ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកកាសែត​ជើងចាស់​អាមេរិក មើល​មិន​ឃើញ​លទ្ធភាព​ពិនិត្យ​ឡើងវិញ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស


រូប​ឯកសារ៖ រូបភាព​ទិដ្ឋភាព​ទូទៅ​នៅ​សន្និសីទ​ស្តី​ពី​សន្តិភាព​​នៅ​កម្ពុជា​ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​កាល​ពី​​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។
រូប​ឯកសារ៖ រូបភាព​ទិដ្ឋភាព​ទូទៅ​នៅ​សន្និសីទ​ស្តី​ពី​សន្តិភាព​​នៅ​កម្ពុជា​ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​កាល​ពី​​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។

អ្នក​កាសែត​ជើង​ចាស់​ជន​ជាតិ​អាមេរិកាំងអ្នកស្រី Elizabeth Becker បាន​លើក​ឡើង​ក្នុង​កិច្ច​ពិភាក្សា​ស្តី​ពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថា​ កិច្ច​ព្រម​ព្រៀង​ដែល​មាន​លក្ខណៈ​ប្រវត្តិសាស្ត្រមួយ​នេះ នឹង​មិន​ត្រូវ​បាន​ប្រទេស​ហត្ថ​លេខីលើក​យក​មក​ពិនិត្យ​ឡើង​វិញ​ទេ ព្រោះ​អ្នកស្រី​ មើល​មិន​ឃើញ​ឆន្ទៈ​នយោបាយ​ណា​មួយ​ ដែល​ចង់​បើក​ផ្លូវ​ឲ្យ​កិច្ច​ព្រម​ព្រៀង​នេះ ​មាន​ភាព​រស់​រវើក​ឡើង​វិញ​ឡើយ។

អ្នក​ស្រី​ Elizabeth Becker​ គឺ​ជា​អ្នកនិពន្ធ​សៀវភៅ​ When The War Was Over ដែល​ពណ៌នាអំ​ពី​រឿង​រ៉ាវ​ពាក់​ព័ន្ធ​នឹង​ការ​ដឹកនាំ​នយោ​បាយ​ និងស្ថានភាព​រស់​នៅ​របស់​ប្រជាជន​ខ្មែរ​ក្នុង​របប​ខ្មែរ​ក្រហម​ និង​ក្រោយ​ការ​ដួល​រលំ​របប​មួយ​នេះ។

ជា​វាគ្មិន​មួយ​រូប​ក្នុងកិច្ច​ពិភាក្សា​ស្តី​ពី​ខួប​៣០​ឆ្នាំនៃ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​សនិ្តភាព​ទីក្រុង​ប៉ារីស ដែល​រៀប​ដោយ​ក្លឹប​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មានបរទេស​របស់​ប្រទេស​ថៃ​(FCCT) តាម​ប្រព័ន្ធ​អន​ឡាញក្នុង​ទី​ក្រុង​បាង​កក កាលពី​ថ្ងៃ​ទី​១៩​ ខែ​តុលា អ្នកស្រី Elizabeth Becker បាន​និយាយ​ថា​ មិន​មានឆន្ទៈ​នយោ​បាយ​ណា​មួយ​ ដែល​អាច​ទាញ​ភាគី​ពាក់​ព័ន្ធ​ឲ្យ​ងាក​មក​ពិនិត្យ​កិច្ច​ព្រម​ព្រៀង​នេះ​ឡើង​វិញ​ឡើយ។

រូបឯកសារ៖ អ្នកស្រី Elizabeth Becker គឺជា​អ្នក​និពន្ធ និង​អ្នក​សារព័ត៌មាន​ជើង​ចាស់​ដែល​បាន​រាយការណ៍​អំពី​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ទសវត្សរ៍​១៩៧០។
រូបឯកសារ៖ អ្នកស្រី Elizabeth Becker គឺជា​អ្នក​និពន្ធ និង​អ្នក​សារព័ត៌មាន​ជើង​ចាស់​ដែល​បាន​រាយការណ៍​អំពី​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ទសវត្សរ៍​១៩៧០។

អ្នកស្រី Elizabeth Becker បាន​ថ្លែង​ថា៖ «សន្ធិសញ្ញា​ទាំង​ឡាយ​កម្រ​ត្រូវ​បាន​គេ​លើក​យក​មកមើលឡើង​វិញ​ម្តង​ទៀត​។​ ខ្ញុំ​មើល​មិនឃើញ​ឆន្ទៈ​នយោបាយ​ទាល់​តែ​សោះ​ចំពោះ​រឿង​នេះ។ ខ្ញុំ​គិត​ថា ​វា​ដូច​ជា​សន្ធិសញ្ញា​ផ្សេងៗ​ទៀតដែរ ដែល​យើង​ពិបាក​ពង្រឹង​ឡើងវិញ​ ដោយ​ការ​ធ្វើ​ឲ្យ​វា​មាន​ឥទ្ធិពល​ឡើងវិញ​។... ខ្ញុំ​ពិត​ជា​មើល​មិនឃើញ សូម្បី​តែ​សកម្ម​ភាព​នាំ​មុខ​ណា​មួយ​ដែល​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ពិត​ប្រាកដ​លើ​រឿង​នេះ»។

​ការ​លើក​ឡើង​របស់​អ្នក​និពន្ធ​សៀវភៅ​ជើង​ចាស់​រូប​នោះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ជជែក​គ្នា​របស់​អង្គការ​មួយ​ចំនួន​ ដែល​ចោទ​សួរ​ថា ​តើ​សន្ធិសញ្ញា​ខាង​លើ​នេះ ​គួរ​ត្រូវ​បាន​សើរើ​ នៅ​ពេល​ការ​អនុវត្ត​លទ្ធិប្រជាធិប​តេយ្យ​នៅ​កម្ពុជា ត្រូវ​គេ​មើល​ឃើញថា​បាន​ថយ​ចុះ​ខ្លាំង​ ក្រោយ​៣០​ឆ្នាំនៃ​ការ​ចុះសន្ធិ​សញ្ញា​អន្តរ​ជាតិ​នេះ កាល​ពី​ថ្ងៃទី​២៣​ ខែ​តុលា​ ឆ្នាំ​១៩៩១ ដែល​មាន​១៨​ប្រទេស​ជា​ហត្ថលេខី។

នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ​ និង​សន្តិភាព លោក ​ពូ សុធីរៈ ដែល​ជា​វាគ្មិន​មួយ​រូប​ទៀត បាន​យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​អ្នកស្រី Elizabeth Becker។ ​

អតីត​ឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​ លោក ​ពូ សុធីរៈ បាន​និយាយ​ថា​ពិភព​លោក​មាន​បញ្ហា​ស្មុគ​ស្មាញ​ជាង​កម្ពុជា​ តួយ៉ាងការ​គ្រប់​គ្រង​វិបតិ្ត​ជំងឺ​កូវីដ​១៩​នៅ​ក្នុងប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង វិបត្តិ​នយោបាយ​នៅ​ប្រទេស​មីយ៉ាន់​ម៉ា ដែល​កំពុង​រឹតរួតប្រទេស​ជា​សមាជិកអាស៊ាន យុទ្ធសាស្ត្រ​អឺរ៉ុប​ ដើម្បីលំហ​សេរី​ភាព​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក និង​ការ​ដណើ្តមអំណាច​សាកល​លោក​រវាង​ចិន​ និង​អាមេរិក។​

លោក​មាន​ប្រសាសន៍​ថា​ បើ​មើល​ទៅ​លើ​ស្ថាន​ភាព​អន្តរជាតិ​ខាង​លើ​នេះ​ លោក​មិន​មាន​ជំនឿទេ​ថា ​នឹង​មានការ​ពិនិត្យ​ឡើង​វិញ​នូវ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ដែល​ជួយ​បើក​ផ្លូវ​ឲ្យ​មានលទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​។

រូបឯកសារ៖ លោក ពូ សុធីរៈ នាយក​ប្រតិបត្តិ​វិទ្យាសា្ថន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព (CICP) ថ្លែង​ក្នុង​ពិធី​បើក​កិច្ចពិភាក្សា​ថ្នាក់​ជាតិ​លើក​ទី២ អំពី​ការទប់ស្កាត់​អំពើ​ឃោរឃៅ​នៅ​កម្ពុជា ដែល​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ ទី ២២ ខែសីហា ឆ្នាំ​ ២០១៧។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ លោក ពូ សុធីរៈ នាយក​ប្រតិបត្តិ​វិទ្យាសា្ថន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព (CICP) ថ្លែង​ក្នុង​ពិធី​បើក​កិច្ចពិភាក្សា​ថ្នាក់​ជាតិ​លើក​ទី២ អំពី​ការទប់ស្កាត់​អំពើ​ឃោរឃៅ​នៅ​កម្ពុជា ដែល​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ ទី ២២ ខែសីហា ឆ្នាំ​ ២០១៧។ (ហ៊ុល រស្មី/វីអូអេ)

លោក​ថ្លែង​ថា៖ «ខ្ញុំ​មិន​ជឿ​ថា​យើង​អាច​ធ្វើ​ឲ្យ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មាន​សកម្ម​ភាព​ឡើង​វិញ​ទេ។ ជា​ថ្មី​ម្តង​ទៀត​ គ្មាន​នរណា​ម្នាក់​នឹង​ជួយ​ធ្វើ​រឿង​នេះ​ទេ។ អង្គការ​សហប្រជាជាតិ ​នឹង​មិន​ធ្វើវាទេ។ គ្មាន​ប្រទេស​ណា​មួយ​ធ្វើ​រឿង​នេះ​ទេ​ ទាំង​ប្រទេស​ជា​ហត្ថលេខី។ ហើយ​ទន្ទឹម​គ្នា​នេះ​ វា​ជា​ការងារ​ផ្ទះ​ផ្ទាល់​ខ្លួន​របស់​ពួក​យើង​។​ យើង​ត្រូវ​ធ្វើ​ការងារ​នេះ​រួមគ្នា ​ដើម្បី​ធានា​ថា ​យើង​អាច​ធ្វើ​ការ​ងារ​នេះ​រួម​គ្នា​បាន ក្នុង​ស្មារតី​ផ្សះ​ផ្សា​ជាតិ​ដែល​មាន​ការ​អត់ឱន​ឲ្យ​គ្នា​ ស្រុះ​ស្រួល​គ្នា​ និង​ទទួល​យក​បាន​ទាំង​អស់​គ្នា​»។

កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​ គឺ​ជា​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ ដែលបាន​បញ្ជាក់​អំពី​ការ​ឈាន​ទៅ​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​នៅ​កម្ពុជា​ ការ​នាំ​មក​នូវ​ការ​បោះឆ្នោត​ជ្រើស​រើស​មេដឹក​នាំ​ប្រទេស​ តាម​លំនាំ​ប្រជាធិប​តេយ្យ​ សេរី​ពហុបក្ស និង​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​ដើម។

ក្នុងកិច្ច​ពិភាក្សា​ស្តី​ពី​ខួប​៣០​ឆ្នាំ​នៃ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​សនិ្តភាព​ទីក្រុង​ប៉ារីស​ កាល​ពី​ថ្ងៃ​អង្គារ នាយិកា​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​អ្នកស្រី ​ចក់ សុភាព បាន​កត់​សម្គាល់​សារៈសំខាន់​នៃ​កិច្ចព្រម​ព្រៀង​នៅ​ក្នុងការ​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ អ្នកស្រី​និយាយ​ថា ​ប្រទេស​សាមី​នៃ​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​គួរ​មាន​ក្រប​ខណ្ឌ​នៃ​ការ​ពិនិត្យ​ឡើង​វិញ​នូវ​ការ​ការពារ​សិទ្ធិ​មនុស្ស​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​ស្នូល នៅ​ពេល​ធ្វើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ ឬ​ជំនួយ​ជា​ទ្វេភាគី​ណាមួយ​ជាមួយ​កម្ពុជា។

រូប​ឯកសារ៖ ព្រះ​អម្ចាស់​ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ជាមួយ​ភាគី​ជម្លោះ​នៅ​កម្ពុជា នៅ​ក្នុងសន្និសីទ​អន្តរជាតិ​ស្តី​ពី​សន្តិភាពនៅ​កម្ពុជា​ ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។
រូប​ឯកសារ៖ ព្រះ​អម្ចាស់​ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ជាមួយ​ភាគី​ជម្លោះ​នៅ​កម្ពុជា នៅ​ក្នុងសន្និសីទ​អន្តរជាតិ​ស្តី​ពី​សន្តិភាពនៅ​កម្ពុជា​ ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។

ចំណែក​មេដឹកនាំ​គណបក្ស​ជំទាស់​ លោក ​សម រង្ស៊ី​ ដែល​ជា​វា​គ្មិន​មួយ​រូប​ផង​ដែរ​ក្នុង​ការពិភាក្សា​ដដែល​នោះ​ បាន​ថ្លែង​ថា ​ការ​កសាង​ប្រព័ន្ធ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា​ គឺ​ជា«​ដំណើរ​ដ៏​គួរ​ឲ្យ​ខក​ចិត្ត​»មួយ​ ព្រោះ​អ្នក​នយោ​បាយ​ជំទាស់​ ត្រូវ​បាន​បោស​សម្អាត​ ឬ​រំលាយ​ចោល​ និង​ត្រូវបាន​ហាម​ប្រាម​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥ឆ្នាំ​ គិត​ចាប់​ពី​ឆ្នាំ​២០១៧ម​ក។ លោក​ថា​ ការ​ហាម​ឃាត់​អ្នក​នយោ​បាយ​ជំទាស់​មិន​ឲ្យ​ធ្វើ​នយោ​បាយ​នៅ​កម្ពុជា​ អាច​នឹង​ត្រូវ​ពន្យារ​ពេល​៥​ឆ្នាំ​ទៀត។

អតីត​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក ​សម រង្ស៊ី​ ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស លើក​ឡើង​បន្ថែម​ថា ​វា​មិន​គ្រប់​គ្រាន់​ទេ​ ក្នុង​ការ​ពិនិត្យ​ឡើង​វិញ​នូវ​ដំណើរ​ការ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​ ប៉ុន្តែ​វាគួរ​តែ​មាន​ការ​លើក​ទឹក​ចិត្តឲ្យ​មាន​ការ​ធានា​ថា ​កម្ពុជា​គោរព​តាម​គោល​ជំហរអព្យា​ក្រឹត​ ដូច​ដែល​បាន​តម្កល់​ទុកក្នុងកិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស​។ លោក​យល់​ថា​ មាន​ប្រទេស​ជា​ច្រើន​ចង់​ឃើញ​កម្ពុជា​ប្រកាន់​យក​គោល​ជំហរ​អព្យាក្រឹត​ នៅ​ពេលនិយាយ​ដល់ភាព​តាន​តឹង​នៅសមុទ្រ​ចិន​ខាង​ត្បូង​នោះ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ​លោក​ ផៃ ស៊ីផាន​ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​មិន​មាន​ហេតុ​ផល​ណា​ដែល​ត្រូវ​លើក​យក​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ មក​ពិនិត្យ​ឡើងវិញ​ នៅ​ពេល​កម្ពុជា​មាន​សន្តិភាព​ និង​ការ​បោះ​ឆ្នោត​ ហើយ​ក៏​មិន​មាន​ការ​ឈ្លាន​ពាន​ពី​បរទេស។

លោក​ថ្លែង​ថា​៖ «អន្តរជាតិ​មុន​នឹង​ចូល​យ៉ាង​ណា​ក៏​ដោយ​ ត្រូវ​សុំ​សិទ្ធិ​ពី​រដ្ឋាភិបាល​របស់​កម្ពុជា​ ហើយ​រដ្ឋា​ភិបាល​ដែល​កើត​ចេញ​ដោយ​ការ​បោះ​ឆ្នោត​ ហើយ​គ្មាន​សង្គ្រាម​ស៊ីវិល​ តើ​យើង​ទៅ​ធ្វើ​ម៉េច​កើត​? វាធ្វើ​មិន​កើត​ទេ​។ គ្មាន​បរទេស​ណា​មក​លុក​លុយ មក​លូក​ដៃ​នៅ​ក្នុង​សាច់​រឿង​ហ្នឹង​ទេ​បាទ​»។​

លោក​បន្ថែម​ថា ​បញ្ហា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ជា​សិទ្ធិ​អំណាច​របស់​តុលាការ​កម្ពុជា​ ដែល​រដ្ឋ​បរទេស​មិន​អាចលូក​ដៃ​ចូល​បាន​ផងដែរ​។

យ៉ាង​ណា​ក៏​ដោយ​ កាល​ពីពាក់​កណ្តាល​ខែ​កញ្ញា ឆ្នាំ​២០២១ កន្លង​ទៅ អ្នក​ស្រី Elizabeth Becker ដែល​បាន​រាយ​ការណ៍​អំពី​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ទសវត្សរ៍​១៩៧០​ បាន​ស្នើ​កម្ពុជា​ឲ្យរក្សា​គុណ​តម្លៃ និង​ទាញ​យក​គុណ​ប្រយោជន៍​ពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​នៅ​ក្នុង​ខួប​៣០​ឆ្នាំ ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០២១​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG