ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​​កាសែត​ចាស់​វស្សា​ជន​ជាតិ​អាមេរិក​រំឭក​កម្ពុជា​ឱ្យ​ការពារ​កិច្ច​ព្រម​ព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស


រូប​ឯកសារ៖ រូបភាព​ទិដ្ឋភាព​ទូទៅ​នៅ​សន្និសីទ​ស្តី​ពី​សន្តិភាព​​នៅ​កម្ពុជា​ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​កាល​ពី​​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។
រូប​ឯកសារ៖ រូបភាព​ទិដ្ឋភាព​ទូទៅ​នៅ​សន្និសីទ​ស្តី​ពី​សន្តិភាព​​នៅ​កម្ពុជា​ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​កាល​ពី​​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។

អ្នកកាសែត​ជើងចាស់ជនជាតិ​អាមេរិកាំង អ្នកស្រី Elizabeth Becker ដែល​បាន​តាមដាន​កិច្ចការ​កម្ពុជា​ជាង​កន្លះ​សតវត្សរ៍ បាន​ស្នើ​កម្ពុជា​រក្សា​គុណតម្លៃ និង​ទាញ​យកគុណ​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ដែល​ឈាន​ចូល​ខួប​៣០ឆ្នាំ​នៅ​ខែ​ក្រោយ។

អ្នកស្រី Becker បាន​ថ្លែង​ដូច្នេះ​ក្នុងកិច្ចពិ​ភាក្សាអនឡាញ​មួយ ដែល​រៀបចំ​ឡើង​ដោយស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។ អ្នក​ជំនាញ​រូបនេះបាន​ហៅ​កិច្ច​ព្រម​ព្រៀង​សន្ដិភាពទីក្រុង​ប៉ារីស ដែល​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ថា​បាន​នាំ​«សន្តិភាព​ពិត​ប្រាកដ»​ហើយ​ដែល​កម្ពុជា​គួរ​បន្ត​«ការពារ»​កិច្ច​ព្រម​ព្រៀង​នេះ។

អ្នកស្រី​ថ្លែង​ថា៖ «ខ្ញុំ​សូម​និយាយ​ថា អ្វីៗ​ដែល​មាន​នៅ​ថ្ងៃនេះ​ត្រូវ​បាន​ទំនុក​បម្រុង​ដោយ​សន្ធិសញ្ញា​សន្ដិភាពទីក្រុង​ប៉ារីស។ សូម​អាន​និង​ពិនិត្យ​មើល​សន្ធិសញ្ញា​នោះ​ឡើង​វិញ។ សន្ធិសញ្ញា​នេះ​មាន​សារៈ​សំខាន់​ក្នុង​ប្រវត្តិ​សាស្ត្រ​ប្រទេស​របស់​អ្នក ហើយ​បាន​ប្រតិចារិក​ជា​លាយ​លក្ខណ៍​អក្សរ ដោយមាន​បណ្ដារដ្ឋ​ដទៃទទួល​ដឹង​ឮ​ថា នេះ​នែ​ជា​គោលដៅ​របស់​អ្នក រៀប​រាប់​អំពី​ការ​គោរព​សិទ្ធិ​សេរីភាព​របស់​មនុស្ស ដល់ការដឹកនាំបែប​នីតិ​រដ្ឋ ហើយខ្ញុំ​ឃើញ​ថា សន្ធិ​សញ្ញា​សន្តិភាព​ក្រុង​ប៉ារីស ជា​បាត​គ្រឹះ​កំណត់​ទ្រង់​ទ្រាយនៃ​កម្ពុជា​សម័យ​ទំនើប»។

ជា​អ្នក​សារព័ត៌មាន​ផង ជា​អ្នក​និពន្ធ​ផង និង​ជា​ប្រវត្តិ​វិទូ​មួយ​រូប​ផង អ្នកស្រី Becker មាន​សាវតា​និង​ពិសោធន៍​យូរ​ឆ្នាំ ដោយ​បាន​រាយការណ៍​អំពី សង្គ្រា​ម​នៅ​កម្ពុជា នា​ទសវត្សរ៍​ឆ្នាំ១៩៧០ និងបានធ្វើ​បទ​សម្ភាសន៍​ដ៏កម្រ​មួយ​ផង​ជាមួយ លោក​ សាឡុត ស ឬ ​ប៉ុល ពត​អំឡុង​មេដឹកនាំ​បក្ស​កុម្មុយ​និស្ដ​កម្ពុជា​រូប​នេះ ស្ថិត​ក្នុង​អំណាច​នា​ឆ្នាំ​១៩៧៨។​

