ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​និង​ស្ត្រី​រងគ្រោះ​អំពាវនាវ​ឱ្យ​​ក្រសួង​កិច្ចការ​នារី​សកម្ម​ជាង​បច្ចុប្បន្ន


រូបឯកសារ៖ ស្ត្រី​សកម្មជនបឹងកក់ម្នាក់ ត្រូវបានប៉ូលិស​ហាមឃាត់ នៅ​ក្បែរ​សាលាដំបូងរាជធានីភ្នំពេញក្នុងអំឡុងពេលដែលលោកស្រីនិងសកម្មជនផ្សេងៗទៀតបានតវ៉ាទាមទារឲ្យដោះលែងសកម្មជនសិទ្ធិមនុស្ស​មួយចំនួន រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤។

ជារឿយៗ ​រាល់​ពេល​ដែល​ក្រុម​ស្រ្តី​សកម្មជន​ដីធ្លី​ចេញ​តវ៉ា​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​ដីធ្លី រហូត​ពេល​ខ្លះ​មាន​ផ្ទុះ​ជា​អំពើ​ហិង្សា​ និង​ការ​ចាប់​ដាក់​ពន្ធនាគារ​ជាដើម គេ​មិន​ឃើញ​​ក្រសួង​កិច្ចការ​នារី​​ចេញ​អន្តរាគមន៍​នោះ​ទេ។​

ក្រុម​ស្រ្តី​ដែល​ធ្វើការ​ផ្នែក​ការពារ​សិទ្ធិ​ស្រ្តី ស្រ្តី​សកម្មជន​ដីធ្លី ​ព្រមទាំង​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​បាន​អំពាវនាវ​ឲ្យរដ្ឋាភិបាល​កម្ពុជា​ ពិសេស​ក្រសួង​កិច្ចការ​នារី​ យក​ចិត្ត​ទុក​ដាក់​ និង​បន្ថែម​ការ​ការពារ​សម្រាប់​ស្រ្តី ​និង​ក្រុម​ជន​ងាយ​រងគ្រោះ​នៅ​កម្ពុជា​ ខណៈ​ពួកគេ​លើកឡើង​ថា ​ក្រសួង​ដែល​តំណាង​ឲ្យ​ស្រ្តី​មួយ​នេះ មាន​សកម្មភាព​តិចតួច​ក្នុង​ការឆ្លើយ​តប​ពេល​ស្រ្តី​ជួប​បញ្ហា។​

ការ​លើក​ឡើង​របស់​ក្រុម​ស្រ្តី​ទាំង​នោះ ​ធ្វើ​ឡើង​ខណៈ​ដែល​កម្ពុជា​កំពុង​ត្រៀម​រៀបចំ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ៨មិនា​ ​ដែល​ទិវា​នេះ​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ដើម្បី​រំឮក​ដល់​ការ​តស៊ូ​ទាមទារ​សិទ្ធិ​របស់​ស្រ្តី​នៅ​សហរដ្ឋ​អាមេរិកកាលពី​ជាង​១០០​ឆ្នាំ​មុន។​

អ្នកស្រី​ រស់ សុភាព ​នាយិកា​អង្គការ​យេនឌ័រ​ ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ប្រាប់​ ​VOA​ ថា​ស្ថានភាព​របស់​ស្រ្តីនៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​មិនមាន​ភាព​ប្រសើរ​ឡើង​ណាមួយ​នោះ​ទេ ដោយ​អ្នកស្រី​ថា​ ស្រ្តី​នៅ​តែ​មាន​ចំនួន​តិច​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ ហើយ​ស្រ្តីនៅ​តែ​រង​អំពើ​ហិង្សា​ និង​ការ​រើសអើង គួរ​ឲ្យ​ព្រួយបារម្ភ​ដដែល។​

អ្នកស្រី​បន្ថែម​ថា​ ការ​អនុវត្ត​ការ​ងារ​របស់​រដ្ឋាភិបាល ជាពិសេស​ក្រសួង​កិច្ចការ​នារី ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ស្រ្តី​នៅ​មាន​កម្រិត ដែល​ចាំបាច់​ត្រូវ​មាន​ការ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ចាំបាច់។

ស្រ្តី​ធ្វើ​ការ​ផ្នែក​លើក​ស្ទួយ​សិទ្ធិ​ស្រ្តី​អស់​រយៈពេល​ប្រមាណ​ជា​២៥​ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា៖​

«សម្រាប់​ក្រសួង​កិច្ចការ​នារី​ ខ្ញុំ​គិត​ថា​ គាត់​ដោះ​ស្រាយ​ទៅ​លើ​ករណី​ហ្នឹង​ ដូចជា​មិន​ទាន់​មាន​ការ​ដោះ​ស្រាយ​ឲ្យបាន​ទូលំ​ទូលាយ​ទេ គាត់​នៅ​ត្រឹម​តែ​ការ​អនុវត្ត​ទៅ​លើ​គោល​នយោបាយ​តែ​ប៉ុណ្ណឹង​ទេ​ របៀប​ជា​ទ្រឹស្តី ជា​ការ​យល់​ដឹង។​ ប៉ុន្តែ​ឲ្យ​អនុវត្ត​ទៅ​លើ​ស្រ្តី​ដែ​ល​គាត់​ជួប​ប្រទះ​ទៅ​លើ​អំពើ​ហិង្សា​អី​ហ្នឹង​ ខ្ញុំ​គិត​ថា ​ប្រហែល​ជា​នៅ​មាន​កម្រិត​នៅ​ឡើយ»។​

លោក​ស្រី​ រស់ ​សុភាព​ នាយិការប្រតិបត្តិ​នៃអង្គការ​យេនឌ័រ​និង​អភិវឌ្ឍន៍ និង​ជាអគ្គលេខាធិការ​នៃ​បណ្តាញ​យេនឌ័រ​និង​អភិវឌ្ឍន៍​ដែល​ផ្តួចផ្តើម​ការ​សិក្សា​លើ​ច្បាប់​ស្តីពីការទប់ស្កាត់អំពើហិង្សក្នុងគ្រួសារ​និយាយជាមួយ ផន បុប្ផា នៃ ​VOA​ កាល​ពី​ថ្ងៃ​ពុធ ទី៥ ខែមិនា ឆ្នាំ២០១៧។
លោក​ស្រី​ រស់ ​សុភាព​ នាយិការប្រតិបត្តិ​នៃអង្គការ​យេនឌ័រ​និង​អភិវឌ្ឍន៍ និង​ជាអគ្គលេខាធិការ​នៃ​បណ្តាញ​យេនឌ័រ​និង​អភិវឌ្ឍន៍​ដែល​ផ្តួចផ្តើម​ការ​សិក្សា​លើ​ច្បាប់​ស្តីពីការទប់ស្កាត់អំពើហិង្សក្នុងគ្រួសារ​និយាយជាមួយ ផន បុប្ផា នៃ ​VOA​ កាល​ពី​ថ្ងៃ​ពុធ ទី៥ ខែមិនា ឆ្នាំ២០១៧។

ជារឿយៗ ​រាល់​ពេល​ដែល​ក្រុម​ស្រ្តី​សកម្មជន​ដីធ្លី​ចេញ​តវ៉ា​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​ដីធ្លី រហូត​ពេល​ខ្លះ​មាន​ផ្ទុះ​ជា​អំពើ​ហិង្សា​ និង​ការ​ចាប់​ដាក់​ពន្ធនាគារ​ជាដើម គេ​មិន​ឃើញក្រសួង​កិច្ចការ​នារីចេញ​អន្តរាគមន៍​នោះ​ទេ។​

កញ្ញា​ សុង ស្រីលាភ​ អតីត​ស្រ្តី​សកម្មជន​ដីធ្លី​ក្នុង​តំបន់​បឹងកក់​ ដែល​តែង​បាន​ចេញ​មុខ​តវ៉ា​រាល់​មាន​ជម្លោះ​ដីធ្លី ប្រាប់ VOA​ ថា​ រាល់​ពេល​ស្រ្តី​សកម្មជន​ដីធ្លី​ស្នើ​សុំ​ជំនួយ​ពី​រដ្ឋាភិបាល​ ជាពិសេស​ក្រសួង​កិច្ចការ​នារី​កម្ពុជា កញ្ញា​កម្រ​ឃើញ​ស្ថាប័ន​ទាំង​នោះ​ចេញ​មក​ធ្វើ​អន្តរាគមន៍​ណាស់។​ កញ្ញា​បន្ថែម​ថា ក្រសួង​កិច្ចការ​នារី​ហាក់​មិន​សូវ​ខ្វាយខ្វល់​ពី​បញ្ហា​របស់​ស្ត្រី ហើយ​ថា​ ក្រសួង​មួយ​នេះមិន​មាន​ភាព​ជា​តំណាង​របស់​ស្រ្តី​នោះ​ទេ។​

អតីត​ស្រ្តី​សកម្មជនដីធ្លី​ដែល​ធ្លាប់​បាន​តវ៉ា​ជិត​១០​ឆ្នាំ​មក​នេះ​បញ្ជាក់​ថា៖​

«យើង​មើល​ឃើញ​ថា ​គាត់​ធ្វើ​ការ​ទៅ​តាម​អារម្មណ៍ ឬក៏តាម​ប្រព័ន្ធ​ហ្វេសប៊ុក​ទៅ​វិញ អញ្ចឹង​យើង​មើល​ឃើញ​ថា​ គាត់​អត់​បាន​គោរព​នូវ​តួនាទី ឬ​ពាក្យ​ឈ្មោះ​ក្រសួង​របស់គាត់​ទេ។ បើ​យើង​មើល​កន្លង​មក ឥលូវ​សម័យ​អ៊ីនធឺ​ណេត សម័យ​ហ្វេសប៊ុក អញ្ចឹង​បើសិន​ជា​រឿង​ករណី​ណា​ល្បី​តាម​ហ្វេសប៊ុក ដែល​មិន​ពាក់​ព័ន្ធ​នឹង​រឿង​ដីធ្លី រឿង​សិទ្ធិ អាហ្នឹង​គាត់​អន្តរាគមន៍​លឿន។ តែ​ដល់​ពេល​ពាក់ព័ន្ធ​នឹង​រឿង​បញ្ហា​ដីធ្លី​ រំលោភ​សិទ្ធិ​ប្រជា​ពលរដ្ឋ​ចាប់​ដាក់ពន្ធនាគារ​ ចោទ​ប្រកាន់​សព្វ​បែប​យ៉ាង​នោះ​ យើង​មើល​ឃើញ​ថា​គាត់​គឺ​ស្ងាត់ គាត់​អត់​ចេញ​មក​ជួយ​ សូម្បី​តែ​និយាយ​តាម​សារព័ត៌មាន ​ក៏​មិន​មាន​ដែរ»។​

កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៨ អ្នក​ចម្រៀង​មួយ​រូប​គឺ​កញ្ញា ​ទេព បូព្រឹក្ស ​ត្រូវ​បាន​បុរស​ម្នាក់​គប់​ស្រាបៀរ​លើ​ខ្លួន​ ខណៈ​កំពុង​ច្រៀង​នៅ​លើ​ឆាក​ក្នុង​ភោជនីយដ្ឋាន​មួយ។ ក្រោយ​ហេតុការណ៍​នោះ​កើត​ឡើង​ ក្រុម​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ផ្នែក​សិទ្ធិ​ស្រ្តី​ ​បាន​ទាមទារ​ឲ្យ​មាន​ការ​ផ្តល់​យុត្តិធម៌​សម្រាប់អ្នកចម្រៀង​រូប​នោះ។​

ក្រោយ​បន្តិច​ គេ​ឃើញ​ក្រសួង​កិច្ចការនារី ​បាន​បង្កើត​ក្រុម​ការងារ​តាមដាន​លើ​បណ្ដាញ​សង្គម Facebook ក្នុង​ការ​ទទួល​ព័ត៌មាន​អំពី​ករណី​អំពើ​ហិង្សា ទាក់ទង​នឹង​យេនឌ័រ ដើម្បី​ពង្រីក​លទ្ធភាព​របស់​ក្រសួង​ក្នុង​ការ​ជួយ​សម្រប​សម្រួល ​ជំរុញ​កិច្ច​អន្ដរាគមន៍ និង​ផ្ដល់​សេវា​ជូន​ជន​រងគ្រោះ​ឲ្យ​បាន​ទាន់​ពេល។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ មិនទាន់​មាន​ការ​រាយ​ការណ៍​ណាមួយ​ពាក់ព័ន្ធ​នឹង​ការ​ចេញ​អន្តរាគមន៍​របស់​ក្រុម​ការងារ​ដែល​ទើប​បង្កើត​ថ្មី​នេះ​នៅ​ឡើយ។​

នៅ​កម្ពុជា មិនមែន​តែ​ស្រ្តី​នោះ​ទេ​ដែល​ត្រូវ​បាន​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់ និង​លើក​កម្ពស់ ប៉ុន្តែ​ក្រុម​ជន​ងាយ​រងគ្រោះ ដែល​រួម​មានអ្នក​ស្រលាញ់​ភេទ​ដូចគ្នា ក៏​ស្ថិត​ក្នុង​ក្រុម​ដែល​ប្រឈម​នឹង​បញ្ហា​ច្រើន ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ហិង្សា និង​ការ​រើសអើង​ភេទ​ ដែល​ចាំបាច់​ត្រូវ​មាន​ការ​ការពារ​ដូចគ្នា។​

រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី អ៊ឹង កន្ថាផាវី និយាយ​ទៅ​កាន់​អ្នក​ចូល​រួម​ក្នុង​កម្មវិធី​បើក​ផ្សាយ​គម្រោង​បង្កើន​ចំនួន​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​កាល​ពី​ថ្ងៃ​ពុធ ទី១១ ខែឧសភា ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី អ៊ឹង កន្ថាផាវី និយាយ​ទៅ​កាន់​អ្នក​ចូល​រួម​ក្នុង​កម្មវិធី​បើក​ផ្សាយ​គម្រោង​បង្កើន​ចំនួន​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​កាល​ពី​ថ្ងៃ​ពុធ ទី១១ ខែឧសភា ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)

កញ្ញា ​ឈឿង រចនា​ សកម្មជន​ការពារ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ លើក​ឡើង​ថា​ក្រុម​ជន​ដែល​ស្រលាញ់​ភេទ​ដូចគ្នា​មិនថា​តែ​ស្រ្តី​ស្រឡាញ់​ស្រ្តី​ដូចគ្នា ឬ​បុរស​ស្រលាញ់​បុរស​ដូចគ្នា​នោះ​ទេ គឺ​តែង​ប្រឈម​នឹង​ការ​រើស​អើង​ទាំង​ក្នុង​ក្រុម​គ្រួសារ សហគមន៍​ សាលារៀន និង​កន្លែង​ធ្វើការ។​ រចនា​ បន្ថែម​ថា ការ​រើស​អើង​ទាំង​នោះ​បាន​ដាក់​សម្ពាធ​ដល់​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​មួយ​ចំនួន​ត្រូវ​បង្ខំ​ចិត្ត​បោះបង់​ការ​សិក្សា និង​ខ្វះខាត​ឱកាស​ក្នុង​ការ​ស្វែង​រក​ការងារ​ជាដើម។​

រចនា ​ដែល​ជា​ស្រ្តី​ស្រឡាញ់​ស្រ្តី​ដូច​គ្នា​ផង​នោះ ​បន្ថែម​ថា​ កន្លង​មក​រាល់​ពេល​ដែល​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ស្នើ​ឲ្យ​មាន​ការ​អន្តរាគមន៍ ​ឬ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​របស់​ពួកគេ​ រចនា ​តែង​ឃើញ​មាន​ភាព​យឺត​យ៉ាវ​ពី​ស្ថាប័ន​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​ ដោយ​ពេល​ខ្លះ​មន្រ្តី​ស្ថាប័ន​ទាំង​នោះមិន​អើពើ​នឹង​បញ្ហា​របស់​ពួកគេ​ជាដើម។​

សកម្មជន​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​រូបនេះ​ បាន​ស្នើឲ្យ​រដ្ឋាភិបាល​ ពិសេសក្រសួង​កិច្ចការ​នារី​ យក​ចិត្ត​ទុក​ដាក់ និង​ដោះស្រាយ​បញ្ហា​របស់​ក្រុម​ជនងាយ​រងគ្រោះឲ្យ​បាន​ច្រើន​ តាមរយៈ​ការ​ចេញ​អន្តរាគមន៍​រាល់​ពេល​ ដែល​ពួកគេ​ជួប​បញ្ហា​ ឬ​ការ​លំបាក​ ពិសេស​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិ និង​ការ​ប្រើ​ហិង្សា​ផ្សេងៗ។​

រចនា​បញ្ជាក់​ថា៖​

«ក្រសួង​គួរ​តែ​រក​វិធី​សាស្រ្ត​បែប​ណា​ដើម្បី​ពង្រឹង​ការ​យល់​ដឹង​អំពីច្បាប់ គោល​នយោបាយ និង​តួនាទី​របស់ក្រុម​ការងាររបស់​ក្រសួង​ រហូត​ពី​ថ្នាក់​លើ​ដល់​ថ្នាក់​មូលដ្ឋាន​ហ្នឹង​ ឲ្យ​គាត់​ដឹង​ពី​តួនាទី និង​យល់​ពី​ការងារទាំងអស់​ហ្នឹង​បាន​ច្បាស់​ក្នុង​ការ​អនុវត្ត​ ​ឆ្លើយតប​ដល់​ប្រជាពលរដ្ឋ​ ​អាហ្នឹង​ជារឿង​ល្អ»។​

ក្រសួង​កិច្ចការ​នារី​បាន​ចេញ​គោល​នយោបាយ​នារី​រតនៈ​ ក្នុង​ការ​ការពារ​ និង​លើក​ស្ទួយ​សិទ្ធិ​ស្រ្តី និង​ក្រុម​ងាយ​រង​គ្រោះ​សម្រាប់​ឆ្នាំ​២០១៤​ ដល់​ឆ្នាំ​២០១៨។ គោល​នយោបាយ​នោះ​ផ្តោត​លើ​ការ​បញ្ជ្រាប​យេនឌ័រ​សំដៅ​ដល់​បរិបទ​ស្ថាប័ន​ ភាព​ជា​ដៃគូ ​និង​គោល​នយោបាយ​ ទំនាក់​ទំនង​ និង​ឥរិយាបថ​ ការ​បង្កើន​ភាព​អង់​អាច​ស្ត្រី​ក្នុង​ផ្នែក​សេដ្ឋកិច្ច វិស័យ​អប់រំ បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ សុខភាព មេរោគ​អេដស៍​ អំពើ​ហិង្សា ស្ត្រី​ក្នុង​វិស័យ​នយោបាយ ភាព​ងាយ​រងគ្រោះ​របស់​ស្ត្រី និង​ផល​ប៉ះពាល់​នៃ​បម្រែបម្រួល​ធាតុ​អាកាស។​

កញ្ញា​ ​ប៊ុន រចនា ​នាយិកា​អង្គការ​ក្លាហាន​ ​ដែល​ជា​អង្គការ​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការ​ការពារ​សិទ្ធិរ​បស់​ស្រ្តី​នៅ​កម្ពុជា លើក​ឡើង​ថា​ ស្រ្តី​នៅ​កម្ពុជា​នៅ​តែ​ប្រឈម​នឹង​បញ្ហា​ជាច្រើន ទាំង​ផ្នែក​សេដ្ឋកិច្ច ទាំង​ការ​អប់រំ ទាំង​សេវា​សុខភាព និង​ការ​ចូលរួម​ក្នុង​ការ​ដឹកនាំ​រដ្ឋាភិបាល​ជាដើម។ កញ្ញា​បន្ថែម​ថា ក្នុង​រយៈពេល​ថ្មីៗ​នេះ ​កញ្ញា​សង្កេត​ឃើញ​ក្រសួង​កិច្ចការ​នារីហាក់​មាន​ការ​ចេញ​អន្តរាគមន៍​លើ​បញ្ហា​ស្រ្តី​បាន​ច្រើន​ជាង​មុន ប៉ុន្តែ​កញ្ញា​ថា ការ​អន្តរាគមន៍​នៅ​មិនទាន់​គ្រប់គ្រាន់​នៅ​ឡើយ។

កញ្ញា ​ ប៊ុន រចនា​ បន្ថែមថា ​ស្រ្តី​គឺជា​ឆ្អឹង​ខ្នង​របស់​សង្គម​ដែល​ចាំបាច់​ត្រូវ​មាន​វត្តមាន​គ្រប់​ពេល​មិន​អាច​ខ្វះ​បាន ដូច្នេះ​កញ្ញា​ថា ការ​យក​ចិត្ត​ទុក​ដាក់ និង​ដោះ​ស្រាយ​បញ្ហា​របស់​ស្រ្តី គឺដូច​ជា​ការ​ដោះ​ស្រាយ​បញ្ហា​សង្គម​ជារួម​យ៉ាង​ដូច្នោះ​ដែរ។​

កញ្ញា​បញ្ជាក់​ថា៖​

«បើសិនជា​រាជ​រដ្ឋាភិបាល​ផ្តល់​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​បញ្ហា​ស្រ្តី ​ហើយ​បង្កើត​ឱកាស​សម្រាប់​ស្រ្តី​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ការអប់រំ ហើយ​មាន​គម្រោង​កម្ម​វិធី​ជាច្រើន ដែល​ដាក់​ចេញ​មក​ដើម្បី​ផ្តល់​ការ​គាំពារ​ទៅ​ដល់​ស្រ្តី​ដែល​ជា​សហគ្រិន​ ឬ​ក៏​ស្រ្តី​ដែល​ជា​កសិករ​អី​ហ្នឹង សង្គម​របស់​យើង​នឹង​ដើរ​ទៅ​មុខ ​ហើយ​យើង​ក៏​នឹង​មាន​ការ​រីក​ចម្រើន​ច្រើន ​ហើយ​គុណ​តម្លៃ​របស់​សង្គម​យើង​ក៏​នឹង​មាន​ភាព​ប្រសើរ​ឡើងដែរ»។

ក្រសួង​កិច្ចការ​នារី មាន​ប្រភព​ចេញ​មក​ពី​លេខាធិការដ្ឋាន​កិច្ចការ​នារី​ដែល​បាន​បង្កើតក្នុង​ឆ្នាំ១៩៩៣។​ ក្រសួង​នេះ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​មក​ជា​ ក្រសួង​កិច្ចការ​នារី​ ក្នុង​ខែ​កក្កដា​ ឆ្នាំ​២០០៤។​

បើតាម​គេហទំព័រ​របស់​ក្រសួង​កិច្ចការ​នារី​បញ្ជាក់​ថា ​ក្រសួង​កិច្ចការ​នារី​គឺជា​យន្តការ​ជាតិ​មួយ​សម្រាប់​លើក​កម្ពស់ស្ថានភាព​ស្ត្រីនៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្រសួងនេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ដឹកនាំ សម្រប​សម្រួល​ និង​ជំរុញ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងឡាយ​ដើម្បី​សមភាព​យេនឌ័រ និង​ការបង្កើន​ភាព​អង់អាច​ដល់​ស្រ្តី​នៅ​កម្ពុជា។ ​ក្រសួង​កិច្ចការ​នារី​ដើរ​តួនាទី​ជា​អ្នក​ជំរុញ​ ស្វែងរក​ការគាំទ្រ​មតិ ដើម្បី​លើក​ទឹក​ចិត្ត​ក្រសួង ស្ថាប័ន​រដ្ឋ សង្គម​ស៊ីវិល ព្រមទាំង​វិស័យ​ឯកជន​ក្នុង​ការបញ្ចូល សមភាព​យេនឌ័រ​ទៅ​ក្នុង​គោល​នយោបាយ​ និង​កម្មវិធី​នានា​របស់​ខ្លួន។ ​ក្រសួង​នេះ​ ក៏​ទទួល​ខុស​ត្រូវ​ក្នុង​ការត្រួត​ពិនិត្យ តាមដាន និង​វាយតម្លៃ អំពី​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោល​នយោបាយ ​និង​កម្មវិធី​នានា​របស់​រដ្ឋាភិបាល សំដៅ​ធ្វើ​ឱ្យ​សម្រេច​បាន​នូវ​សមភាព​យេនឌ័រ។​

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមក្នុងពិធីស្បថចូលកាន់តំណែង​របស់​សមាជិករដ្ឋសភាថ្មីក្នុងអាណត្តិទី៦ នៅរដ្ឋសភាជាតិ រាជធានីភ្នំពេញ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមក្នុងពិធីស្បថចូលកាន់តំណែង​របស់​សមាជិករដ្ឋសភាថ្មីក្នុងអាណត្តិទី៦ នៅរដ្ឋសភាជាតិ រាជធានីភ្នំពេញ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

កាលពី​អំឡុង ​ខែ​សីហា ​ឆ្នាំ​២០១៥​ ខណៈ​ក្រុម​សង្គម​ស៊ីវិល​ការពារ​សិទ្ធិ​ស្រ្តី​ជា​ច្រើន​ប្រតិកម្ម​នឹង​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ដែល​បាន​ប្រើ​ពាក្យ​អសុរោះ​លើ​ស្រ្តី​មាន​ជម្លោះ​ដី​ធ្លី​មួយ​ក្រោយ​កើត​មាន​ហិង្សា​រវាង​ក្រុម​អាជ្ញាធរ និង​ស្រ្តី​នោះ​ ថា​ជា​ការ​ប្រមាថ​ និង​មិនឲ្យ​តម្លៃ​លើ​ស្រ្តី គេ​ឃើញ​ក្រសួង​កិច្ចការ​នារី​បាន​ចេញ​មុខ​ការពារ​លោក​ ហ៊ុន សែន ដោយ​ថា លោក ហ៊ុន សែន គ្រាន់តែ​និយាយ​សំដៅ​លើ​ស្រ្តី​បាតុករ​មួយ​រូប​ ដែល​បាន​យក​ជើង​ធាក់​ថែម​ទៅ​លើ​សន្តិសុខ​កំពុង​មាន​របួសតែ​ប៉ុណ្ណោះ និង​ថា លោក​មិន​មាន​បំណង​ណាមួយ​រើសអើង ឬ​មាក់ងាយ​លើ​ស្រ្តី​ខ្មែរ​ទូទៅ​នោះ​ទេ។

កាល​ពី​ខែឧសភា​ ឆ្នាំ២០១៨ ក្នុង​ទិវា​សេរីភាពសារព័ត៌មាន​អន្តរជាតិ អ្នកស្រី​ អ៊ឹង កន្ថាផាវី ដែលជា​រដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​នារីបាន​លើក​ឡើង​ថា អ្នកស្រី​មិន​ស្គាល់​ឈ្មោះ​ស្រ្តី​អ្នកសារ​ព័ត៌មាន​នៅ​កម្ពុជា​សូម្បី​តែ​ម្នាក់។​

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ រាល់​ពេល​ដែល​ VOA​ ទាក់ទង​ទៅ​អ្នកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​នារី​ដើម្បី​សម្ភាសន៍​អំពី​បញ្ហា​ស្រ្តី​នៅ​កម្ពុជា​ ជាទូទៅ​អ្នកស្រី​មិន​ដែល​ទទួល​ទូរស័ព្ទ​របស់​អ្នកសារ​ព័ត៌មាន​នោះ​ទេ។ ចំណែក​អ្នកនាំពាក្យ​ និង​មន្រ្តី​ជាន់ខ្ពស់​ក្រសួង​កិច្ចការ​នារី​មួយ​ចំនួន​ ពួកគេ​តែង​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ ​ដោយ​គ្រាន់តែ​ឆ្លើយ​ប្រាប់​ឲ្យ​អ្នកសារ​ព័ត៌មាន​ដាក់​លិខិត​ទៅ​កាន់​ក្រសួង​ប៉ុណ្ណោះ។​

យ៉ាងណាក្តី​ ថ្មីៗ​នេះ​ឃើញ​ថា​មាន​អ្នក​នាំ​ពាក្យ​ក្រសួង​មួយ​រូប​បាន​ទទួល​ទូរស័ព្ទ​របស់​អ្នកសារ​ព័ត៌មាន ប៉ុន្តែ​អ្នកស្រី​បកស្រាយ​ខ្លីៗ ​ហើយ​ក៏​ប្រញាប់​ដាក់​ទូរស័ព្ទ​ចុះ។​

នៅ​ថ្ងៃ​អង្គារ​នេះ​ VOA បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​រដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​នារី អ្នកស្រី អ៊ឹង កន្ថាផាវី​ អ្នកនាំពាក្យ​ក្រសួង​ លោក​ ផុន ពុធបុរី ​និង​ប្រធាន​នាយក​ដ្ឋាន​ព័ត៌មាន​នៃ​ក្រសួង​កិច្ចការ​នារី អ្នកស្រី​ យិន សារ៉ាត់​ តែ​អ្នក​ទាំង​បី​សុទ្ធ​តែ​មិន​ទទួល​ទូរស័ព្ទ​រហូត​ដល់​ល្ងាច​ថ្ងៃអង្គារ​នេះ។​

លោក​ ផៃ ស៊ីផាន​ អ្នកនាំពាក្យ​រដ្ឋាភិបាល ប្រាប់​ VOA​ ថា​ រដ្ឋាភិបាល​មាន​ច្បាប់ និង​ការ​ការពារ​គ្រប់​គ្រាន់​ដល់​ស្រ្តី ​និង​ជន​ងាយ​រងគ្រោះ​នៅ​ទូទាំង​ប្រទេស ដែល​រួមមាន​ទាំង​ការ​ការពារ​ផ្នែក​ការងារ​ ការ​ការពារ​ផ្នែក​សិទ្ធិ និង​យេនឌ័រ​ជាដើម។​

លោក​បញ្ជាក់​ថា៖​

«យើង​ឃើញ​ថ្មីៗ​នេះ​មាន​ករណី​មួយ​ចំនួន ដូច​ជា​ការ​មាក់ងាយ​ដាក់​ស្រ្តី​ ជះស្រា​ដាក់​ស្រ្តី ​ទះ​កំផ្លៀង​ស្រ្តី ​កំពុង​តែ​ជួប​នឹង​ការ​អនុវត្ត​ច្បាប់​តាម​ផ្លូវ​តុលាការ។​ ក៏​ប៉ុន្តែ​ស្រ្តី​ខ្លួន​ឯង​ទេ​ ខ្ញុំ​និយាយ​មួយ​ចំនួន មិន​បាន​សហការ​នៅ​ក្នុង​នីតិវិធី​នៃ​ការងារ​រដ្ឋ ឬ​តុលាការ​ តែងតែ​មាន​ការសម្រប​សម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ​ លាក់​មិន​ឲ្យ​ដឹង​ទៀត​ គ្រាន់តែ​យក​ប្រាក់​ដែល​ក្នុង​ករណី​រដ្ឋប្បវេណី​ យក​លុយ​ហ្នឹង គឺ​បំបិទ​សាច់​រឿង​ហ្នឹង​ចោល​តែម្តង»។​

អ្នក​នាំពាក្យ​រដ្ឋាភិបាល​រូប​នេះបន្ថែម​ដោយ​ជំរុញ​ឲ្យ​ស្រ្តី​ដែល​រង​នូវ​ការ​ប្រើ​ហិង្សា និង​ការ​រំលោភ​បំពាន​គ្រប់​រូបភាព​ សូម​ប្តឹង​ទៅ​សមត្ថកិច្ច​ដើម្បី​អន្តរាគមន៍ និង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។​

ក្នុង​ឱកាស​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​៨មីនា លើក​ទី​១០៨​ ក្រោម​ប្រធាន​បទ «លើក​កម្ពស់​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម ដើម្បី​អភិវឌ្ឍ​ធនធាន​មនុស្ស»​ នៅ​ថ្ងៃទី៥ មីនា​នេះ​ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន​ បាន​ស្នើ​ឲ្យ​ស្រ្តី​គ្រប់​រូប​ត្រូវ​ស្លៀក​សំលៀក​បំពាក់​ឲ្យ​បាន​សមរម្យ​ ដើម្បី​លើក​កម្ពស់​តម្លៃ​ស្រ្តី​ខ្មែរ។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​ក្រសួង​កិច្ចការ​នារី​កម្ពុជា​ ចេញ​កាល​ពី​ខែ​កក្កដា​ ​ឆ្នាំ​២០១៦ បញ្ជាក់​ថា​ ការ​សិក្សា​ស្រាវជ្រាវ​ថ្នាក់ជាតិ​មួយ​ដែល​គាំទ្រ​ដោយ​អង្គការ​ ​UN Women​ ​និង​អង្គការ​សុខភាព​ពិភព​លោក​ ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ចុង​ឆ្នាំ២០១៥​ ​បញ្ជាក់​ថា​ ស្ត្រី​កម្ពុជា​ម្នាក់​ក្នុង​ចំណោម​៥នាក់​ ​អាយុ​ពី​១៥ ដល់​៦៤​ឆ្នាំ ដែល​ធ្លាប់​រៀបការ ​ឬ​មាន​ដៃគូ​ បាន​ទទួល​រង​នូវ​អំពើ​ហិង្សា​លើ​រាងកាយ​ ​និង/ឬ​អំពើ​ហិង្សា​ផ្លូវភេទ​ដោយ​ដៃ​គូ​ជិតស្និទ្ធ​ក្នុង​មួយ​ជីវិត​របស់​ពួក​គេ។​

ការ​សិក្សា​ស្រាវជ្រាវ​មួយ​ទៀត​របស់​អង្គការ​សហ​ប្រជាជាតិ ​ដែល​បាន​បោះពុម្ព​ផ្សាយ​ក្នុង​ឆ្នាំ​២០១៣​ រក​ឃើញ​ថា ​ជនល្មើស​ជា​បុរស​កម្ពុជា​ស្ទើរ​ជិត​ពាក់​កណ្តាល​មិន​ដែល​បាន​ប្រឈម​នឹង​ការ​ដោះ​ស្រាយ​តាម​នីតិវិធី​ច្បាប់​ទាល់​តែសោះ។​

កាល​ពី​ដើម​ខែមករា​ ឆ្នាំ​២០១៧​ ស្ត្រី​រកស៊ី​ផ្លូវ​ភេទ​ម្នាក់ដែល​បានលង់​ទឹកស្លាប់ ​នៅ​ពេល​រត់​គេច​ខ្លួន​ពីសន្តិ​សុខខណ្ឌដូនពេញ ដែលដេញ​ចាប់​នៅ​ម្តុំ​វត្តភ្នំ និង​ករណី​មន្រ្តី​ផ្កាយ​បី​ម្នាក់​ទះ​កំផ្លៀង​អ្នក​ចម្រៀង​ដោយ​សារ​មិនព្រម​ទៅតាម​ខ្លួន ព្រមទាំងករណី​ជះ​ស្រាបៀរ​លើ​អ្នក​ចម្រៀង​ ទេព បូព្រឹក្ស ​ជាដើម​ សុទ្ធ​តែ​ត្រូវ​បានបញ្ចប់​រឿង​ត្រឹម​ការ​បង់​លុយ​ ដោយ​មិន​មាន​ចំណាត់​ការ​តាម​ផ្លូវ​តុលាការ​លើជន​ប្រព្រឹត្ត​នោះទេ។​

កាលពី​ថ្ងៃ​ទី​១៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩ ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​បញ្ជា​ឲ្យ​ស្ថាប័ន​រដ្ឋ​ដែល​ពាក់​ព័ន្ធ​ទាំង​អស់​ធានា​នូវ​ភាព​យុត្តិធម៌ ​និង​ពន្លឿន​ការ​ដោះ​ស្រាយ​រឿងក្តី​ឲ្យ​បាន​ឆាប់​រហ័ស​ ជា​ពិសេស​សំណុំ​រឿង​ក្តី​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ស្ត្រី។​ លោក​ក៏​បាន​បញ្ជា​ឲ្យ​បង្កើត​ក្រុម​មេធាវី​ការពារ​ក្តី​ជូន​ស្រ្តី​រងគ្រោះ​ក្រីក្រ​ដោយ​ឥត​គិត​ថ្លៃ​ជាដើម។

ក្រុម​អ្នកធ្វើការ​ផ្នែក​ការពារ​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ស្រ្តី​លើក​ឡើង​ថា​ ក្រុម​ការងារ​មេធាវី​នេះ​មិន​អាចផ្តល់​យុត្តិធម៌​ដល់​ស្រ្តី​រង​គ្រោះ​បាន​នោះ​ទេ​ ប្រសិន​បើ​តុលាការ​មិន​ពង្រឹង​ឯករាជ្យភាព​ និង​ភាព​ត្រឹមត្រូវ​របស់​ខ្លួន​ពិត​ប្រាកដ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG