រដ្ឋាភិបាលកម្ពុជាបានជំរុញឱ្យប្រទេសជាសមាជិកអាស៊ានបង្កើនកិច្ចប្រឹងប្រែងទ្វេដង ដើម្បីជួយមីយ៉ាន់ម៉ាវិលទៅរកភាពប្រក្រតីឡើងវិញឱ្យបានឆាប់ ក្រោយប្រទេសមួយនេះធ្លាក់ក្នុងវិបត្តិនយោបាយរយៈពេលជាងពីរឆ្នាំមកហើយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី។
សេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃពុធ ឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាស៊ានបានផ្លាស់ប្តូរយោបល់គ្នាអំពីវិធីសាស្រ្ត ដើម្បីធ្វើយ៉ាងណាពន្លឿននូវវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់ប្រមុខដឹកនាំអាស៊ាន រួមទាំងការពិនិត្យឡើងវិញនិងសេចក្តីសម្រេច ១៥ ចំណុចរបស់ប្រមុខដឹកនាំអាស៊ានស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ នៅរាជធានីភ្នំពេញ កាលពីឆ្នាំមុន។
កម្ពុជាក៏បានគូសបញ្ជាក់ផងដែរថា សោកនាដកម្មទាំងឡាយបង្កឡើងដោយអំពើហិង្សាដែលកំពុងបន្តកើនឡើង នៅតាមតំបន់ជាច្រើននៅមីយ៉ាន់ម៉ា គឺជា «ការរំឭកដ៏ឃោរឃៅមួយដែលតម្រូវឱ្យយើងបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីជួយមីយ៉ាន់ម៉ាឱ្យវិលទៅរកភាពប្រក្រតីឡើងវិញ ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន»។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានខាងលើថា៖ «នៅចំពោះមុខការប្រឈមដ៏ស្មុគស្មាញនេះ អាស៊ានចាំបាច់ត្រូវមានភាពបត់បែន ការបង្កើតគំនិតថ្មី និងភាពច្នៃប្រតិដ្ឋក្នុងការស្វែងរកអភិក្រមនានា ដែលអាចជំរុញការអនុវត្តកិច្ចព្រមព្រៀង 5 PCនេះបាន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃអង្គារ ក៏បានដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត ដែលធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន បន្ទាប់ពីកម្ពុជា។
កាលពីខែមេសា ឆ្នាំ ២០២១ មេដឹកនាំអាស៊ានដែលមានទាំងមេដឹកនាំយោធាមីយ៉ាន់ម៉ាផងដែរ បានមូលមតិគ្នាជាឯកច្ឆន្ទលើ ៥ ចំណុច ដើម្បីដោះស្រាយបញ្ហាតានតឹងនយោបាយ ក្រោយប្រទេសនេះធ្លាក់ក្នុងរដ្ឋប្រហារយោធា កាលពីដើមខែកុម្ភៈ ឆ្នាំ ២០២១។
ទី ១ បញ្ឈប់រាល់អំពើហិង្សាជាបន្ទាន់ ហើយគ្រប់ភាគីត្រូវរក្សាភាពអត់ធ្មត់ខ្ពស់បំផុត។ ទី ២ កិច្ចសន្ទនាប្រកបដោយការស្ថាបនារវាងភាគីពាក់ព័ន្ធ ដើម្បីផលប្រយោជន៍របស់ប្រជាជន។ ទី ៣ ចាត់តាំងប្រេសិតពិសេសរបស់អាស៊ាន ដើម្បីសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី ៤ ផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ាន។ ទី ៥ ទស្សនកិច្ចរបស់ប្រេសិតពិសេសនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