ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាឧទ្ធរណ៍​ច្រាន​ចោល​បណ្តឹង​តវ៉ា​របស់​អតីត​អ្នក​កាសែត​អាស៊ី​សេរី​ក្នុង​សំណុំ​រឿង​​ការ​ពិនិត្យ​របស់​តុលាការ


លោក​យាង​ សុធារិន្ទ​ (ស្តាំ) និង​លោក ​អ៊ួន​ ឈិន​ អតីត​អ្នក​សារព័ត៌មាន​អាស៊ី​សេរី ថ្លែង​ទៅ​កាន់​​អ្នកកាសែត​ បន្ទាប់​ពី​តុលាការ​ឧទ្ធរណ៍​បាន​សម្រេច​ច្រានចោល​បណ្តឹង​ឧទ្ធរណ៍​របស់​អ្នក​ទាំង​ពីរ ថ្ងៃទី​២១ ខែ​មិថុនា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)
លោក​យាង​ សុធារិន្ទ​ (ស្តាំ) និង​លោក ​អ៊ួន​ ឈិន​ អតីត​អ្នក​សារព័ត៌មាន​អាស៊ី​សេរី ថ្លែង​ទៅ​កាន់​​អ្នកកាសែត​ បន្ទាប់​ពី​តុលាការ​ឧទ្ធរណ៍​បាន​សម្រេច​ច្រានចោល​បណ្តឹង​ឧទ្ធរណ៍​របស់​អ្នក​ទាំង​ពីរ ថ្ងៃទី​២១ ខែ​មិថុនា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

សាលា​ឧទ្ធរណ៍​បាន​លើក​ឡើង​ថា អតីតអ្នកសារព័ត៌មាន​ទាំង​ពីរ​នេះ​អាច​នឹង​មិន​ទៅ​បង្ហាញ​ខ្លួន​នៅ​មុខ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដូច​ការ​ទាមទារ​របស់​ខ្លួន​ ទោះបី​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ​បដិសេធ​មិន​ទទួល​យក​សំណើ​សុំ​ទម្លាក់​ចោល​ការ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​ក៏ដោយ។

សាលា​ឧទ្ធរណ៍​នៅថ្ងៃ​សុក្រ​នេះ​ បាន​ច្រាន​ចោល​ការ​ស្នើ​របស់​អតីត​អ្នក​សារព័ត៌មាន​ពីរ​នាក់​របស់​វិទ្យុ​អាស៊ីសេរី​ (RFA)​ ដែល​សុំ​ឲ្យ​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ​ លុបចោល​ការ​ដាក់ឲ្យអ្នក​ទាំង​ពីរ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ ក្នុង​សំណុំ​រឿង​ផ្តល់​ព័ត៌មាន​ដល់​រដ្ឋ​បរទេស។​ យ៉ាង​ណា​ក៏​ដោយ​ អតីត​អ្នក​យក​ព័ត៌មានទាំងពីរ​នាក់បាន​អះ​អាង​ថា​ ពួកគេលែង​មាន​កាតព្វកិច្ច​ចូល​ទៅ​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​តទៅ​ទៀត​ហើយ។

លោក​ ​យាង សុធារិន្ទ​ ​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ក្រៅ​សាលា​ឧទ្ធរណ៍​ថា​ ចៅ​ក្រម​ជំនុំជម្រះបាន​ប្រាប់​លោក​ថា​ សហការី​លោក​និង​រូប​លោក​ «អាច»​ មិន​ទៅ​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​ដោយ​ហេតុ​ថា​ ដំណាក់​កាល​ស៊ើប​សួរ​រឿង​ក្តី​របស់​លោក​គឺ​ត្រូវ​បាន​បិទ​បញ្ចប់​ ហើយ​ពួក​លោកទាំងពីរ​កំពុងរង់​ចាំ​ការ​ជំនុំ​ជម្រះ​ថា​ មាន​ទោស ​ឬ​គ្មានទោសនោះ។​

«យើង​ខ្ញុំ​សប្បាយ​ចិត្ត​ដែរ​នៅ​ថ្ងៃ​ហ្នឹង​ បន្ទាប់​ពី​ការ​សួរ​ដេញដោល​ បន្ទាប់​ពី​ការ​សាកសួរ​គ្នា​ទៅ​ គឺ​ធ្វើ​ឲ្យ​ពួក​ខ្ញុំ​យល់​ច្បាស់​ថា ​មែន​ទែន​ទៅ​ ពួកខ្ញុំ​ហ្នឹង​ស្ថិតនៅ​ លែង​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ហើយ។ ហើយ​យើង​វា​អត់​ដឹង​ ហើយអ៊ីចឹង​ មែន​ទែន​បើ​យើង​អត់​បាន​ប្តឹង​សាលា​ឧទ្ធរណ៍​ថ្ងៃ​ហ្នឹង​ ក៏​អត់​មាន​ យើង​ក៏​អត់​មាន​ការ​ជជែក​បកស្រាយ​ឲ្យ​យើង​យល់​ច្បាស់​អាហ្នឹង​ដែរ»។

លោក​បន្តថា ​នៅ​ពេល​ខាង​មុខ​នេះ​ លោក​នឹង​ប្តឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ដើម្បី​ស្នើ​សុំ​យក​លិខិត​ឆ្លង​ដែន​របស់​លោក​ត្រឡប់​មក​វិញ។

«ជំហាន​បន្ទាប់​ខ្ញុំ​ហ្នឹង​ យើង​ខ្ញុំ​នឹង​ប្តឹង​ទៅ​ចៅក្រម​ជំនុំ​ជម្រះ​ តុលាការ​សាលា​ដំបូង​ហ្នឹង​ដើម្បី​ស្នើ​សុំ​លិខិត​ឆ្លង​ដែន​ ដើម្បី​ខ្ញុំ​អាច​មាន​លទ្ធភាព​ធ្វើ​ដំណើរ​ទៅ​ដែន​ដី​កម្ពុជា​ក្រោម​បាន​បាទ»។

យ៉ាងណាក្តី​ មិន​មាន​ភាពច្បាស់​លាស់​ថា​ ពួក​អ្នក​ទាំងពីរ​នឹង​អាច​ឈប់​ទៅ​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍​នគរ​បាល​បាន​ទេ​ ព្រោះ​ចៅក្រម​សាលា​ឧទ្ធរណ៍​បានត្រឹម​បញ្ជាក់​ថា​ ពួក​អ្នក​ទាំង​ពីរ​អាច​ទៅបង្ហាញ​ខ្លួន​ក៏បាន​ និង​មិន​ចាំបាច់​ទៅ​បង្ហាញ​ខ្លួន​ក៏បាន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ អ៊ួន​ ឈិន។ លោក​ ឈិន​ ថា​លោក​នឹង​ពិភាក្សា​ជាមួយ​មេធាវី​ ដើម្បី​ប្តឹង​ទាមទារ​សម្ភារៈ​ដែល​តុលាការ​ជាន់​ទាប​បាន​បង្កក​ទុក​ ក្រោយ​ការ​រឹបអូស​របស់​សមត្ថកិច្ច។

«ពួក​យើង​នឹង​ធ្វើ​ការ​ជាមួយ​មេធាវី​យើង​ ដើម្បី​ស្នើ​សុំ​ទៅ​ខាង​ចៅក្រម​ជំនុំ​ជម្រះ​ សុំ​វត្ថុតាង​ហ្នឹង»។

លោក​ សំ ចំរើន​ មេធាវី​ការ​ពារក្តី​អតីត​អ្នក​សារព័ត៌មាន​ទាំង​ពីរ​នាក់​របស់​វិទ្យុ​អាស៊ី​សេរី​មាន​ប្រសាសន៍​ថា​ សាលាឧទ្ធរណ៍​បាន​ច្រាន​ចោល​សំណើ​របស់​កូនក្តី​លោក​ ចំពោះ​ការ​សុំ​មិន​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ។​ តែ​ខាង​ភាគី​ចៅក្រម​ជំនុំជម្រះ​និយាយ​ថា​ ក្នុង​សំណុំ​រឿង​កូនក្តី​លោក​នេះ​ មិន​មាន​ការ​សម្រេច​របស់​តុលាការ​ណាមួយ​ផ្សេង​ទៀត​ ដែល​តម្រូវ​ឲ្យ​កូន​ក្តី​លោក​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​នោះ​ទេ។

លោកមេធាវី សំ ចំរើន ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​ បន្ទាប់​ពី​តុលាការ​ឧទ្ធរណ៍​បាន​សម្រេច​ច្រានចោល​បណ្តឹង​ឧទ្ធរណ៍​របស់​លោក យាង សុធារិន្ទ និង​លោក អ៊ួន ឈិន អតីត​អ្នក​សារព័ត៌មាន​អាស៊ី​សេរី​ ភ្នំពេញ ថ្ងៃទី​២១ ខែ​មិថុនា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី​/VOA)
លោកមេធាវី សំ ចំរើន ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​ បន្ទាប់​ពី​តុលាការ​ឧទ្ធរណ៍​បាន​សម្រេច​ច្រានចោល​បណ្តឹង​ឧទ្ធរណ៍​របស់​លោក យាង សុធារិន្ទ និង​លោក អ៊ួន ឈិន អតីត​អ្នក​សារព័ត៌មាន​អាស៊ី​សេរី​ ភ្នំពេញ ថ្ងៃទី​២១ ខែ​មិថុនា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី​/VOA)

«បន្ទាប់​ពី​ការ​សួរ​ដេញដោល​តុលាការ​យល់​ឃើញ​ថា​ នៅ​ក្នុង​សំណុំ​រឿង​ហ្នឹង​ មិន​មាន​សេចក្តី​សម្រេច​ដោយ​ឡែក​ណាមួយ​ ដើម្បី​បន្ត​ការដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ទៀត​ទេ។ តែ​មូល​ហេតុ​ដែល​យើង​ប្តឹង​ឧទ្ធរណ៍​កន្លង​មក​នេះ​ យើង​ឃើញ​ ​ពិនិត្យ​ឃើញ​ថា​ នៅ​ក្នុង​ដីកា​ដំណោះ​ស្រាយ​ហ្នឹង​ វា​មាន​សរសេរ​ថា​ ដាក់​ឲ្យ​ពួកគាត់​ហ្នឹង​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ។ អ៊ីចឹង​ហើយ​ តាម​ទិដ្ឋភាព​ជាក់​ស្តែង​ហ្នឹង​ រៀង​រាល់​ខែ​ហ្នឹង​ អាការណ៍​ទៅបង្ហាញ​ខ្លួន​នៅ​មុខ​សមត្ថកិច្ច​នៅ​មូលដ្ឋាន​ គឺ​ទៅ​រាល់​ខែ​រហូត​ ហើយ​ចេញ​ក្រៅ​ប្រទេស​ ចេញ​អី​ គឺ​យើង​មិន​ហ៊ាន​ ដោយសារ​ថា​ ឃើញ​សេចក្តី​ហ្នឹង​នៅ​ក្រឡែតៗ​ ធ្វើម៉េច​នឹង​ហ៊ាន​បំពាន»។

អតីត​អ្នក​យក​ព័ត៌មាន​ទាំង​ពីរ​គឺលោក​ អ៊ួន​ ឈិន​ ​និង​លោក​ យាង សុធារិន្ទ​ ហៅ​យាង​ សុជាមេត្តា ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ​និង​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ទី​ ១៨ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៧ ​ពី​បទ​ផ្តល់​ព័ត៌មាន​ដល់​រដ្ឋ​បរទេស​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការ​ពារ​ជាតិ។ ​ប្រសិន​បើ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស​មែន​នោះ​ អ្នក​ទាំង​ពីរ​អាច​ត្រូវ​ជាប់​ពន្ធនាគារ​ពី​ ៧ ​ដល់​ ១៥ ​ឆ្នាំ។

កាល​ពី​ខែ​សីហា ឆ្នាំ​ ២០១៨​ ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​ដោះលែង​ឲ្យ​អ្នក​ទំាងពីរ​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​ បន្ទាប់ពី​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង​ ៩​ ខែ។ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ មិន​បាន​បញ្ជាក់​ហេតុផល​នៃ​ការ​ដោះលែង​អ្នក​ទាំង​ពីរ​នោះ​ទេ។

លោក​ ធូ មណី​ ចៅ​ក្រម​សាលា​ឧទ្ធរណ៍ដែល​ធ្វើ​ការ​ជំនុំ​ជម្រះ​បណ្តឹង​របស់អតីត​អ្នក​កាសែត​អាស៊ី​សេរី​ទាំង​ពីរ​នាក់​នេះ​ មិន​ឆ្លើយ​សំណួរ​របស់​ ​VOA ​ថា​ អ្នក​ទាំងពីរ​ពិត​ជា​លែង​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​នៅមុខ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទេ។

​«ចាំមើល​សំណុំ​រឿង​មែន​ទែន​ទៅ​ ខ្ញុំ​ជាប់រវល់​បន្តិច»។

រឿងក្តី​របស់​អតីត​អ្នក​យក​ព័ត៌មាន​ឲ្យ​វិទ្យុអាស៊ី​សេរី​ទាំងពីរ​នាក់​នេះ​ បាន​រង​ការ​រិះគន់​ពី​ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ដោយ​សារ​រឿង​នេះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ហេតុផល​នយោបាយ។

ក្នុង​សប្តាហ៍​នេះ​ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ (Human Rights Watch) ​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​បទ​ចោទ​ប្រឆាំង​អតីត​អ្នក​កាសែត​ទាំង​ពីរ​នាក់​នេះ​ផង​ដែរ។

លោក​ Brad Adams ​នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​ បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា៖ «អតីត​អ្នក​កាសែត​ RFA​ ពីរ​នាក់​ គឺ​ជា​ជន​រង​គ្រោះ​នៃ​ការ​វាយ​ប្រហារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ​ទៅ​លើ​ស្ថាប័ន​សារព័ត៌មាន​ ដែល​ហ៊ាន​ចេញ​ផ្សាយ​របាយ​ការណ៍​ដែល​មាន​លក្ខណៈ​រិះគន់​រដ្ឋាភិបាល»។

រីឯ​ក្រុម​ការងារ​អង្គការ​សហ​ប្រជា​ជាតិ​ស្តីពី​ការ​ឃុំ​ខ្លួន​ដោយ​បំពាន​ (Working Group on Arbitrary)​ បាន​ធ្វើសេចក្តី​វិភាគ​តាម​ច្បាប់​ជាតិ​ និង​អន្តរជាតិ​នានា​ថា​ អតីត​អ្នក​កាសែត​ពីរ​នាក់នោះ​ គ្មាន​ទោស​ ហើយ​ពួកគេ​ទាំង​ពីរ​រូប​គួរ​ទទួល​បាន​សេរីភាព​ពេញលេញ​ និង​លទ្ធភាព​ទទួល​បាន​សំណង។

លោក​ស៊ឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ (Adhoc)​ ថ្លែង​ទៅ​កាន់អ្នកកាសែត​ បន្ទាប់​ពី​តុលាការ​ឧទ្ធរណ៍​បាន​សម្រេច​ច្រានចោល​បណ្តឹង​ឧទ្ធរណ៍​របស់​លោក យាង សុធារិន្ទ និង​លោក អ៊ួន ឈិន អតីត​អ្នក​សារព័ត៌មាន​អាស៊ី​សេរី​ ភ្នំពេញ ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)
លោក​ស៊ឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ (Adhoc)​ ថ្លែង​ទៅ​កាន់អ្នកកាសែត​ បន្ទាប់​ពី​តុលាការ​ឧទ្ធរណ៍​បាន​សម្រេច​ច្រានចោល​បណ្តឹង​ឧទ្ធរណ៍​របស់​លោក យាង សុធារិន្ទ និង​លោក អ៊ួន ឈិន អតីត​អ្នក​សារព័ត៌មាន​អាស៊ី​សេរី​ ភ្នំពេញ ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

ក្រុម​ការងារ​នេះ​បញ្ជាក់​ថា គ្មាន​មូលដ្ឋាន​ច្បាប់​ណាមួយ​អាច​យក​មក​ប្រើ​ប្រាស់​ ដើម្បី​ធ្វើ​យុត្តិកម្ម​ដក​ហូត​សេរីភាព​របស់​ពួក​គេ​ឡើយ ​ហើយ​ការ​ឃុំ​ខ្លួន​ពួកគេ​កើត​ចេញ​ពី​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​នៃ​គំនិត​ និង​ការ​បញ្ចេញ​មតិ​ដោយ​សន្តិវិធី។

លោក ​ស៊ឹង សែនករុណា​ ​អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ (Adhoc)​ បាន​បញ្ជាក់​ថា​ ស្ថាប័ន​តុលាការ​កម្ពុជា​គួរ​បញ្ជាក់​ឲ្យ​ច្បាស់​ថា​ អ្នក​ទាំងពីរ​នេះ​ ពិត​ជា​លែង​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​នៅ​មុខ​សមត្ថកិច្ច​ ក្រោយ​សវនាការ​ជា​អសាធារណៈ​របស់​អ្នក​ទាំងពីរនៅ​ថ្ងៃ​សុក្រ​នេះ។ លោក​អះ​អាង​ ថា​តុលាការ​គួរ​ទម្លាក់​បទចោទ​ប្រឆាំង​អ្នក​ទាំង​ពីរ​ ដើម្បី​បញ្ជាក់​ថា​ កម្ពុជា​ពិត​ជា​ប្រទេស​លើក​កម្ពស់​វិជ្ជាជីវៈ​សារព័ត៌មាន​ និង​ជា​ប្រទេស​គ្មាន​ការ​គាប​សង្កត់​សេរីភាព​របស់​អ្នក​សារព័ត៌មាន​នោះ៕

XS
SM
MD
LG