ប្រទេសអូស្ត្រាលីកាលពីថ្ងៃព្រហស្បតិ៍បានរាយការណ៍ករណីឆ្លងជំងឺកូវីដ១៩ឡើងខ្ពស់នៅក្នុងរដ្ឋចំនួន២ដែលមានប្រជាពលរដ្ឋច្រើនបំផុតដែលនេះបានបណ្តាលឲ្យមានការបិទសកម្មភាពសង្គមជាថ្មី។
New South Wales ដែលជារដ្ឋមានប្រជាពលរដ្ឋច្រើនបំផុតបានរាយការណ៍ការឆ្លងចំនួន៦៨១ករណីក្នុងពេល២៤ម៉ោង។ រដ្ឋ Victoria បានរាយការណ៍ការឆ្លងថ្មីចំនួន៥៧ករណីនៅក្នុងទីក្រុងMelbourne។ ទីក្រុងនេះបិទសកម្មភាពសង្គមលើកទី៦ដោយសារជំងឺរាតត្បាតនេះខណៈប្រទេសអូស្ត្រាលីប្រយុទ្ធប្រឆាំងកំណើនថ្មីនៃវីរុសប្រភេទដែលតា(Delta)។ កាលពីថ្ងៃពុធអាជ្ញាធរបានរកឃើញការឆ្លងថ្មីចំនួន៧៤៧ករណីដែលជាកំណត់ត្រាខ្ពស់បំផុតនៅក្នុងប្រទេសនេះ។
ពលរដ្ឋអូស្ត្រាលីប្រហែល២២ភាគរយបានចាក់វ៉ាក់សាំងពេញលេញប្រឆាំងវីរុសកូរ៉ូណា។ នេះបើតាមសាកលវិទ្យាល័យ Johns Hopkins។
ខណៈប្រទេសជាច្រើនខិតខំឲ្យបានចាក់វ៉ាក់សាំងមួយដូសដល់ពលរដ្ឋរបស់ខ្លួននោះប្រទេសផ្សេងទៀតបានប្រកាសកម្មវិធីចាក់វ៉ាក់សាំងដូសជំរុញដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត។
ប្រទេសអ៊ីស្រាអែលដែលបានចាប់ផ្តើមចាក់វ៉ាក់សាំងដូសជំរុញដល់អ្នកមានអាយុចាប់ពី៦០ឆ្នាំឡើងកាលពីខែកក្កដាបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាគ្រូបង្រៀនទាំងអស់និងអ្នកដែលមានអាយុចាប់ពី៤០ឆ្នាំឡើងនឹងអាចចាក់វ៉ាក់សាំងដូសជំរុញ។
ការប្រកាសនេះកើតមានឡើងមួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបាននិយាយថាខ្លួននឹងចាប់ផ្តើមចាក់វ៉ាក់សាំងដូសជំរុញដល់ពលរដ្ឋដែលងាយរងគ្រោះនៅខែក្រោយ។
ការប្រកាសនេះបានប្រឆាំងការអំពាវនាវរបស់អង្គការសុខភាពពិភពលោកឲ្យផ្អាកការចាក់វ៉ាក់សាំងដូសជំរុញរហូតដល់ប្រជាពលរដ្ឋលើសាកលលោកកាន់តែច្រើនឡើងបានចាក់វ៉ាក់សាំងដូសដំបូង៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានThe Associated Press, Agence France-Presse និង Reuters)