សម្តេចប៉ាប Francis មេដឹកនាំក្រុមអ្នកកាន់គ្រិស្តសាសនានិកាយកាតូលិកជិត ១.៤០០ លាននាក់ក្នុងពិភពលោក បានប្រកាសកាលពីថ្ងៃទី ១៨ ខែធ្នូ ថា នៅពេលនេះបព្វជិតកាតូលិកត្រូវបានអនុញ្ញាតឱ្យប្រសិទ្ធិពរដល់ទំនាក់ទំនងនៃគូស្រករមានភេទដូចគ្នានិងជនឯទៀតៗនៅក្នុងអ្វីដែលវិហារសាសនាគ្រិស្តតនិយាយថាជា «ស្ថានការណ៍មិនប្រក្រតី» ដែលជាការផ្លាស់ប្តូរមួយត្រូវរំពឹងថា នឹងមានប្រតិកម្មចម្រុះក្នុងសហគមន៍ដ៏ធំទូលាយនិងចម្រុះនៃសាសនានេះនិងក្នុងសហគមន៍ផ្សេងៗទៀតដែរ។
សេចក្តីប្រកាសនេះមានឡើងក្នុងទម្រង់ជាសេចក្តីប្រកាសមួយរបស់សម្តេចប៉ាប ដែលមានចំណងជើងថា «Fiducia Supplicans ស្តីអំពីការណែនាំខាងសាសនានៃការប្រសិទ្ធិពរ» ហាក់ដូចជាការប្រែក្រឡះនៃសេចក្តីសម្រេចមួយកាលពីឆ្នាំ ២០២១ ដោយការិយាល័យដដែលនេះនៃវិមានវ៉ាទីកង់ ដែលកាលនោះបានរកឃើញថា ការប្រសិទ្ធិពរបែបនេះមិនត្រូវបានអនុញ្ញាតទេ ពីព្រោះវិហារគ្រិស្តសាសនា «មិនអាចប្រសិទ្ធិពរឱ្យបាបកម្ម» បានឡើយ។
សេចក្តីប្រកាសនេះបញ្ជាក់ច្បាស់លាស់ថា ការបង្រៀនរបស់ព្រះវិហារគ្រិស្តសាសនាដែលថា ការទាក់ទងរវាងមនុស្សមានភេទដូចគ្នានិងទំនាក់ទំនងមិនតាមប្រពៃណីឯទៀតៗត្រូវបានរារាំងពីពិធីខាងសាសនាដ៏សក្ការៈក្នុងការរៀបអាពាហ៍ពិពាហ៍គ្មានការកែប្រែទេ។
ឯកសារនេះចែងថា ការប្រសិទ្ធិពរចំពោះទំនាក់ទំនងមិនតាមប្រពៃណីមិនបានឡើងដល់កម្រិតនៃអ្វីដែលវិហារសាសនាគ្រិស្តចាត់ទុកថាជាពិធីដ៏សក្ការៈ ត្រូវតែដាក់នៅដាច់ដោយឡែកពីពិធីរៀបការ ហើយមិនអាចត្រូវចាត់ទុកថាជាការជំនួស ឬជាជម្រើសផ្សេងចំពោះពិធីសក្ការៈខាងសាសនា នៅពេលរៀបអាពាហ៍ពិពាហ៍ទេ។
វិហារគ្រិស្តសាសនាបានបង្រៀនយូរមកហើយថា ទំនាក់ទំនងខាងភេទរវាងមនុស្សមានភេទដូចគ្នាជាបាបកម្ម ហើយគួរតែចៀសវាង ហើយសេចក្តីប្រកាសកាលពីថ្ងៃទី ១៨ ខែធ្នូ មិនបានកែប្រែគោលជំហរនេះទេ។ ទោះជាយ៉ាងណាក៏ដោយ ក៏សេចក្តីប្រកាសនេះអំពាវនាវដល់ក្រុមអ្នកគោរពគ្រិស្តសាសនានិកាយកាតូលិក ឱ្យមាន«និទេសបទទូទៅសម្រាប់ឱ្យបព្វជិតកាតូលិកប្តេជ្ញាបំពេញសប្បុរស» នៅក្នុងការប្រព្រឹត្តរបស់ពួកគេទៅលើពួកកាតូលិក ដែលមានទំនាក់ទំនងគ្នាដែលវិហារគ្រិស្តសាសនាកន្លងមក មិនបណ្តោយឱ្យមានទេ។
