាប្រាប់ VOA។
លោក Min Aung Hlaing បាននិយាយនៅឯកិច្ចប្រជុំកាលពីថ្ងៃទី២ខែសីហាថា៖«ដើម្បីចាក់វ៉ាក់សាំងឲ្យបាន៥០ភាគរយនៃប្រជាពលរដ្ឋទាំងអស់នៅចុងឆ្នាំនេះយើងត្រូវចាក់ឱ្យបាន៥លាននាក់ក្នុងមួយខែ»៕