ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចក្រភព​អង់គ្លេស​ប្រកាស​ពី​អ្នក​ស្លាប់​ដំបូង​ដោយសារ​វីរុស​កូរ៉ូណា​បំប្លែង​ខ្លួន​អូមីក្រុង


រូបឯកសារ៖ នាយករដ្ឋមន្ត្រី​អង់គ្លេស លោក BORIS JOHNSON ធ្វើ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​នៅ​កណ្តាល​ទីក្រុង​ឡុងដ៍។
រូបឯកសារ៖ នាយករដ្ឋមន្ត្រី​អង់គ្លេស លោក BORIS JOHNSON ធ្វើ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​នៅ​កណ្តាល​ទីក្រុង​ឡុងដ៍។

ចក្រភព​អង់គ្លេស​បាន​កត់ត្រាករណី​អ្នក​ស្លាប់​លើក​ទី១​របស់​ខ្លួន​ដោយសារ​វីរុសជំងឺ​កូវីដ១៩​បំប្លែង​ខ្លួន​អូមីក្រុង (Omicron)។

លោក​នាយករដ្ឋមន្ត្រី Boris Johnson បាន​ប្រកាសពី​ការស្លាប់នេះ​កាលពី​ថ្ងៃ​ចន្ទ មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​បាន​ព្រមាន​ក្នុង​អំឡុង​នៃ​សុន្ទរកថា​ផ្សាយ​តាម​ទូរទស្សន៍​ទៅ​កាន់​ប្រទេស​ជាតិ​ថា ចក្រភព​អង់គ្លេស​កំពុងប្រឈម​«រលក»​នៃ​ការឆ្លង​ថ្មី​មកពី​វីរុស​អូមីក្រុង។

លោក Johnson បាន​ប្រកាស​ថា រដ្ឋាភិបាល​របស់​លោក បាន​ចាប់ផ្តើម​យុទ្ធនាការ​ដើម្បី​ធ្វើ​ឲ្យ​ពលរដ្ឋ​គ្រប់​រូប​នៅ​ក្នុង​ប្រទេស​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ដូស​ទី៣​នៅ​កំណត់​ពេល​មុន​ចូល​ឆ្នាំ​សាកល ដែលនេះ​ជា​ការ​ពន្លឿនកាល​កំណត់ពី​ពេល​មុន​របស់​លោក​រយៈពេល​មួយ​ខែ​ពេញ។ លោក​នាយក​រដ្ឋមន្ត្រី បាន​និយាយ​ថា ក្រុម​រៀបចំ​ផែនការ​យោធា​ជាង​៤០ នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​ទូទាំង​ប្រទេស​ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង ហើយ​បាន​បញ្ជា​ឲ្យ​វេជ្ជបណ្ឌិត​មើល​ជំងឺ​ទូទៅ​ពន្យារ​ពេល​ការ​ណាត់​សម្រាប់​ការពិនិត្យ​សុខភាព​ប្រចាំ​កាយដើម្បីទៅ​ជួយឱ្យ​សម្រេចគោលដៅ​ការចាក់​វ៉ាក់សាំង​ប្រជាពលរដ្ឋ​មួយ​លាន​នាក់​ក្នុង​មួយ​ថ្ងៃ។

រដ្ឋាភិបាល​អង់គ្លេស​បាន​ដំឡើង​កម្រិត​នៃ​ភាព​អាសន្ន​កូវីដ១៩​កាលពី​ថ្ងៃ​អាទិត្យ​នៅ​មុន​សន្ទរកថា​របស់​លោក Johnson ពី​កម្រិត​ទី៣​ទៅ​កម្រិត​ទី៤ ដែល​ជា​ការព្រមាន​ខ្លាំង​បំផុត​ទី​២ ដោយ​ថា វីរុស​អូមីក្រុង កំពុង​រាលដាល​យ៉ាង​ឆាប់​រហ័ស​ជាង​វីរុស​បំប្លែង​ខ្លួន​ដែលតា (Delta)​ទៅ​ទៀត​ដែល​នឹង​ធ្វើ​ឲ្យ​សេវាកម្ម​សុខភាព​ជាតិ​រង​បន្ទុក​ខ្លាំង​ពីករណីឆ្លង​នៃ​វីរុស​ថ្មី​នេះ។

ការសិក្សា​កាលពី​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​ថា ដូស​ទី៣​នៃ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​មាន​ប្រសិទ្ធិភាព​ការពារ​ការឆ្លង​ពី​វីរុស​អូមីក្រុង​ជាងការចាក់​វ៉ាក់សាំងទូទៅ​ត្រឹម​ចំនួន​២ដូស៕

XS
SM
MD
LG