ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

WHO ថា ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ប្រឆាំង​នឹង​ភាពធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ១៩ បាន​ធ្លាក់ចុះ ប៉ុន្តែ​នៅ​តែ​មាន​«កម្រិត​ការពារ​ខ្ពស់»


រូបឯកសារ៖ នៅក្នុង​រូប​ដែល​ចែកចាយ​ដោយ​អង្គការ​សុខភាព​ពិភពលោក កាលពី​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បង្ហាញពី​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus ថ្លែង​សុន្ទរកថា​ក្នុង​សម័យ​ប្រជុំ​ពិសេស​នៃ​សន្និបាត​សុខភាព​ពិភពលោក​នៅ​ទីក្រុង​ហ្សឺណែវ។

អង្គការ​សុខភាព​ពិភពលោក (WHO) ​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ទំនង​ជា​ធ្លាក់​ចុះ​ប្រសិទ្ធិភាព​បន្តិច​នៅ​ក្នុង​ការបង្ការការ​ឈឺ​ធ្ងន់ធ្ងរនិង​ការ​ស្លាប់ ប៉ុន្តែ​នៅ​តែ​មាន​«កម្រិត​ការ​ការពារ​ខ្ពស់»។ នេះ​បើតាម​ការរាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​ លោក Tedros Adhanom Ghebreyesus បាន​និយាយ​ថា វីរុស​បំប្លែង​ខ្លួន​អូមីក្រុង ដែល​ត្រូវ​បាន​គេរកឃើញ​មុន​ដំបូង​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ និង​ទីក្រុង​ហុងកុង​នោះ ឥឡូវ​នេះ បាន​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ចំនួន​៧៧ ហើយ​ប្រហែល​មាន​វត្តមាន​នៅ​ផ្នែក​ភាគច្រើន​នៅ​ទូទាំង​ពិភពលោក ហើយមិន​គួរ​ត្រូវ​បាន​គេ​ចាត់​ទុកថា បង្ក​ជំងឺ​«ស្រាល»នោះ​ទេ។

លោក Tedros បាន​ប្រាប់​សន្និសីទ​កាសែត​តាម​អនឡាញ​ថា៖ «អូមីក្រុង​ កំពុង​រាលដាល​ក្នុង​អត្រា​ដ៏​លឿន​បំផុតដែល​យើង​មិនធ្លាប់ឃើញ​ក្នុងវីរុស​បំប្លែង​ខ្លួន​ពី​មុនៗ។ ទោះបី​វីរុស​អូមីក្រុង​បណ្តាល​ឲ្យ​មាន​ជំងឺ​ស្រាលៗ​ក៏​ដោយ ក៏ចំនួន​អ្នកឆ្លង​ដ៏ច្រើន​សន្ធឹកសន្ធាប់ នឹង​ធ្វើ​ឱ្យ​ហួស​សមត្ថភាព​របស់​ប្រព័ន្ធ​សុខាភិបាល​ជាថ្មី»។

បើ​តាម​ការសិក្សាមួយ​ពី​ស្ថានភាព​ជាក់ស្តែងដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​បង្ហាញ​ថា ចាប់តាំង​ពី​វីរុស​បំប្លែង​ខ្លួន​អូមីក្រុង​ បាន​លេច​ឡើងកាលពី​ខែ​មុន​មក វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​របស់​ក្រុមហ៊ុន Pfizer-BioNTech មាន​ប្រសិទ្ធិភាព​តិចជាង​មុននៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ ក្នុង​ការ​បង្ការ​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងររហូត​ត្រូវ​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ៕

XS
SM
MD
LG