មេដឹកនាំប្រទេសទាំង៧មានឧស្សាហកម្មជឿនលឿន G-7 កាលពីថ្ងៃអាទិត្យបានសន្យាថា នឹងផ្តល់ប្រាក់ចំនួន ៦០០ ពាន់លានដុល្លារជាមូលនិធិឯកជននិងសាធារណៈក្នុងរយៈពេល ៥ ឆ្នាំដើម្បីផ្តល់ហិរញ្ញប្បទានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការចាំបាច់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រឆាំងនឹងគម្រោងក្រវាត់ ពាណិជ្ជកម្មរបស់ចិនដែលមានទឹកប្រាក់រាប់លានលានដុល្លារ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានReuters។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងមេដឹកនាំប្រទេស G-7 ផ្សេងទៀតបានបើកដំណើរការឡើងវិញនូវគម្រោងឈ្មោះ«ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគសកល» នៅឯជំនួបប្រចាំឆ្នាំនៅឆ្នាំនេះនៅសារមន្ទីរជាតិ Schloss Elmau ភាគខាងត្បូងប្រទេសអាល្លឺម៉ង់។
លោក Biden បាននិយាយថា សហរដ្ឋអាមេរិកនឹងកៀងគរថវិកាចំនួន ២០០ ពាន់លានដុល្លារជាជំនួយ ដែលជាមូលនិធិសហព័ន្ធ និងការវិនិយោគឯកជនក្នុងរយៈពេល ៥ ឆ្នាំដើម្បីគាំទ្រគម្រោងនានានៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ដើម្បីជួយដោះស្រាយបញ្ហាបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងកែលម្អសុខភាពសកលសមធម៌យេនឌ័រ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។
លោក Biden បាននិយាយថា «ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់។ នេះមិនមែនជាជំនួយ ឬថវិកាសប្បុរសធម៌ទេ។ វាគឺជាការវិនិយោគដែលនឹងផ្តល់ផលចំណេញសម្រាប់មនុស្សគ្រប់គ្នា»។លោកបន្ថែមថា វានឹងអនុញ្ញាតឱ្យប្រទេសនានា «មើលឃើញអត្ថប្រយោជន៍ជាក់ស្តែងនៃការចាប់ដៃគូជាមួយប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ»។
លោក Biden បាននិយាយថា ប្រាក់រាប់រយពាន់លានដុល្លារបានពីធនាគារអភិវឌ្ឍន៍ពហុភាគី ស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យ និងស្ថាប័នផ្សេងៗទៀត។
អ្នកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបានប្រាប់ការជួបជុំនេះថា អឺរ៉ុបនឹងប្រមូលថវិកា៣០០ពាន់លានអឺរ៉ូសម្រាប់គំនិតផ្តួចផ្តើមក្នុងរយៈពេលដូចគ្នានេះ ដើម្បីបង្កើតជម្រើសប្រកបដោយនិរន្តរភាពផ្សេងពីគម្រោងក្រវាត់ពាណិជ្ជកម្មរបស់ចិន ដែលប្រធានាធិបតីចិនលោក Xi Jinping បានចាប់ផ្តើមកាលពីឆ្នាំ ២០១៣។
មេដឹកនាំប្រទេសអ៊ីតាលី កាណាដា និងជប៉ុនក៏បាននិយាយអំពីផែនការរបស់ពួកគេផងដែរ ដែលមួយចំនួនបានប្រកាសដាច់ដោយឡែកពីគ្នា។ ប្រធានាធិបតីបារាំងលោក Emmanuel Macron និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson មិនមានវត្តមានទេ ប៉ុន្តែប្រទេសទាំងពីរនេះក៏ចូលរួមផងដែរ។