ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

យុវជន​កម្ពុជា​ជា​ច្រើន​មិន​ដឹង​ថា​ពួក​គេ​អាច​មាន «ជំងឺ​ផ្លូវ​ចិត្ត‍»

  • ហ៊ាន សុជាតា

រូបភាព​ដាក់តាំង​បង្ហាញ​ពី​ជម្ងឺ​ផ្លូវចិត្ត នៅក្នុង​ទិវាសុខភាព​ផ្លូវចិត្ត​យុវជន​លើក​ទី៤​ នៅ​ឯសាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី១៤ ខែតុលា​ ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

ពី​មួយ​ឆ្នាំ​ ​ទៅ​មួយ​ឆ្នាំ​ ​ការ​ប្រារព្ធ​ទិវា​សុខភាព​ផ្លូវ​ចិត្ត​យុវជន​កម្ពុជា​ ​មាន​ការ​កើន​ឡើង​ចំនួន​អ្នក​ចូលរួម។​ ជាក់ស្តែង​ ​កាល​ពី​ឆ្នាំ​២០១២​ ​មាន​អ្នក​ចូលរួម​ត្រឹម​ជាង​​១.២០០​នាក់​ប៉ុណ្ណោះ។​ ដោយ​ឡែក​ទិវា​សុខភាព​ផ្លូវ​ចិត្ត​ក្នុង​ឆ្នាំ​២០១៦​នេះ​ មាន​អ្នក​ចូលរួម​ចំនួន​ជាង​២.០០០​នាក់។ ​​

យុវជន​កម្ពុជា​ភាគ​ច្រើន​កំពុងប្រឈមនឹង​ជំងឺបាក់ទឹក​ចិត្ត​ ​និងថប់​អារម្មណ៍​ ​ដោយ​សារ​ក្តី​បារម្ភ​ជុំវិញ​ ​បញ្ហា​ស្នេហា​ និង​គ្មាន​ការងារ​ធ្វើ។ ​ហើយ​បញ្ហាផ្លូវ​ចិត្ត​ អាច​កត់សម្គាល់​បាន​តាម​រយៈ ​ភាព​អសកម្ម​ក្នុង​ការ​បំពេញ​មុខ​ងារ​ប្រចាំ​ថ្ងៃ​ និង​ការ​បាត់​បង់​ចំណាប់​អារម្មណ៍​ចំពោះ​ការ​ចូលរួម​សកម្មភាព​ផ្សេងៗ។ ​នេះ​បើ​យើង​តាម​អ្នក​ជំនាញ​ផ្នែក​ចិត្តវិជ្ជា​ក្នុង​ប្រទេស​កម្ពុជា។​

កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដេប៉ាតឺម៉ង់​ចិត្តវិទ្យា​ ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​សហការ​ជាមួយ​អ្នក​ជំនាញ​ផ្នែក​ចិត្ត​វិទ្យា​១៦​ស្ថាប័ន​ផ្សេង​ទៀត​ បាន​ប្រារព្ធ​ទិវា​សុខភាព​ផ្លូវ​ចិត្ត​យុវជន​លើក​ទី៤​ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​នៅ​កម្ពុជា​ ​ជា​ពិសេស​គឺ​សម្រាប់យុវជន។​

លោក​ កៅ​ សុវណ្ណតារា​ សាស្ត្រាចារ្យ​ចិត្តវិទ្យា​ ​និង​ជា​អ្នក​រៀប​ចំទិវា​សុខភាព​ផ្លូវ​ចិត្ត​នេះ ​បញ្ជាក់​ប្រាប់​ VOA ​ថា​ ជំងឺផ្លូវ​ចិត្ត ​សំដៅដល់​ភាព​អសកម្ម​ក្នុង​ការ​បំពេញ​មុខងារ​ប្រចាំ​ថ្ងៃ និង​ការ​បាត់បង់​ចំណាប់​អារម្មណ៍​ចំពោះ​ការ​ចូលរួម​សកម្មភាព​ផ្សេងៗ​ ​ហើយ​ជំងឺផ្លូវ​ចិត្ត កើត​ចេញ​ពី​ហេតុការណ៍ណា​មួយ​ ដែល​រំខាន​ដល់​អារម្មណ៍ និង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​មនុស្ស។ នេះ​បើ​យោង​តាមអ្នក​ជំនាញ​ចិត្តសាស្ត្រ​ នៅ​ក្នុង​ទិវា​សុខភាព​ផ្លូវ​ចិត្ត​យុវជន​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។

«យើង​ឃើញ​ថា​ប្រជាជន​ទូទៅ​ ភាគ​ច្រើន​គឺ​អត់​ដឹង​ទេ ព្រោះ​បញ្ហា​ផ្លូវ​ចិត្ត​ហ្នឹង​ វា​ពិបាក​ក្នុង​ការ​មើល​ណាស់​ ​លុះ​ត្រា​តែ​យើង​ពិនិត្យ​មើល​ឲ្យ​បាន​ដិត​ដល់​ទើប​ដឹង​ថា​មនុស្ស​ហ្នឹង​មាន​បញ្ហា​ផ្លូវ​ចិត្ត។ ឧទាហរណ៍​ដូចជា​អាការៈ​គាត់​ អ្នក​ជំងឺ​ធ្លាក់​ទឹកចិត្ត​ គឺ​ទី១​ គាត់​បាត់បង់​ចំណាប់អារម្មណ៍​ចំពោះ​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​គាត់។ មួយ​ទៀត​យើង​មើល​ទៅ​លើ​អាការៈ​រាងកាយ​គាត់​ ហេវហត់​អស់​កម្លាំង​ ក៏​ជា​អាការៈ​ជំងឺ​ផ្លូវ​ចិត្ត​ដែរ។ មួយ​ទៀត​គាត់​ប្រឈម​នឹង​អាកប្បកិរិយា​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ ពេល​ខ្លះ​អារម្មណ៍​គាត់​ចង់​សម្លាប់​ខ្លួន​ ​ព្រោះ​ពេល​គាត់​មាន​បញ្ហា​ផ្លូវ​ចិត្ត​ ​គាត់​គិត​ថា​ខ្លួន​គាត់​អត់​មាន​តម្លៃ​ខ្លួន​គាត់​អត់​ល្អ»។​

ការប្រារព្ធ​ទិវា​សុខភាព​ផ្លូវចិត្ត​យុវជន​លើក​ទី៤​ នៅ​ឯសាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី១៤​ ខែតុលា​ ឆ្នាំ២០១៦។​ (ហ៊ាន​ សុជាតា/​VOA)
ការប្រារព្ធ​ទិវា​សុខភាព​ផ្លូវចិត្ត​យុវជន​លើក​ទី៤​ នៅ​ឯសាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី១៤​ ខែតុលា​ ឆ្នាំ២០១៦។​ (ហ៊ាន​ សុជាតា/​VOA)

​ពី​មួយ​ឆ្នាំ​ ​ទៅ​មួយ​ឆ្នាំ​ ​ការ​ប្រារព្ធ​ទិវា​សុខភាព​ផ្លូវ​ចិត្ត​យុវជន​កម្ពុជា​ ​មាន​ការ​កើន​ឡើង​ចំនួន​អ្នក​ចូលរួម។​ ជាក់ស្តែង​ ​កាល​ពី​ឆ្នាំ​២០១២​ ​មាន​អ្នក​ចូលរួម​ត្រឹម​ជាង១.២០០​នាក់​ប៉ុណ្ណោះ។​ ដោយ​ឡែក​ទិវា​សុខភាព​ផ្លូវ​ចិត្ត​ក្នុង​ឆ្នាំ​២០១៦​នេះ​ មាន​អ្នក​ចូលរួម​ចំនួន​ជាង​២.០០០​នាក់។

​កាល​ពី​ឆ្នាំ​២០១២ យ៉ាង​ហោច​ណាស់​មាន​យុវជន​កម្ពុជា​ចំនួន​៤២​រូប​ បា​ន​សម្លាប់​ខ្លួន​ដោយ​សារ​ជំងឺផ្លូវ​ចិត្ត​ធ្ងន់​នេះ។

លោក​ យឹម ​សុបុត្រា​ ជា​ប្រធាន​ផ្នែក​ពិគ្រោះផ្លូវ​ចិត្ត និង​ជា​វេជ្ជបណ្ឌិត​ឯកទេស​វិកលវិទ្យា​នៃ​មន្ទីរពេទ្យ​រុស្ស៊ី បាន​ធ្វើ​ការ​បែង​ចែង​ជំងឺ​ផ្លូវ​ចិត្ត ជា​៥​ប្រភេទ​ គឺ​ជំងឺ​ថប់អារម្មណ៍​ ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ ជំងឺ​វិកលចរិត​ ជំងឺ​ផ្លូវ​ចិត្ត​បង្ក​ដោយ​គ្រឿង​ស្រវឹង​ និង​គ្រឿង​ញៀន​ និង​ចុងក្រោយ​គឺ​ជំងឺ​ផ្លូវ​ចិត្ត​កុមារ។ ​លោក​ថា​ ជំងឺ​ផ្លូវ​ចិត្ត​នេះ​ កើត​មាន​ឡើង​ដោយសារសម្ពាធ​សង្គម​ និង​មជ្ឈដ្ឋានជុំវិញ​ខ្លួន ក៏​ប៉ុន្តែ​ការ​យល់​ដឹង​ពី​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​នៅ​មាន​កម្រិត​នៅឡើយ។​

លោក​ យឹម ​សុបុត្រា ថ្លែង​ប្រាប់ VOA ថា៖

«កាល​ណា​យើង​និយាយ​ពី​សុខភាព​ផ្លូវ​ចិត្ត​ នៅ​ក្នុង​ទស្សនៈ​ប្រជាជន​យើង​ ជា​ពិសេស​នៅ​សហគមន៍​ គាត់​គិត​ថា​ជំងឺ​សរសៃ​ប្រសាទ​ ជំងឺ​វិកល​ចរិត​ ជា​ជំងឺ​ដែល​គេ​រើសអើង។ ចឹង​កាល​ណា​គាត់​ដើរ​ចូល​ទទួល​សេវា​សុខភាព​ផ្លូវ​ចិត្ត គេ​ថា​អ្នក​ហ្នឹង​សរសៃ​ប្រសាទ​ កន្លែង​ហ្នឹង​ ហើយ​ដែល​ធ្វើ​ឲ្យ​ការ​យល់​ដឹង​សុខភាព​ផ្លូវ​ចិត្ត​នៅ​មាន​កម្រិត»។​

លោក​ យឹម ​សុបុត្រា ​ពន្យល់​ប្រាប់​ពី​ទំនាក់ទំនង​រវាងសុខភាព​ផ្លូវកាយ​ និង​ផ្លូវ​ចិត្ត​យ៉ាង​ដូច្នេះ៖​ «យើង​ស្គាល់​អំពី​សុខភាព។​ មនុស្ស​ម្នាក់ៗ​ត្រូវ​ការ​ឲ្យ​មាន​សុខុមាលភាព​ល្អ​ ចឹង​នៅ​ពេល​គាត់​ឈឺ​ ​គាត់​ត្រូវការ​ការ​ព្យាបាល។ ត្រូវ​ដឹង​ថា​ នៅ​ពេល​ឈឺ​ផ្លូវ​ចិត្ត​ គឺ​ឈឺ​ផ្លូវ​កាយ។​ នៅ​ពេល​ដែល​គាត់​សម្រាន្ត​មិន​បាន​ ញ៉ាំ​មិន​បាន ដោយសារ​ជំងឺ​ផ្លូវ​ចិត្ត​ ធ្វើ​ឲ្យ​ប៉ះពាល់​ផ្លូវ​កាយ។​ ចឹង​ចាំ​បាច់​ណាស់​ ​ដើម្បី​ថែ​សុខុមាលភាព​ឲ្យ​បាន​ពេញ​បរិបូណ៌​ មិនមែន​តែ​កាយ​ទេ​ ចិត្ត​ថែម​ទៀត»។

បើ​តាម​លោក​ យឹម ​សុបុត្រា​ មាន​ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​មក​ប្រឹក្សា​ផ្នែក​ផ្លូវ​ចិត្ត​ពី​មួយ​ឆ្នាំ​ទី​មួយ​ឆ្នាំ។​ ជាក់​ស្តែង ​កាល​ពី​ឆ្នាំ​២០១៤​ ចំនួន​អ្នក​មក​ទទួល​សេវា​ប្រឹក្សា​មាន​ត្រឹម​តែ​ជាង​២៥០​នាក់​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ ក៏​ប៉ុន្តែ​មក​ដល់​ចុង​ឆ្នាំ​២០១៦​នេះ​ ចំនួន​អ្នក​មក​ទទួល​សេវា​ប្រឹក្សា​នៅ​ឯ​មន្ទីរពេទ្យ​រុស្ស៊ី​កើន​ឡើង​ដល់​ចន្លោះ​ពី​៣៥០នាក់​ដល់​៥០០​នាក់​ក្នុង​មួយ​ថ្ងៃ។​ ​

លោក​ អ៊ាន ​និល​ ប្រធាន​គម្រោង​ អ្នក​ណែនាំ​ការ​ព្យាបាល​ផ្លូវ​ចិត្តនៃ​សមាគម​ EMDR​ ប្រចាំ​កម្ពុជា​ ឲ្យដឹង​ថា​ បញ្ហា​ផ្លូវ​ចិត្ត​ ឬ​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ ​សំដៅ​ដល់​ហេតុការណ៍ណា​មួយ​ ដែល​រំខាន​ ឬ​គំរាមកំហែង​ដល់​អារម្មណ៍ និង​ជីវិត​ប្រចាំ​ថ្ងៃ​ជាដដែលៗ​ ​និង​ជា​បន្តបន្ទាប់​ ហើយ​សាមី​ខ្លួន​មិន​អាច​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន។​

«និយាយ​ពី​ការ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​ វា​មាន​មូលហេតុ​ច្រើន​ តែ​និយាយ​ឲ្យ​ខ្លី​ ឲ្យ​តែ​ហេតុការណ៍​ណា​ដែល​វា​រំខាន​ ឬ​គំរាមកំហែង​ នៅ​តែ​រំខាន​ បាន​ន័យ​ថា​ ធ្វើ​ឲ្យ​យើង​នៅ​តែ​នឹកឃើញ​ ឡើង​វិញ​ដដែលៗ​ ធ្វើ​ឲ្យ​គាត់​នឹក​ឃើញ​ហើយ​អារម្មណ៍​មិន​ល្អ​ រំខាន​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​គាត់ ក្នុង​ការ​គេង​ សូម្បី​តែ​ការ​យល់​សប្តិ»។

​លោក​ អ៊ាន ​និល​ បន្ត​ថា «បញ្ហា​ផ្លូវ​ចិត្ត» ​កម្រិត​ស្រាល​ ដែល​គេ​ស្គាល់​ថា ​ភាព​តានតឹង​ផ្លូវចិត្ត​ ឬ​ស្ត្រេស​ ហើយ​ងាយកើត​ឡើង​ចំពោះ​មនុស្ស​ទូទៅ​នោះសាមី​ខ្លួនអាច​មាន​វិធីសាស្ត្រ​ដើម្បី​ដោះស្រាយ​រៀងៗ​ខ្លួន។ ​ក៏​ប៉ុន្តែ​លោក​ថា បញ្ហា​ផ្លូវ​ចិត្ត​ណា​ដែល​អូស​បន្លាយ​រយៈ​ពេល​លើស​ពី​មួយ​ខែ​ ដោយ​មិន​មាន​ភាព​ធូរ​ស្បើយ​នោះ​ ​អាច​វិវត្ត​ទៅ​ជា​«ជំងឺ​ផ្លូវ​ចិត្ត»​កម្រិត​ធ្ងន់​ ​ដែល​តម្រូវ​ឲ្យ​សាមី​ខ្លួន​ត្រូវពិគ្រោះ​យោបល់​ជាមួយ​អ្នក​ឯកទេស​ផ្នែក​ចិត្តសាស្ត្រ។

VOAមិន​អាច​ទាក់ទង​លោក​ លី សូវ៉ាន់​ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ដើម្បី​សុំ​សេចក្តី​បំភ្លឺ​បាន​នោះ​នា​ថ្ងៃ​សុក្រ​នេះ៕

XS
SM
MD
LG