ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ក្រសួង​ការ​បរទេស​វៀតណាម​បាន​និយាយ​ការពារ​នយោបាយ​ការ​បរទេស​របស់​រដ្ឋាភិបាល​ក្រុង​ហាណូយ ក្រោយពី​មាន​សំណួរ​ទាក់ទង​នឹង​លិខិត​ចំហ​របស់​សមាជិក​លេច​ធ្លោ​ក្នុង​បក្សកុម្មុយនិស្ត​វៀតណាម​ ដែល​ជំរុញ​ឲ្យ​ប្រទេស​នេះ​បញ្ចប់ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន។​

ថ្លែងនៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ជាប្រក្រតី​នៅ​រដ្ឋធានី​ហាណូយ លោក​ Le Hai Bing អ្នក​នាំពាក្យ​និយាយ​ថា ​នយោបាយ​បច្ចុប្បន្ន​របស់​វៀតណាម​មាន​គោល​បំណង​ការពារ​ឯករាជ្យ​ភាព ​ម្ចាស់​ការ​ និង​ពហុភាព​នៃ​ទំនាក់ទំនង​អន្តរជាតិ។​ លោក ​Binh ​និយាយថា​ ការ​អនុវត្ត​នយោបាយ​ការបរទេស​វៀតណាម​បាន​រួម​វិភាគ​ទាន​ច្រើន​ណាស់​ក្នុងការ​លើក​កម្ពស់​ជំហរ​របស់វៀតណាម​លើឆាក​ពិភពលោក ​ព្រមទាំង​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​និង​ការ​ឆ្លុះ​បញ្ចាំង​អំពី​ប្រទេស​នេះ។​

ក្នុង​សប្តាហ៍​នេះ​ដែរ​ មាន​សមាជិក​ប្រហែល​៦០​នាក់​នៃ​គណបក្ស​កុម្មុយនិស្ត​វៀតណាម​បាន​បញ្ជូន​លិខិត​ចំហទៅ​គណៈមជ្ឈឹម​បក្ស​វៀតណាមដែល​ជាថ្នាក់​កំពូល​ក្នុង​បក្ស ដោយ​និយាយ​ថា​ រដ្ឋាភិបាល​ក្រុង​ហាណូយ​បាន​ខាតបង់​ច្រើន​ក្នុង​ការ​លះបង់​ច្រើន​ពេក​តាម​ការ​ទាមទារ​របស់​ចិន។ ​

លិខិត​នេះធ្វើឡើង​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ក្រោយ​ពីវិបត្តិ​ការទូត​ ដែលបាន​កើតមាន​ឡើង​នៅ​កាលពី​ខែ​ឧសភា ​នៅពេល​ដែល​ប្រទេស​ចិន​បាន​ដាក់​ការដ្ឋាន​បូមខួង​ប្រេង​នៅក្នុង​ដែនទឹក​ដែល​វៀតណាម​អះអាង​ថា ​នៅ​ក្នុង​បូរណភាពដែនដី​របស់​ខ្លួន​ដែរ​នោះ។​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ដក​ការដ្ឋាន​ខួងប្រេង​វិញ​កាលពី​ដើមខែ​កក្កដា​នេះ​ ដើម្បី​ចេញ​ពីខ្សល់​ព្យុះ ​Typhoon។​

សាស្ត្រាចារ្យ​ Tuong Lai ​ដែល​ធ្លាប់ធ្វើជា​ទីប្រឹក្សា​របស់​នាយក​រដ្ឋមន្ត្រី​ពីរ​នាក់​ គឺជា​បុរសម្នាក់​នៅក្នុង​ចំណោម​អ្នក​ចុះហត្ថ​លេខាក្នុង​លិខិត​ចំហ​ ដែល​ផ្ញើទៅ​មេដឹកនាំ​កំពូល​ក្នុង​រដ្ឋាភិបាល​នេះ។​

លោក​និយាយ​ថា ​លិខិត​នេះ​មាន​ខ្លឹម​សារខុសពី​លិខិត​មុនៗ​ ពីព្រោះ​គ្រប់ៗ​គ្នា​ដែល​បាន​ចុះ​ហត្ថលេខា​គឺជា​សមាជិក​នៃ​គណបក្ស​កុម្មុយនិស្ត។​