សេចក្តីប្រកាសនេះនិយាយថា ការផ្លាស់ប្តូរនេះ «បញ្ជាក់អំពីការអភិវឌ្ឍពិតប្រាកដមួយ» នៅក្នុងការគិតរបស់វិហារសាសនាគ្រិស្ត ដោយផ្តល់ឱ្យនូវ «ការយល់ដ៏ទូលំទូលាយអំពីការប្រសិទ្ធិពរ» ផ្អែកលើ« ចក្ខុវិស័យរបស់សម្តេចប៉ាប Francis»។
ការធ្វើហួសពីអ្វីដែលមាននិងត្រូវទទួលស្គាល់ពីមុន
សម្តេចប៉ាប Francis ដែលបានប្រសូតនៅប្រទេសអាហ្សង់ទីន ជាសម្តេចប៉ាបទី ១ មកពីទ្វីបអាមេរិកនិងជាសម្តេចប៉ាបដំបូងគេមកពីបណ្តាប្រទេសកំពុងអភិវឌ្ឍនៅផ្នែកខាងត្បូងនៃសាកលលោក បានធ្វើឱ្យវិហារគ្រិស្តសាសនាទទួលស្គាល់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ឬហៅសង្ខេបថា LGBQ+ បន្តិចម្តងៗ។ កាលពីឆ្នាំ ២០១៣ ជាពេលដែលព្រះអង្គបានជាប់ឆ្នោត ព្រះអង្គបានធ្វើឱ្យពួកកាតូលិកច្រើននាក់ភ្ញាក់ផ្អើលដោយព្រះអង្គហាក់ដូចជាអនុញ្ញាតឱ្យបុរសដែលចាប់អារម្មនណ៍ខាងភេទជាមួយបុរសឯទៀត អាចបួសជាបព្វជិតកាតូលិកបាន។
ព្រះអង្គបានមានបន្ទូលនៅក្នុងការសន្ទនាជាមួយពួកអ្នកកាសែតថា៖ «ប្រសិនបើនរណាម្នាក់ជាមនុស្សស្រឡាញ់ជនមានភេទដូចគ្នា ហើយគាត់ស្វែងរកព្រះជាម្ចាស់ ហើយគាត់មានសុឆ្ទៈ តើខ្ញុំមានសិទ្ធិឯណាទៅវិនិច្ឆ័យគេ?»។ ទោះយ៉ាងណាក៏ដោយ ដោយមិនគិតពីការនិយមខាងភេទ ក៏វិហារគ្រិស្តសាសនានិកាយកាតូលិកតម្រូវឱ្យបព្វជិតទាំងអស់សន្យាថានៅលីវ។
សម្តចប៉ាប Francis ត្រូវបានរិះគន់ខ្លាំងពីមេដឹកនាំកាតូលិកខ្លះដែលមានគោលជំហរអភិរក្សនិយមអំពីបញ្ហាភេទនិងការគោរពតាមទ្រឹស្តីយូរយាមកហើយរបស់វិហារកាតូលិក។
ប្រតិកម្មចម្រុះ
ព្រះវិហារកាតូលិកមានគ្រិស្តបរិស័ទនៅសឹងតែក្នុងប្រទេសទាំងអស់ក្នុងពិភពលោក។ ទោះជាស្ថាប័នព្រះវិហារនេះធ្វើប្រតិបត្តិការជាប្រវត្តិសាស្ត្រតាមរយៈឋានានុក្រមមនោគមវិជ្ជាតឹងរ៉ឹងពេលណាទាក់ទិននឹងទ្រឹស្តីផ្លូវការក៏ដោយ ក៏និកាយកាតូលិកនេះមានមតិប្លែកៗគ្នាអំពីបញ្ហានានាដូចជាទំនាក់ទំនងរវាងមនុស្សស្រឡាញ់ភេទដូចគ្នាជាដើម។
លោក William T. Cavanaugh ជានាយកមជ្ឈមណ្ឌលកាតូលិកពិភពលោកនិងសាសនវិទ្យាអន្តរវប្បធម៌នៅសាកលវិទ្យាល័យ DePaul។ លោកបាននិយាយប្រាប់វីអូអេថា ពួកកាតូលិកនៅទូទាំងពិភពលោកទំនងជាមានមតិចម្រុះ។ លោកបានថ្លែងថា ទោះជាអ្នកកាន់សាសនាគ្រិស្តនិកាយកាតូលិកនៅក្នុងតំបន់មិនដូចគ្នាទាំងអស់ក៏ដោយ ក៏គេអាចមានការពិភាក្សាអំពីនិន្នាការទូទៅដូចគ្នា។
លោកបាននិយាយថា៖ «ជាទូទៅ លោកអ្នកឃើញមានពួកមន្ត្រីកាតូលិកលំដាប់ទាបគាំទ្រការស្រឡាញ់មនុស្សមានភេទដូចគ្នា ហើយមានទំនាក់ទំនងរវាងមនុស្សស្រឡាញ់ជនមានភេទដូចគ្នា ជាពិសេសនៅអឺរ៉ុបខាងលិច សហរដ្ឋអាមេរិក និងកាណាដា...និងនៅកន្លែងខ្លះក្នុងអាស៊ីដូចជាហ្វីលីពីនជាដើម។
លោក Cavanaugh បានថ្លែងថា នៅផ្នែកខ្លះនៃទ្វីបអាមេរិកឡាទីន ជាពិសេសនៅប្រទេសអាហ្សង់ទីន ប្រេស៊ីលនិងម៉ិកស៊ិក ក៏មានពួកកាតូលិកច្រើននាក់ទទួលស្គាល់ទំនាក់ទំនងរវាងមនុស្សមានភេទដូចគ្នាដែរ។
លោក Cavanaugh បានថ្លែងថា៖ «ទ្វីបអាហ្វ្រិកជាកន្លែងខុសគេខ្លាំង។ នៅប្រទេសអាហ្វ្រិកជាច្រើន ជាទូទៅការស្រឡាញ់មនុស្សមានភេទដូចគ្នាបានត្រូវរិះគន់។ ខ្ញុំយល់ថាលោកអ្នកឃើញមានមតិពួកកាតូលិកជិតដូចបទដ្ឋាននេះក្នុងប្រទេសភាគច្រើននៃតំបន់ខាងត្បូងសមុទ្រខ្សាច់សាហារ៉ា។
លោក Cavanaugh បានគូសបញ្ជាក់ថា អាចមានមតិខុសៗគ្នាច្រើននៅក្នុងប្រទេសនីមួយៗ។ ទោះជាក្រុមកាតូលិកភាគច្រើននៅអាមេរិកនិយាយប្រាប់អ្នកស្ទង់មតិថា ពួកគេគាំទ្រការរៀបការរវាងមនុស្សស្រឡាញ់មនុស្សភេទដូចគ្នាក៏ដោយ ក៏នៅមានជនភាគតិចដ៏មានឥទ្ធិពលដែលមានទស្សនៈបែបប្រពៃណីនិងអភិរក្សនិយមអំពីបញ្ហានេះដែរ។
សំឡេងសហគមន៍ LGBTQ ត្រូវគេឮ
សេចក្តីប្រកាសកាលពីថ្ងៃទី ១៨ ខែធ្នូ ត្រូវបានអបអរសាទរដោយពួកបុគ្គលនិងក្រុមអង្គការដែលបានជំរុញវិហារកាតូលិក ទោះក្នុងករណីខ្លះច្រើនទសវត្សរ៍មកហើយក៏ដោយ ឱ្យទទួលស្គាល់មនុស្សមានទំនាក់ទំនងគ្នាមិនតាមបែបប្រពៃណីឱ្យបានច្រើនជាងមុន។
អ្នកស្រី Marianne Duddy-Burke ជានាយិកាប្រតិបត្តិនៃអង្គការ DignityUSA ដែលជាក្រុមមួយគាំទ្រពួក LGBTQ+ កាតូលិក។ អ្នកស្រីបាននិយាយថា អ្នកស្រីសប្បាយចិត្តដោយឃើញវិហារកាតូលិកប្តូរទស្សនៈអំពីបញ្ហានេះ ដោយកត់សម្គាល់ថាសេចក្តីប្រកាសកាលពីឆ្នាំ ២០២១ នាំឱ្យពួកកាតូលិកច្រើននាក់ក្នុងពិភពលោកមិនសប្បាយចិត្ត។
អ្នកស្រីបានថ្លែងប្រាប់វីអូអេថា៖ «ការណ៍ដែលវិមានវ៉ាទីកង់ប្រែក្រឡះសេចក្តីប្រកាសរបស់ខ្លួនក្នុងពេលតិចជាងបីឆ្នាំជាការឆ្លើយតបឆាប់រហ័សខ្លាំងដល់អ្វីដែលនាំឱ្យមានការខឹងសម្បាសាកលដល់អ្វីដែលត្រូវឃើញថាឃោរឃៅ មិនគិតគូរពីអារម្មណ៍អ្នកឯទៀតនិងធ្វើឱ្យមានការឈឺចាប់ដល់ជនឯទៀតៗ។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំយល់ថា ការណ៍នេះមានន័យថា សំឡេងរបស់ពួកអ្នកស្រឡាញ់ភេទដូចគ្នា LGBTQ+ និងពួកសមាជិកគ្រួសារយើងត្រូវបានឮនិងត្រូវបានវិមានវ៉ាទីកង់ឆ្លើយតប។
អ្នកស្រី Duddy-Burke ជាសហប្រធាននៃក្រុម Global Network of Rainbow Catholics ដែលជាក្រុមចម្រុះនៃអង្គការគាំទ្រក្រុម LGBTQ+ កាតូលិកដោយមានក្រុមជាសមាជិក ៤៥ នៅក្នុងទ្វីប ៦។ អ្នកស្រីបាននិយាយថា តាំងពីមានសេចក្តីប្រកាសនេះមកអ្នកស្រីបានទទួលសារពីសមាជិកនៅទូទាំងពិភពលោកអបអរសាទរសេចក្តីប្រកាសនេះ ជាពិសេសពីប្រទេសនានាដែលការជំទាស់នឹងទំនាក់ទំនងខាងកាមគុណរវាងមនុស្សមានភេទដូចគ្នា នៅតែមានច្រើន។
អ្នកស្រីបានថ្លែងថា៖ «នៅក្នុងតំបន់នានាក្នុងពិភពលោក ដូចជាអឺរ៉ុបខាងកើត អាហ្វ្រិក អាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីប (Caribbean) ជាដើម ដែលនៅ ទីនោះពួកមេដឹកនាំនយោបាយនិងសាសនានៅតែជំរុញឱ្យសហគមន៍ LGBTQ+ និងការទាក់ទងគ្នាខាងកាមតណ្ហារវាងក្រុមជនស្រឡាញ់មនុស្សមានភេទដូចគ្នាជាបទល្មើសព្រហ្មទណ្ឌ ហើយការមានសេចក្តីថ្លែងការណ៍បែបនេះមានសារៈសំខាន់ណាស់ក្នុងការផ្តល់សេចក្តីសង្ឃឹមដល់មនុស្ស»៕
ប្រែសម្រូលដោយ លោក ឈឹម សុមេធ