ថ្នាំបំបាត់ការឈឺចាប់ក្នុងវេជ្ជបញ្ជាដែលមានសារធាតុណាកូទិក ឬជាតិអាភៀន បាននាំឲ្យមានការស្លាប់មនុស្សរាប់ពាន់នាក់ និងមនុស្សខ្លះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារតែការប្រើប្រាស់លើសកម្រិត។ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមអ្នកស្រាវជ្រាវមិនទាន់បានសិក្សា ថាតើការរាលដាលនេះប៉ះពាល់ដល់ក្មេងៗនៅក្នុងសង្គមយ៉ាងណាទេ។
Vicodin និង Oxycontin គឺជាឈ្មោះតំណាងឲ្យថ្នាំ hydrocodone និង oxycodone ដែលជាថ្នាំបំបាត់ការឈឺចាប់ដ៏មានប្រសិទ្ធភាព ហើយថ្នាំទាំងនេះអាចនាំទៅដល់ការញៀនថ្នាំ ជាពិសេសនៅសហរដ្ឋអាមេរិក។ ថ្នាំពេទ្យប្រភេទនេះនិងប្រភេទផ្សេងៗទៀត គឺមានជាតិអាភៀន ឬណាកូទិក។ នៅពេលវេជ្ជបណ្ឌិតចេញវេជ្ជបញ្ជាឲ្យប្រើថ្នាំបំបាត់ការឈឺចាប់ដើម្បីជួយសម្រួលដល់ការឈឺរ៉ាំរ៉ៃ ប្រភេទថ្នាំទាំងនេះតែងត្រូវបានគេយកមកប្រើប្រាស់ខុសលក្ខណៈ ឬកម្រិត។
លោកស្រី Julie Gaither អ្នកជំនាញផ្នែករោគឆ្លងនៅសាកលវិទ្យាល័យវេជ្ជសាស្រ្ត Yale ព្រួយបារម្ភអំពីការកើនឡើងយ៉ាងខ្លាំងនៃការលក់ថ្នាំមានជាតិអាភៀននៅសហរដ្ឋអាមេរិកក្នុងរយៈពេល២០ឆ្នាំមកនេះ។
លោកស្រីបាននិយាយថា៖ «ការរាតត្បាតនេះបានកើនឡើងយ៉ាងឆាប់រហ័ស។ តាមពិតវាបានចាប់ផ្តើមកាលពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០ នៅពេលដែលគ្រូពេទ្យទាំងឡាយត្រូវបានលើកទឹកចិត្តឲ្យព្យាយាមព្យាបាលជំងឺឈឺចាប់រ៉ាំរ៉ៃឲ្យកាន់តែប្រសើរជាងមុន។ នៅឆ្នាំ ២០១៤ មានអ្នកស្លាប់ប្រមាណ ១ម៉ឺន៩ពាន់នាក់ ដោយការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់មានជាតិអាភៀន»។
លោក Prince គឺជាតន្ត្រីករអន្តរជាតិដ៏ឆ្នើមមួយរូប។ មរណភាពរបស់លោកកាលពីខែមិថុនា ត្រូវបានគេរកឃើញថាដោយសារតែការប្រើប្រាស់លើសកំណត់នៃថ្នាំបំបាត់ការឈឺចាប់មានជាតិអាភៀន។ មជ្ឈមណ្ឌលប្រឆាំងនឹងជំងឺឆ្លងបានឲ្យដឹងថា នៅសហរដ្ឋអាមេរិក មនុស្សប្រមាណ៤៨នាក់ ស្លាប់ជារៀងរាល់ថ្ងៃដោយសារតែការប្រើប្រាស់ថ្នាំមានជាតិអាភៀនលើសកំណត់។ ការសិក្សាថ្មីមួយបង្ហាញថា កុមារនិងមនុស្សពេញវ័យជាង១ម៉ឺន៣ពាន់នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារតែការពុលថ្នាំមានជាតិអាភៀនក្នុងអំឡុងពេល១៦ឆ្នាំនេះ។
លោកស្រី Gaither និងលោកស្រីវេជ្ជបណ្ឌិត Deepa Camenga ដែលមកពីសាកលវិទ្យាល័យវេជ្ជសាស្រ្ត Yale ដែរនោះ បានសម្រេចពិនិត្យមើលកំណត់ត្រាអំពីការបញ្ជូនកុមារ និងមនុស្សពេញវ័យចេញពីមន្ទីរពេទ្យ ដើម្បីកំណត់ចំនួនថាតើមានមនុស្សប៉ុន្មាននាក់ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យដោយសារតែការពុលថ្នាំមានជាតិអាភៀននៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកស្រី Deepa Camenga និយាយថា៖ «យើងរកឃើញថា អត្រានៃការចូលព្យាបាលនៅមន្ទីរពេទ្យដោយសារតែការពុលថ្នាំបំបាត់ការឈឺចាប់មានជាតិអាភៀនបានកើនឡើងពីរដងគិតចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ ២០១២។ យើងក៏បានរកឃើញដែរថា ចំនួនខ្ពស់បំផុតនៃការចូលព្យាបាលនៅមន្ទីរពេទ្យ គឺជាយុវវ័យអាយុចន្លោះពី១៥ ដល់ ១៩ឆ្នាំ។ អត្រាខ្ពស់បំផុតនៃការកើនឡើងការព្យាបាលនៅមន្ទីរពេទ្យ គឺក្នុងចំណោមមនុស្សវ័យក្មេង គឺក្នុងចំណោមកុមារដែលមានអាយុចាប់ពី១ឆ្នាំទៅ៤ឆ្នាំ»។
លោកស្រី Camenga និយាយថា របៀបចេញវេជ្ជបញ្ជា ការបញ្ចេញថ្នាំ និងការវេចខ្ចប់ថ្នាំប្រភេទនេះត្រូវតែមានការផ្លាស់ប្តូរ។ ការផ្តល់ថ្នាំផ្តេសផ្តាសឲ្យទារកលេប គឺជាបញ្ហាដែលគួរឲ្យបារម្ភបំផុតមួយ។
លោកស្រីបាននិយាយថា៖ «ការសន្ទនាថ្នាក់ជាតិរបស់យើង គឺផ្តោតទៅលើ ថាតើយើងត្រូវធ្វើយ៉ាងណាឲ្យការព្យាបាលរបស់យើងមានប្រសិទ្ធភាព និងការពារមិនឲ្យមានការប្រើប្រាស់ខុសឬលើសកម្រិត តែយើងក៏សង្ឃឹមដែរថា ការសន្ទនានេះនឹងផ្តោតទៅលើវិធីការពារកុមារពីការរាលដាលនេះ»។
ការសិក្សានេះត្រូវបានបោះពុម្ពក្នុងទស្សនាវដ្តី JAMA Pediatrics៕
ប្រែសម្រួលដោយ នៀម ឆេង