តុលាការក្រុងភ្នំពេញគ្រោងនឹងប្រកាសសាលក្រមករណីអតីតអ្នករាយការណ៍ព័ត៌មានរបស់វិទ្យុអាស៊ីសេរី គឺលោក អ៊ួន ឈិន និងលោកយាង សុធារិន្ទ នៅថ្ងៃទី៣ខែតុលាខាងមុខ។ នេះបើយោងតាមលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដែលបានប្រាប់VOAនៅថ្ងៃច័ន្ទនេះ។
«ថ្ងៃទី៣ ខែ១០។ [...]គេដាក់ប្រកាស គេចេញអស់ហើយតើ គេជូនមើលភាគីពាក់ព័ន្ធអស់ហើយតើស៍»។
កាលពីថ្ងៃទី ៣០ខែសីហា សាលាដំបូងរាជធានីភ្នំពេញបានលើកពេលប្រកាសសាលក្រមករណីអតីតអ្នកកាសែតទាំងពីរដោយមិនបានប្រកាសឲ្យដឹងជាមុន។ ការលើកពេលដោយសារមូលហេតុចៅក្រមប្រធានជំនុំជម្រះដែលត្រូវប្រកាសសាលក្រមត្រូវទៅចូលរួមសិក្ខាសាលាតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
លោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន ត្រូវចាប់និងឃុំខ្លួនកាលពីថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ដូចគ្នាពីបទ «ផ្តល់ព័ត៌មានដល់រដ្ឋបរទេសដែលអាចធ្វើឲ្យអន្តរាយដល់ការការពារជាតិ» ដែលស្មើនឹងបទអំពើចារកម្មនិងបទផលិតនិងកាន់កាប់រូបភាពអាសអាភាស។ អតីតអ្នកកាសែតទាំងពីរអាចប្រឈមនឹងទោសជាប់ពន្ធនាគារពី ៧ ដល់ ១៥ ឆ្នាំ ប្រសិនបើតុលាការរកឃើញថា ពួកគេមានទោសនោះ។
អតីតអ្នករាយការណ៍ព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីររូប បានចំណាយពេលក្នុងមន្ទីរឃុំឃាំងអស់រយៈពេលជិតដប់ខែ មុននឹងត្រូវដោះលែងឲ្យមានសេរីភាពបណ្តោះអាសន្នក្រោមការឃ្លាំមើលរបស់តុលាការ។
លោក សំ ចំរើន មេធាវីការពារក្តីរបស់លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ មានប្រសាសន៍ថាលោកបានទទួលសេចក្តីជូនដំណឹងអំពីការប្រកាសសាលក្រមកូនក្តីរបស់លោកនៅថ្ងៃច័ន្ទនេះផងដែរ។ លោកអបអរការកំណត់ពេលប្រកាសសាលក្រមជាថ្មីនេះ។ ចំណែកលោក យាង សុធារិន្ទ ចាត់ទុកថានេះជាដំណឹងវិជ្ជមាននិងជាដំណឹងរីករាយមួយ។
«ហើយខ្ញុំនឹងចាំមើលការប្រកាសលទ្ធផលនៃប្រកាសនៅថ្ងៃទីបី ហ្នឹងហើយសង្ឃឹមថា តុលាការនឹងប្រកាសដោយឈរទៅលើគោលការណ៍យុត្តិធម៌ហើយសង្ឃឹមថា នៅថ្ងៃទីបីខាងមុខហ្នឹងពួកខ្ញុំទាំងពីរនាក់នឹងទទួលបាននូវយុត្តិធម៌បាទ»។
រីឯលោក អ៊ួន ឈិន ធ្លាប់បានលើកឡើងថា ការពន្យារការប្រកាសសាលក្រមធ្វើឲ្យលោកប្រឈមជាមួយបញ្ហាជីវភាព។
កាលថ្ងៃអាទិត្យម្សិលមិញនេះក្រុមអ្នកកាសែតកម្ពុជាដែលមានគ្នាប្រមាណជាង២០នាក់ បានជំរុញឲ្យតុលាការក្រុងភ្នំពេញពន្លឿនការប្រកាសសាលក្រមករណីអ្នកសារព័ត៌មានទាំងពីរនិងស្នើឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់មកលើពួកគេទាំងពីរ។
ក្រុមអ្នកកាសែតកម្ពុជា យល់ថាបទចោទនេះមានលក្ខណៈ«ធ្ងន់ធ្ងរ»និងបង្កឲ្យមានភាពភ័យខ្លាចដល់អ្នកកាសែតដទៃទៀត ព្រមទាំងធ្វើឱ្យធ្លាក់ចុះសេរីភាពសារព័ត៌មាននៅកម្ពុជា៕