ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​​កូរ៉េខាងត្បូង​ទទួល​បាន​ជ័យជម្នះ​ស្ដួចស្ដើង​ប៉ុន្តែ​សំខាន់​សម្រាប់​សិទ្ធិ​ពួកគេ


រូបឯកសារ៖ លោក Kim Yong-min និង​ដៃគូ​គឺ​លោក So Seong-wook សាទរ​នៅ​ពេល​សាលក្រម​តុលាការ​អនុញ្ញាត​ឱ្យ​លោក​ Kim ដាក់​ឈ្មោះ​រួម​គ្នា​លើ​បណ្ណធានារ៉ាប់រង​សុខភាព​របស់​លោក So ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ (Courtesy Kim Yong-min)
រូបឯកសារ៖ លោក Kim Yong-min និង​ដៃគូ​គឺ​លោក So Seong-wook សាទរ​នៅ​ពេល​សាលក្រម​តុលាការ​អនុញ្ញាត​ឱ្យ​លោក​ Kim ដាក់​ឈ្មោះ​រួម​គ្នា​លើ​បណ្ណធានារ៉ាប់រង​សុខភាព​របស់​លោក So ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ (Courtesy Kim Yong-min)

នៅ​ពេល​តុលាការ​បាន​ប្រកាស​ពី​ជ័យជម្នះ​ផ្លូវ​ច្បាប់​ដ៏​ធំ​ ឆ្ពោះ​ទៅ​រកសមភាព​អាពាហ៍ពិពាហ៍ ​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ លោក Kim Yong-min ដឹង​ភ្លាម​ថា​ សាលដីកា​នេះ​មាន​អត្ថន័យ​ច្រើន ឬ​តិចតួច​កម្រិត​ណា។

មិន​មាន​អ្នក​ណា​ចោទ​សួរ​ពី​សារៈសំខាន់​ជា​និម្មិតរូប​នៃ​សាលដីកា​នេះ ដែល​លោក Kim អាយុ ៣២ ឆ្នាំ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ទទួល​បាន​ការ​ការពារ​ក្នុងការ​ធានារ៉ាប់រង​សុខភាព​ថ្នាក់​ជាតិ​របស់​ដៃគូ​លោក​នោះ​ទេ។ នេះ​ជា​លើក​ដំបូង​ដែល​តុលាការ​កូរ៉េ​ខាង​ត្បូង​ទទួល​ស្គាល់​សិទ្ធិ​សម្រាប់​គូស្នេហ៍​មាន​ភេទ​ដូច​គ្នា។

ប៉ុន្តែ ជោគជ័យ​នេះមាន​ឥទ្ធិពល​តិចតួច​ខ្លាំង​ណាស់។

លោកKim បាន​ប្រាប់ VOA ថា ពលរដ្ឋ​កូរ៉េ​មាន​សិទ្ធិ​ប្រមាណ ១.០០០ សិទ្ធិ​នៅ​ពេល​ពួកគេ​រៀបការ​ជាមួយ​អ្នក​ណា​ម្នាក់​ដែល​មាន​ភេទ​ផ្ទុយ​គ្នា។ លោក​ថា លោក និង​សហព័ទ្ធ​របស់លោក​អាច​ត្រឹមទាមទារ​យក​សិទ្ធិ​មួយ​ក្នុង​ចំណោម​សិទ្ធិ​ជាច្រើន​ទាំង​នោះ។

ការ​ទទួល​បាន​សិទ្ធិ​នេះ​តម្រូវ​ឱ្យ​មាន​ការ​តស៊ូ​ផ្នែក​ច្បាប់​រយៈពេល ២ ឆ្នាំ​សម្រាប់​លោក Kim និង​ស្វាមី​របស់​លោក។ គូសេ្នហ៍​មួយ​គូ​នេះ​បាន​រៀប​ពិធី​អាពាហ៍ពិពាហ៍​នៅ​ក្នុង​ឆ្នាំ​២០១៩។ ដូច​អាពាហ៍ពិពាហ៍​របស់​គូស្នេហ៍​ភេទ​ដូច​គ្នា​ផ្សេង​ទៀត​នៅ​កូរ៉េ​ខាង​ត្បូង​ដែរ អាពាហ៍ពិពាហ៍​ពួកគេ​មិន​ត្រូវ​បាន​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់​នោះ​ទេ។

រូបឯកសារ៖ គូស្នេហ៍​ស្រឡាញ់​ភេទ​ដូចគ្នា​លោក So Seong-wook (ស្ដាំ) និង​លោក Kim Yong-min (ឆ្វេង) ថតរូប selfie នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ គូស្នេហ៍​ស្រឡាញ់​ភេទ​ដូចគ្នា​លោក So Seong-wook (ស្ដាំ) និង​លោក Kim Yong-min (ឆ្វេង) ថតរូប selfie នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២១។

មួយ​ឆ្នាំ​ក្រោយ​មក នៅ​ឆ្នាំ ២០២០ ទំនងដោយសារ​តែ​បញ្ហា​បច្ចេកទេស​របស់​ស្មៀន​កត់ត្រា លោក So ​អាច​ចុះ​ឈ្មោះ​លោក Kim ជា​សហព័ទ្ធ​នៅ​ក្នុង​ទីភ្នាក់ងារ​ធានា​រ៉ាប់រង​សុខភាព​ថ្នាក់​ជាតិ (NHIS)។ ប៉ុន្តែ​បន្ទាប់​ពីគេ​រកឃើញ​ថា​ គូស្នេហ៍​នេះ​មាន​ភេទ​ដូច​គ្នា ទីភ្នាក់ងារ NHIS បាន​ដក​ការ​ការពារ​នេះ​ចេញ​វិញ។

កាលពី​ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ កន្លង​ទៅ​នេះ តុលាការ​ជាន់​ខ្ពស់​ក្នុង​ទីក្រុង​សេអ៊ូល​បាន​តម្រូវ​ឱ្យ​ដាក់​បញ្ចូល​ការ​ធានា​រ៉ាប់រង​សុខភាពលើ​លោក Kim មក​វិញ។ តុលាការ​នេះ​ថា មិន​មាន​មូលដ្ឋាន​គ្រប់គ្រាន់​ឱ្យ​ទីភ្នាក់ងារ​រដ្ឋាភិបាល​ចាត់ទុក​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ខុស​ពី​ការ​រៀប​អាពាហ៍ពិពាហ៍​ទូទៅ​តាម​ច្បាប់​នោះ​ទេ។

អ្នកស្រី Lina Yoon នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch និយាយ​ថា នេះ​ជា​ជោគជ័យ​ដ៏​ធំ​សម្រាប់​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។​

អ្នកស្រី​ថ្លែង​ថា៖ «នេះ​ជា​ករណី​ដ៏​សំខាន់​មួយ​ដែល​ប្រកាន់​ខ្ជាប់នូវ​គោលការណ៍​សមភាព និង​ការ​មិន​រើសអើង​ដែល​ត្រូវ​បាន​អនុវត្ត​លើ​ករណី​របស់​គូ​ស្នេហ៍​ភេទ​ដូច​គ្នា​នេះ។ ឥឡូវ​យើង​មាន​មូលដ្ឋាន​ផ្លូវ​ច្បាប់​ក្នុង​ការ​ទាមទារ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ច្រើន​ជាង​នេះ»។

ប៉ុន្តែ​នេះ​ជា​ការងារ​ដ៏​ធំ​មួយ បើ​ពិចារណា​ដល់​ការ​រើសអើង​ដែល​មាន​ស្ទើរ​គ្រប់​កន្លែង​ប្រឆាំង​នឹង​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កូរ៉េ​ខាង​ត្បូង និង​សូម្បី​ដល់ការ​ដាក់​ទោស​ព្រហ្មទណ្ឌ​លើ​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។

នៅ​ក្រោម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ព្រហ្មទណ្ឌ​យោធា ទាហាន​អាច​នឹង​ត្រូវ​ផ្ដន្ទា​ទោស​ជាប់​ពន្ធនាគារ​រហូត​ដល់​២ឆ្នាំ ​ប្រសិន​បើ​ពួកគេ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ផ្លូវ​ភេទ​ដូច​គ្នា។

សកម្មជន​ក៏​បាន​ដាក់​សម្ពាធ​ដល់​រដ្ឋសភា​កូរ៉េ​ខាង​ត្បូង​ឱ្យ​អនុម័ត​ច្បាប់​ប្រឆាំង​ការ​រើសអើង​គ្រប់​ជ្រុងជ្រោយ​មួយ​ដែល​អាច​ផ្តល់​ការ​ការពារ​ដល់​ក្រុម​ដែល​សង្គម​មិន​សូវ​ខ្វាយខ្វល់ផ្សេងៗ​គ្នា​ជា​ច្រើន​ក្រុម។ ប៉ុន្តែ​ច្បាប់​នេះ​មិន​ទាន់​អាច​ធ្វើ​បាន​នៅ​ឡើយ​ទេ។

