តើហេតុអ្វីពួកគេបានធ្វើការងារពាក់ព័ន្ធនឹងសារព័ត៌មានក្រោយស្ថាប័នរបស់ពួកគេបិទការិយាល័យ?តើពួកគេមានទំនាក់ទំនងជាមួយអតីតមន្ត្រីស្ថានទូតអាមេរិកមួយរូបគឺលោក ជ្រា វណ្ណរិទ្ធិ ដែរឬទេហើយមានឆ្លើយឆ្លងគ្នាអំពីអ្វីខ្លះ?តើពួកគេស្គាល់ភ្នាក់ងារស៊ើបការ CIA របស់អាមេរិកដែរឬទេ?
ទាំងនេះគឺជាសំណួរមួយចំនួនក្នុងចំណោមសំណួរជាច្រើនដែលចៅក្រមនិងព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញបានចោទសួរទៅលោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន អតីតអ្នកយកព័ត៌មានឲ្យវិទ្យុអាស៊ីសេរីជាខេមរៈភាសា នៅក្នុងការកាត់ទោសពួកគេ នៅព្រឹកថ្ងៃសុក្រនេះ។
ការសួរដេញដោលដែលបានប្រព្រឹត្តទៅអស់រយៈពេលប្រមាណបួនម៉ោង ដោយមានការចូលរួមឃ្លាំមើលពីមន្ត្រីការទូតមួយចំនួនរួមមានមន្ត្រីស្ថានទូតអាមេរិក អាល្លឺម៉ង់ ស៊ុយអែត និងអ្នកឃ្លាំមើលមកពីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនផងដែរ។
លោកយាង សុធារិន្ទ គឺជាអតីតការីនិពន្ធ និងជាអ្នកគ្រប់គ្រងការិយាល័យវិទ្យុអាស៊ីសេរីប្រចាំក្រុងភ្នំពេញ និងលោក អ៊ួន ឈិន អតីតអ្នកថតវីដេអូឲ្យវិទ្យុនេះ។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ អ្នកទាំងពីរត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងត្រូវបានចោទប្រកាន់ដូចគ្នាពីបទ«ផ្តល់ព័ត៌មានដល់រដ្ឋបរទេសដែលអាចធ្វើឲ្យអន្តរាយដល់ការការពារជាតិ»។ បទចោទដែលមានន័យស្មើនឹងបទធ្វើចារកម្មនេះអាចធ្វើឲ្យអតីតអ្នកកាសែតទាំងពីរប្រឈមនឹងទោសជាប់ពន្ធនាគារពី៧ ដល់ ១៥ ឆ្នាំ ប្រសិនបើតុលាការរកឃើញថាពួកគេមានពិរុទ្ធភាព។
នៅក្នុងការកាត់ទោសអតីតអ្នកកាសែតទាំងពីរកាលពីព្រឹកមិញនេះដែរ ចៅក្រមនិងព្រះរាជអាជ្ញាបានបន្ថែមសំណួរទៅកាន់អតីតអ្នកកាសែតទាំងពីរ អំពីប្រភេទព័ត៌មានដែលពួកគេបញ្ជូនចេញពីប្រទេសកម្ពុជា។ ហើយព័ត៌មានទាំងនោះត្រូវបញ្ជូនទៅកាន់ស្ថាប័នណាខ្លះ។ សំណួរមួយចំនួនបានផ្តោតលើឯកសារដែលក្រុមសមត្ថកិច្ចដកហូតបានដែលសុទ្ធសឹងជាឯកសារចាស់ៗ ដែលអតីតអ្នករាយការណ៍ព័ត៌មានទាំងពីរដាក់ជាប់នឹងខ្លួន។
លោក អ៊ួន ឈិន បានឆ្លើយក្នុងសវនាការថា លោកបានធ្វើព័ត៌មានតែពីរប៉ុណ្ណោះក្រោយពីការិយាល័យវិទ្យុអាស៊ីសេរីបិទទ្វារក្នុងទីក្រុងភ្នំពេញ។ ព័ត៌មានទាំងនោះពាក់ពន្ធ័នឹងការធ្វើសន្និសីទកាសែតរបស់ក្រសួងព័ត៌មាននិងព័ត៌មានអំពីការតវ៉ានៅមុខតុលាការសុំឲ្យមានការដោះលែងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ។
ដោយឡែកលោក យាង សុធារិន្ទ បានឆ្លើយថា លោកបានធ្វើសេចក្តីរាយការណ៍មួយចំនួនក្រោយពីស្ថាបន័ព័ត៌មានរបស់លោកបានបិទទ្វារនោះ។ ប៉ុន្តែសេចក្តីរាយការណ៍ព័ត៌មានទាំងនោះគឺជាសេចក្តីរាយការណ៍ព័ត៌មានផ្ទាល់មាត់តាមទូរស័ព្ទ។
ទោះមានលក្ខណៈតានតឹង អ្នកទាំងពីរដែលប្រកបវិជ្ជាជីវៈសារព័ត៌មានអស់ជិត ១០ឆ្នាំ មកហើយនោះ ព្យាយាមបញ្ជាក់ថា ព័ត៌មានដែលពួកគេបន្តធ្វើនោះ«មិនអាចបង្កឲ្យមានមហន្តរាយដល់សន្តិសុខជាតិ»នោះទេ ហើយគឺជាព័ត៌មានដែលសាធារណជនអាចដឹងបាន។
ក្រោយចេញពីសាលសវនាការ លោក យាង សុធារិន្ទ រំពឹងថា ពួកលោកនឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះ។
«ខ្ញុំនៅតែមានសង្ឃឹមថា ចៅក្រមនឹងសម្រេចឲ្យពួកខ្ញុំទាំងពីររួចផុតពីការចោទប្រកាន់ហ្នឹងទៅ»។
លោក អ៊ួន ឈិន ក៏រំពឹងដូចគ្នានេះដែរថា រូបលោកអាចនឹងទទួលបានការលើកលែងការចោទប្រកាន់ដើម្បីរូបលោកអាចមានសេរីភាពក្នុងការធ្វើដំណើរ និងប្រកបរបរចិញ្ចឹមជីវិតឲ្យបានងាយស្រួលជាងនេះ។
លោក អំ សំអាត មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ដែលបានចូលរួមឃ្លាំមើលសវនាការនៅព្រឹកនេះថ្លែងថា អត្ថបទព័ត៌មានចំនួនពីរដែលអតីតអ្នកសារព័ត៌មានវិទ្យអាស៊ីសេរីទាំងពីររូបបញ្ជូនទៅវិទ្យុអាស៊ីសេរី ក្រោយពេលវិទ្យុនេះសម្រេចបិទទ្វារនៅកម្ពុជា គឺជាព័ត៌មានធម្មតាដែលសារព័ត៌មានជាច្រើនបានផ្សព្វផ្សាយនាពេលនោះ។
លោកស្រី Emily Zeeberg អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកដែលបានចូលរួមសវនាការកាលពីព្រឹក មិនធ្វើអត្ថាធិប្បាយលើកការកាត់ទោសនេះទេ។
កាលពីថ្ងៃព្រហស្បតិ៍ ពោលគឺមួយថ្ងៃមុនសវនាការលើអ្នកទាំងពីរ អង្គការ Human Rights Watch បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានទាមទារឲ្យអាជ្ញាធរកម្ពុជាទម្លាក់ចោលការចោទប្រកាន់ប្រឆាំងនឹងអតីតអ្នកយកព័ត៌មានឲ្យវិទ្យុអាស៊ីសេរីទាំងពីររូប៕