នៅមុនការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិមួយ ដែលរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ ក្រុមសិទ្ធិមនុស្សបានអំពាវនាវឲ្យមានការលើកកម្ពស់ស្ថានភាពសិទ្ធិមនុស្ស ដែលពួកគេថាកំពុងធ្លាក់ចុះ និងត្រូវបានរំលោភបំពាន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន៣៧ ដែលវីអូអេទទួលបាននៅថ្ងៃពុធនេះ។
អង្គការដែលបានចូលរួមចេញសេចក្តីថ្លែងការណ៍ខាងលើរួមមាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) និងគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) ជាដើម។
សេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៤ ខែសីហា បានឲ្យដឹងថា៖ «យើងខ្ញុំស្នើឲ្យរដ្ឋាភិបាលផ្តល់អាទិភាពលើការស្តារស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាឡើងជាមុនសិន មុនពេលដែលបង្កើតស្ថាប័ននេះឡើង ដើម្បីធានាថាការបង្កើតស្ថាប័ននេះនឹងផ្តល់អត្ថប្រយោជន៍ពិតប្រាកដក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្ស ជាជាងបង្កើតឡើង ដើម្បីគ្រាន់តែបំពេញទៅតាមការអះអាងប្តេជ្ញាចិត្តផ្នែកសិទ្ធិមនុស្សរបស់រដ្ឋាភិបាលនាពេលកន្លងមកប៉ុណ្ណោះ»។
សេចក្តីថ្លែងការណ៍បន្តថា៖ «ចំណុចសំខាន់បំផុតនោះគឺលក្ខខណ្ឌនៃឯករាជ្យភាពពីរដ្ឋាភិបាល។ ប៉ុន្តែគួរឲ្យស្តាយដែលនាពេលកន្លងមក មានការបង្កើតស្ថាប័នឯករាជ្យជាច្រើន តែទីបំផុតស្ថាប័នទាំងអស់នោះអសកម្ម ឬស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលទាំងស្រុង ដែលនេះធ្វើឲ្យយើងខ្ញុំបារម្ភថាស្ថាប័នសិទ្ធិមនុស្សដែលនឹងបង្កើតឡើងនោះ ក៏មិនខុសពីស្ថាប័នមុនៗទាំងនោះដែរ»។
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក បានប្រាប់វីអូអេនៅថ្ងៃពុធនេះថា លោកយល់ស្របចំពោះគោលបំណងនៃការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ដែលផ្តោតលើការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ ប៉ុន្តែលោកថាលទ្ធភាពនៃជំរុញផ្នែកសិទ្ធិមនុស្សអាចសម្រេចបាន លុះត្រាតែស្ថាប័នសិទ្ធិមនុស្សជាតិមានឯករាជ្យពេញលេញពីឥទ្ធិពលរបស់រដ្ឋាភិបាល។
លោកបានសង្កត់ធ្ងន់ថាវាហាក់មិនអាចទៅរួចនោះទេ ដោយសារស្ថានភាពសិទ្ធិមនុស្សកំពុងត្រូវបានរឹតត្បិតនាពេលបច្ចុប្បន្ននេះ។
លោកថ្លែងថា៖ «យើងឃើញថាប្រទេសកម្ពុជានៅតែកំពុងមានស្ថានភាពធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ។ ដូច្នេះហើយយើងមិនមានជំនឿថាបើសិនគណៈកម្មាធិការជាតិសិទ្ធិមនុស្សហ្នឹងកើតមាននៅក្នុងបរិយាកាសមានការរឹតត្បិតទៅលើសិទ្ធិសេរីភាពបែបហ្នឹង។ យើងមិនមានជំនឿថាគណៈកម្មាធិការជាតិសិទ្ធិមនុស្សហ្នឹង កើតឡើងដោយមានភាពឯករាជ្យ ស្របតាមកិច្ចព្រមព្រៀងប៉ារីសបានទេ»។
មុននឹងបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះបាន រដ្ឋាភិបាលបានកំពុងរៀបចំសេចក្តីព្រាងច្បាប់មួយទាក់ទងនឹងការបង្កើតស្ថាប័ននេះ។ សេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលជាស្ថាប័នរបស់រដ្ឋាភិបាល។
លោក នី សុខា ប្រធានសមាគមអាដហុក យល់ថានេះជាបញ្ហាមួយ គឺនៅពេលដែលសេចក្តីព្រាងច្បាប់នេះត្រូវបញ្ជូនទៅរដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាទាំងស្រុង ដើម្បីអនុម័ត។
កាលពីខែមិថុនា ឆ្នាំ២០២១ ស្ថានទូតអូស្រ្តាលីបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថាមន្រ្តីស្ថានទូតបានជួបជាមួយមន្រ្តីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីពិភាក្សាពីបញ្ហាសិទ្ធិមនុស្ស និងទទួលបានបច្ចុប្បន្នភាពពីសំណើសុំបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិមួយដែលឯករាជ្យ។
ចំណុចសំខាន់នៃការពិភាក្សានោះ ទាក់ទងនឹង«ការអភិវឌ្ឍសេចក្តីព្រាងច្បាប់ដែលបានស្នើឡើងសម្រាប់ស្ថាប័នសិទ្ធិមនុស្សជាតិរបស់កម្ពុជា ក៏ដូចជាភាពចាំបាច់សម្រាប់ស្ថាប័ននេះ ដើម្បីអនុវត្តតាមគោលការណ៍ទីក្រុងប៉ារីសឆ្នាំ១៩៩១ ស្តីពីស្ថាប័នសិទ្ធិមនុស្សជាតិ ដែលរួមមានឯករាជ្យភាពពិតប្រាកដពីរដ្ឋាភិបាល អំណាច និងធនធានគ្រប់គ្រាន់ និងសមាជិកភាពចម្រុះ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា តាមសារអ៊ីមែលបាននៅឡើយទេ។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើល និងការពារសិទ្ធិនៃអង្គការលីកាដូ បានប្រាប់វីអូអេថាតាមការសង្កេតរបស់លោក ការបង្កើតគណៈកម្មាការជាតិមួយចំនួនកន្លងមកពីសំណាក់រដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាលតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់ តែងរងការរិះគន់ថាមិនមានឯករាជ្យភាព។
ដូច្នេះលោកយល់ថាស្ថាប័នសិទ្ធិមនុស្សជាតិដែលគ្រោងនឹងបង្កើតឡើងនេះ នឹងមិនអាចបំពេញការងារការពារនិងលើកកម្ពស់សិទ្ធិសេរីភាពបានពេញលេញនោះទេ។
លោកបានថ្លែងថា៖ «បើសិនជាគណៈកម្មាធិការសិទ្ធិមនុស្សនេះកើតឡើងហើយ។ ទោះបីជាយើងឃើញថានៅក្នុងច្បាប់ល្អ តែបើការអនុវត្តន៍ទៅ វាមិនទៅតាមហ្នឹង ឬមិនមានគ្រប់ជ្រុងជ្រោយហ្នឹង ក៏វានៅតែមិនទាន់អាចជួយបានពេញលេញទៅលើបញ្ហានៃការលើកកម្ពស់សិទ្ធិមនុស្ស ឬក៏កិច្ចការពារដល់ជនរងគ្រោះពីការរំលោភសិទ្ធិមនុស្សនោះផងដែរ»។
លោក ជិន ម៉ាលីន អនុប្រធាននិងអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលជាស្ថាប័នទទួលបន្ទុកធ្វើសេចក្តីព្រាងច្បាប់នៃការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ប្រាប់វីអូអេនៅថ្ងៃពុធនេះថាស្ថាប័នសិទ្ធិមនុស្សជាតិថាជាស្ថាប័នឯករាជ្យមិនមែនចំណុះរដ្ឋាភិបាលនោះទេ។ ហើយការបង្កើតស្ថាប័ននេះ គឺអនុលោមតាមអនុសាសន៍របស់អង្គការសហប្រជាជាតិ និងគោលការណ៍នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១ ដែលចង់ភ្ជាប់កម្ពុជាឲ្យដើរតាមគន្លងប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងច្បាប់សិទ្ធិមនុស្សអន្តរជាតិនានា។
លោកបន្តថា ការងារចម្បងរបស់ស្ថាប័នសិទ្ធិមនុស្សជាតិ គឺការអប់រំនិងផ្សព្វផ្សាយសិទ្ធិមនុស្សដល់គ្រប់ភាគីពាក់ព័ន្ធ ទាំងអាជ្ញាធរអនុវត្តច្បាប់ និងសាធារណជន ការស៊ើបអង្កេតករណីរំលោភសិទ្ធិមនុស្ស និងការពារជនរងគ្រោះ និងការផ្តល់យោបល់ដល់រដ្ឋាភិបាលពាក់ព័ន្ធនឹងការកែលម្អសិទ្ធិមនុស្សនៅក្នុងប្រទេស។
លោក ជិន ម៉ាលីន លើកឡើងថាការមិនចូលរួមពិភាក្សារបស់ក្រុមសិទ្ធិមនុស្សជុំវិញការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះ ជា«របៀបវារៈនយោបាយ»របស់អង្គការសង្គមស៊ីវិលនៅកម្ពុជា។
លោកបានថ្លែងថា៖ «អញ្ចឹងបើគាត់មិនពេញចិត្តកន្លែងណាគាត់ចូលរួម ហើយធ្វើការផ្តល់យោបល់កែលម្អ ឲ្យស្ថាប័នហ្នឹង វាប្រព្រឹត្តទៅដោយប្រសិទ្ធភាព និងគុណភាព។ ក៏ប៉ុន្តែគាត់អត់អញ្ចឹងនោះទេ។ ការចូលរួមក៏គាត់មិនចូលរួម។ ផ្តល់យោបល់ក៏មិនផ្តល់យោបល់។ ហើយគាត់ធ្វើការរិះគន់និងការបារម្ភក្នុងពេលដែលស្ថាប័នហ្នឹងមិនទាន់បានបង្កើត។ អញ្ចឹងនេះជារបៀបធ្វើការងាររបស់គាត់។ ខ្ញុំមើលទៅអានេះជារបៀបវារៈនយោបាយច្រើនជាង។ គាត់ចង់ចិញ្ចឹមអាហ្នឹងជាឧបករណ៍នយោបាយក្នុងការរិះគន់រដ្ឋាភិបាល»។
កាលពីព្រឹកថ្ងៃពុធ លោក ជិន ម៉ាលីន ដែលជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកដោយលើកឡើងពីការប្រជុំតាមអនឡាញរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស(OHCHR)នៅកម្ពុជាអំពីដំណើរការពិគ្រោះយោបល់ជាមួយសង្គមស៊ីវិលក្នុងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ។ នៅក្នុងសារបង្ហោះនោះ លោកក៏បានលើកឡើងពីការមិនបានចូលរួមរបស់អង្គការសង្គមស៊ីវិល បើទោះមានការអញ្ជើញឲ្យចូលរួមក៏ដោយ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស(OHCHR)តាមសារអ៊ីម៉េល(email)បាននៅឡើយទេ៕