«អាជ្ញាធរកម្ពុជាគួរតែទម្លាក់ចោលការចោទប្រកាន់ប្រឆាំងនឹងអតីតអ្នកយកព័ត៌មានឲ្យវិទ្យុអាស៊ីសេរីចំនួនពីររូប»។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានទាមទារដូច្នេះក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍នេះ គឺមួយថ្ងៃមុនសាលាដំបូងរាជធានីភ្នំពេញត្រូវកាត់ទោសអតីតអ្នកកាសែតរបស់វិទ្យុអាស៊ីសេរីទាំងពីររូបនេះ។
លោកយាង សុធារិន្ទ ឬ យាង សុជាមេត្តា ឈ្មោះក្នុងការផ្សាយគឺជាអតីតការីនិពន្ធម្នាក់និងជាអ្នកគ្រប់គ្រងការិយាល័យវិទ្យុអាស៊ីសេរីប្រចាំក្រុងភ្នំពេញ និងលោក អ៊ួន ឈិន អតីតអ្នកថតវីដេអូឲ្យវិទ្យុនេះត្រូវបានចាប់ខ្លួន កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
អតីតអ្នកកាសែតទាំងពីរត្រូវបានចោទប្រកាន់ដូចគ្នាពីបទ«ផ្តល់ព័ត៌មានដល់រដ្ឋបរទេសដែលអាចធ្វើឲ្យអន្តរាយដល់ការការពារជាតិ»។ បទចោទដែលមានន័យស្មើនឹងបទធ្វើចារកម្មនេះអាចធ្វើឲ្យអតីតអ្នកកាសែតទាំងពីរប្រឈមនឹងទោសជាប់ពន្ធនាគារពី ៧ ដល់ ១៥ ឆ្នាំ ប្រសិនបើតុលាការរកឃើញថាពួកគេមានពិរុទ្ធភាព។
តុលាការក្រុងភ្នំពេញគ្រោងនឹងកាត់ទោសអតីតអ្នកកាសែតវិទ្យុអាស៊ីសេរីទាំងពីររូបនៅថ្ងៃសុក្រទី ២៦ ខែកក្កដានេះ។
លោក Phil Robertson នាយករងអង្គការ Human Rights Watch ប្រចាំតំបន់អាស៊ីបាននិយាយក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃនេះថា បទចោទខាងលើគឺជា«ការប្រឌិតប្រឆាំងនឹង»ប្រព័ន្ធផ្សព្វផ្សាយដែលហ៊ានរិះគន់រដ្ឋាភិបាល។ ហើយការរឹតត្បិតតាមផ្លូវតុលាការប្រឆាំងនឹងពួកគេគួរតែត្រូវលើកលែង។
លោក Phil Robertson បានបន្ថែមថា«ប្រទេសកម្ពុជារបស់លោក ហ៊ុន សែន បានក្លាយជារដ្ឋឯកបក្ស ប៉ុន្តែនាយករដ្ឋមន្ត្រីនៅតែដាក់ទោសអ្នកកាសែតណាដែលរិះគន់រដ្ឋាភិបាល»។
លោក Phil Robertson ក៏បានស្នើឲ្យសហគមន៍អន្តរជាតិនិងប្រទេសម្ចាស់ជំនួយជំរុញរដ្ឋាភិបាលខ្មែរឲ្យទម្លាក់បទចោទ«គួរឲ្យអស់សំណើច»ប្រឆាំងនឹងអតីតអ្នកសារព័ត៌មានទាំងពីរនាក់នេះ។
បន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេលជាង ៩ ខែ កាលពីខែសីហា ឆ្នាំ២០១៨ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាដោះលែងឲ្យអ្នកទាំងពីរបានស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន តែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។
លោក សំ ចំរើន មេធាវីការពារក្តីរបស់លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ មិនបានអធិប្បាយចំៗចំពោះសេចក្តីអំពាវនាវរបស់អង្គការ Human Rights Watch ឲ្យទម្លាក់ចោលការចោទប្រកាន់លើកូនក្តីរបស់លោកនោះទេ។
ក៏ប៉ុន្តែលោកមេធាវី ហាក់ដូចជាមានសង្ឃឹមចំពោះលទ្ធផលជាវិជ្ជមានក្នុងការកាត់ក្តីនៅថ្ងៃស្អែកនេះ។
«យើងមានសង្ឃឹមថា វិជ្ជមានច្រើនគ្រាន់តែទស្សទាយថា បែបម៉េចមិនហ៊ានទស្សន៍ទាយទេណា គ្រាន់មានសង្ឃឹមថាវិជ្ជមាន»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ មិនអាចទាក់ទងបានទេនៅថ្ងៃនេះ។
ក្រុមអង្គការអន្តរជាតិផ្នែកការពារសេរីភាពសារព័ត៌មានបានវាយតម្លៃជាបន្តបន្ទាប់ពីការធ្លាក់ចុះផ្នែកសេរីភាពសារព័ត៌មាននិងសេរីភាពក្នុងការបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយនេះ៕