ការ​មិន​ទៅ​មុខ​នៃ​ច្បាប់​នេះ​ ​តម្រូវ​ចិត្ត​ក្រុម​សាសនា​គ្រិស្ត​ជាច្រើន ដែល​ជា​កម្លាំង​ដ៏​សំខាន់​នៅ​ក្នុង​នយោបាយ​កូរ៉េ​ខាង​ត្បូង។

លោក Kim Yong-min និង​លោក So Seong-wook ដែល​ជា​គូស្នេហ៍​នឹង​គ្នា​ ឈរ​ថតរូប​ក្នុង​សម្លៀកបំពាក់​ប្រពៃណី​កូរ៉េខាងត្បូង។( Courtesy Kim Yong-min)
លោក Kim Yong-min និង​លោក So Seong-wook ដែល​ជា​គូស្នេហ៍​នឹង​គ្នា​ ឈរ​ថតរូប​ក្នុង​សម្លៀកបំពាក់​ប្រពៃណី​កូរ៉េខាងត្បូង។( Courtesy Kim Yong-min)

លោក Cheun Yun-sung ធ្វើ​ការ​ឱ្យ​ក្រុម​អ្នក​ស្រាវជ្រាវ​ផ្នែក​ច្បាប់​នៃ​សាសនា​គ្រិស្ត​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សេអ៊ូល។

លោក Cheun ថា សាលដីកា​នេះ​មាន​ភាព​គ្រោះថ្នាក់ លើស​ដែន​កំណត់​របស់​ច្បាប់ និង​មាន​ភាព​ហួសហេតុ។ លោក​ថា លោក​សង្ឃឹម​ថា តុលាការ​កំពូល​នឹង​បដិសេធ​សាលដីកា​នេះ។ លោក​ក៏​បាន​ថ្លែង​ថា វា​អាច​នឹង​មាន​គ្រោះថ្នាក់​ក្នុង​ការ​សន្និដ្ឋាន​ថា ​មាន​ការ​មូល​មតិ​គ្នា​ក្នុង​សង្គម​កូរ៉េ​ចំពោះ​អាពាហ៍ពិពាហ៍​របស់​គូ​ស្នេហ៍​ភេទ​ដូច​គ្នា។​

ការ​ស្ទង់​មតិ​បង្ហាញ​ថា ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ភាគច្រើន​ប្រឆាំង​នឹង​គំនិត​នៃ​ការ​រៀបការ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ប៉ុន្តែ​ពួកគេ​ក៏​បង្ហាញ​ពី​ការ​គាំទ្រ​ខ្លាំង​ដល់​ច្បាប់​ប្រឆាំង​នឹង​ការ​រើសអើង​ផង​ដេរ។

អ្នកស្រី Yong Hye-in ជា​អ្នក​តំណាងរាស្ត្រ​ដែល​មាន​ទស្សនៈ​វឌ្ឍនភាពនិយម។ អ្នកស្រី​ថា សំឡេង​ភាគ​តិច​មួយ​ចំនួន​តូច​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ច្រើន​ដែលមិន​សមាមាត្រ។ ប៉ុន្តែ​បើ​ទោះ​បី​ជា​ពលរដ្ឋ​កូរ៉េ​ជាច្រើន​ប្រឆាំង​ដល់​សិទ្ធិ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ក៏​ដោយ អ្នកស្រី​ថា អ្នក​តំណាងរាស្ត្រ​នៅ​តែ​មាន​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​ការពារ​ជន​ភាគ​តិច។

សម្រាប់​លោក Kim និង​ស្វាមី​របស់​លោក ពួកគេ​នឹង​សាទរ​ចំពោះ​ជ័យជម្នះ​ផ្លូវ​ច្បាប់​របស់​ពួកគេ​នៅ​ប្រទេស​អូស្ត្រាលីឯ​ណោះ​វិញ ដែល​ជា​កន្លែង​ពួកគេ​គ្រោង​ចូលរួម​កម្មវិធី​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​ក្នុង​ទីក្រុង Sydney (ស៊ីដនី)។

ប៉ុន្តែ​ជ័យជម្នះ​នេះហាក់​មិន​ទាន់​មាន​ភាព​ពេញលេញ​នោះ​ទេ។

លោក​ថា សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​មិន​អាច​មាន​ធនធាន​ដើម្បី​តស៊ូ​បាន​យូរ​ដូច​នេះ​សម្រាប់​សិទ្ធិ​ពលរដ្ឋ​នីមួយៗ​នោះ​ទេ។ លោក​ថា នៅ​ទី​បញ្ចប់​ ច្បាប់​ស្តី​ពី​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នាចាំបាច់​ត្រូវ​តែ​អនុម័ត៕

XS
SM
MD
LG