​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ចិន​និងវៀតណាម​ក្នុង​ពេលពីរ​បីខែ​កន្លង​មក​នេះ​មាន​ភាព​តាន​តឹង​ ជាពិសេស​ក្រោយពីមាន​បាតុកម្ម​ប្រឆាំង​ចិន​ដែលបាន​បណ្តាល​ឲ្យ​មាន​អំពើ​បះបោរ​ក្នុង​តំបន់​ឧស្សាហ​កម្ម​នៅ​ប្រទេស​វៀតណាម​កាលពី​ខែ​ឧសភា​ ដែល​បាន​បណ្តាល​ឲ្យ​កម្មករ​ជន​ជាតិ​ចិន​ជា​ច្រើន​នាក់​ស្លាប់។​ ប្រទេស​ចិនគឺ​ជា​ដៃគូ​ពាណិជ្ជ​កម្ម​ធំ​បំផុត​របស់​វៀតណាម។ ​

លិខិត​នោះ​ក៏មានផ្តល់អនុសាសន៍​ឲ្យ​រដ្ឋាភិបាល​ក្រុង​ហាណូយ​ប្តឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​តុលាការ​អន្តរជាតិ​តាម​ច្បាប់​សមុទ្រ​អន្តរជាតិ។​

លោក​ Tuong Lai ​និយាយ​ថា​ ការ​ឱន​ក្បាល​ទៅរក​ចិន​នេះ​ធ្វើឲ្យ​ ប្រជាជន​វៀតណាម​បាត់បង់​ទំនុក​ចិត្ត​លើ​គណបក្ស។​

អ្នកស្រី ​Pham Chi Lan ​អាយុ​៦៩​ឆ្នាំ​ ដែល​ជា​ហត្ថលេខី​ម្នាក់​ទៀត គឺជា​អតីត​អនុប្រធាន​សភា​ពាណិជ្ជកម្ម​ ឧស្សាហកម្ម​វៀតណាម ​និង​ជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ស្រាវជ្រាវ​របស់​នាយក​រដ្ឋ​មន្ត្រី។ អ្នកស្រី​នៅធ្វើ​ជា​ទីប្រឹក្សា​របស់​ក្រសួង​ជា​ច្រើន​នៅ​ឡើយ។​

អ្នកស្រី​និយាយ​ថា​ ប្រទេស​វៀតណាម​ត្រូវ​ធ្វើ​សមាហរណ​កម្ម​ថែម​ទៀត​ជាមួយ​ប្រទេស​ផ្សេងៗ ​ដូច​ជា​ឥណ្ឌា ​កូរ៉េខាងត្បូង​ ជប៉ុន​ និង​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅកាត់​ថា ​អាស៊ាន​ ដើម្បី​ចេញពី​ការពឹង​ផ្អែក​លើ​ប្រទេស​ចិន។​

អ្នកស្រី​និយាយ​ថា​ ប្រទេស​វៀតណាម​ក៏ត្រូវ​អនុវត្ត​កំណែ​ទម្រង់​ស្ថាប័ន​ដែរ។​ ឧទាហរណ៍​ ប្រសិន​បើ​គណបក្ស​នៅតែ​ចង់​អភិវឌ្ឍ​ទីផ្សារ​តាម​សេដ្ឋកិច្ច​ផែនការ​របៀប​សង្គម​និយមដូច​ដែល​ប្រទេស​នេះ​កំពុង​ធ្វើ​នៅ​ពេល​នេះ នោះនឹង​មានការ​លំបាក។ ​និយម​ន័យ​នៃពាក្យ​នេះ​មិន​ច្បាស់​លាស់​ទេ។ ​

លោក ​Tuong Lai ​និយាយ​ថា ​គំនិត​នេះ​មិនមាន​បំណង​រំលំ​គណបក្ស​កុម្មុយនិស្ត​ទេ ប៉ុន្តែ​ដើម្បី​កសាង​គណបក្ស។​ ប៉ុន្តែ​ការ​កសាង​នេះ​ត្រូវមាន​កំណែ​ទម្រង់។​

លោក​និយាយ​ថា​ បើយើង​ទុក​ដដែល​ មិន​ផ្លាស់ប្តូរ​ទេ នោះ​គណបក្ស​នឹង​ដួលរលំ​ ព្រោះ​ថា​ ជំនឿ​របស់​ពលរដ្ឋ​មាន​កម្រិត​ទាប​ណាស់»៕

លោកពិន ស៊ីសុវណ្ណប្រែសម្រួល

XS
SM
MD
LG