ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​លើក​ពេល​ប្រកាស​សាលក្រម​​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ីសេរី​ដោយ​រវល់​«សិក្ខាសាលា»​​​​

អតីត​អ្នក​សារព័ត៌មាន​​វិទ្យុ​អាស៊ី​សេរី​ប្រចាំ​រាជធានី​ភ្នំពេញ លោក យាង សុធារិន្ទ (ស្តាំ) និង​លោក អ៊ួន ឈិន (ឆេ្វង) បាន​មកដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៩។ (ទុំ ម្លិះ/VOA Khmer)

អតីត​អ្នកសារ​ព័ត៌មាន​ទាំង​ពីរ​រូប​គឺ លោក ​អ៊ួន ឈិន និង​លោក​ យាង សុធារិន្ទ​លើក​ឡើង​ថា ​ការ​លើក​ពេល​ប្រកាស​សាល​ក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ​នេះ​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​ពួក​គេ។

តុលាការ​រាជធានីភ្នំពេញ​នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​លើក​ពេល​ប្រកាស​សាលក្រម​ដោយ​មិន​បាន​បញ្ជាក់​ប្រាប់​ជា​មុន​ លើ​ករណី​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​ចំនួន​ពីរ​រូប​គឺ លោក ​អ៊ួន ឈិន និង​លោក​ យាង សុធារិន្ទ។

ក្រឡា​បញ្ជី​មួយ​រូបចេញ​មក​ប្រាប់​អតីត​អ្នកសារ​ព័ត៌មាន​អាស៊ីសេរី​ មន្រ្តី​ឃ្លាំមើល​សិទ្ធិ​មនុស្ស មន្រ្តី​ស្ថានទូត និង​អ្នកសារ​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជាច្រើនដែល​កំពុង​អង្គុយ​ក្នុង​សាលសវនាការ​រង់​ចាំ​ការ​ប្រកាស​សាលក្រម​ថា ការប្រកាស​សាលក្រម​លើ​អតីត​អ្នក​កាសែត​ទាំង​ពីរ​ត្រូវ​បាន​លើក​ពេល។ មូលហេតុដោយសារ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បាន​អញ្ជើញ​ចៅក្រម​ជាប្រធាន​អង្គ​ជំនុំ​ជម្រះ ដែល​ត្រូវ​ប្រកាស​សាលក្រម ឲ្យ​ចូល​រួមសិក្ខាសាលា​ចំនួន​ពីរ​ថ្ងៃ។

​ទោះ​ជា​យ៉ាង​ណា​ ក្រឡា​បញ្ជី​ដដែលមិន​បាន​បញ្ជាក់​ថា ការ​ប្រកាស​សាលក្រម​នឹង​ធ្វើ​ឡើង​នៅ​ពេល​ណា​នោះ​ទេ​ ដោយ​គ្រាន់​តែប្រាប់​ឲ្យ​រង់​ចាំ​ការ​ជូន​ដំណឹង​ជា​ក្រោយ។​

លោក ​អ៊ួន ឈិន និង​លោក​ យាង សុធារិន្ទ ដែល​ប្រើ​ឈ្មោះ​ក្នុង​ការ​ផ្សាយ​ថា​ យាង សុជាមេត្តា ត្រូវ​បានតុលាការ​ចោទ​ប្រកាន់​ថា ​បាន​ផ្តល់​ព័ត៌មាន​ឲ្យ​រដ្ឋ​បរទេស​ដែល​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។ អតីត​អ្នក​កាសែត​ទាំង​ពីរ​ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​មន្ទីរ​ឃុំឃាំង​បណ្តោះ​អាសន្ន ​ត្រូវ​បាន​កាត់​ទោស​កាល​ពី​ថ្ងៃ​ទី​២៦ ​ខែកក្កដា​កន្លង​ទៅ។ ​ហើយ​ការ​ប្រកាសសាល​ក្រម​ត្រូវ​បាន​កំណត់​នៅ​ថ្ងៃ​សុក្រ​ទី​៣០ ខែ​សីហា​នេះ។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​ការ​ប្រកាស​សាលក្រម​ត្រូវ​បាន​លើក​ពេល​ភ្លាមៗ​ នៅ​ពេល​ដែល​ជន​ជាប់​សង្ស័យ​ទាំង​ពីរ​បាន​មក​ដល់តុលាការ។​

អតីត​អ្នក​សារព័ត៌មានវិទ្យុ​អាស៊ី​សេរី​ប្រចាំ​រាជធានី​ភ្នំពេញ លោក យាង សុធារិន្ទ (ស្តាំ) និង​លោក អ៊ួន ឈិន (ឆេ្វង) បាន​មកដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៩។ (ទុំ ម្លិះ/VOA Khmer)

​លោក យាង សុធារិន្ទ ប្រាប់​ក្រុម​អ្នកសារ​ព័ត៌មាន​នៅ​ខាង​ក្រៅ​របង​តុលាការ ទាំង​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ថា ការ​សម្រច​លើក​ពេល​ប្រកាស​សាលក្រម​ដោយ​មិន​ជូន​ដំណឹង​ជាមុន និង​មិន​កំណត់​ពី​ពេល​វេលា​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ និង​សេរីភាព​របស់លោក។ លោក បញ្ជាក់​ថា៖

«ខ្ញុំ​ទន្ទឹង​រង់​ចាំ​ថ្ងៃ​ហ្នឹង ព្រោះ​អី​ខ្ញុំ​ចង់​បាន​សេរីភាព​ឲ្យ​បាន​លឿន ហើយ​នៅ​ពេល​ដែល​ពន្យារ​ពេល​ការ​ប្រកាស​ សេរីភាព​របស់​ខ្ញុំ​នៅ​តែ​បន្ត​រិតត្បិត គឺ​ថា​សេរីភាព​របស់​ខ្ញុំរាប់​ទៅ​តាម​ថ្ងៃ​នៃ​ការ​ប្រកាស​ អញ្ចឹង​ការ​ពន្យារ​ការ​ប្រកាស​កាន់​តែ​វែង កាន់​តែ​ឆ្ងាយ គឺ​សេរីភាព​របស់​ខ្ញុំ​គឺ​កាន់​តែ​អស់​ កាន់​តែ​ខិត​ទៅ​តាម​ហ្នឹង​ដែរ»។​

ចំណែក​លោក អ៊ួន ឈិន លើក​ឡើង​ថា​ ការ​ពន្យារ​ការ​ប្រកាស​សាលក្រម​នេះ កាន់​តែ​ធ្វើ​ឲ្យ​លោក​ប្រឈម​ជាមួយ​បញ្ហា​ជីវភាព

​«ការណ៍​ដែល​យើង​ពិបាក ខ្វះ​សេរីភាព​ក្នុង​ការ​ធ្វើ​នេះ​ធ្វើ​នោះ ដើរ​ហើរ​ទៅ​ណេះ​ទៅ​ណោះ ស្វែង​រក​ការងារ ជា​ពិសេស​គឺការ​ដែល​ចង់​វិល​ចូលអាជីព​ជា​អ្នកសារព័ត៌មាន​វិញ​ហ្នឹង ដល់​ពេល​យើង​មិន​ទាន់​ដឹង​យ៉ាង​ណាៗ​អញ្ចឹង​ ធ្វើ​ឲ្យ​យើង​ពិបាក​ដើរ​ទៅ​មុខ»។

លោក យាង សុធារិន្ទ​ និង​លោក ​អ៊ួន ឈិន ត្រូវ​បាន​ចាប់ ​និង​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃទី​១៤​ខែ​វិច្ឆិកា ឆ្នាំ​២០១៧​ ក្រោម​ការ​ចោទ​ប្រកាន់​ដូចគ្នា​ពី​បទ ​«ផ្តល់​ព័ត៌មាន​ដល់​រដ្ឋ​បរទេស​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ»​ ដែល​ស្មើ​នឹង​បទ​ចារកម្ម។​ អតីត​អ្នក​កាសែត​ទាំង​ពីរអាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី៧​ ​ដល់​ ​១៥ឆ្នាំ​ ​ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​ ពួកគេ​មាន​ទោស​នោះ។ ​ពួកគេ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស​អស់​រយៈ​ពេល​ជិត​ដប់​ខែ មុន​នឹង​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​បណ្តោះ​អាសន្ន​ ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ។

អតីត​អ្នក​សារព័ត៌មានវិទ្យុ​អាស៊ី​សេរី​ប្រចាំ​រាជធានី​ភ្នំពេញ លោក យាង សុធារិន្ទ (ស្តាំ) និង​លោក អ៊ួន ឈិន (ឆេ្វង) បាន​មកដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៩។ (ទុំ ម្លិះ/VOA Khmer)
អតីត​អ្នក​សារព័ត៌មានវិទ្យុ​អាស៊ី​សេរី​ប្រចាំ​រាជធានី​ភ្នំពេញ លោក យាង សុធារិន្ទ (ស្តាំ) និង​លោក អ៊ួន ឈិន (ឆេ្វង) បាន​មកដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៩។ (ទុំ ម្លិះ/VOA Khmer)

ក្នុង​បទ​សម្ភាស៍​ជា​មួយ​ VOA កាល​ពី​សប្តាហ៍​មុន​ ពួក​គេ​បាន​ត្អួញ​ត្អែរ​ពី​ផល​វិបាក​ក្នុង​ការ​រក​ការងារ​ធ្វើដើម្បី​ចិញ្ចឹម​ជីវិត នៅ​ពេល​ដែល​ពួក​គេ​ជាប់​ចំណង​តុលាការ។

លោក ស៊ឹង សែនករុណា​ មន្រ្តី​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ដែល​មាន​វត្តមាន​ក្នុង​ការ​រង់ចាំ​ស្តាប់​ការ​ប្រកាស​សាលក្រម​កាល​ពី​ព្រឹក​មិញ​ដែរ​ប្រាប់ VOA ថា ចៅក្រម​គួរ​មាន​ការ​ជូន​ដំណឹង​ជាមុន​អំពី​ការ​លើក​ពេល​ប្រកាស​សាលក្រម​ពីព្រោះ​ថា ​ការណ៍​ពាក់​ព័ន្ធ​នឹង​ទំនួល​ខុស​ត្រូវលើ​សេរីភាព​របស់​អតីត​អ្នក​កាសែត​ទាំង​ពីរ។ លោក​បន្ត​ថា ការ​ប្រកាស​សាលក្រម​បាន​លឿន នឹង​អាច​ធ្វើ​ឲ្យ​ពួក​គេ​ទាំងពីរមាន​ពេល​វេលា​ក្នុង​ការ​រៀបចំ​ជីវិត​ និង​អនាគត​របស់​ពួកគេ។

ឆ្លើយ​តប​តាម​ខ្សែ​ទូរស័ព្ទ​មក​កាន់​ VOA លោក អ៊ឹម វណ្ណៈ ចៅក្រម​កាត់​ក្តី​ក្នុង​សំណុំ​រឿង​របស់​អតីត​អ្នកសារ​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប បញ្ជាក់​យ៉ាង​ខ្លី​ថា លោក​កំពុង​ជាប់​សិក្ខាសាលា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG