នៅពេលដែលអ្នកកាសែតមួយចំនួនក្នុងស្ថាប័ននៃប្រព័ន្ធផ្សព្វផ្សាយជាភាសាខ្មែរនិងជាភាសាបរទេសត្រូវតែងតាំងជាទីប្រឹក្សាក្រសួងព័ត៌មានដែលមានអំណាចគ្រប់គ្រងលើបណ្តាញផ្សព្វផ្សាយនៅទូទាំងប្រទេសកម្ពុជា លោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន រង់ចាំសាលក្រមរបស់តុលាការក្រុងភ្នំពេញដែលនឹងសម្រេចថា តើពួកគេមានទោសឬគ្មានទោសទាក់ទងនឹងបទចោទអំពីអំពើចារកម្មឲ្យសហរដ្ឋអាមេរិក។ ប៉ុន្តែពួកគេបដិសេធការចោទប្រកាន់នេះ។
អតីតអ្នករាយការណ៍ព័ត៌មានឲ្យវិទ្យុអាស៊ីសេរីទាំងពីររូបត្រូវអាជ្ញាធរកម្ពុជាចាប់ខ្លួនកាលពីថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៧។ ហើយភ្លាមៗនោះតុលាការបានសម្រេចឃុំខ្លួនពួកគេជាបណ្តោះអាសន្ននៅក្នុងគុកឧក្រិដ្ឋព្រៃស ភាគខាងលិចរាជធានីភ្នំពេញ។ ពួកគេចំណាយពេលនៅទីនោះអស់រយៈពេលជិតដប់ខែ មុននឹងត្រូវដោះលែងឲ្យមានសេរីភាពបណ្តោះអាសន្នក្រោមការឃ្លាំមើលរបស់តុលាការ។
អ្នកសារព័ត៌មានទាំងពីរចាត់ទុកថាជីវិតក្នុងពន្ធនាគារ«ជាឋាននរក»ដែលពួកគេមិនដែលបានជួបប្រទះ។
សម្រាប់លោក អ៊ួន ឈិន ដែលជាបង្គោលគ្រួសារ ការជាប់ពន្ធនាគារនិងការបាត់បង់ការងារធ្វើ បានទាញទម្លាក់ទឹកចិត្តលោកឲ្យស្រុតចុះយ៉ាងខ្លាំង។
«ក្នុងពន្ធនាគារ ដំបូងឡើយ ខ្ញុំគិតដល់គ្រួសារ ជាពិសេសគិតពីការផ្តល់ភាពកក់ក្តៅដល់កូន។ ទីពីរមិនដឹងថាគ្រួសារបានអី។ សូម្បីតែទឹកដោះគោ កាលដែលយើងមានការងារធ្វើ យើងប្រើទឹកដោះគោរាងថ្លៃបន្តិចទៅ។ ពេលដែលយើងអស់ការងារធ្វើ យើងដូរទឹកដោះគោមកអាធូរថ្លៃបំផុត»។
លោក អ៊ួន ឈិន អតីតអ្នកថតវីដេអូ ឲ្យវិទ្យុអាស៊ីសេរី មានស្រុកកំណើតនៅខេត្តកំពង់ធំ ប៉ុន្តែបានធំលូតលាស់នៅខេត្តបាត់ដំបង។ រីឯលោក យាង សុធារិន្ទ មានស្រុកកំណើតនៅភូមិកញ្ឆាង ឃុំឬស្សី ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង នៃដែនដីកម្ពុជាក្រោម។ លោកគឺជាអតីតការីនិពន្ធមួយរូបរបស់វិទ្យុអាស៊ីសេរី។
អតីតអ្នកកាសែតទាំងពីរបានឆ្លងកាត់ជីវិតដ៏កម្សត់កម្រជាកូនកសិករ និងជីវិតឃ្លាតឆ្ងាយពីក្រុមគ្រួសារដើម្បីស្វែងរកចំណេះដឹងឆ្ពោះទៅរកអនាគត។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ អ្នកទាំងពីរត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងត្រូវបានចោទប្រកាន់ដូចគ្នាពីបទ «ផ្តល់ព័ត៌មានដល់រដ្ឋបរទេសដែលអាចធ្វើឲ្យអន្តរាយដល់ការការពារជាតិ»។ បទចោទដែលមានន័យស្មើនឹងបទធ្វើចារកម្មនេះ អាចធ្វើឲ្យអតីតអ្នកកាសែតទាំងពីរប្រឈមនឹងទោសជាប់ពន្ធនាគារពី ៧ ដល់ ១៥ ឆ្នាំ ប្រសិនបើតុលាការរកឃើញថាពួកគេមានពិរុទ្ធភាព។
ការចាប់ខ្លួនពួកគេធ្វើឡើងពីរខែប៉ុណ្ណោះក្រោយពីការិយាល័យវិទ្យុអាស៊ីសេរីប្រចាំក្រុងភ្នំពេញបិទទ្វារក្រោមសម្ពាធទារពន្ធអាករ និងអាជ្ញាបណ្ណពីរដ្ឋាភិបាល។
លោក យាង សុធារិន្ទ ដែលបានច្របាច់បញ្ចូលឈ្មោះកូនទាំងពីររបស់លោកមកប្រើក្នុងការផ្សាយវិទ្យុអាស៊ីសេរី គឺ យាង សុជាមេត្តា និង លោក អ៊ួន ឈិន ត្រូវអង្គការការពារសេរីភាពសារព័ត៌មានមួយចំនួនចាត់ទុកថា លោកទាំងពីរគឺជាជនរងគ្រោះនៃការបង្រ្កាបរបស់រដ្ឋាភិបាលលើបណ្តាញផ្សព្វផ្សាយឯករាជ្យមុនការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៨។
លោក យាង សុធារិន្ទ រំឭកអតីតកាលថ្មីៗនេះទាំងទឹកមុខស្ងួត៖
«ក្រោយការបិទ(វិទ្យុ)អាស៊ីសេរី ខ្ញុំបានព្យាយាមរកការងារធ្វើដើម្បីបន្តវិជ្ជាជីវៈសារព័ត៌មាន ប៉ុន្តែមិនទាន់រកការងារបានធ្វើផងក៏មានហេតុការណ៍អាក្រក់កើតឡើងចំពោះរូបខ្ញុំនិងលោក អ៊ួន ឈិន។ យើងក៏បាត់បង់ឱកាសរហូតដល់សព្វថ្ងៃ។»
អតីតអ្នករាយការណ៍ព័ត៌មានទាំងពីរលើកឡើងថា ពួកគេមិនអាចទទួលបានការស្វាគមន៍ទេនៅពេលដែលប៉ុនប៉ងបន្តអាជីពជាអ្នកសារព័ត៌មានមុនត្រូវអាជ្ញាធរកម្ពុជាចាប់ខ្លួននិងក្រោយពីវិទ្យាអាស៊ីសេរីបិទទ្វារ។ អាជ្ញាធរចោទថា ពួកគេបន្តរាយការណ៍ព័ត៌មានឲ្យស្ថាប័នចាស់របស់ពួកគេដោយខុសច្បាប់។ សម្ភារៈមួយចំនួនរបស់ពួកគេត្រូវបានរឹបអូសមានដូចជាកុំព្យូទ័រ ទូរស័ព្ទដៃនិងម៉ាស៊ីនថតជាដើម។ ឧបករណ៍ទាំងនេះដែលត្រូវប្រើជាមូលដ្ឋានស្វែងរកភស្តុតាងដាក់បន្ទុកលើពួកគេ ក្នុងការកាត់ក្តីកាលពីថ្ងៃទី២៦ ខែកក្កដា កន្លងទៅនេះ។
លោក យាង សុធារិន្ទ អាយុ៣៦ឆ្នាំ មានកូនស្រីម្នាក់និងប្រុសម្នាក់។
មានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិ លោក បានចូលបម្រើការងារក្នុងវិទ្យុអាស៊ីសេរីកាលពីឆ្នាំ២០១៣។ របាយការណ៍របស់លោកភាគច្រើនផ្តោតលើវិស័យនយោបាយ សិទ្ធិមនុស្ស ទំនាស់ដីធ្លីជាដើម។ សហការីរបស់លោក គឺលោក អ៊ួន ឈិន ក៏ចែករំលែកសេចក្តីរាយការណ៍ដូចគ្នានេះដែរខាងផ្នែកវីដេអូ។
លោក យាង សុធារិន្ទ រំឭកថា វិជ្ជាជីវៈសារព័ត៌មានឯករាជ្យបានផ្តល់វិភាគទានជាច្រើនដល់សង្គម។
លោកពន្យល់ថា៖ «ការងារផ្នែកសារព័ត៌មានគឺជួយច្រើន។ តាមរយៈការសរសេរ តាមរយៈការស្រាវជ្រាវឯកសារផ្សេងៗធ្វើឲ្យចំណេះដឹងយើងកើនរាល់ថ្ងៃផង ហើយក៏យើងមានឱកាសជួយសង្គមជាតិតាមរយៈការផ្តល់ចំណេះដឹងអំពីសង្គមជាតិ អំពីអន្តរជាតិដល់ពលរដ្ឋយើងផងដែរដើម្បីរួមចំណែកក្នុងការជួយពួកគាត់ក្នុងការអនុវត្តសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ។»
លោក អ៊ួន ឈិន ក្នុងវ័យ៥០ឆ្នាំបានឆ្លងកាត់ជីវិតជាគ្រូបង្រៀនផង ជាអតីតទាហានផង និងឆ្លងកាត់ការបណ្តុះបណ្តាលវិជ្ជាពេទ្យមុននឹងទទួលបរិញ្ញាប័ត្រផ្នែកភាសាអង់គ្លេស និងក្រោយមកទៀតលោកបានទទួលការបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈសារព័ត៌មាន។ វិជ្ជាជីវៈនេះដែលធ្វើឲ្យលោកជក់ចិត្តបំផុត។
«យើងគិតចេះ កាលពីយើងធ្វើជាគ្រូបង្រៀន យើងជួយបានតែសិស្សយើងទេ។ តែដល់ពេលយើងធ្វើជាអ្នកសារព័ត៌មានយើងជួយបានទាំងសិស្ស ជួយបានទាំងគ្រូ ហើយជួយបានប្រជាពលរដ្ឋគ្រប់វិស័យផ្សេងទៀត។»
ប៉ុន្តែទោះជាយ៉ាងណា សម្រាប់លោក យាង សុធារិន្ទ ការបាត់បង់ការិយាល័យវិទ្យុអាស៊ីសេរីក្នុងទីក្រុងភ្នំពេញមិនមែនគ្រាន់តែជាការបាត់បង់ការងារសម្រាប់រូបលោកប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបាត់បង់ប្រភពព័ត៌មានមួយផ្នែកដែលជួយបំពេញចន្លោះប្រហោងឲ្យរដ្ឋាភិបាល។
«វាជាការបាត់បង់តួអង្គមួយដែលរួមចំណែកមើលការខ្វះចន្លោះនិងភាពអវិជ្ជមានរបស់រដ្ឋាភិបាល។ហើយក៏ជាការបាត់បង់អ្នកនាំសាររបស់រដ្ឋាភិបាលមួយដែរ ពីព្រោះមានរឿងរ៉ាវច្រើនណាស់ដែលកើតឡើងនៅថ្នាក់ក្រោមជាតិ ជួនកាលរដ្ឋាភិបាលមិនទទួលបានព័ត៌មាន គឺបានតាមរយៈស្ថាប័នសារព័ត៌មានឯករាជ្យនេះឯង។»
លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ តែងតែប្រាស្រ័យទាក់ទងគ្នាជាប្រចាំតាមរយៈចំណងការងាររួមពីមុនមកផង និងតាមរយៈការប្រឈមនឹងការចោទប្រកាន់ពីតុលាការដូចគ្នា។ លោក អ៊ួន ឈិន ធ្លាប់បានរៀបចំគម្រោងផ្តល់សេវាកម្មថតវីដេអូសម្រាប់ពិធីមង្គលការនិងពិធីផ្សេងៗដើម្បីយកកម្រៃចិញ្ចឹមជីវិតក្រោយពីវិទ្យុអាស៊ីសេរីបិទទ្វារ។ ប៉ុន្តែគម្រោងការនេះបានក្លាយជាដើមចមនៃការតាមដាននិងចោទប្រកាន់ពីក្រុមអាជ្ញាធរ។
នៅពេលនេះ លោកមិនមានការងារទៀងទាត់នោះទេ។ លោកប្រៀបធៀបខ្លួនឯងទៅនឹងមនុស្សពិការដែលមិនអាចរកប្រាក់កម្រៃដែលមានស្ថិរភាពសម្រាប់គ្រួសារបាន។
ចំណែកឯដៃគូរបស់លោកគឺលោក យាង សុធារិន្ទ បម្រើការឲ្យអង្គការក្រៅរដ្ឋាភិបាលមួយក្រោយពីចេញពីមន្ទីរឃុំឃាំងបណ្តោះអាសន្ន។ ការងារនេះដែលលោកត្រូវបញ្ចប់នៅដំណាច់ខែសីហានេះដែរ។
ដូច្នេះការរង់ចាំចុងក្រោយរបស់ពួកគេគឺលទ្ធផលនៃការប្រកាសសាលក្រមរបស់តុលាការក្រុងភ្នំពេញក្នុងសំណុំរឿងដែលពួកគេទទួលរងការចោទប្រកាន់នៅថ្ងៃទី៣០ខែសីហានេះ។
ការផ្តល់យុត្តិធម៌សម្រាប់ពួកគេនឹងក្លាយជាការផ្តល់កាដូបំពេញនីតិសម្បទាពួកគេឡើងវិញ។ នៅក្នុងពេលនេះពួកគេមិនអាចបំពេញការងារស្របច្បាប់ពេញលេញនិងមិនអាចចាកចេញពីប្រទេសកម្ពុជាបានទេដោយសារតែលិខិតឆ្លងដែននិងអត្តសញ្ញាណប័ណ្ណរបស់ពួកគេត្រូវអាជ្ញាធររឹបអូស។
យុត្តិធម៌ពីតុលាការគឺជាភ្លើងបៃតងដែលអនុញ្ញាតឲ្យលោក យាង សុធារិន្ទ ហក់ចូលប្រឡូកក្នុងវិស័យសារព័ត៌មានឡើងវិញ។ នេះបើតាមការប្តេជ្ញាចិត្តរបស់លោក។
លោក អ៊ួន ឈិន ចែករំលែកក្តីរំពឹងដូចគ្នានេះដែរ៖
«ប្រសិនបើសាលក្រមថ្ងៃទី៣០នេះផ្តល់យុត្តិធម៌ឲ្យពួកខ្ញុំ។ ជាពិសេសគឺទម្លាក់ការចោទប្រកាន់ទាំងអស់មកលើពួកខ្ញុំ ពេលនោះយើងមានសេរីភាពពេញលេញដូចគេដូចឯង យើងអាចស្វះស្វែងរកការងារ។ ខ្ញុំសង្ឃឹមថា ខ្ញុំមានឱកាសធ្វើជាអ្នកកាសែតឡើងវិញ»៕