អ្នកស្រី Elizabeth Becker គឺជា​អ្នក​និពន្ធនិង​អ្នក​សារព័ត៌មាន​ជើង​ចាស់​ដែល​បាន​រាយការណ៍​អំពី​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ទសវត្សរ៍​១៩៧០។ អ្នក​ស្រី​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​វីអូអេ​អំពី​ស្ថានភាព​នយោបាយ​នៅកម្ពុជា​នាពេល​បច្ចុប្បន្ន កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧។
អ្នកស្រី Elizabeth Becker គឺជា​អ្នក​និពន្ធនិង​អ្នក​សារព័ត៌មាន​ជើង​ចាស់​ដែល​បាន​រាយការណ៍​អំពី​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ទសវត្សរ៍​១៩៧០។ អ្នក​ស្រី​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​វីអូអេ​អំពី​ស្ថានភាព​នយោបាយ​នៅកម្ពុជា​នាពេល​បច្ចុប្បន្ន កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧។

ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពីថ្ងៃ​ចុងសប្ដាហ៍​កន្លង​ទៅ បាន​លើក​ឡើងថា​សន្តិភាពដែល​សហគមន៍​អន្តរជាតិ​បាន​ព្យាយាម​សម្រេចឱ្យ​កម្ពុជា នៅដើ​ម​ទសវត្សរ៍​ឆ្នាំ១៩៩០​មិន​សម្រេចជោគ​ជ័យ​នោះទេ ទោះបាន​ចំណាយ​ប្រាក់​អស់​ជាង២ពាន់​លាន​ដុល្លារ​អាមេរិក​យ៉ាង​ណា​ក្ដី។

ថ្លែងក្នុង​មហា​សន្និបាត​នៃក្ដីសង្ឃឹម​ពិភពលោក​កាលពី​ថ្ងៃទី១២​ខែកញ្ញា ​លោក ​ហ៊ុន សែន ថា​សង្គ្រាមបានបន្តអូស​បន្លាយ​ក្រោយ​កិច្ច​ព្រម​ព្រៀងសន្តិភាព​ក្រុង​ប៉ារីស​ហើយ​បាន​ប្រដូច​អ្វីដែល​លោកចង់​សំដៅ​លើ​ភាពមិន​ជោគជ័យ​ពេញ​លេញនៃ​ការ​សម្រេច​សន្តិភាព​នៅ​កម្ពុជា​នា​ទសវត្សរ៍ឆ្នាំ​១៩៩០​នេះ ទៅនឹង​ព្រឹត្តិការណ៍ថ្មីៗ​នេះ​នៅប្រទេស​អាហ្វហ្គានីស្ថាន។​

លោក ហ៊ុន សែន ថ្លែង​ថា៖ «សង្គ្រាម​នៅ​តែ​បន្ត​អូស​បន្លាយ​រហូត​ដល់ខែធ្នូ​ឆ្នាំ១៩៩៨ ទើប​កម្ពុជា​អាច​ឈាន​ទៅ​សម្រេ​ចបាន​សន្តិភាព​ពេញលេញ បន្ទាប់​ពី​បានអនុវត្ត​នយោបាយ​ឈ្នះឈ្នះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ​រួម​មួយ ក្នុង​ចំណោមជាតិសាសន៍​របស់​យើង។ ក្នុងន័យ​នេះ ខ្ញុំសូមគូស​បញ្ជាក់​ជាថ្មី​ម្ដងទៀត​ថា យើង​ត្រូវ​តែ​មាន​«ភាព​ជា​ម្ចាស់​ប្រទេស» នៅក្នុង​ការ​កសាង​សន្តិភាព និង​ការកសាង​ប្រទេសជាតិ​នៅ​ក្រោយ​ជម្លោះ»។

មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយលោក ហ៊ុន សែន តែង​បាន​រំឭក​ប្រាប់​សាធារណ​មតិ​ថា​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុងប៉ារីស បាន​អស់សុពល​ភាព និង​បាន​ដាក់​បញ្ចូលក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៩៣ រួច​មក​ហើយ។

តែ​អ្នកស្រី Elizabeth Becker បា​នយល់​ឃើញ​ផ្សេង​ពី​នេះ។

អ្នក​កាសែតជើង​ចាស់​រូប​នេះ​បន្ត​ថា៖ «សន្ធិសញ្ញា​មិន​ចេះស្លាប់​នោះទេ។ ហើយ​គោលដៅ​របស់​សន្ធិសញ្ញា​ក្នុងការបញ្ចប់​សង្គ្រាម និង​គោល​បំណងដែលសន្ធិសញ្ញា​នេះចង់​សម្រេចបាន រឹត​តែ​មិនចេះ​ស្លាប់​ទៅ​ទៀត​... ដូចជា​រឿង​ដែរ​ថា នៅ​ពេល​អ្នកកើត​មក​ហើយ​ធ្វើ​សំបុត្រ​កំណើត នោះ​មិន​បាន​សេចក្ដីថា​សំបុត្រ​អាពាហ៍ពិពាហ៍របស់​ឪពុកម្ដាយ​អ្នក​ត្រូវអស់​សុពល​ភាព​នោះ​ទេ។ គេ​អាចនិយាយ​ថា​កម្ពុជាសម័យ​ទំនើបត្រូវ​បាន​បង្កើត​ដោយ​សន្ធិសញ្ញា​សន្តិភាព​ក្រុ​ងប៉ារីស ដែល​បាន​បញ្ចប់​សង្គ្រាម និង​កំណត់​មាគ៌ា​ឯករាជ្យរបស់​ប្រទេស»។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​វីអូអេ​កាល​ពី​កន្លង​ទៅ​ថារដ្ឋាភិបាលកម្ពុជា​បាន​«អនុវត្ត​ប្រកប​ដោយ​ផ្លែផ្កា​មួយ​ចំនួន​ធំ» ៣០ឆ្នាំ​បន្ទាប់​ពី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស។

លោក​បញ្ជាក់​ថា៖ «យើង​អត់​ខ្វល់​ពី​ការ​រិះគន់​ទេ។ ក៏ប៉ុន្តែ​យើង​ដើរ​ឲ្យ​ត្រឹម​ត្រូវ​ទៅ​តាមគោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​ស្រប​ទៅ​តាម​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ដែល​បាន​បញ្ចូល​ខ្លឹម​សារទៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជណាចក្រ​កម្ពុជា»។

គួរ​បញ្ជាក់​ថា​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១​បាន​បញ្ជាក់​អំពី​ការ​ឈាន​ទៅ​បញ្ចប់​ជម្លោះប្រដាប់​អាវុធ​នៅ​កម្ពុជា ការនាំ​មកនូវលទ្ធិ​ប្រជា​ធិប​តេយ្យ​សេរីពហុបក្ស ការបើកផ្លូវ​ឱ្យ​បដិ​សេធចោល​នូវ​សន្ធិសញ្ញា​អន្តរជាតិ​នានា​ដែល​ធ្វើឱ្យ​ប៉ះពាល់​ផលប្រយោជន៍​កម្ពុជា​អំឡុង​ពេល​សង្គ្រាម​ជាដើម។ ការ​ចុះ​កិច្ច​ព្រម​ព្រៀង​នេះ មាន​ប្រទេស​ហត្ថលេខី​ចំនួន​១៨ ក្នុង​នោះ​មានប្រទេស​ចំនួន​៥​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អចិន្រ្តៃយ៍​របស់​អង្គការ​សហប្រជាជាតិ​អូស្រ្តាលី ​ថៃ ​វៀតណាម​និង​ឥណ្ឌូ​នេស៊ី​ជា​ដើម៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG