ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រៅ​ពី​មាន​ប្រយោជន៍​ខាង​សុខភាព ម្រុម​ក៏​អាច​ប្រើ​ដើម្បី​កូរ​ទឹក​ឲ្យ​ថ្លា

  • សាយ មុន្នី

រូប​ថត៖ ​ដើម ស្លឹក និង​ផ្លៃ​ម្រុម

ពលរដ្ឋ​ខ្មែរ​គួរ​តែ​ប្រុងប្រយ័ត្ន​បន្ថែម​ទៀត ចំពោះ​ការ​ប្រើប្រាស់​ផលិត​ផល​ណាមួយ ប្រសិនបើ​មិន​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​ពី​ខាង​វេជ្ជសាស្ត្រ ពីព្រោះ​វា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​បាន។

អ្នក​ជំនាញ​ខាង​វេជ្ជសាស្ត្រ​លើក​ឡើង​ថា​ ពលរដ្ឋ​ខ្មែរ​គួរ​ប្រើប្រាស់រុក្ខជាតិ​ម្រុម​ ជា​ជំនួយ​ខាង​សុខភាព និង​ជា​ប្រយោជន៍​ផ្សេងៗ​វិញ ជា​ជាង​ចាត់​ទុក​វា​ថា​ជា​ថ្នាំ​ព្យាបាល​ជំងឺ​តាម​ការ​ជឿ ​ឬ​ការ​ប្រាប់​តៗ​គ្នា​នោះ។

លោក​វេជ្ជបណ្ឌិត តាំង តេកហុង រេជ្ជបណ្ឌិត​ខ្មែរ​អាមេរិកាំង​ម្នាក់​នៅក្នុង​ក្រុង Jacksonville រដ្ឋ Florida បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​កម្មវិធី​ Hello VOAកាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៦ ខែ​មិថុនា​នេះ៖

«សូម្បី​តែ​សហរដ្ឋ​អាមេរិក​ហ្នឹង ក៏​មិន​ទាន់​មាន​ការ​ច្បាស់លាស់​ដែរ ពីព្រោះ​ថា គេ​ចាត់​ទុក​ម្រុម​ហ្នឹង​ជា​ម្ហូប​អាហារ មិន​មែន​ថ្នាំ​ទេ​បាទ។ បើ​កាល​ណា​របស់​អ្វី​មួយ​ដែល​គេ​ចាត់​ទុក​ជា​ម្ហូប​អាហារ​ គឺ​ថា គ្មាន​ការ​ពិនិត្យ​តាម​ស្តង់ដារ​ពេទ្យ​ត្រឹមត្រូវ​ទេ»។

ពលរដ្ឋ​ខ្មែរ​ជាច្រើន​និយម​ទទួល​ទាន​ស្លឹក​ម្រុម​ជា​បន្លែ និង​ប្រើប្រាស់​គ្រាប់​និង​ឫស​រុក្ខជាតិ​ប្រភេទ​នេះ​សម្រាប់​ជួយ​ព្យាបាល​ជំងឺ​ផ្សេងៗ​របស់​ពួកគេ ដោយ​សារ​ពួកគេ​ជឿ​តៗ​គ្នា​ថា រុក្ខជាតិ​នេះ​អាច​ជួយ​ពួកគេ​បាន។

ថ្មីៗ​នេះ​ទៀត​សោត ក៏​មាន​ក្រុម​ហ៊ុន​លក់​ផលិតផល ដែល​គេ​អះអាង​ថា ជា​ផលិតផល​ផ្សំ​ពី​រុក្ខជាតិ​ម្រុម​នេះ ហើយវា​មាន​ប្រយោជន៍​ដល់​សុខភាព​ និង​អាច​ជួយ​ព្យាបាល​ជំងឺ​ជាច្រើន​មុខ​បាន​ទៀត​ផង។

រូបឯកសារ៖ លោកវេជ្ជបណ្ឌិត​ តាំង តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​នៅ​ក្រុង Jacksonville រដ្ឋ​ Florida សហរដ្ឋអាមេរិកជា​វាគ្មិន​ប្រចាំ​ខែ​នៅ​ក្នុង​កម្មវិធី​វិទ្យុ Hello VOA អំពី​សុខភាព។ (រូប​ផ្តល់​ឲ្យ)
រូបឯកសារ៖ លោកវេជ្ជបណ្ឌិត​ តាំង តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​នៅ​ក្រុង Jacksonville រដ្ឋ​ Florida សហរដ្ឋអាមេរិកជា​វាគ្មិន​ប្រចាំ​ខែ​នៅ​ក្នុង​កម្មវិធី​វិទ្យុ Hello VOA អំពី​សុខភាព។ (រូប​ផ្តល់​ឲ្យ)

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​វេជ្ជបណ្ឌិត តាំង តេកហុង មាន​ប្រសាសន៍​ថា ពលរដ្ឋ​ខ្មែរ​គួរ​តែ​ប្រុងប្រយ័ត្ន​បន្ថែម​ទៀត ចំពោះ​ការ​ប្រើប្រាស់​ផលិត​ផល​ណាមួយ ប្រសិនបើ​មិន​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​ពី​ខាង​វេជ្ជសាស្ត្រ ពីព្រោះ​វា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​បាន។

តួយ៉ាង​ លោក​វេជ្ជបណ្ឌិត​រូប​នេះ​បាន​ពន្យល់​ថា រុក្ខជាតិ​ម្រុម​នេះ​មាន​សារជាតិ ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​បាន ទោះបីជា​វា​អត្ថប្រយោជន៍​ជាច្រើន​ខាង​សុខភាព​ដល់​ក្រុម​មនុស្ស​ផ្សេង​ទៀតក៏ដោយ។

ដូច្នេះ លោក​ថ្លែង​ថា ជា​ជាង​ពឹង​ផ្អែក​ទៅ​លើ​ម្រុម​សម្រាប់​ព្យាបាល​ជំងឺ​នោះ ​ពលរដ្ឋ​ខ្មែរ អាច​បន្ត​ប្រើប្រាស់​រុក្ខជាតិ​នេះ​ជា​ប្រយោជន៍​ផ្សេងៗ​វិញ ដូចជា​យកស្លឹក​ម្រុម​ធ្វើ​ជា​បន្លែ​សម្រាប់​ទទួល​ទាន និង​ប្រើប្រាស់​គ្រាប់​វា ជំនួស​សាច់ជូរ​ សម្រាប់​កូរ​ទឹក​ឲ្យ​ថ្លា​ ជាដើម៕

XS
SM
MD
LG