ប្រទេសចិនកាលពីថ្ងៃអង្គារម្សិលមិញ បានសម្រេចរុះរើការដ្ឋានខួងរុករកប្រេងចេញពីផ្ទៃទឹកសមុទ្រដែលកំពុងមានភាពចម្រូងចម្រាសជាមួយ ប្រទេសវៀតណាម។ ការដ្ឋានដែលត្រូវបានសាងសង់កាលពី២ ខែមុន បានធ្វើឲ្យមានភាពតានតឹងផ្នែកការទូតរវាងប្រទេសទាំងពីរ រហូតដល់ផ្ទុះការតវ៉ាហិង្សាប្រឆាំងជនជាតិចិនរស់នៅក្នុងប្រទេសវៀតណាម។
ក្រុមអ្នកវិភាគនិយាយថា ការរុះរើការដ្ឋានរុករកប្រេងរបស់ចិននៅក្នុងតំបន់ប្រជុំកោះបារ៉ាសេលនៃសមុទ្រចិនភាគខាងត្បូង នឹងជួយកាត់បន្ថយការប្រឈមមុខដាក់គ្នារវាង កប៉ាល់ល្បាតរបស់ប្រទេសទាំងពីរដែលធ្លាប់ប៉ះទង្គិចគ្នាច្រើនលើកមកហើយ។ ក៏ប៉ុន្តែគេរំពឹងទុកថា ទង្វើជាវិជ្ជមានរបស់ចិនបែបនេះនឹងអាចធ្វើឲ្យប្រសើរឡើងទំនាក់ទំនងការទូតតិចតួចតែប៉ុណ្ណោះ។
ដោយឡែករដ្ឋាភិបាលទីក្រុងប៉េកាំងបានអះអាងថា ការរុះរើការដ្ឋានខួងរុករកប្រេងដែលមានតម្លៃរាប់ពានលានដុល្លារនេះ មិនមែនដោយសារការរងសម្ពាធអ្វីឡើយ ក៏ប៉ុន្តែប្រទេសចិនបានបញ្ចប់ការងាររបស់ខ្លួនតែប៉ុណ្ណោះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃអង្គារម្សិលមិញក្រសួងការបរទេសវៀតណាម បានលើកឡើងថា វៀតណាមបានតាំងចិត្តរួចជាស្រេចដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិ៕